ទំនាក់ទំនងអាមេរិក-ចិន កំពុងឈានទៅរកមហន្តរាយ
នៅក្នុងជំនួបតាមអនឡាញរបស់គាត់ជាមួយប្រធានាធិបតីចិន Xi Jinping កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ប្រធានាធិបតីអាមេរិក Joe Biden បានស្នើបង្កើតរនាំងការពារមួយសម្រាប់ទំនាក់ទំនងរវាងអាមេរិក-ចិន។ សំណើររបស់លោកបានឆ្លុះបញ្ចាំងនូវកង្វល់យ៉ាងជ្រាលជ្រៅអំពីសក្តានុពលនៃការឈានទៅរកការប្រឈមមុខដាក់គ្នាផ្នែកយោធា ដោយសារតែការគណនាខុស ឬឧបត្តិហេតុណាមួយ។
ក្រោយរយៈពេលជាង ១ ឆ្នាំបានកន្លងផុតទៅ តើរនាំងការពារទាំងនោះត្រូវបានបង្កើតឡើងរួចឬនៅ? ហើយតើទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិតជាមិនធ្លាក់ចុះខ្លាំងជាងពេលមុនដែរឬទេ? គួរឱ្យសោកស្តាយណាស់ ចម្លើយនោះគឺ «មិនទេ»។
ការកសាងរនាំងការពារគឺគ្រាន់តែជាវោហាសាស្ត្រ ហើយទំនាក់ទំនងរវាងអាមេរិក-ចិន នៅពេលនេះបានខិតជិតដល់ដំណាក់កាលផ្ទុះបែកជាប្រវត្តិសាស្ត្រជាងកាលពីពេលមុនៗទាំងអស់។
កាលពីថ្ងៃទី ២៧ មករា ឆ្នាំ ២០២២ អតីតរដ្ឋមន្ត្រីការបរទេសចិន Wang Yi និង រដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken បានធ្វើការសន្ទនាជាមួយគ្នាតាមទូរសព្ទ។ ពួកគេមានបំណងចង់សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយដែលថ្នាក់ដឹកនាំរបស់ពួកគេបានឯកភាពគ្នារួចទៅហើយ។
កិច្ចព្រមព្រៀងនោះ គឺសំដៅទៅលើការអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការនានា ដើម្បីគ្រប់គ្រងភាពខ្វែងគំនិតគ្នារវាងអាមេរិកនិងចិន, ស្វែងរកកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរ មានផលប្រយោជន៍រួមគ្នា និងរក្សាការសន្ទនានិងការពិគ្រោះយោបល់ជាមួយគ្នាជាទៀងទាត់។
ប៉ុន្តែការធ្វើពហិការផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង (Beijing Winter Olympics) និងសេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងដែលថា «កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីគឺពុំមានព្រំដែនកំណត់ ឬគ្មានតំបន់ហាមឃាត់» នោះ បានក្លាយជាបរិយាកាសអាប់អួរបន្ថែមទៀតទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏បានបង្កឱ្យមានភាពស្មុគស្មាញបន្ថែមទៀតសម្រាប់ការរក្សាស្ថិរភាពដល់ទំនាក់ទំនងរវាងមហាអំណាចទាំងពីរខាងលើ។ បើទោះបីជាកំពុងទទួលរងសម្ពាធក្នុងស្រុកនិងក្រៅស្រុកក៏ពិតមែន តែចិនបានជ្រើសរើសយកភាពអព្យាក្រឹត។
ចិនមិនបានគាំទ្រដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ដោយសារតែការធ្វើបែបនេះគឺជាការរំលោភធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ហើយចិនក៏មិនបានចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោសចំពោះរុស្ស៊ីដែរ ព្រោះការធ្វើបែបនេះ អាចនឹងធ្វើឱ្យរុស្ស៊ីនៅឯកោ ខណៈដែលសហរដ្ឋអាមេរិកក៏កាន់តែមានអរិភាពមកលើចិនផងដែរ។
បើទោះបីជាមានប្រទេសផ្សេងទៀត ដែលរួមមានទាំងឥណ្ឌាក៏បានប្រកាសរក្សាអព្យាក្រឹតភាពដូចគ្នានេះក៏ដោយ ក៏អាមេរិកបានចាត់ទុកជំហររបស់ចិន ថាជាការផ្សំគំនិតជាមួយនឹងរុស្ស៊ី។
អំពើជ្រុលនិយមរបស់សភាអាមេរិកមកលើកោះតៃវ៉ាន់ បានធ្វើឱ្យបរិយាកាសនេះកាន់តែមានសភាពអាក្រក់បន្ថែមទៀត។ សេចក្តីព្រាងច្បាប់ និងដំណោះស្រាយជាង ៣០ ពាក់ព័ន្ធនឹងតៃវ៉ាន់ នៅមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមានចំណុចរួមតែមួយគត់ គឺ «បង្កើនការគាំទ្រដល់អាជ្ញាធរតៃវ៉ាន់ នៅចំពេលដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់កំពុងតែកើនឡើង»។
នៅឆ្នាំ ២០១៦ គណបក្សប្រជាធិបតេយ្យរីកចម្រើនរបស់តៃវ៉ាន់បានឡើងកាន់អំណាច ហើយគណបក្សនោះបានប្រឆាំងនឹងអធិបតេយ្យភាពរបស់ចិនមកលើកោះតៃវ៉ាន់ និងបានបោះបង់ចោលនូវ «មតិជាឯកច្ឆន្ទ ឆ្នាំ ១៩៩២» ដែលជាកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធរតៃវ៉ាន់ និងរដ្ឋាភិបាលចិន ស្តីពីឋានៈនយោបាយរបស់តៃវ៉ាន់នៅក្នុងឆ្នាំ ១៩៩២។ សកម្មភាពនេះ បានធ្វើឱ្យទីក្រុងប៉េកាំងបង្កើនសម្ពាធនយោបាយ, សេដ្ឋកិច្ច និងយោធា មកលើកោះតៃវ៉ាន់ ដើម្បីទប់ស្កាត់រាល់ការខិតខំប្រឹងប្រែងណាមួយដើម្បីឆ្ពោះទៅរកឯករាជ្យភាព។
ដោយព្រួយបារម្ភថាទីក្រុងតៃប៉ិ អាចនឹងទន់ទោរទៅតាមសម្ពាធរបស់ទីក្រុងប៉េកាំង សភាអាមេរិកបានអនុម័តច្បាប់ និងដំណោះស្រាយដែលតម្រូវឱ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការកាន់តែមុតមាំដើម្បីធានាអះអាងជាថ្មីចំពោះតៃវ៉ាន់។ ដោយត្រូវប្រឈមមុខនឹងគំនិតជាឯកច្ឆន្ទដ៏តឹងរឹងចំពោះប្រទេសចិននៅក្នុងសភានោះ រដ្ឋការ Biden បានជ្រើសរើសយកវិធីសាស្ត្រមិនធ្វើការប្រឆាំងនឹងការដាក់ចេញនូវច្បាប់ និងដំណោះស្រាយទាំងនេះឡើយ បើទោះបីជាច្បាប់ទាំងនោះពិតជាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការទាមទារអធិបតេយ្យភាពរបស់ចិន មកលើតៃវ៉ាន់ក៏ពិតមែន។
មនុស្សជាច្រើននៅអាមេរិកយល់ឃើញថាសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យការដណ្តើមកាន់កាប់កោះតៃវ៉ាន់ពីសំណាក់យោធាចិន កាន់តែទំនងនឹងអាចកើតឡើង។ បុគ្គលនៅក្នុងសភាអាមេរិកមួយចំនួន ដែលរួមមានទាំងអតីតប្រធានសភាជាន់ទាប លោកស្រី Nancy Pelosi បានសម្រេចទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយផ្ទាល់។
នៅក្នុងកំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ ២០២២ លោកស្រី Pelosi គឺជាអ្នកនយោបាយអាមេរិកជាន់ខ្ពស់លំដាប់ទី៣ ហើយចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ថាជាការប្រឆាំងទៅនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន និងបានចេញការព្រមានដើម្បីទប់ស្កាត់ដំណើរទស្សនកិច្ចនោះ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានបញ្ឆេះឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងប៉េកាំង ដោយនៅពេលនោះ យោធាចិនក៏បានធ្វើសមយុទ្ធយោធាភ្លាមៗនៅច្រកសមុទ្រតៃវ៉ាន់។ នៅពេលនោះ គេថែមទាំងមានការនិយាយបំប៉ោងព័ត៌មានទៀតថា ប្រទេសចិននឹងប្រើប្រាស់ឱកាសនេះ ដើម្បីចូលទៅកាន់កាប់តៃវ៉ាន់។
ដំណើរទស្សនកិច្ចនោះ គឺប្រៀបបាននឹងព្យុះដ៏ធំដែលកំពុងបោកបក់មកលើច្រកសមុទ្រតៃវ៉ាន់ដោយគោលដៅរបស់គណបក្សកាន់អំណាចបច្ចុប្បន្ននៅតៃវ៉ាន់ គឺចង់បានឯករាជ្យភាព ខណៈទីក្រុងប៉េកាំងជឿជាក់ថា កោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចកាត់ផ្តាច់បាន ហើយពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទាត់ចោលឯករាជ្យភាពរបស់តៃវ៉ាន់។
ចំណែកទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកករណីកោះតៃវ៉ាន់ថាជាការធ្វើតេស្តមកលើភាពជឿជាក់ចំពោះសម្ព័ន្ធភាព និងកិត្យានុភាពខាងមនោគមវិជ្ជារបស់ខ្លួន ហើយសហរដ្ឋអាមេរិកជឿជាក់ថា ពួកគេមិនមានជម្រើស ផ្សេងណាក្រៅតែពីការជួយការពារកោះតៃវ៉ាន់នោះទេ។
ចរន្តនៃទំនាក់ទំនងរវាងភាគីទាំង ៣ នៅច្រកសមុទ្រតៃវ៉ាន់ ទំនងជាអាចផ្តល់នូវលទ្ធផលមិនល្អចំនួន ២។ ទី១ «គឺបង្កឱ្យមានសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់»។
ការយល់ឃើញរបស់ទីក្រុងប៉េកាំងចំពោះសកម្មភាពញុះញង់ដើម្បីឈានទៅរកឯករាជ្យភាពរបស់តៃវ៉ាន់ និងការឃុបឃិតរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិ បានធ្វើឱ្យវាកាន់តែទំនងដែលថា ទីក្រុងប៉េកាំងនឹងចាប់យកកោះនោះតាមរយៈការប្រើប្រាស់កម្លាំងយោធា។
ឯលទ្ធផលមួយទៀតនោះ «គឺវាអាចបង្កឱ្យមានការធ្លាក់ចុះនៃទំនាក់ទំនងកាន់តែខ្លាំង ឬអាចឈានដល់ការព្យួរទំនាក់ទំនងការទូតរវាងអាមេរិកនិងចិន ថែមទៀតផង»។ ទីក្រុងវ៉ាស៊ីនតោនបានរំលោភទៅលើការប្តេជ្ញាចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ដែលពួកគេបានធ្វើឡើងកាលពីឆ្នាំ ១៩៧៩ ដែលរួមមានទាំងការមិនធ្វើទំនាក់ទំនងការទូតផ្លូវការ, ការមិនបង្កើតសន្ធិសញ្ញាយោធាទៅវិញទៅមកជាមួយតៃវ៉ាន់ និងការមិនបញ្ជូនយោធាមកកាន់កោះតៃវ៉ាន់។
សម្រាប់ទីក្រុងប៉េកាំង ការប្តេជ្ញាចិត្តទាំងនេះគឺជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ការរក្សាទំនាក់ទំនងការទូតរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។ ជារួម ប្រទេសទាំងពីរ មិនអាចបង្កើនទំនាក់ទំនងការទូតរបស់ពួកគេបានឡើយ ព្រោះភាគច្រើន គឺដោយសារតែពួកគេបានខ្វែងគំនិតគ្នានៅលើបញ្ហាកោះតៃវ៉ាន់ អស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងមកម្លេះ។
ទោះបីជាស្ថិតនៅក្នុងបរិបទនេះក៏ពិតមែន ជំនួបរវាងលោក Xi និងលោក Biden នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅកោះបាលី ពិតជាផ្តល់នូវក្តីសង្ឃឹមខ្លះសម្រាប់ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងចិន និងអាមេរិក។ មេដឹកនាំទាំងពីរ បានយល់ស្របគ្នាក្នុងការបន្តទំនាក់ទំនង និងការសន្ទនា នៅលើមុខព្រួញខ្លះ ហើយចាប់ពីពេលនោះមកទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនបានបន្តធ្វើការងារជាមួយគ្នាដោយកាយវិការ ប្រាកដនិយមខ្លះៗ។
ប៉ុន្តែភាពខុសគ្នាធំៗរវាងភាគីទាំងពីរ នៅតែបន្តកើតមាន ហើយសភាអាមេរិកក៏គ្មានឆន្ទៈក្នុងការផ្លាស់ប្តូរអភិក្រមជំហរដ៏តឹងរឹងរបស់ខ្លួនចំពោះប្រទេសចិននោះដែរ។ ខណៈពិភពលោក បានឈានចូលដល់ឆ្នាំ ២០២៣ ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ របស់ពិភពលោកទំនងជានៅតែមានភាពរង្គោះរង្គើខ្លាំងដដែល៕
East Asia Forum