ខ្មែរប៉ុស្ដិ៍ Close

អាមេរិកសូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់នោះទេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 76
អាមេរិកសូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់នោះទេ! អាមេរិកសូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់នោះទេ!

ឆ្លើយតបនឹងការលើកឡើងរបស់សហរដ្ឋអាមេរិក រឿងគេចវេសមិនទទួលស្គាល់ក្នុងការគាំទ្រសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ឆ្នាំ១៩៧០នោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានអង្គភាពដោះមីនឈានមុខនៅកម្ពុជា បានចេញមកឆ្លើយតបទៅអាមេរិកវិញ ដោយប្រាប់ឱ្យមហាអំណាច សូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត ខ្មែរមិនល្ងង់ខ្លៅដល់ថ្នាក់មិនដឹងអ្វីថា សង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់នោះទេ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា សូមកុំបន្ថែមការឈឺចាប់ឱ្យកូនខ្មែរបន្តទៀត។ ថ្មីៗមានអត្ថបទឆ្លើយឆ្លងគ្នាជាច្រើន និយាយពីរដ្ឋប្រហារឆ្នាំ១៩៧០ ការទំលាក់គ្រាប់បែក និងគ្រាប់មីនជាដើម។ ដោយមានអត្ថបទខ្លះខិតខំបោសសំអាតខ្លួនថា គ្មានភស្តុតាង ឬអ្វីៗឡើយសម្រាប់ជាការដាក់បន្ទុក តែមានភស្តុតាងសម្រាប់អ្នកគាំទ្ររបបខែ្មរក្រហម។ លោក បានលើកឡើងថា ប្រជាជនកម្ពុជាមានបញ្ញានិងសតិគ្រប់គ្រាន់ក្នុងការយល់ដឹងហេតុការណ៍ទាំងឡាយ។ សូមឱ្យមានទង្វើប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ជាមនុស្សខ្លះផងចំពោះទង្វើរបស់ខ្លួន ដើម្បីចៀសវាងការបង្កើតនូវប្រវតិ្តសាស្ត្រច្រំដែលមានមកលើប្រទេស និងប្រជាជនដ៏កំសត់មួយនេះ។

លោក ហេង រតនា បានបន្ថែមទៀតថា គ្រាប់មីនដែលបានប្រើប្រាស់ និងរកឃើញគឺមានចំរុះគ្នាមានផលិតនៅប្រទេសអឺរ៉ុបខាងកើត អឺរ៉ុបខាងលិច ចិន រុស្សី សហរដ្ឋអាមេរិក វៀតណាម ជាដើម។ ល។ មានប្រមាណជា៤-៥លានគ្រាប់។ ជាមួយនេះគ្រាប់ទម្លាក់ពីយន្តហោះគឺមានពីសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន៤៧៥,៥១៥តោន (ជិតកន្លះលានតោន) ហើយ ក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឱ្យទំលាក់គ្រាប់បែកសម្លាប់អ្វីៗដែលមានជីវិតដោយកុំឱ្យកងទ័ពខ្វល់ពីអ្វីទាំងអស់ដោយរួមទាំងការចំណាយផង។

លោក បានបន្តថា ការទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា មានចំនួនប្រមាណជាង២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) ដែលនាំឱ្យទិន្នន័យសរុប មានចំនួនជាង២លាន ៨សែនតោនក្នុងរយៈពេលថ្ងៃទី៤ តុលា ឆ្នាំ១៩៦៥ ដល់ឆ្នាំ ១៥ សីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមី (គ្មានកំណត់ត្រានៅឡើយទេ)។

លោក ហេង រតនា បានបន្តទៀតថា ករណីលើកឡើងបញ្ហាណាមួយគប្បីគិតដល់អារម្មណ៍ការឈឺចាប់ខ្លោចផ្សារ វិនាសព្រាត់ប្រាស់ រលាយសាបសូន្យនូវអាយុជីវិតប្រជាជនកម្ពុជាខ្លះផង។ វប្បធម៌ទំលាក់កំហុសឱ្យគ្នាទៅវិញទៅមក មើលមកកូនខែ្មរ និងទឹកដីអង្គរដ៏បវរនេះគ្រាន់តែជាទីលានសាកល្បងគ្រាប់ និងលេងសើចមែនទេ? ។ ឈាម និងទឹកភ្នែកកូនខែ្មរនៅបន្តហូរនៅឡើយ ការបែកបាក់ក្រុមគ្រួសារនៅតែរកគ្នាមិនទាន់ឃើញនៅមានជាហូរហែរនៅឡើយ។

លោកអគ្គនាយក បានបញ្ជាក់ទៀតថា «សូមកុំយល់ច្រឡំថា ជាតិសាសន៍នេះល្ងង់ខ្លៅមិនដឹងខ្យល់ស្អីនោះ សូម្បីតែសង្គ្រាម រដ្ឋប្រហារ ការកាប់សម្លាប់ក៏មិនដឹងដែរនោះ!។ យើងគួររួមគ្នាទទួលយកការពិត និងខិតខំសហការគ្នាដើម្បីព្យាបាលរបួស និងការឈឺចាប់ទាំងនោះ រក្សាសន្តិភាពនិងអនាគតរុងរឿង ព្រមទាំងចៀសវាងដាច់ខាតបង្កើតប្រវត្តិសាស្ត្រជាកំហុសច្រំដែល»។

សូមជម្រាបថា ថ្មីៗនេះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឱ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ប៉ុន្តែមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម។ ឆ្លើយតបនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ, ដោយមិនរង់ចាំយូរស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA នេះបើយោងតាមការលើកឡើងតាមរយៈ Facebook ផ្លូវការរបស់ស្ថានទូតចិន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។ «ក្នុងពេលថ្មីៗនេះស្ថានទូតប្រទេសមហាអំណាចមួយប្រចាំកម្ពុជា បានលើកឡើងជាសាធារណៈថា ប្រទេសខ្លួនមិនមានជាប់ទាក់ទងអ្វីជាមួយនឹងរដ្ឋប្រហាសម័យ លន់ នល់ នៅក្នុងប្រទេសកម្ពុជា កាលពីដើមទសវត្សរ៍ទី៧០ នៃសតវត្សរ៍មុនទេ។ ជាការពិតណាស់ រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្កាមរ៉ាំរៃអស់រយៈពេល យ៉ាងយូរនោះមិនមាន ទំនាក់ទំនងអ្វីនឹង “US” ទេ ប៉ុន្តែមានទាក់ទងនឹង ”CIA”»។ នេះជាខ្លឹមសាររបស់ស្ថានទូតមហាអំណាចចិន ប្រចាំនៅកម្ពុជា បង្ហាញនៅលើ Facebook ផ្លូវការរបស់ខ្លួន៕