ខ្មែរប៉ុស្ដិ៍ Close

ស្ថានភាពអាសន្នផ្នែកប្រជាសាស្ត្ររបស់ប្រទេសចិន ចាប់ផ្តើមលេចចេញជារូបរាងឡើងហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 63
ស្ថានភាពអាសន្នផ្នែកប្រជាសាស្ត្ររបស់ប្រទេសចិន ចាប់ផ្តើមលេចចេញជារូបរាងឡើងហើយ រូបថតនេះថតនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ បង្ហាញពីបុគ្គលិកពេទ្យម្នាក់កំពុងស្លៀកសម្លៀកបំពាក់ឱ្យទារកដែលទើបនឹងកើត ដែលម្តាយរបស់ទារកនោះបានឆ្លងមេរោគកូវីដ-១៩ នៅឯបន្ទប់សម្ភពដាច់ដោយឡែកមួយកន្លែង នៅក្នុងមន្ទីរពេទ្យ Xiehe ក្នុងទីក្រុង Wuhan ខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន។ រូបថត៖ AFP

ប្រទេសចិនបានបាត់បង់ឈ្មោះជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេនៅក្នុងពិភពលោកទៅឱ្យប្រទេសឥណ្ឌាកាលពីឆ្នាំមុន ដែលនេះគឺជាការបង្ហាញអំពីការធ្លាក់ចុះជាលើកដំបូងនៃចំនួនពលរដ្ឋនៅក្នុងរយៈពេល ៦១ ឆ្នាំកន្លងមកនេះ។

ចំនួនពលរដ្ឋចិនបានថយចុះចំនួន ៨៥ ម៉ឺននាក់ ឬ ០,០៦% មកនៅត្រឹមចំនួន ១ ៤១២ លាននាក់នៅចុងឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន។ ចំនួនពលរដ្ឋឥណ្ឌាបានកើនឡើងចំនួន ៩,៦ លាននាក់ ឬ ០,៦៨% ទៅកាន់ចំនួន ១ ៤១៧ លាននាក់នៅក្នុងរយៈពេលដូចគ្នានេះ។

មន្ត្រីការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបាននិយាយថា ពួកគេមិនមានចំនួនអ្នកស្លាប់សម្រាប់ខែធ្នូនោះទេ ដោយសារតែទិន្នន័យភាគច្រើនដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រមូលតួលេខពលរដ្ឋឆ្នាំ ២០២២ ត្រូវបានគេធ្វើឡើងនៅក្នុងខែវិច្ឆិកា។ មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អ្នកជំងឺកូវីដប្រមាណ ៦ម៉ឺននាក់ដែលភាគច្រើនជាមនុស្សចាស់ បានស្លាប់នៅមន្ទីរពេទ្យ ក្រោយពេលប្រទេសចិនបាន
បន្ធូរវិធានច្បាប់គ្រប់គ្រងជំងឺឆ្លងកាលពីដើមខែមុន។

អ្នកប្រជាសាស្ត្របាននិយាយអំពីលទ្ធភាពដែលថា តួលេខនៃចំនួនប្រជាជននឹងធ្លាក់ចុះ និងការកើនឡើងនៃអាយុជាមធ្យមរបស់ពលរដ្ឋចិននឹងបន្តកើតមានសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៀត ហើយប្រទេសចិនត្រូវតែធ្វើទំនើបកម្មឧស្សាហកម្មរបស់ខ្លួនដើម្បីរក្សាកំណើនសេដ្ឋកិច្ច។

នៅពេលប្រទេសចិនបានចាប់ផ្តើមបើកចំហសេដ្ឋកិច្ចរបស់ខ្លួននៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ពួកគេបានអនុវត្តគោលនយោបាយកូនទោលដើម្បីគ្រប់គ្រងចំនួនពលរដ្ឋតាមរយៈការហាមគ្រួសារចិនមិនឱ្យផ្តល់កំណើតដល់កូនទី២។ គ្រួសារមួយអាចមានកូនទី២បាន លុះត្រាតែកូនដំបូងគឺជាកូនស្រី ឬកូនដំបូងបានស្លាប់ ហើយអ្នកដែលរំលោភបំពានលើវិធានច្បាប់នោះ នឹងត្រូវទទួលរងនូវការផាកពិន័យធ្ងន់ធ្ងរ ឬប្រឈមមុខនឹងការរំលូតកូនដោយបង្ខំ។

នៅឆ្នាំ ២០១១ ចិនបានចាប់ផ្តើមអនុញ្ញាតឱ្យប្រជាជនមានកូនទី២ កាន់តែច្រើន ខណៈដែលកំណើនពលរដ្ឋចិនកំពុងធ្លាក់ចុះ។ នៅឆ្នាំ ២០១៥ គោលនយោបាយកូនទោលត្រូវបានលុបចោលជាផ្លូវការ ហើយនៅចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០១៥ ពលរដ្ឋចិនបានកើនឡើងចំនួន ៤១% ពីចំនួន ៩៨១ លាននាក់ដល់ចំនួន ១,៣៨ ពាន់លាននាក់។

នៅឆ្នាំ ២០២១ រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយកូន៣ នាក់ ដើម្បីព្យាយាមផ្តល់សន្ទុះដល់អត្រាផ្តល់កំណើត ខណៈគ្រួសារវ័យក្មេងជាច្រើនចង់មានកូនកាន់តែតិច នៅចំពេលការចំណាយទៅលើជីវភាពរស់នៅមានចំនួនខ្ពស់។

កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានផ្តល់ការលើកទឹកចិត្តមួយចំនួន ដូចជាការអាចទិញផ្ទះបានកាន់តែងាយស្រួល និងសេវាអប់រំកាន់តែប្រសើរជាដើម។ វាគឺជារឿងឆាប់ពេកក្នុងការនិយាយថា តើវិធានការទាំងនោះនឹងមានប្រសិទ្ធភាពកម្រិតណា។

ការិយាល័យស្ថិតិចិនបាននិយាយកាលពីថ្ងៃអង្គារថា មានពលរដ្ឋចំនួន ១០,៤១ លាននាក់បានស្លាប់ និងទារកចំនួន ៩,៥៦ លាននាក់បានកើតនៅចិនដីគោកកាលពីឆ្នាំមុន ដែលបណ្តាលឱ្យប្រទេសចិនបាត់បង់មនុស្សចំនួន ៨៥ម៉ឺននាក់។ នៅឆ្នាំ ២០២១ ពលរដ្ឋប្រមាណ ១០,១៤ លាននាក់បានស្លាប់ ហើយទារកចំនួន ១០,៦២ លាននាក់បានកើត។

នាយកការិយាល័យស្ថិតិជាតិ លោក Kang Yi បាននិយាយថា «ចំនួនពលរដ្ឋចិនបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១ មក ដោយសារតែពលរដ្ឋវ័យក្មេងជាច្រើនបានរៀបការនៅអាយុចាស់ជាងមុន និងមិនសូវមានឆន្ទៈចង់មានកូន ខណៈពួកគេក៏មានអាយុកាន់តែចាស់ផងដែរ»។ លោក Kang បាននិយាយថា «ចរន្តនៃការធ្លាក់ចុះនេះ ទើបតែចាប់ផ្តើមតែប៉ុណ្ណោះ»។

លោក Kang បានបន្តថា «សាធារណជនមិនគួរមានការព្រួយបារម្ភជ្រុលពេកនោះទេ ល្គិកណាកម្លាំងការងារ និងប្រជាសាស្ត្ររបស់ប្រទេសនៅតែមានភាពស៊ីសង្វាក់គ្នាជាមួយរចនាសម្ព័ន្ធសេដ្ឋកិច្ច»។

ការបាត់បង់ចំនួនពលរដ្ឋគឺជាបញ្ហាដែលធ្លាប់កើតមានឡើងរួចស្រេចទៅហើយសម្រាប់ប្រទេសចិន។ ប្រទេសចិនបានបាត់បង់ពលរដ្ឋចំនួន ៣៥ លាននាក់នៅក្នុងអំឡុងពេលគ្រោះទុរ្ភិកដែលបានកើតឡើងនៅចន្លោះឆ្នាំ ១៩៥៩ និង ១៩៦១ នេះបើយោងតាមទិន្នន័យរបស់អតីតអ្នកកាសែត Xinhua លោក Yang Jisheng ដែលបានធ្វើការស្រាវជ្រាវលើប្រធានបទនោះអស់រយៈពេលជាង ១ ទសវត្សរ៍។

នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៥០ ប្រទេសចិនមានទារកកើតថ្មីប្រមាណ ២០ លាននាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅឆ្នាំ ១៩៦១ ចំនួនទារកកើតថ្មីបានធ្លាក់ចុះមកនៅត្រឹម ៩,៤៩ លាននាក់ដោយសារតែការខ្វះខាតស្បៀងអាហារ។

ចាប់ពីពេលនោះមក ទារកនៅចន្លោះពី ២០ ទៅ ២៩ លាននាក់បានកើតជារៀងរាល់ឆ្នាំ។ ក្រោយឆ្នាំ ២០០០ តួលេខខាងលើបានស្ថិតនៅក្នុងរង្វង់ពី ១៥ ទៅ ១៧ លាននាក់ក្នុងមួយឆ្នាំៗ ប៉ុន្តែវាក៏បានធ្លាក់ចុះរហូតចាប់តាំងពីឆ្នាំ ២០១៦ មក។

លោកស្រី Song Jian សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាលើការអភិវឌ្ឍប្រជាជននៃសាកលវិទ្យាល័យ Renmin University បានកត់សម្គាល់ថា ចំនួនពលរដ្ឋចិនបានធ្លាក់ចុះកាលពីអតីតកាល ដោយសារតែការកើនឡើងនៃចំនួនអ្នកស្លាប់។ ប៉ុន្តែនៅពេលនេះលោកស្រីបាននិយាយថា «ការធ្លាក់ចុះនេះគឺបង្កឡើងជាចម្បងដោយអត្រាផ្តល់កំណើតទាប»។

លោកស្រីបាន និយាយថា «ចំនួនផ្តល់កំណើតសម្រាប់ស្ត្រីម្នាក់ៗបានធ្លាក់ចុះមកនៅត្រឹម ១,៩៣ នាក់នៅឆ្នាំ ១៩៩២ ក្រោមចំនួនកំណត់ ២,១ នាក់ដែលជាតួលេខចាំបាច់សម្រាប់កំណើនពលរដ្ឋ»។ លោកស្រីបានបន្តទៀតថា «ចាប់ពីពេលនោះមក ពលរដ្ឋចិនបានរក្សាការកើនឡើងដោយសារតែព្រឹត្តិការណ៍នានា ប៉ុន្តែកម្លាំងចលករបែបនោះនឹងត្រូវចុះខ្សោយមកវិញក្រោយរយៈពេល ៣ ទសវត្សរ៍»។

លោកស្រីបាននិយាយថា «រដ្ឋាភិបាលគួរតែបង្កើតគោលនយោបាយបន្ថែមទៀតដើម្បីកាត់បន្ថយបន្ទុករបស់គ្រួសារវ័យក្មេង ដើម្បីឱ្យគេកាន់តែមានឆន្ទៈក្នុងការផ្តល់កំណើត»។

យោងតាមទិន្នន័យផ្លូវការ ចំនួនស្ត្រីដែលមានអាយុបង្កកំណើតនៅចិន បានធ្លាក់ចុះចំនួន ៤៦ លាននាក់ ពីចំនួន ៣៨០ លាននាក់កាលពីឆ្នាំ ២០១០ មកទៅត្រឹមចំនួន ៣៣៤ លាននាក់នៅឆ្នាំ ២០២០។

លោក He Yafu អ្នកប្រជាសាស្ត្រចិនបាននិយាយថា «នៅចន្លោះឆ្នាំ ២០១៦ និងឆ្នាំមុន ចំនួនស្រី្តដែលមានអាយុបង្កកំណើតនៅចិនបានធ្លាក់ចុះប្រមាណ ៥ លាននាក់ជារៀងរាល់ឆ្នាំ»។ គាត់បានបន្តទៀតថា «ពលរដ្ឋវ័យក្មេងចូលចិត្តរៀបការនៅអាយុច្រើន និងមានកូនកាន់តែតិច»។

លោក He បាន និយាយទៀតថា «ក្រៅពីនោះ គោលនយោបាយ ZERO-COVID នៅចិនដីគោកក៏បានជះឥទ្ធិពលអវិជ្ជមានទៅលើឆន្ទៈរបស់ពលរដ្ឋក្នុងការផ្តល់កំណើតផងដែរ ហើយចំនួនពលរដ្ឋចិនអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខទៀតនេះ»។

គាត់បានបន្ថែមទៀតថា «វាមិនទំនងទេដែលថា ចិនអាចស្តារស្ថានការណ៍នេះឡើងវិញនៅក្នុងរយៈពេលខ្លី ដោយហេតុថា កន្លងមកប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានទទួលបរាជ័យក្នុងការផ្តល់សន្ទុះដល់អត្រាផ្តល់កំណើតរបស់ពួកគេ បើទោះបីជាមានការដាក់ចេញនូវគោលនយោបាយគាំទ្រជាច្រើនក៏ពិតមែន» ។

លោក Zhang Zhiwei ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management Ltd បាននិយាយថា «ការធ្លាក់ចុះនៃចំនួនពលរដ្ឋចិនអាចមានន័យស្មើនឹងការថមថយខ្លាំងនៃតម្រូវការក្នុងស្រុក និងកំណើនសេដ្ឋកិច្ចរបស់ចិន»។ លោក Zhang បាននិយាយទៀតថា «ប្រទេសចិនត្រូវតែជំរុញការបង្កើនប្រសិទ្ធភាពនៃផលិតកម្មរបស់ខ្លួន ខណៈដែលពួកគេមិនអាចបន្តពឹងផ្អែកទៅលើកំណើនពលរដ្ឋដើម្បីអូសទាញកំណើនសេដ្ឋកិច្ចបានតទៅទៀតនោះ»។

ទន្ទឹមនឹងនោះដែរ សេដ្ឋវិទូខ្លះបាននិយាយថា «ជាមួយនឹងចំនួនពលរដ្ឋដែលកំពុងតែរីកលូតលាស់នោះ ឥណ្ឌា និងវៀតណាម នឹងអាចលុបបំបាត់តួនាទីបច្ចុប្បន្នរបស់ចិន ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្មពិភពលោក»។

របាយការណ៍មួយរបស់ក្រុមហ៊ុន S&P បានលើកឡើងថា «ឥណ្ឌានឹងវ៉ាដាច់ជប៉ុននិងអាល្លឺម៉ង់ដោយក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី៣ នៅ ត្រឹមឆ្នាំ ២០៣០»។ កាលពីឆ្នាំមុន ឥណ្ឌាបានស្ថិតនៅក្នុងចំណាត់ថ្នាក់សេដ្ឋកិច្ចធំជាងគេបង្អស់ទី៥ នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក, ចិន, ជប៉ុន និងអាល្លឺម៉ង់។

ចំនួនពលរដ្ឋវៀតណាមបានកើនឡើងចំនួន ០,៧៤% ពីចំនួន ៩៧,៤៧ លាននាក់កាលពីឆ្នាំមុនមួយ ដល់ចំនួន ៩៨,១៩ លាននាក់នៅចុងឆ្នាំមុន៕

អ្នក​សំដែង​រាំ​ក្នុង​​កម្មវិធី​មួយ ដែលជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី 100 នៃ​ការ​បង្កើត​បក្ស​កុម្មុយនីស្ត​ចិន នៅ​កីឡដ្ឋាន Bird’s Nest ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១។ រូបថត៖ AFP / Noel Celis

Asia Times