ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសម៉ាល់ឌីវ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនជាតិ និងប្រជាជនកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 73
ទស្សនៈមិត្តអ្នកអាន៖ ដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសម៉ាល់ឌីវ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនជាតិ និងប្រជាជនកម្ពុជា ទស្សនៈមិត្តអ្នកអាន៖ ដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសម៉ាល់ឌីវ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនជាតិ និងប្រជាជនកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់សម្រាប់ជាផលប្រយោជន៍ដល់ប្រទេសកម្ពុជា ជាពិសេសការជំរុញពាណិជ្ជកម្មទ្វេភាគី ការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងការបើកច្រកទីផ្សារបន្ថែមទៀត សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។

ដំណើរបំពេញទស្សនកិច្ចនៅដើមឆ្នាំ២០២៣របស់លោកនាយករដ្ឋមន្ត្រី គឺជាការចាប់ផ្តើមរឹតចំណងការទូតជាមួយមិត្តចាស់ឡើងវិញ ខណៈដែលប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ហើយបើគិតមកដល់ឆ្នាំ២០២៣នេះ គឺជាខួបទី២៨ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាការកត់សម្គាល់ ទោះកម្ពុជា និងម៉ាល់ឌីវ មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីយូរលង់មកហើយក្តី តែប្រទេសទាំងពីរមិនដែលមានសកម្មភាពការទូតជាដុំកំភួនសោះឡើយ សូម្បីតែទំហំពាណិជ្ជកម្មក៏មានចំនួន តិចនៅឡើយ បើធៀបទៅនឹងទំហំពាណិជ្ជកម្មដែលកម្ពុជាមានជាមួយប្រទេសដទៃផ្សេងទៀត។

ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាល់ឌីវ ចាត់ទុក ថា ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនៃការបើកទំព័រសករាជថ្មី ដើម្បីរឹតចំណងការទូត ការដោះដូរពាណិជ្ជកម្ម កិច្ចសហប្រតិការលើវិស័យទេសចរណ៍ សុខាភិបាល និងវិស័យអាទិភាពជាច្រើនទៀត ឲ្យមានសកម្មភាពរស់រវើកជាងមុន។

បើនិយាយ អំពីវិស័យទេសចរណ៍ ប្រទេសម៉ាល់ឌីវ ត្រូវបានគេស្គាល់ ថា ជាប្រទេសដែនកោះ មានឆ្នេរសមុទ្រស្អាត ហើយជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិមកពីជុំវិញពិភពលោក។ ដោយឡែក កម្ពុជា ក៏មានឆ្នេរសមុទ្រស្អាតផងដែរ ហើយត្រូវបានជាប់ចំណាត់ថ្នាក់ជាក្រុមប្រទេសដែលមានឆ្នេរសមុទ្រ ស្អាតជាងគេលើពិភពលោកទៀតផង។ នេះមិនទាន់រាប់បញ្ចូលពីប្រាសាទបុរាណ តំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិដទៃទៀតឡើយ។ ភាពទាក់ទាញបានភ្ញៀវទេសចរ ពីឆ្នេរសមុទ្រម៉ាល់ឌីវ គឺជាបទពិសោធន៍ និងជាមេរៀនសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកពីជុំវិញពិភពលោក សម្រាប់បច្ចុប្បន្ន និងទៅអនាគត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ បានជួបពិភាក្សាការងារទាំងកម្រិតចង្អៀត និងកម្រិតទ្វេភាគី។ ជំនួបរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរបានជជែកដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងការស្វែងរកមធ្យោបាយថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ជាងនេះទៅទៀត ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ទៅវិញទៅមកផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងថ្នាក់ដឹកនាំកំពូលទាំងពីរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះ អាងថា កម្ពុជានិងប្រទេសម៉ាល់ឌីវ អាចពង្រីកទំហំពាណិជ្ជកម្មរវាងគ្នានិងគ្នាបានដោយកម្ពុជាអាចនាំចេញ អង្ករ ស្វាយចន្ទី ចេក សំលៀកបំពាក់ជាដើមទៅកាន់ប្រទេសម៉ាល់ឌីវ។ ចំណែកផលិតផលរបស់ប្រទេស ម៉ាល់ឌីវ ក៏អាចនាំចូលមកកម្ពុជាវិញបានផងដែរ ដោយដំបូងគេ គឺត្រីខកំប៉ុង។ ក្រៅពីនេះ ម៉ាល់ឌីវ ក៏អាច នាំចូលផលិតផលត្រីផ្សេងៗមកកាន់ប្រទេសកម្ពុជាថែមទៀត។

នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី បានឆ្លៀតរំលេចពីអង្ករកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករមានរស់ជាតិឆ្ងាញ់ និងក្រអូបជាងគេលើពិភពលោកចំនួន ៥ដង ហើយបច្ចុប្បន្ន បាននិងកំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ នៅឡើយ។ លោកសង្ឃឹមថា អង្ករនេះនឹងក្លាយជាការពេញនិយមសម្រាប់ប្រជាជនម៉ាល់ ឌីវផង និងសម្រាប់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅប្រទេសម៉ាល់ឌីវផងដែរ។

លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ ក៏បានបង្ហាញពីបំណងរបស់ម៉ាល់ឌីវ នៅក្នុងការកែប្រែទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ដោយសារកម្ពុជា ជាប្រទេសនាំចេញអង្ករដ៏ធំមួយ ហើយនាំមុខ ដោយអង្គរដែលមានគុណភាពកម្រិតពិភពលោក។ ក្រៅពីអង្ករ ម៉ាល់ឌីវក៏គ្រោងនាំចូលផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជា ដូចជា ពោត ដំឡូងមី ម្រេច ផ្លែឈើផ្សេងៗ និងផលិតផលសំលៀកបំពាក់ជាដើម។

ជារួមមកវិញ ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រយៈពេល ៣ថ្ងៃទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ ពិតជាទទួលបានលទ្ធផលជាផ្លែផ្កា ដោយបាននាំមកនូវផលប្រយោជន៍ពិតជាក់ស្តែងជូនជាតិ និងប្រជាជនកម្ពុជា។

ការអភិវឌ្ឍសេដ្ឋកិច្ច ការរកទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេស ការបង្កើតការងារធ្វើដើម្បីបង្កើនប្រាក់ ចំណូលគ្រួសាររបស់ប្រជាជន គឺជាកម្មវិធីនយោបាយដ៏សំខាន់និងអាទិភាពមួយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។
ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង