ខ្មែរប៉ុស្ដិ៍ Close

ឯអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ កោតសរសើរពីការរីកចម្រើនលើវិស័យបរិស្ថាន, សេដ្ឋកិច្ច និងការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 7
ឯអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ កោតសរសើរពីការរីកចម្រើនលើវិស័យបរិស្ថាន, សេដ្ឋកិច្ច និងការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក ឯអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ កោតសរសើរពីការរីកចម្រើនលើវិស័យបរិស្ថាន, សេដ្ឋកិច្ច និងការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាឱ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែល ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ចូលជួបសំណេះសំណាល និងជំរាបលា ដែលបានធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក William A. Heidt បានជម្រាបថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោកចូលជួបសំដែងការគួរសម និងជម្រាបលា នាពេលនេះ។ លោក William បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលបំពេញបេសកកម្មជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំនេះ លោកបានខិតខំជំរុញធ្វើយ៉ាងណាពង្រឹងកិច្ចប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ហើយមានចំណុចពិសេសជាច្រើនដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អគ្គរដ្ឋទូត បានឯកភាពគ្នា និងបានធ្វើកិច្ចការរួមគ្នា ជាច្រើនផងដែរ។

លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កេតឃើញពីការរីកចម្រើនជាពិសេស លើវិស័យមួយចំនួននៅប្រទេសកម្ពុជា ដូចជាវិស័យបរិស្ថាន វិស័យសេដ្ឋកិច្ច និងការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ ។ លោកឯកអគ្គរដ្ឋទូតអាមេរិកមានប្រសាសន៍ថា ទោះបីកន្លងមកមានការអាក់ខាន ក៏ប៉ុន្តែយើងបានប្រាស្រ័យទាក់ទងគ្នាល្អប្រសើរឡើងវិញ នូវការស្វែងរក MIA និងការធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជា ពីសហរដ្ឋអាមេរិកមកកាន់ទឹកដីរបស់កម្ពុជា។

នៅក្នុងជំនួបនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោកបានស្វាគមន៍រាល់ការវិនិយោគ ពីបណ្ដាប្រទេសទាំងអស់មិនថាប្រទេសចិន, ជប៉ុន ឬ សហរដ្ឋអាមេរិកជាដើម អាចមកធ្វើការវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ លោកក៏បានបញ្ជាក់ដែរថា មិនអនុញ្ញាតឱ្យមានឥទ្ធិពលបរទេសនៅលើទឹកដីរបស់កម្ពុជាឡើយ៕

អត្ថបទទាក់ទង