ខ្មែរប៉ុស្ដិ៍ Close

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកសិករត្រៀមលក្ខណៈ នៅពេលទឹកស្រកខិតខំបង្កបង្កើនផលកសិកម្ម ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកសិករត្រៀមលក្ខណៈ នៅពេលទឹកស្រកខិតខំបង្កបង្កើនផលកសិកម្ម ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យកសិករត្រៀមលក្ខណៈ នៅពេលទឹកស្រកខិតខំបង្កបង្កើនផលកសិកម្ម ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជាសំណាងរបស់ប្រទេសកម្ពុជា មិនមានគ្រោះរញ្ជួយដី ដូចបណ្តាប្រទេសដទៃ ហើយលោក សូមថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរខេត្តដែលរងគ្រោះដោយទឹកជំនន់ ជាពិសេសខេត្តបន្ទាយមានជ័យ កងកម្លាំងគ្រប់ប្រភេទទាំងអស់ និងប្រជាពលរដ្ឋមូលដ្ឋាន ដែលរួមគ្នាដោះស្រាយបញ្ហាគ្រោះទឹកជំនន់។ លោកនាយករដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីទឹកស្រកទៅវិញ រាជរដ្ឋាភិបាលនឹងគិតគូរក្នុងការផ្តល់ពូជដំណាំកសិកម្មដល់ពលរដ្ឋ និងពិនិត្យមើលការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីមានវិធានការដោះស្រាយជូនប្រជាកសិករឱ្យបានទាន់ពេលវេលា។ លោក បានថ្លែងបញ្ជាក់ថា ចំពោះការផ្តល់ជំនួយនៅថ្ងៃនេះ គ្រាន់តែជាចំណែកតូចមួយ ក្នុងការជួយប្រជាពលរដ្ឋក្នុងមានគ្រាអាសន្នតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីទឹកស្រក ត្រូវគិតគូរបញ្ហាផ្សេងៗថែមទៀត។

លោក បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកើនរំលឹកអំពីការអំពាវនាវរបស់លោក ទៅកាន់ស្ថាបប័នធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យមានការយោគយល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកលិច សូមទទួលបាននូវការប្រកាសរបស់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលទទួលយកការអំពាវនាវរបស់លោក ដើម្បីយោគយល់ដល់ពលរដ្ឋដែលរងគ្រោះដោយទឹកលិច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ការទទួលយករបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាកាយវិការល្អ ស្របតាមស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ហើយមកដល់ពេលនេះ មិនទាន់មានការរឹបអូសផ្ទះរបស់ប្រជាពលរដ្ឋដែលពុំមានលទ្ធភាពបង់ធនាគារនៅឡើយទេ។ លោក ក៏បានជំរុញឱ្យអាជ្ញាធរបន្តតាមដានចំពោះការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋាន ទន្ទឹមនោះផងដែរ លោក បានផ្តាំផ្ញើទៅប្រជាពលរដ្ឋឱ្យមានប្រុងប្រយ័ត្នខ្ពស់ទៅលើសុខភាពផ្ទាល់ខ្លួន ត្រូវហូបស្អាត ផឹកស្អាត និងរក្សាអនាម័យជានិច្ច៕

អត្ថបទទាក់ទង