ខ្មែរប៉ុស្ដិ៍ Close

តើយុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងអាចនាំមកនូវការផ្លាស់ប្តូរដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 95
តើយុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងអាចនាំមកនូវការផ្លាស់ប្តូរដែរឬទេ? តើយុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងអាចនាំមកនូវការផ្លាស់ប្តូរដែរឬទេ?

នៅទីបំផុត ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានចូលរួមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសកូរ៉េខាងត្បូង ដែលនេះគឺជាសញ្ញាមួយដែលបង្ហាញអំពីមហិច្ឆតារបស់សាធារណរដ្ឋកូរ៉េ ក្នុងការក្លាយជា «រដ្ឋដ៏សំខាន់របស់ពិភពលោក»។

ក្រោយការដាក់បង្ហាញកាលពីថ្ងៃទី ២៨ ខែធ្នូ ឯកសារនេះបានតំណាងឱ្យការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងគោលនយោបាយការបរទេសរបស់កូរ៉េខាងត្បូង បើប្រៀបធៀបទៅនឹងការដឹកនាំរបស់មេដឹកនាំមុនគឺលោក Moon Jae-in ដែលតែងព្យាយាមលុបបំបាត់ចោលនូវគោលគំនិតស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏ធំទូលំទូលាយនេះ។

ប្រទេសក្នុងតំបន់បានចាត់ទុកប្រទេសកូរ៉េខាងត្បូងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ ក៏ប៉ុន្តែមិនមែនជាតួអង្គយុទ្ធសាស្ត្រដ៏សំខាន់នោះទេ។ នៅក្នុងរបាយការណ៍ស្ទង់មតិលើបណ្តារដ្ឋអាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ ២០២២ ស្តីអំពីប្រទេសមហាអំណាចផ្នែកនយោបាយ និងយុទ្ធសាស្ត្រដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ «ប្រទេសកូរ៉េខាងត្បូងបានទទួលការគាំទ្រត្រឹមតែ ០,៦% ប៉ុណ្ណោះ ដោយបានឈរនៅពីក្រោយប្រទេសចំនួន ៧ ក៏ប៉ុន្តែបាននាំមុខប្រទេសឥណ្ឌា»។

លោកប្រធានាធិបតី Yoon បានបញ្ចេញសាច់ដុំខ្លះ នៅពេលដែលលោកបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងខែមិថុនា ឆ្នាំ ២០២២។ ការពង្រឹងទំនាក់ទំនងត្រីភាគីរវាងកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ដែលជាសកម្មភាពមួយដែលទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាយូរមកហើយ និងកំពុងធ្វើឱ្យទីក្រុងប៉េកាំងមានការភ័យខ្លាចនោះ បានបង្ហាញអំពីបំណងប្រាថ្នារបស់ទីក្រុងសេអ៊ូលក្នុងការរួបរួមជាមួយប្រទេសប្រជាធិបតេយ្យទាំងពីរខាងលើ។

ក្រុមអ្នកវិភាគបានរំពឹងថា «យុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូល នឹងឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរបស់អាមេរិកនិងជប៉ុន ដែលមានលក្ខណៈម៉ឹងម៉ាត់ចំពោះប្រទេសចិននៅក្រោមពាក្យស្លោក «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ»។ ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីសហរដ្ឋអាមេរិក ជប៉ុននិងកាណាដា ដែលតែងតែមានភាពប្រុងប្រយ័ត្នចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិន យុទ្ធសាស្ត្រដែលមានលក្ខណៈទូលំទូលាយរបស់កូរ៉េខាងត្បូងបានព្យាយាមរួមបញ្ចូលប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ឱ្យក្លាយជា «ដៃគូដ៏សំខាន់សម្រាប់ការសម្រេចឱ្យបាននូវភាពរុងរឿងនិងសន្តិភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ប៉ុន្តែឯកសារនោះក៏បានបញ្ជាក់ប្រាប់ទីក្រុងប៉េកាំងផងដែរថា «ទីក្រុងសេអ៊ូលមានបំណងចង់ធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានភាពចាស់ទុំជាងមុន បូករួមនឹងការអនុវត្តតាមបទដ្ឋាន និងច្បាប់អន្តរជាតិ»។ វាពិតជាគ្មានអ្វីគួរឱ្យសង្ស័យនោះទេដែលថា «ប្រយោគខាងលើបានសំដៅទៅលើការដាក់ទណ្ឌកម្មពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិនមកលើផលប្រយោជន៍សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ក្រោយពេលដែលកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យអាមេរិកដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរយៈចម្ងាយឆ្ងាយ (THAAD) នៅលើទឹកដីរបស់ខ្លួនកាលពីឆ្នាំ ២០១៦»។

យុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងនឹងដើរតួនាទីជាផ្នែកមួយនៃគោលនយោបាយការបរទេសសកលរបស់ប្រធានាធិបតី Yoon។ វាមានជាប់ពាក់ព័ន្ធនឹងប្រទេស និងតំបន់នានាជាច្រើនដោយក្នុងនោះ ប្រទេសខ្លះមិនបានស្ថិតនៅក្នុងវិសាលភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នោះទេ តួយ៉ាងដូចជាតំបន់អឺរ៉ុប និងអាមេរិកឡាទីនជាដើម។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលនឹងទទួលបានផលប្រយោជន៍ធំបំផុតគឺ «អាស៊ាន» ដែលជាប្លុកដែលគាំទ្រអព្យាក្រឹតភាព និងភាពរួមបញ្ចូលគ្នា។ លោកស្រី Park Jin ដែលជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា «អាស៊ានដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងក្លាយជាតួអង្គដ៏សំខាន់នៃគំនិតផ្តួចផ្តើមថ្មីរបស់កូរ៉េខាងត្បូង»។ ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលយុទ្ធសាស្រ្តដ៏លេចធ្លោរបស់អាស៊ានត្រូវបានគេដាក់ឱ្យដំណើរការនៅឯកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងកាលពីខែវិច្ឆិកាឆ្នាំមុន។

ក្រៅពីការបង្កើនមូលនិធិសហប្រតិបត្តិការសម្រាប់អាស៊ាននិងតំបន់មេគង្គ ក៏ដូចជាការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀតដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ទីក្រុងសេអ៊ូលបានប្តេជ្ញាបង្កើតនូវគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន (Korea-ASEAN Solidarity Initiative) ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្រោមក្របខណ្ឌយុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីរបស់សាធារណរដ្ឋកូរ៉េ។

នៅក្រោមវិស័យអាទិភាពទាំង ៩ គោលដៅមួយចំនួនដូចជាការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ, កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងសន្តិសុខសេដ្ឋកិច្ចនឹងមានលក្ខណៈស៊ីគ្នា ជាមួយនឹងចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ វិស័យផ្សេងទៀតដូចជាពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យា ជាដើម ក៏នឹងមានសារៈសំខាន់ផងដែរចំពោះប្លុកនេះ។

ប្រទេសជាសម្ព័ន្ធមិត្តសន្ធិសញ្ញា គឺសហរដ្ឋអាមេរិកបានក្លាយជាប្រទេសទីមួយដែលបានស្វាគមន៍យុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។ ក្រៅពីការបើកចំហចំពោះទីក្រុងប៉េកាំងនៅក្នុងផ្នែកខ្លះ យុទ្ធសាស្ត្រខាងលើបានចាត់ទុកសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិកថាជា «ធាតុដ៏សំខាន់សម្រាប់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ» ទាំងនៅឧបទ្វីបកូរ៉េ និងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យុទ្ធសាស្ត្រខាងលើគឺមានពោរពេញទៅដោយលក្ខខណ្ឌដែលអាមេរិកចង់បាន ដូចជាសេរីភាព, លទ្ធិប្រជាធិបតេយ្យសេរី, គុណតម្លៃសកល និងសិទ្ធិមនុស្ស ក៏ដូចជាការអំពាវនាវឱ្យមានការរៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់ដោយមិនប្រើប្រាស់កម្លាំង ឬការបង្ខិតបង្ខំ។ ដូច្នេះបើទោះបីជាយុទ្ធសាស្ត្រនេះបានអះអាងថាមិនកំណត់គោលដៅទៅលើប្រទេសណាមួយក៏ដោយ ក៏គោលការណ៍ជាមូលដ្ឋានរបស់វាបានដើរស្របតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលអាមេរិក។

ឯកសារខាងលើក៏បានទាមទារឱ្យមានការពង្រឹងសេរីភាពនៃការធ្វើនាវាចរណ៍ និងការ ហោះហើរនៅឯសមុទ្រចិនខាងត្បូងផងដែរ បូករួមនឹងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ វាថែមទាំងបានផ្តោតលើភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងបច្ចេកវិទ្យាទៀតផង ក៏ប៉ុន្តែប្រទេសកូរ៉េខាងត្បូងមិនទាន់បានសម្រេចនៅឡើយទេថា «តើពួកគេនឹងចូលរួមនៅក្នុងសម្ព័ន្ធ Chip 4 ដែលត្រូវបានស្នើរឡើងដោយអាមេរិកដែរឬទេ»។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

យុទ្ធសាស្ត្រនេះបានរិះគន់ទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់ បើទោះបីជាការនាំចេញនូវសម្ភារៈយោធារបស់កូរ៉េខាងត្បូងកំពុងមានការកើនឡើងក៏ដោយ។ បើទោះបីជាឯកសារខាងលើនេះបានបង្ហាញនូវការគាំទ្រចំពោះការធ្វើពាណិជ្ជកម្មសេរីក៏ដោយ ក៏ទីក្រុងសេអ៊ូលនៅមិនទាន់បានដាក់ពាក្យស្នើសុំចូលរួមនៅក្នុងកិច្ចព្រមព្រៀង CPTPP នៅឡើយទេ។

ផ្នែកដ៏គួរឲ្យកត់សម្គាល់មួយគឺជា «ផ្នែកដែលលើកឡើងទាក់ទងនឹងកូរ៉េខាងជើង»។ ខុសពីមេដឹកនាំជាតិនិយមនិងឆ្វេងនិយមគឺលោក Moon ដែលបានអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ លោក Yoon បានទាមទារឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងតែនៅប្រទេសកូរ៉េខាងជើងប៉ុណ្ណោះ។

បើទោះបីជាកូរ៉េខាងត្បូងនឹងមិនស្នើសុំចូលរួមនៅក្នុងកិច្ចសន្ទនាសន្តិសុខ «Quad» ក៏ដោយ ក៏សមាជិករបស់ក្រុម នេះត្រូវតែទទួលស្គាល់នូវគុណតម្លៃដ៏ពិតប្រាកដដែលអាចទទួលបានពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងនៅក្នុងវិស័យមួយចំនួន ដូចជាអាកាសធាតុ, បច្ចេកវិទ្យា និងសុខភាព។ ពួកគេត្រូវតែយល់ថា «ទីក្រុងសេអ៊ូលគឺជាប្រទេសដ៏សំខាន់មួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានគោលដៅស៊ីគ្នាជាមួយពួកគេ»។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងត្បូងមិនបានបិទផ្លូវសម្រាប់ការធ្វើទំនាក់ទំនងនោះទេ។ លោក Yoon អាចនឹងត្រូវពិចារណាឱ្យបានហ្មត់ចត់ពាក់ព័ន្ធនឹងការអនុវត្តយុទ្ធសាស្ត្រ និងការដែលលោកអាចនឹង ត្រូវព្យាយាមយកចិត្តទីក្រុងប៉េកាំងបន្តិច ប្រសិនបើលោកមានបំណងចង់ចូលរួមនៅក្នុងក្រុម Quad និងជាមួយបណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត។

អ្វីដែលជាចំណុចសំខាន់នោះគឺថា «លោក Yoon ហាក់ដូចជាចង់បង្កើនការចូលរួមជាមួយអាស៊ាន និងចង់ងាកទៅកាន់តែជិតសហរដ្ឋអាមេរិក និងជប៉ុន ទន្ទឹមនឹងការព្យាយាមកាត់បន្ថយនូវបញ្ហារំខាននៅក្នុងទីផ្សារ នាំចេញដ៏ធំបំផុតរបស់កូរ៉េខាងត្បូង (គឺសាធារណរដ្ឋប្រជាមានិតចិន)។ គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា «តើលោកនឹងអាចរក្សាបាននូវតុល្យភាពដ៏សម ស្របដែរឬអត់»៕

Fulcrum

អត្ថបទទាក់ទង