ខ្មែរប៉ុស្ដិ៍ Close

អាស៊ីអាគ្នេយ៍កំពុងរងសម្ពាធ ដោយសារការឱបក្រសោបអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 111
អាស៊ីអាគ្នេយ៍កំពុងរងសម្ពាធ ដោយសារការឱបក្រសោបអាមេរិក ប្រធានាធិបតី​អាមេរិក Joe Biden ចុះ​ពីលើ​យន្តហោះ Air Force One នៅពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai ក្នុង​ទីក្រុង Denpasar លើ​កោះ Bali ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការព្យាយាមធ្វើឱ្យសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកជា «ដៃគូនៃជម្រើស» (Partner of Choice) បានក្លាយជារឿងធម្មតានៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិកស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅគ្រប់រដ្ឋបាលទាំងអស់។ ពាក្យថា «ដៃគូនៃជម្រើស» គឺសំដៅទៅលើទំនាក់ទំនងផ្តាច់មុខផ្នែកសេដ្ឋកិច្ចឬសន្តិសុខ សម្រាប់រយៈពេលវែង ហើយសម្រាប់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ជារឿយៗ វាច្រើនមានជាប់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបបំបាត់ការប្រកួតប្រជែងសម្រាប់ភាពជាដៃគូ។

ប៉ុន្តែការចង់ក្លាយជាដៃគូផ្តាច់មុខរបស់អាមេរិក គឺមានលក្ខណៈផ្ទុយគ្នាពីវិធីសាស្ត្រ និងអ្វីដែលតំបន់អាស៊ីអាគ្នេយ៍ចង់បាន។ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកមានដៃគូក្នុងចំនួនច្រើនជាងសម្ព័ន្ធមិត្តសន្ធិសញ្ញាផ្លូវការទៅទៀត ហើយប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកមានទំនាក់ទំនងផ្នែកការពារជាតិដ៏ស្មុគស្មាញក្នុងកម្រិតខុសៗគ្នាជាមួយនឹងដៃគូប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុត២ របស់អាមេរិកគឺ «ប្រទេសរុស្ស៊ី និងចិន»។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរីដែលជាដៃគូជិតស្និទ្ធបំផុតរបស់អាមេរិកមិនមែនជាសម្ព័ន្ធមិត្តផ្លូវការរបស់អាមេរិកនោះទេ ខណៈដែលសម្ព័ន្ធមិត្តសន្ធិសញ្ញា ២ របស់ពួកគេ គឺថៃ និងហ្វីលីពីន បានចំណាយពេលជាច្រើនឆ្នាំដើម្បីរក្សាគម្លាតពីទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលពួកគេព្យាយាមពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រធានាធិបតី Joe Biden គឺជាសញ្ញាដែលបង្ហាញអំពីការចាប់អារម្មណ៍ ក៏ប៉ុន្តែវាមានខ្លឹមសារលម្អិតមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីសារៈសំខាន់នៃវិធានការរបស់ពួកគេទេ។ ទីក្រុងវ៉ាស៊ីនតោនបានស្រមៃចង់ក្លាយជាដៃគូនៃជម្រើស ហើយប្រសិនបើពួកគេនៅតែចង់រក្សាភាពទាក់ទាញសម្រាប់ភាពជាដៃគូ ពួកគេត្រូវតែបង្ហាញអំពីភាពជាអ្នកដឹកនាំនៅក្នុងវិស័យដែលមានសារៈសំខាន់បំផុតសម្រាប់បណ្តាប្រទេសជាដៃគូរបស់ខ្លួន ជាជាងការពឹងផ្អែកជាចម្បងតែទៅលើទំនាក់ទំនងសន្តិសុខ។

មនុស្សជាច្រើននៅទីក្រុងវ៉ាស៊ីនតោនបានសន្មត់ថា «បណ្តារដ្ឋនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងស្ថាប័នពហុភាគី បានចែករំលែកនូវទស្សនៈដូចគ្នាជាមួយនឹងពួកគេដែលថា ប្រទេសចិនគឺជារដ្ឋអរិភាព ហើយអាមេរិកគឺជាមហាអំណាចទន់ភ្លន់នៅក្នុងតំបន់»។ ដោយយោងតាមការស្ទង់មតិពីអង្គការនានាដូចជាមជ្ឈមណ្ឌលស្រាវជ្រាវ PEW «ប្រជាប្រិយភាពរបស់ប្រទេសចិននៅក្នុងតំបន់ ពិតជាមានការធ្លាក់ចុះ»។

ទីតាំងនៅជិតបង្កើយរបស់ចិនអាចបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក៏ប៉ុន្តែវាគឺជាកំហុសក្នុងការសន្មតថា «តំបន់អាស៊ីអាគ្នេយ៍យល់ថាសហរដ្ឋអាមេរិកជាប្រទេសល្អ ហើយចិនគឺជាប្រទេសអាក្រក់»។ វាគឺជាការសន្មតដ៏គ្រោះថ្នាក់ ខណៈដែលប្រទេសចំនួន ៣ ដូចជា វៀតណាម, កម្ពុជា និងឡាវ នៅតែបន្តប្រឈមមុខនឹងបញ្ហាដោយសារអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលត្រូវបានបន្សល់ទុកពីសម័យសង្គ្រាមដ៏គួរឱ្យរន្ធត់។

ប្រទេសផ្សេងទៀតដូចជាឥណ្ឌូណេស៊ីអាចនឹងនៅតែយល់ថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) បានបង្កអស្ថិរភាពដែលមិនអាចបំភ្លេចបានចំពោះរដ្ឋាភិបាលរបស់ពួកគេ»។ បណ្តារដ្ឋជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានចាត់ទុកទាំងអាមេរិកនិងចិនជាប្រទេសដ៏គួរឱ្យខ្លាច ក៏ប៉ុន្តែបទពិសោធន៍របស់ពួកគេជាមួយចិនមិនមានលក្ខណៈអាក្រក់ខ្លាំងដូចអ្វីដែលអាមេរិកបានលើកឡើងនោះទេ ខណៈដែលទំនាក់ទំនងរវាងពួកគេជាមួយអាមេរិកក៏មិនសូវមានភាពស្និទ្ធស្នាលប៉ុន្មាននោះដែរ។

តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលត្រូវបានកំណត់ដោយភាពសត្យានុម័តរបស់ពួកគេដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្ថាប័នដ៏សំខាន់របស់ពួកគេ គឺអាស៊ានដែលបានដំណើរការដោយផ្អែកលើការមូលមតិគ្នានៅក្នុងចំណោមសមាជិក ដែលតែងតែមានភាពយឺតយ៉ាវនិងស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហា និងទប់ស្កាត់ជម្លោះ។

រដ្ឋជាសមាជិកអាស៊ានធ្លាប់បានឃើញលទ្ធផលដ៏អាក្រក់នៃការប្រកួតប្រជែងរវាងមហាអំណាចនៅក្នុងអំឡុងសង្គ្រាមត្រជាក់។ ហេតុដូច្នេះហើយ ពួកគេទំនងជានឹងមិនជ្រើសរើសយកភាគីណាមួយនោះឡើយ។ គំនិតដែលថា «ភាពជាដៃគូរបស់តំបន់អាស៊ីអាគ្នេយ៍អាចនឹងត្រូវបង្ខំឱ្យពួកគេជ្រើសរើសរវាងអាមេរិកនិងចិន» នៅតែបន្តកើតមាន ហើយនៅទីបំផុតពួកគេនឹងត្រូវជ្រើសរើសយកខ្លួនឯង។

អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Kuan Yew ក៏ធ្លាប់បានកត់សម្គាល់ផងដែរថា «ពេលដំរីប្រយុទ្ធគ្នា ស្មៅនឹងរងទុក្ខ។ ក៏ប៉ុន្តែនៅពេលដែលពួកគេត្រូវរ៉ូវគ្នា ស្មៅក៏នៅតែរងទុក្ខដដែល»។ តំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសជាច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មា បំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង២ (ទាំងសហរដ្ឋអាមេរិក និងចិន) ក៏ប៉ុន្តែមិនចង់ឱ្យមានភាពស្និទ្ធស្នាលខ្លាំងពេកជាមួយភាគីណាមួយឡើយ។ គ្មាននរណាម្នាក់ចង់រងនូវផលប៉ះពាល់ដោយសារការឱបក្រសោបទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោននោះទេ។

សង្វៀនប្រកួតប្រជែងពិតប្រាកដគឺនៅក្នុងផ្នែកសេដ្ឋកិច្ចដែលមិនមែនជាវិស័យការពារជាតិ និងសន្តិសុខនោះទេ។ ទំនាក់ទំនងការពារជាតិមានសារៈសំខាន់ ហើយសហរដ្ឋអាមេរិកក៏មានទំនាក់ទំនងការពារជាតិយ៉ាងស៊ីជម្រៅផងដែរ ដែលសមនឹងទទួលបានការយកចិត្តទុកដាក់។ ការបន្តផ្សព្វផ្សាយទៅកាន់តំបន់អាស៊ីអាគ្នេយ៍អំពីសេដ្ឋកិច្ចដ៏ឃោរឃៅរបស់ចិនបានបង្ហាញអំពីចរិតលក្ខណៈគាបសង្កត់ និងជាការមើលស្រាលលើសមត្ថភាពរបស់តំបន់នេះក្នុងការកំណត់ផលប្រយោជន៍របស់ពួកគេ។

ប្រទេសជាដៃគូ មិនមែនមិនដឹងអំពីការអនុវត្តរបស់ចិន នៅក្នុងវិស័យហិរញ្ញវត្ថុនោះទេ។ ពួកគេក៏ដឹងយ៉ាងច្បាស់ផងដែរអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ បូករួមនឹងតួនាទីរបស់អាមេរិកនៅក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨។ ក្តីសង្ឃឹមដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការជំរុញទិសដៅគោលនយោបាយរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏ទូលំទូលាយ នឹងត្រូវពឹងផ្អែកទៅលើសមត្ថភាពក្នុងការចូលរួមក្នុងនាមជាដៃគូសេដ្ឋកិច្ចដែលអាចទុកចិត្តបាន និងជាដៃគូសន្តិសុខដែលមានស្ថិរភាព។

ការរំពឹងទុក ឬការជំរុញឱ្យបណ្តារដ្ឋអាស៊ីអាគ្នេយ៍ចូលរួមនៅក្នុងគំនិតផ្តួចផ្តើមប្រឆាំងនឹងចិន, បដិសេធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬបន្តដកខ្លួនថយពីកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងមិននាំមកនូវលទ្ធផលជាគោលនយោបាយ ដែលទីក្រុងវ៉ាស៊ីនតោនចង់បាននោះឡើយ៕

Foreign Policy

អត្ថបទទាក់ទង