ខ្មែរប៉ុស្ដិ៍ Close

ក្រុមសេវាសម្ងាត់អាមេរិកកំពុងធ្វើការស៊ើបអង្កេត ក្រោយមានការរកឃើញម្សៅកូកាអ៊ីននៅក្នុងសេតវិមាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 99
ក្រុមសេវាសម្ងាត់អាមេរិកកំពុងធ្វើការស៊ើបអង្កេត ក្រោយមានការរកឃើញម្សៅកូកាអ៊ីននៅក្នុងសេតវិមាន ក្រុមសេវាសម្ងាត់អាមេរិកកំពុងធ្វើការស៊ើបអង្កេត ក្រោយមានការរកឃើញម្សៅកូកាអ៊ីននៅក្នុងសេតវិមាន

អាជ្ញាធរអនុវត្តច្បាប់បាននិយាយថា «ការធ្វើតេស្តបឋមទៅលើសារធាតុពណ៌សដែលត្រូវបានគេរកឃើញនៅក្នុងសេតវិមានត្រូវបានគេរាយការណ៍ថា មានលទ្ធផលវិជ្ជមានសារធាតុកូកាអ៊ីន» ហើយក្រុមសេវាសម្ងាត់អាមេរិកកំពុងធ្វើការស៊ើបអង្កេតកាលពីថ្ងៃអង្គារ ដើម្បីរកឱ្យឃើញថា តើសារធាតុសនោះត្រូវបានគេរកឃើញនៅ 1600 Pennsylvania Avenue ដោយរបៀបណា។

សារព័ត៌មាន Washington Post បានរាយការណ៍ថា វត្តមាននៃសារធាតុខាងលើដែលត្រូវបានបញ្ជូនចេញសម្រាប់ការធ្វើតេស្ដបន្ថែមកាលពីល្ងាចថ្ងៃចន្ទ ក្រោយពេលដែលអ្នកពន្លត់អគ្គិភ័យ និងក្រុមសម្ភារគ្រោះថ្នាក់របស់នាយកដ្ឋានពន្លត់អគ្គីភ័យ Washington DC បានរាយការណ៍តាមវិទ្យុថា «យើងបានរកឃើញរបារពណ៌លឿងដែលជាសារធាតុកូកាអ៊ីន hydrochloride» ។

អ្នកនាំពាក្យក្រុមសេវាសម្ងាត់លោក Anthony Guglielmi បានប្រាប់សារព័ត៌មាន Washington Post ថា ការរកឃើញនេះបានធ្វើឱ្យមានការបង្កើនការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពខ្ពស់ និងមានការជម្លៀសមនុស្សចេញពីវិមាននេះមួយចំនួន ក្រោយពេលសារធាតុខាងលើត្រូវបានគេរកឃើញនៅអំឡុងពេលនៃការត្រួតពិនិត្យជាប្រចាំ។

របាយការណ៍ដំបូងបានបង្ហាញថា សារធាតុខាងលើត្រូវបានគេរកឃើញនៅក្នុងបណ្ណាល័យឯកសារយោង។ សារព័ត៌មាន Associated Press ដោយដកស្រង់សម្តីមន្ត្រី ២ នាក់ដែលមិនមានសិទ្ធិនិយាយអំពីការស៊ើបអង្កេតនេះ កាលពីថ្ងៃអង្គារថា «ម្សៅពណ៌សត្រូវបានរកឃើញនៅក្នុងតំបន់ដែលក្រុមទេសចរណ៍អាចចូលទៅដល់ មិនមែននៅក្នុងការិយាល័យ West Wing ណាមួយនោះទេ» ។

លោក Guglielmi បានប្រាប់សារព័ត៌មាន Washington Post ថា «គេបានធ្វើការស៊ើបអង្កេតទៅលើមូលហេតុ និងរបៀបដែលសារធាតុទាំងនេះបានចូលទៅក្នុងសេតវិមាន។ នៅពេលនោះ លោក Joe Biden កំពុងតែស្ថិតនៅតំបន់ Camp David ។ ប្រធានាធិបតីអាមេរិកនិងភរិយា លោកស្រី Jill Biden បានត្រឡប់មកពីកិច្ចប្រជុំនៅក្នុងរដ្ឋ Maryland មកកាន់សេតវិមានកាលពីព្រឹកថ្ងៃអង្គារ។

មន្ត្រីម្នាក់ដែលបានដឹងអំពីការស៊ើបអង្កេតបានប្រាប់សារព័ត៌មានផងដែរថា «បរិមាណនៃសារធាតុនេះមានតិចតួចប៉ុណ្ណោះ»។

នេះមិនមែនជាលើកទី១ ទេដែលគ្រឿងញៀនខុសច្បាប់បានចូលមកដល់ក្នុងសេតវិមាន។ តារាចម្រៀងរ៉េប Snoop Dogg បាននិយាយថា គាត់ធ្លាប់បានជក់ Weed នៅក្នុងបន្ទប់ទឹកកាលពីឆ្នាំ ២០១៣ ហើយ លោក Willie Nelson ក៏ធ្លាប់បានសារភាពផងដែរថា លោកធ្លាប់បានជក់បារីរុំ (joint) នៅលើដំបូលសេតវិមាននៅក្នុងអំឡុងពេលដែលលោក Jimmy Carter ធ្វើជាប្រធានាធិបតី។

តារាសម្តែងជនជាតិអង់គ្លេសលោក Erkan Mustafa បាននិយាយថា គាត់បានជក់កញ្ឆានិងបានចាក់ថ្នាំកូកាអ៊ីននៅក្នុងដំណើរទស្សនកិច្ចទៅកាន់សេតវិមាននៅក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន «Just Say No» របស់លោកស្រី Nancy Reagan។

តារាចម្រៀងរបស់ក្រុម Jefferson Airplane នាង Grace Slick បាននិយាយថា កាលពីឆ្នាំ ២០១១ នាងបានព្យាយាម តែបានបរាជ័យក្នុងការដាក់សារធាតុ LSD ទៅក្នុងតែរបស់ប្រធានាធិបតី Richard Nixon កាលពីឆ្នាំ ១៩៧០។ នាងបានរំឭកអំពីសកម្មភាពនោះនាពេលក្រោយមកថា «ខ្ញុំគិតថា លោក Richard Nixon ត្រូវការអាស៊ីតបន្តិច»៕

The Guardian

អត្ថបទទាក់ទង