ខ្មែរប៉ុស្ដិ៍ Close

លិខិតអ្នកវិភាគចៅចាក់ស្មុក៖ តើឯកអគ្គរដ្ឋទូតប្រចាំនៅភ្នំពេញ ជាទូតបន្តបម្រើនយោបាយចាស់របស់អូបាម៉ា ឬបម្រើគោលនយោបាយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ?

ដោយ៖ សន បទុម ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 74
លិខិតអ្នកវិភាគចៅចាក់ស្មុក៖ តើឯកអគ្គរដ្ឋទូតប្រចាំនៅភ្នំពេញ ជាទូតបន្តបម្រើនយោបាយចាស់របស់អូបាម៉ា ឬបម្រើគោលនយោបាយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ? លិខិតអ្នកវិភាគចៅចាក់ស្មុក៖ តើឯកអគ្គរដ្ឋទូតប្រចាំនៅភ្នំពេញ ជាទូតបន្តបម្រើនយោបាយចាស់របស់អូបាម៉ា ឬបម្រើគោលនយោបាយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ?

ខាងក្រោម​នេះ ​គឺជា​ខ្លឹមសារដែល​បាន​បង្ហោះ​ផ្សាយ​ដោយ​ ចៅ​ ចាក់​ស្មុក​៖

ទូតអាមេរិកបច្ចុប្បន្នគឺ វិល្លៀម ហេដ ដែលនឹងជិតផុតអាណត្តិនៅកម្ពុជាកំពុងតែ ត្រូវបានមជ្ឈដ្ឋានជាតិខ្មែរ និងបរទេសមួយចំនួនចោទសួរអំពីសម្មភាពដែលមន្ត្រីទូតរូប នេះបានធ្វើថា តើទូតនៃមហាអំណាចមួយនេះកំពុងតែអនុវត្តបន្តនូវគោលនយោបាយរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមានគោលនយោបាយផ្លាស់ប្តូររបប និងមេដឹកនាំដែលអាមេរិកមិនចូលចិត្ត និងគិតថាមិនដើរតាមខ្សែបន្ទាត់គូសដោយអាមេរិក ឬក៏អនុវត្តនយោបាយរបស់ប្រធានាធិបតីទី៤៥ ដូណាល់ ត្រាំដែលប្រកាសថាគិតពីផលប្រយោជន៍អាមេរិកមុនគេ និងថាអាមេរិកនឹងមិនប្រើយោបាយផ្លាស់ប្តូររបបដឹកនាំបរទេសដូចការដឹកនាំមុនៗទៀតទេ? ព្រោះអ្វីដែលទូត វិល្លៀម ហេដ បានធ្វើហាក់ដូចជាខុសប្លែកពីទូតដទៃទៀតដែលប្រកាន់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃ ម្ចាស់ប្រទេស និងនៅពេលខ្លះបានដើរតួនាទីជំនួសឱ្យបក្សប្រឆាំង ឬពេលខ្លះបានតាំងខ្លួន ធ្វើជាម៉ែឪរបស់កម្ពុជា ចាត់ចែងវាសនាជាតិជំនួសប្រជាជនកម្ពុជាទៅទៀត។

ទូតអាមេរិក វិល្លៀម ហេដ នេះត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជំនួសទូត វិល្លៀម ធូត ដែលបានបញ្ចប់បេសកកម្ម កាលពីខែសីហា ឆ្នាំ២០១៥ កន្លងទៅ។ ទូតអាមេរិកចាស់ វិល្លៀម ធូត ត្រូវបានប្រជាពលរដ្ឋខ្មែរវាយតម្លៃថា ជាទូតដែលមានអាកប្បកិរិយាព្រហើន ក្អេងក្អាងមិនស័ក្តិសមជាមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសមហាអំណាច ដ៏ស៊ីវិល័យមួយឡើយ ដោយសារតែទូតរូបនេះបង្ហាញពីកាយវិការបែបប្រតិកិរិយា និងអាណានិគមរបស់ខ្លួនតាមរយៈកាយវិការមិនសមរម្យដោយលើកដៃទាំងពីរធ្វើ ជាសញ្ញានៅមុខព្រះភ័ក្ត្រ ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប ដែលបានជាប់ឆ្នោតព្រមទាំងអង្គទូត និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតនៅអំឡុងពេល នៃកិច្ចប្រជុំសភាលើកដំបូងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ នៅមុខរដ្ឋសភាជាតិ។ វិល្លៀម ធូត ត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសកម្មផ្សារភ្ជាប់ជាមួយបក្សប្រឆាំងនៅអំឡុងមុន និងក្រោយពេលបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៣។

ភស្តុតាងជាច្រើនត្រូវបានគេរកឃើញថា នៅអំឡុងពេលនៃបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលក្រោយមកត្រូវបានរកឃើញថា ជាចលនាបដិវត្តន៍ពណ៌មួយនោះ មេដឹកនាំបក្សសង្គ្រោះជាតិ សម រង្ស៊ី និងកឹម សុខា បានចូលទៅស្ថានទូតអាមេរិកជាច្រើនលើក។ តើចូលទៅដើម្បីអ្វី?តាមអ្វីដែល កឹម សុខា បានសារភាពគឺអាមេរិកបានជួយខ្លួន ដើម្បីផ្លាស់ប្តូររបបដឹកនាំតាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ ហើយផែនការសម្ងាត់នេះត្រូវបាន កឹម សុខា បង្ហាញជាសាធារណៈក្រោយពីការអនុវត្តទទួលបានជោគជ័យ ពាក់កណ្តាលរួចទៅហើយ។ ដូច្នេះអ្វីដែល សម រង្ស៊ី និង កឹម សុខា ចូលស្ថានទូតអាមេរិក គឺគ្មានអ្វីក្រៅពីការស្នើសុំមតិយោបល់ពីគ្រូធំដើម្បីសម្រេចបដិវត្តន៍ពណ៌នោះទេ។ នៅពេលនោះ ស្ថានទូតអាមេរិកក៏ត្រូវបានគេមើលឃើញថា ជាទីបញ្ជាការដ៏ធំមួយនៃបដិវត្តន៍ពណ៌ដែរ។ ប៉ុន្តែចៃដន្យអាក្រក់ គម្រោងការនេះត្រូវបានទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា ហើយចុងក្រោយមេក្លោងនៃបដិវត្តន៍ពណ៌ត្រូវបានរត់គេចខ្លួនទៅបរទេស និងខ្លះទៀតត្រូវបានជាប់ឃុំក្នុងពន្ធនាគារនៅប្រទេសកម្ពុជា។

មិនខុសពីអ្នកកាន់តំណែងមុនរបស់ខ្លួន ទូតអាមេរិក វិល្លៀម ហេដ ហាក់ដូចជា ដើរហួសបន្ទាត់ក្រហមនៃច្បាប់ការទូតដែលតែងតែព្យាយាមក្នុងការលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ កម្ពុជាជាពិសេសនៅប៉ុន្មានខែចុងក្រោយនេះ ខណៈកឹម សុខា ដែលគេជឿ ថាជាអាយ៉ងរបស់អាមេរិកត្រូវបានចាប់ខ្លួន ទូតអាមេរិក វិល្លៀម ហេដ បានចេញមកប្រតិកម្មនិង ទាមទារឱ្យដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌព្រមទាំងបានចាត់វិធាន មួយចំនួនឯកតោភាគីលើការដាក់ទណ្ឌកម្មទិដ្ឋាការ និងការព្រមានលើការដាក់ទណ្ឌកម្ម ផ្សេងៗទៀត។ ទូតអាមេរិកបានព្យាយាមក្នុងការលើកតម្កើងពីជំនួយរបស់ខ្លួន និងព្យាយាមទម្លាក់តម្លៃ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនខ្មែរ រាជរដ្ឋាភិបាលកម្ពុជា។

កោតតែទូតអាមេរិក វិល្លៀម ហេដ អួតអាងទៅរួចអំពីការជួយរបស់ខ្លួនមកកម្ពុជាក្នុងការការ ពារព្រៃឈើ វប្បធម៌ សិល្បៈតន្ត្រៃជាដើម ខណៈខ្លួនព្យាយាមបិទបាំងសោកនាដកម្មនៃ ការទម្លាក់គ្រាប់បែកជិតបីលានតោនមកលើក្បាលខ្មែរ និងបន្សល់កាកសំណល់សង្គ្រាម ជាគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរហូតមកទល់នឹងសព្វថ្ងៃនេះ។

មិនតែប៉ុណ្ណោះ វិល្លៀម ហេដ បានបញ្ចេញអាកប្បកិរិយាមាក់ងាយជនបរទេសខ្លះ ដែលបានបំពេញការងារជូនរាជរដ្ឋាភិបាលកម្ពុជាថាជា «អ្នកបម្រើឱ្យជនផ្តាច់ការ»។ វិល្លៀម ហេដ បានប្រើភាសា ដែលថា អ្នកខ្លាំងដូចអាមេរិកគឺត្រូវតែឈ្នះ កម្ពុជាជាប្រទេសតូចមានទីផ្សារពឹងលើអាមេរិក និងអឺរ៉ុបមិនអាចឈ្នះអាមេរិកបានឡើយ។

តើច្បាប់ការទូតអនុញ្ញាតឱ្យមន្ត្រីទូតនៃប្រទេសមួយដែលដាក់ទូតនៅប្រទេសមួយទៀតបង្ហាញឫកនិងធ្វើដូច្នេះបានដែរឬ? តើអាកប្បកិរិយានេះមិនមែនជាការបង្ហាញពីការ តាំងខ្លួនជាបងធំ ឬជាម៉ែឪរបស់កម្ពុជាទេឬ? វិល្លៀម ហេដ ឬអាមេរិកអាចជាឪរបស់ បក្សសង្គ្រោះជាតិ ប៉ុន្តែមិនមែនជាឪរបស់កម្ពុជាឡើយ។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់ចែងវាសនាប្រទេសជាតិខ្លួន។

តាមពិតរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល ត្រាំ បានប្រកាន់គោលជំហរច្បាស់លាស់ណាស់។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧ បានថ្លែងថា៖ «ក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិក ជានិច្ចកាល ខ្ញុំតែងតែតម្តល់ផលប្រយោជន៍អាមេរិកមុនគេបង្អស់។ គឺដូចទៅនឹងអ្នកទាំងអស់គ្នា ក្នុងនាមជាមេដឹកនាំរបស់ប្រទេសអ្នក គឺត្រូវតែគិតគូរពីផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ដែរ»។

អ្វីដែលប្រធានាធិ បតី អាមេរិកមានប្រសាសន៍ ជាការបញ្ជាក់ថា ប្រទេសនីមួយៗតូចក្តីធំក្តីក្រីក្រក្តីមានក្តីគឺមេដឹកនាំនៃប្រទេសនីមួយៗតែងតែធ្វើអ្វីៗទាំងអស់ដោយតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួន នៅមុនគេបង្អស់ ហើយនេះគឺ ជាកាតព្វកិច្ចរបស់មេដឹកនាំប្រទេសនីមួយៗ។ នៅកម្ពុជា អ្វីៗដែលមេដឹកនាំប្រទេសនេះ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានធ្វើគឺសុទ្ធតែបានគិត និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាមុនគេដូចគ្នាដែរ។

បើការថ្លែងរបស់ប្រធានាធិបតីអាមេរិក ច្បាស់យ៉ាងនេះទៅហើយ តើទូតអាមេរិក វិល្លៀម ហេដ ស្តាប់សម្តីរបស់ប្រធានាធិបតី ខ្លួនទេ ឬនៅបន្តស្តាប់ និងអនុវត្តផែនការចាស់របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា តទៅទៀត និងព្យាយាមក្នុងការបង្ក ជម្លោះ និងភាពល្អក់កករនៅក្នុងទំនាក់ទំនងការទូត? នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងថា៖ «ប្រទេសកម្ពុជាបានក្លាយជាផ្ទាំងស៊ីបរបស់ ប្រទេសមួយចំនួន ស្ថាប័នមួយចំនួននៃអង្គការសហប្រជាជាតិ ព្រមទាំងអង្គការក្រៅ រដ្ឋាបាលអន្តរជាតិមួយចំនួនដែលសកម្មក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តែនៅពេលណាដែលតម្លៃនេះបម្រើឱ្យផលប្រយោជន៍ជាក់ស្តែង របស់មហាអំណាចធំៗមួយចំនួនដោយ យោងតាមកាលានុវត្តភាពនៃពេលវេលា។ បើគ្មានផលប្រយោជន៍ទេ គឺគេរក្សាភាពស្ងប់ស្ងៀម។ ជាញឹកញាប់ ភាពស្ងប់ស្ងាត់គឺស្មើនឹងការឃុបឃិតគ្នា»។ លោកបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយ សារការប្រើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាឧបករណ៍នយោបាយ អស់ រយៈពេលជាង ១២ ឆ្នាំដែលអំឡុងពេលនោះ អត្ថិភាពនៃឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតនៃ ការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរ ជាតិឡើយ។

រាជរដ្ឋាភិបាលកម្ពុជាជាគោលដៅនៃការរិះគន់ឥតឈប់ឈរដែលត្រូវបានធ្វើ ឡើងដោយយោងតាមតែរបាយការណ៍តែមួយជ្រុង និងលម្អៀង។ របាយការណ៍ទាំងនោះតែងតែបន្ទោស រាជរដ្ឋាភិបាល និងលើកតម្កើងបក្សប្រឆាំងថាជាអ្នកបូជាក្នុងបុព្វ ហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ របាយការណ៍ទាំងនោះជានិច្ចកាល និងជាទូទៅត្រូវបានធ្វើឡើង ដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល។ រីឯឥរិយាបថខុសឆ្គង និងខុសច្បាប់របស់ក្រុមបក្សប្រឆាំងមិនដែលត្រូវបានលើកឡើងទាល់តែសោះ ឬក៏ បានលើកឡើងដោយកម្រ។ នេះគឺជាការបញ្ជា្កក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដោយបានចោទសំណួរថា៖

«តើប្រទេសណាមួយដែលមានវត្តមាននៅក្នុងមហាសន្និបាតនេះនឹងមិនចាត់ការអ្វីសោះចំពោះតំណាងនៃគណបក្សប្រឆាំង ដែលញុះញង់ឱ្យប្រជាជនដកបង្គោលព្រំដែន បញ្ឆេះកំហឹងដោយការញុះញង់ រើស អើងពូជសាសន៍ ការបោះពុម្ពនូវសទ្ធិសញ្ញាក្លែងក្លាយ និងផែនទីក្លែងក្លាយដើម្បីឱ្យប្រជារាស្ត្រទូទៅយល់ច្រឡំថាទឹកដីកម្ពុជា មួយផ្នែកត្រូវបានទន្ទ្រានកាន់កាប់ដោយ ប្រទេសជិតខាងនោះ?»។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការរិះគន់ថ្មីៗបំផុតប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាគឺពាក់ព័ន្ធនឹងការបណ្តេញវិទ្យាស្ថានមួយមកពីគណបក្សនយោបាយបរទេស ដែលជ្រកក្រោមស្លាកនៃការបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យ តែការពិតបានគាំទ្រ គណបក្សប្រឆាំងដោយពេញទំហឹង និងបានរំលោភបំពានច្បាប់ការបិទសហគ្រាស សារព័ត៌មាន បរទេសមួយដែលបដិសេធមិនគោរពច្បាប់ពន្ធដារ រួមទាំងការចាប់ខ្លួន ប្រធានគណបក្សប្រឆាំងដែលបានសារភាពដោយខ្លួននៅក្នុងខ្សែវិដេអូថា«ខ្លួនគឺជា ឧបករណ៍របស់មហាអំណាចមួយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល»។ «តើប្រទេសណា ដែលអាចអត់ឱនឱ្យអាកប្បកិរិយារដ្ឋាភិបាលបរទេសបែបនេះបាននោះ?» នេះគឺជា ការចោទសួររបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហើយលោកបានគូសបញ្ជាក់ថា «យើងបានចាត់ការដោយយោងតាមច្បាប់របស់ប្រទេសយើងយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ហើយមិនមែនជាការអនុវត្តតាមទំនើងចិត្តដូចអ្វីដែលគេបានចោទប្រកាន់នោះឡើយ»។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបន្តថា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានផ្តល់មេរៀនសំខាន់មួយដល់យើងគឺ «នៅពេលមហាអំណាចលោកខាងលិខមួយចំនួន បានបង្ខំឱ្យកម្ពុជាដើរតាមផ្លូវដែលពួកគេកំណត់នោះ ប្រទេសកម្ពុជាតែជួបនឹង គ្រោះមហន្តរាយដែលនាំដល់សោកនាដកម្មដ៏អាក្រក់បំផុតមួយនៅសតវត្សរ៍កន្លងមក។ សន្តិភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដណ្តើមយកបានជាស្ថាពរនៅក្នុងឆ្នាំ ១៩៩៨ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការអនុវត្តនូវវិធីសាស្ត្ររបស់យើងផ្ទាល់។ នេះគឺជាការបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ថាផ្លូវខ្លះដែលត្រូវបានដាក់បង្ខំពីមជ្ឈដ្ឋានខាងក្រៅច្រើនតែបង្កជាបញ្ហាច្រើនជាង ដំណោះស្រាយ។ លោកបន្តថា៖ «សព្វថ្ងៃ គេចោទប្រកាន់យើងថាបាន ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យដោយសារតែយើងអនុវត្តតាមច្បាប់របស់យើង ដែលមានស្រាប់ ដោយប្តឹង និងផ្តន្ទាទោសអ្នកដែលបំពានច្បាប់ទាំងនោះ។ អ្នកដែលរិះគន់យើង ដែលគំរាមកំហែងយើង មិនគិតគូរពីបទឧក្រិដ្ឋនានា ដែលត្រូវបានប្រព្រឹត្តដោយអ្នក ដែលពួកគេកំពុងការពារនោះឡើយ។

ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាន មិនឱ្យក្រុមជនក្បត់ជាតិបំផ្លាញបានឡើយ។ កម្ពុជារងគ្រោះគ្មានបរទេសណារងគ្រោះ ជាមួយឡើយ! អតីតកាលនៃប្រទេសកម្ពុជាបានបង្ហាញ នូវសោកនាដកម្មយ៉ាងជូរចត់ដោយសារតែការលូក ដៃរបស់បរទេសក្នុងកិច្ចការ ផ្ទៃក្នុងខ្មែរក្នុងនោះសម័យសាធារណរដ្ឋខ្មែរ របស់សេនាប្រមុខ លន់ នល់ ជាឧទាហរណ៍ស្រាប់ដែលធ្វើឱ្យខ្មែររងការបំផ្លាញខ្ទេចខ្ទីដោយសារតែគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរបស់អាមេរិក។

រឿងដែលគួរឱ្យហួសចិត្តបំផុតនោះ ហេតុតែចង់លុបលាង បិទបាំងអំពើឧក្រិដ្ឋកម្ម មកលើប្រជាជនកម្ពុជា ទូតអាមេរិក វិល្លៀម ហេដ បានប្រកាសថាគ្រាប់បែកគីមីដែល រកឃើញនៅខេត្តស្វាយរៀងថ្មីៗនេះ និងមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅ ទីនោះគឺគ្រាន់តែជាឧស្ម័យបង្ហូរទឹកភ្នែកប៉ុណ្ណោះ! តើនៅប្រទេសណាមួយដែលយកឧស្ម័នបង្ហូរទឹកភ្នែកទៅធ្វើសង្គ្រាម និងទម្លាក់ក្នុងព្រៃ លើវាលស្រែចម្ការប្រជាជន បង្កើត ជារណ្តៅជ្រៅរាប់មិនអស់ និងបានបំផ្លាញព្រៃឈើខ្មែរជាច្រើនសែនហិកតា និងសម្លាប់ មនុស្សជាច្រើនម៉ឺនសែននាក់នោះ?

កម្ពុជារឹងមាំជានិច្ចនៅចំពោះមុខនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនពីសំណាក់បរទេសមួយចំនួន និងប្រឆាំងដាច់ខាតការទាញកម្ពុជាទៅធ្វើអាយ៉ងបរទេសដូចដែលបក្ស សង្គ្រោះជាតិអនុវត្ត។ ពេលនេះការរំលាយបក្សសង្គ្រោះជាតិដែលជា ឧទ្ទាមទីក្រុងក្នុងប្រជាធិបតេយ្យនៅកម្ពុជាគឺជាភាពចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញសន្តិភាព និងការអភិវឌ្ឍ របស់កម្ពុជា។ ប្រជាធិបតេយ្យគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ។ នីតិរដ្ឋក៏ជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់បដិវត្តន៍ពណ៌ មុនពេលកម្ពុជាត្រូវបានបំផ្លាញដោយដៃបក្សសង្គ្រោះជាតិ ធ្លាក់ចូលទៅក្នុងវិនាសកម្ម ដូចនៅស៊ីរី ឬលីប៊ី។ ដូច្នេះទូតអាមេរិក វិល្លៀម ហេដ គួរប្តូរនូវគោលនយោបាយចាស់របស់ខ្លួនព្រោះសករាជរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកពីបក្សប្រជាធិបតេយ្យដែលតែងតាំងលោកមកធ្វើទូតនៅកម្ពុជាបានបញ្ចប់ហើយ គួរប្តូរតាមគោលនយោបាយការបរទេស របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ វិញម្តង និងជាពិសេសគោរពនូវសារដ៏មានសារៈសំខាន់របស់ប្រធានាធិបតីអាមេរិកដែលថា មេដឹកនាំប្រទេសនីមួយៗត្រូវតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួននៅមុនគេបង្អស់ ហើយនេះជាកាតព្វកិច្ចរបស់មេដឹកនាំប្រទេសនីមួយៗ ។ ម្យ៉ាងទៀត កម្ពុជាមិនមែនជាកូនក្មេងបៀមដៃទូតអាមេរិកគំរាមពេលណាបានពេលនោះទេ។
ទូតអាមេរិកក៏គួរតែព្យាយាមក្នុងការថែរក្សាចំណងមិត្តភាពល្អរវាងប្រទេស កម្ពុជា និងអាមេរិកដើម្បីទូតមកក្រោយៗទៀតងាយស្រួលបំពេញការងាររបស់ខ្លួនជាមួយកម្ពុជា។ ប្រសិនបើលោកព្យាយាមបំផ្លាញទំនាក់ទំនងនៅពេលនេះ មន្ត្រីទូតផ្សេង ទៀតដែលមកបំពេញការងារ នឹងទទួលរងនូវកេរតំណែលការទូតដ៏អាក្រក់របស់លោក ជាក់ជាមិនខាន ឡើយ។ កម្ពុជាក៏តម្កល់ផលប្រយោជន៍ជាតិខ្លួនជាធំដែរ។ កម្ពុជាក៏មិនត្រូវការអ្វីក្រៅពីការទំនាក់ ទំនងស្នើសិទ្ធិ និងស្មើភាពគ្នានោះឡើយ!៕

ដោយ៖ ចៅចាក់ស្មុក

សូមស្តាប់សុន្ទរកថារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក៖

As President of the United States of America, I will ALWAYS put #AmericaFirst??#UNGA
Full remarks: https://t.co/ksaMsQ2Lhm pic.twitter.com/XrtpAWwuCn

— Donald J. Trump (@realDonaldTrump) September 19, 2017

លិខិតអ្នកវិភាគចៅចាក់ស្មុក៖ តើឯកអគ្គរដ្ឋទូតប្រចាំនៅភ្នំពេញ ជាទូតបន្តបម្រើនយោបាយចាស់របស់អូបាម៉ា ឬបម្រើគោលនយោបាយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ?
លិខិតអ្នកវិភាគចៅចាក់ស្មុក៖ តើឯកអគ្គរដ្ឋទូតប្រចាំនៅភ្នំពេញ ជាទូតបន្តបម្រើនយោបាយចាស់របស់អូបាម៉ា ឬបម្រើគោលនយោបាយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ?

 

អត្ថបទទាក់ទង