ខ្មែរប៉ុស្ដិ៍ Close

ទីកន្លែងចំនួន ៥ ដែលសង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើងនៅឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 125
ទីកន្លែងចំនួន ៥ ដែលសង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើងនៅឆ្នាំ ២០២៣ ទាហានអ៊ុយក្រែនម្នាក់ពិនិត្យមើលរថក្រោះរុស្ស៊ីដែលត្រូវបានបំផ្លាញនៅខាងក្រៅភូមិមួយនៅភាគខាងកើតទីក្រុង Kharkov ក្នុងខែមេសា ឆ្នាំ 2022។ SERGEY BOBOK/AFP តាមរយៈ Getty Images

នៅឆ្នាំ ២០២២ ពិភពលោកបានខិតទៅកាន់តែជិតជាងពេលណាៗទាំងអស់ (បើគិតចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមត្រជាក់) នៃការកើតមានសង្រ្គាមដ៏ធំរវាងមហាអំណាច។ រុស្ស៊ីបានចាប់ផ្តើមឈ្លានពានអ៊ុយក្រែន យ៉ាងពេញទំហឹង ដែលបាននាំមកនូវការដាក់ទណ្ឌកម្មលើរុស្ស៊ី និងការគាំទ្រផ្នែកយោធាដោយផ្ទាល់សម្រាប់ប្រទេសអ៊ុយក្រែន។

នៅត្រឹមដើមនិទាឃរដូវ សហរដ្ឋអាមេរិកនិងបណ្តាសម្ព័ន្ធមិត្តបានបន្តអនុវត្តគោលនយោបាយដែលបានធ្វើឱ្យទាហានរុស្ស៊ីស្លាប់បាត់បង់ជីវិត, បំផ្លិចបំផ្លាញសម្ភារៈយោធារបស់រុស្ស៊ី និងបានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីរងនូវការធ្លាក់ចុះរយៈពេលវែង។ សង្គ្រាមបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើពិភពលោក ដោយបានបង្កើនភាពតានតឹងនៃជម្លោះ។

តំបន់ទាំង ៥ ខាងក្រោមនេះ អាចប្រឈមមុខនឹងហានិភ័យដ៏ធំបំផុតនៃការផ្ទុះឡើងនូវ «សង្គ្រាមលោកលើកទី៣»

១. អ៊ុយក្រែន

ទាហានអ៊ុយក្រែនកំពុងបាញ់កាំភ្លើងធំនៅតំបន់ Zaporizhzhia ក្នុងខែធ្នូ ឆ្នាំ 2022។ Dmytro Smoliyenko / Ukrinform / Future Publishing តាមរយៈ Getty Images

ក្តីព្រួយបារម្ភដែលថា «រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីស្ដារទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន» ត្រូវបានរំសាយវិញចាប់តាំងពីរដូវក្តៅ ដោយសារសង្រ្គាមបានឈានទៅរកភាពជាប់គាំង។

ទោះយ៉ាងណាក៏ដោយ ភាពតានតឹងនៅតែជាក្តីកង្វល់។ អសមត្ថភាពរបស់រុស្ស៊ីក្នុងការបោះជំហានទៅមុខ អាចគំរាមកំហែងដល់ស្ថិរភាពរបស់រដ្ឋាភិបាលលោក Putin ដែលអាចជំរុញឱ្យរុស្ស៊ីពិចារណាឡើងវិញអំពី ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់។ ការព្រួយបារម្ភអំពីសមត្ថភាពរបស់អ៊ុយក្រែនក្នុងការបន្តសង្រ្គាមក្នុងរយៈពេលវែង អាចបង្ខំឱ្យប្រទេសនេះចាត់វិធានការប្រកបដោយគ្រោះថ្នាក់ ដើម្បីបំបែកភាពជាប់គាំង។

ការពង្រីកសង្រ្គាមរហូតទៅដល់អង្គការ NATO បានក្លាយជារឿងដែលអាចទៅរួច ហើយការប្រើប្រាស់អាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៊ី ក៏ទំនងជាអាចកើតមានផងដែរ។ រដ្ឋបាល Biden និងបណ្តាសម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុបបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហានិភ័យទាំងនេះ ក៏ប៉ុន្តែអាមេរិកមិនអាចធ្វើអ្វីបានច្រើននោះទេនៅក្នុងរឿងនេះ ហើយទាំងអ៊ុយក្រែននិងរុស្ស៊ី អាចនឹងមានឆន្ទៈក្នុងការទទួលយកហានិភ័យនៃជម្លោះកាន់តែតានតឹង ដែលនៅទីបំផុតអាចវិវឌ្ឍទៅជា «សង្គ្រាមលោកលើកទី៣»

២. កោះតៃវ៉ាន់

ទាហាន​តៃវ៉ាន់​អំឡុង​ពេល​ធ្វើ​សម​យុទ្ធ​ដោយប្រើសេណារីយ៉ូនៃការ​ប៉ុនប៉ង​ចុះ​ចត​ដោយ​កង​កម្លាំង​ចិន កាលពី​ខែ​ឧសភា ឆ្នាំ 2019។ សារព័ត៌មាន​ Kyodo News ​តាម​រយៈ​ Getty Images

ការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងតៃវ៉ាន់និងចិនបានថយចុះបន្តិចនៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលមួយផ្នែកធំគឺបណ្តាលមកពីវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងឆ្លងកាត់ច្រកសមុទ្រនៅតែអាចកើតមាន ហើយអាមេរិកក៏មានការព្រួយបារម្ភផងដែរអំពីលទ្ធភាពនៃការវាយប្រហារពីសំណាក់ប្រទេសចិន។

ទន្ទឹមនឹងនេះដែរ វោហាសាស្ត្ររបស់អាមេរិក បូករួមនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ អាចបញ្ឆេះឱ្យប្រទេសចិនបង្កើនភាពតានតឹងនៅកោះតៃវ៉ាន់។ ជម្លោះដែលអាចនឹងកើតមាន ទំនងជានឹងមានការចូលរួមទាំងពីសំណាក់សហរដ្ឋអាមេរិកនិងជប៉ុន ដែលជាហេតុអាចឈានទៅរកការកើតមានសង្រ្គាមដ៏ធំរវាងមហាអំណាច។

៣. ក្រិក-តួកគី

រថក្រោះក្រិកនៅក្នុងក្បួនដង្ហែរយោធានាទិវាឯករាជ្យរបស់ប្រទេស នៅថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០១៨ ។ Kostas Pikoulas/Pacific Press/LightRocket តាមរយៈ Getty Images

នៅក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ភាពតានតឹងរវាងប្រទេសក្រិកនិងទួកគីបានកើនឡើងយ៉ាងខ្លាំង ដែលមួយផ្នែកធំត្រូវបានជំរុញដោយការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ប្រទេសទួកគី បូករួមនឹងភាពងាយរងគ្រោះនៅក្នុងស្រុកក្រោមរបបដឹកនាំរបស់លោក Erdogan ។

វិវាទរវាងទីក្រុង Athens និង Ankara ជុំវិញការរុករកថាមពលនៅសមុទ្រ Aegean គឺជាមូលហេតុដែលជំរុញឱ្យមានភាពតានតឹងនៅក្នុងពេលបច្ចុប្បន្ន បើទោះបីជាការខ្វែងគំនិតគ្នាទាក់ទងនឹងទឹកដី បានកើតមានអស់ជាច្រើនទសវត្សរ៍មកហើយក៏ដោយ។

បើទោះបីវាអាចជារឿងដែលមិនទំនងដែលសម្ព័ន្ធមិត្ត NATO មួយនឹងបើកការវាយប្រហារដោយបើកចំហលើសម្ព័ន្ធមិត្ត NATO មួយផ្សេងទៀតក៏ដោយ ក៏ជម្លោះនៅក្នុងពេលកន្លងមក បានបន្តរុញប្រទេសទាំងពីរ ឱ្យឈានទៅដល់ដំណាក់កាលសង្រ្គាម។ រាល់ការប្រយុទ្ធគ្នារវាងទួកគីនិងក្រិក នឹងមានការចូលរួមភ្លាមៗពីសំណាក់អង្គការ NATO ហើយវាពិតជាអាចទៅរួចដែលរុស្ស៊ីនឹងឆ្លៀតឱកាសធ្វើអន្តរាគមន៍នៅក្នុងជម្លោះនេះ។

៤. ឧបទ្វីបកូរ៉េ

មីស៊ីលកូរ៉េខាងជើងត្រូវបានបាញ់បង្ហោះក្នុងខែតុលា ឆ្នាំ 2022។ KCNA តាមរយៈ REUTERS

នៅក្នុងរយៈពេលជាច្រើនខែកន្លងមក នេះ ភាពតានតឹងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងបានកើនឡើងជាលំដាប់ ជាមួយនឹងសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង ដែលជំរុញឱ្យមានការឆ្លើយតបតាមរយៈវោហាសាស្ត្រខ្លាំងៗពីសំណាក់កូរ៉េខាងត្បូង។

កម្លាំងរបស់រដ្ឋទាំងពីរ ហាក់ដូចជាត្រូវបានជំរុញដោយភាពអន្ទះអន្ទែង ដែលសំដៅលើភាពគ្មានអំណត់នៅភាគខាងជើងដែលពិភពលោកនៅតែបន្តបដិសេធមិនទទួលយកខ្លួន បើទោះបីជាខ្លួនមានអាវុធនុយក្លេអ៊ែរដ៏អស្ចារ្យក៏ដោយ។ ភាពតានតឹងទាំងនេះមិនមែនជារឿងថ្មីនោះទេ ក៏ប៉ុន្តែបើផ្អែកលើប្រវត្តិសាស្ត្រ ភាពតានតឹងត្រូវបានរារាំងដោយសង្គ្រាមត្រជាក់ និងដោយសណ្តាប់ធ្នាប់អន្តរជាតិបែបសេរី នៅក្រោយសង្គ្រាមត្រជាក់។

ចំណុចទី១ បានរលាយបាត់ទៅហើយ ខណៈដែលចំណុចទី ២ (សណ្តាប់ធ្នាប់អន្តរជាតិបែបសេរី) កំពុងតែរងនូវការប្រេះស្រាំដល់កម្រិតមួយដែលទីក្រុងព្យុងយ៉ាងអាចនឹងមានអារម្មណ៍ថា «វាគឺជាឱកាសដ៏ល្អមួយ» ហើយទីក្រុងសេអ៊ូលអាចនឹងអស់ការអត់ធ្មត់ចំពោះសកម្មភាពមិនសមហេតុផលរបស់អ្នកជិតខាងខ្លួន។ ប្រសិនបើសង្គ្រាមផ្ទុះឡើង នោះវាអាចនឹងក្លាយទៅជាការបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៅទៀត ដោយក្នុងនោះទាំងអាវុធធម្មតានិងអាវុធនុយក្លេអ៊ែរ អាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងពីរ។

៥. ចិន-ឥណ្ឌា

រូបភាពវីដេអូរបស់ចិន ដោយបង្ហាញពីទាហានឥណ្ឌា និងទាហានចិនប៉ះទង្គិចគ្នានៅត្រង់ខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែងនៅជ្រលងភ្នំ Galwan ក្នុងខែមិថុនា ឆ្នាំ 2020។ CCTV/AFP តាមរយៈ Getty Imagesរូបភាពវីដេអូរបស់ចិន ដោយបង្ហាញពីទាហានឥណ្ឌា និងទាហានចិនប៉ះទង្គិចគ្នានៅត្រង់ខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែងនៅជ្រលងភ្នំ Galwan ក្នុងខែមិថុនា ឆ្នាំ 2020។ CCTV/AFP តាមរយៈ Getty Images

ការប្រយុទ្ធគ្នារវាងចិននិងឥណ្ឌានៅតែបន្តកើតមាននៅតំបន់ភ្នំ Himalayas។ បើទោះបីជាការដណ្តើមយកការគ្រប់គ្រងលើដែនដីតូចៗនៃតំបន់ភ្នំដែលស្ទើរតែគ្មានមនុស្សរស់នៅ គឺជារឿងដែលពិបាកសម្រេចបានជោគជ័យក៏ដោយ ក៏ទាំងចិននិងឥណ្ឌាមិនបានដកខ្លួនថយពីជម្លោះឡើយ។

បើទោះបីជាការប្រយុទ្ធគ្នារហូតមកដល់ពេលនេះនៅតែមានកម្រិតតិចតួចនៅឡើយក៏ដោយ ក៏បំណងប្រាថ្នាក្នុងការការពារកិត្យានុភាពជាតិអាចក្លាយទៅជាហានិភ័យដ៏គ្រោះថ្នាក់បំផុត។ ទាំងរដ្ឋាភិបាលរបស់លោក Modi និងលោក Xi នៅមិនទាន់អាចស្វែងរកវិធីដើម្បីដោះស្រាយជម្លោះនេះនៅឡើយទេ។ ទាំងប្រជាជនឥណ្ឌានិងចិនអាចនឹងត្រូវបានល្បួងឱ្យដោះស្រាយបញ្ហាតាមរយៈការបង្កើនភាពតានតឹងដែលអាចបើកទ្វារឈានឆ្ពោះទៅរកជម្លោះកាន់តែធំ និងកាន់តែមហន្តរាយ។

ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទំនងទេដែលថា «ជម្លោះទាំងនេះនឹងវិវឌ្ឍទៅជាជម្លោះសកល» បើទោះបីជាសង្គ្រាមនៅអ៊ុយក្រែនមានមានលក្ខណៈសម្បត្តិមួយចំនួនដូចសង្គ្រាមរវាងមហាអំណាចក៏ដោយ៊។ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញថា «សង្រ្គាមធំៗនៅតែអាចកើតឡើងបាន បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងល្អបំផុត និងខ្លាំងបំផុតពីសហគមន៍អន្តរជាតិក៏ដោយ»។

ការរក្សាសន្តិភាពទាមទារឱ្យមានភាពជាអ្នកដឹកនាំរដ្ឋប្រកបដោយការប្រុងប្រយ័ត្ន ខណៈដែលការគ្រប់គ្រងលើភាពតានតឹងនៅក្នុងអំឡុងពេលកើតមានសង្គ្រាម ទាមទារឱ្យមានជំនាញដឹកនាំដ៏អស្ចារ្យ។ យើងអាចសង្ឃឹមថា «បណ្តាមេដឹកនាំនៃមហាអំណាចពិភពលោកនឹងបង្កើនការយកចិត្តទុកដាក់នៅក្នុងឆ្នាំខាងមុខជាមួយនឹងឃ្លាំងអាវុធដ៏ធំដែលពួកគេកំពុងគ្រប់គ្រង»៕

Business Insider

អត្ថបទទាក់ទង