នៅពេលដែលវិបត្តិហិរញ្ញវត្ថុរីករាលដាលមកពីលោកខាងលិច ចិនត្រូវតែពង្រឹងយុទ្ធសាស្ត្រខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃរបស់ប្រធានាធិបតី Xi Jinping ទៅកាន់ទីក្រុងមូស្គូ ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ បូករួមនឹងការបរាជ័យរបស់ធនាគារ Silicon Valley Bank (SVB) ក៏ដូចជាព័ត៌មានមួយចំនួនទៀត គឺសុទ្ធតែជាព្រឹត្តិការណ៍ដែលមិនមានទំនាក់ទំនងគ្នា។ ទោះជាយ៉ាងណាក៏ដោយ បើយើងច្របាច់បញ្ចូលគ្នានូវព័ត៌មានទាំងនេះ វានឹងចង្អុលបង្ហាញអំពីការផ្លាស់ប្តូរនៅពេលខាងមុខនៃតុល្យភាពអំណាចសេដ្ឋកិច្ច រវាងលោកខាងកើត-ខាងលិច ដែលអាចនឹងមានទំហំជ្រាលជ្រៅរហូតនឹកស្មានមិនដល់។
ការដួលរលំរបស់ធនាគារ SVB និងការព្រួយបារម្ភអំពីការដួលរលំធនាគារ Credit Suisse បានបង្ហាញឱ្យឃើញសារជាថ្មីម្តងទៀត (ដូចគ្នានឹងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ ដែរ) ពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចទីផ្សារ ដោយសារវិបត្តិនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ ស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសមួយ មានសារៈសំខាន់ណាស់ចំពោះអំណាចសេដ្ឋកិច្ច និងឥទ្ធិពលជាសកលរបស់ប្រទេសនោះ។
ឥឡូវនេះចិនកំពុងងើបចេញពីស្ថានភាពនៃការបិទខ្ទប់ប្រទេស និងកំពុងបោះជំហានឆ្ពោះទៅរកការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច បូករួមនឹងការព្យាយាមពង្រឹងឥទ្ធិពលការទូតជាសកលរបស់ខ្លួន នៅក្នុងពេលដែលបណ្ដាប្រទេសលោកខាងលិចកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុជាប្រព័ន្ធ ដោយសារតែពួកគេបានបន្តរួមគ្នាបង្កើនការចំណាយលើវិស័យយោធា និងលើការកសាងឡើងវិញនៅក្នុងយុគសម័យក្រោយសង្គ្រាម។
បញ្ហានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនឹងបន្តមានភាពតានតឹងកាន់តែខ្លាំង ដែលមានលក្ខណៈផ្ទុយគ្នាពីការយល់ឃើញដ៏ឆោតល្ងង់របស់អ្នកអត្ថាធិប្បាយផ្នែកទីផ្សារជាច្រើន ដែលជឿថា «អ្វីៗទាំងអស់នឹងមានភាពល្អប្រសើរឡើងវិញ នៅពេលដែលអតិផរណាមានភាពធូរស្រាលជាងមុន»។ ការបន្តដំឡើងអត្រាការប្រាក់ដោយបណ្តាធនាគារកណ្តាល នឹងបង្កើនសម្ពាធលើប្រព័ន្ធហិរញ្ញវត្ថុ។
របាយការណ៍មួយនៅក្នុងពេលថ្មីៗនេះរបស់កាសែត Reuters បានចុះផ្សាយថា «បច្ចុប្បន្ននេះ គ្រប់គ្នាបានជឿថា ធនាគារ Credit Suisse បានបង្កឱ្យមានវិបត្តិធនាគារជាសកល» ហើយអ្នកវិភាគម្នាក់នៅស្ថាប័នជំនាញប្ដូរប្រាក់បរទេស Oanda ក៏បានកត់សម្គាល់ដែរថា «ជាថ្មីម្ដងទៀត ការភ័យខ្លាចបានវិលត្រឡប់មកបំផ្លាញទីផ្សារដែលកំពុងមានការព្រួយបារម្ភអំពីការកើតឡើងជាថ្មីនៃវិបត្តិដូចកាលពីអតីតកាល»។
ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅពេលនេះ និងអ្វីដែលធ្វើឱ្យស្ថានការណ៍មានការប្រែប្រួលយ៉ាងខ្លាំង គឺ «វិធានការរបស់បណ្តាធនាគារកណ្តាលក្នុងការជួយដល់ស្ថាប័នហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវការធានាលើប្រាក់បញ្ញើ ឬការផ្តល់ទុន បានដើរផ្ទុយពីគោលនយោបាយរបស់ពួកគេក្នុងការទប់ទល់នឹងអត្រាអតិផរណា»។
បណ្ដាធនាគារកណ្តាលបានអនុញ្ញាតឱ្យអតិផរណាបន្តកើនឡើងដោយសេរី ដោយក្នុងនោះពួកគេបានរំពឹងទុកថា «វានឹងរលាយបាត់ទៅវិញនៅពេលណាមួយ» ក៏ប៉ុន្តែនៅទីបំផុត ពួកគេបានធ្វើការដំឡើងអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ជ្រុល និងយ៉ាងលឿនរហ័ស។ នេះគឺជារឿងដ៏អាម៉ាស់មួយសម្រាប់ពួកគេ ក៏ប៉ុន្តែការផ្លាស់ប្ដូរទិសដៅ និងការងាកមកចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់វិញ នឹងក្លាយជារឿងកាន់តែគួរឱ្យស្អប់ខ្ពើម។
ទោះបីជាបណ្ដាធនាគារកណ្តាលបានផ្អាកសកម្មភាពរបស់ពួកគេក៏ដោយ ក៏ផលប៉ះពាល់ដែលបង្កឡើងដោយសារកង្វះនូវគោលនយោបាយរូបិយវត្ថុ បាននាំមកនូវការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្មរបស់ធនាគារពាណិជ្ជ។ រឿងតែមួយគត់ដែលអាចជួយសង្គ្រោះស្ថានការណ៍នេះបានគឺ «ការបង្កើនកម្រិតឥណទាន» «បើទោះបីជាអត្រាការប្រាក់កំពុងស្ថិតក្នុងកម្រិតខ្ពស់ក៏ដោយ»។
ការធ្វើបែបនេះអាចជួយបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុនផ្តល់ឥណទាន ក៏ប៉ុន្តែវាអាចនឹងត្រូវការពេលវេលាយូរ ហើយវានឹងមានមនុស្សតិចណាស់ ដែលមានបំណងចង់ខ្ចីប្រាក់នៅក្នុងបរិយាកាសបែបនេះ។ «ការដួលរលំធនាគារ SVB បានជះឥទ្ធិពលដោយផ្ទាល់ទៅលើការប្រកួតប្រជែងរវាងអាមេរិកនិងចិន»។
អ្នកស្រាវជ្រាវរបស់ក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) លោក Hung Tran បានកត់សម្គាល់ថា «បណ្តាអាជីវកម្មផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ដែលទើបបង្កើតថ្មី នឹងជួបប្រទះនឹងការលំបាកកាន់តែខ្លាំងក្នុងការស្វែងរកមូលនិធិ។ បច្ចុប្បន្ន វិស័យមួយនេះមានសារៈសំខាន់ណាស់នៅក្នុងការរក្សាការនាំមុខរបស់អាមេរិកលើចិន»។
វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (The Peterson Institute for International Economics) នៅទីក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់ថា «ហានិភ័យនៃការមិនមានលទ្ធភាពបង់សងបំណុលរបស់អាមេរិកដែលបានរងនូវការគំរាមកំហែងពីការទាមទារឱ្យមានការកាត់បន្ថយថវិកាពីសំណាក់សមាជិកសភាមកពីបក្សសាធារណរដ្ឋ នឹងនាំមកនូវការធ្លាក់ចុះនៃឥទ្ធិពលរបស់ប្រាក់ដុល្លារ ហើយវានឹងធ្វើឱ្យការចោទប្រកាន់របស់ចិននិងរុស្ស៊ី ក្លាយជាការពិត ដែលនោះគឺ : អាមេរិកមានភាពទន់ខ្សោយ និងមិនមែនជាដៃគូដ៏គួរឱ្យទុកចិត្តទេ»។
នៅក្នុងប្រទេសលោកខាងលិចជាច្រើន ភាពទន់ខ្សោយនេះត្រូវបានលាក់កំបាំងអស់រយៈពេលជាង ១ ទស្សវត្សរ៍ តាមរយៈការទទួលបាននូវអត្រាការប្រាក់ទាបបំផុត បូករួមនឹងការចំណាយដោយសេរី។ ប៉ុន្តែរឿងទាំងអស់នេះកំពុងរងនូវការផ្លាស់ប្តូរយ៉ាងខ្លាំង។ ប្រសិនបើមេដឹកនាំប្រព្រឹត្តនូវទង្វើបែបនេះ ច្បាស់ណាស់ប្រជាពលរដ្ឋក៏នឹងធ្វើទង្វើដូចគ្នានេះដែរ ហើយការខូចខាតផ្នែកហិរញ្ញវត្ថុ នឹងបង្កប៉ះពាល់ដល់ទាំងជីវភាពរបស់ប្រជាជន និងកម្លាំងនយោបាយ។
លោក Xi បានជ្រើសរើសយកពេលវេលាដ៏ល្អមួយដើម្បីបន្តការវាយលុកផ្នែកការទូតនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅក្នុងការសម្របសម្រួលទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ប្រសិនបើលោក Xi ដែលគ្រោងនឹងជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក Zelensky បន្ទាប់ពីបានជួបជាមួយលោក Putin ពិតជាអាចជួយសម្របសម្រួលស្វែងរកដំណោះស្រាយនៅក្នុងសង្គ្រាមអ៊ុយក្រែនបានមែន នោះវានឹងនាំមកនូវការបោះជំហានថ្មីមួយដ៏ល្អសម្រាប់ចិនឆ្ពោះទៅកាន់អឺរ៉ុប។
ចិនត្រូវការអ៊ុយក្រែនមួយដែលមានស្ថិរភាព ដែលជាតំណភ្ជាប់ផ្នែកដីគោកដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន។ របាយការណ៍ថ្មីៗនេះ ដែលមានចំណងជើងថា «វិបត្តិរុស្ស៊ី- អ៊ុយក្រែន : គំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន ដើរដល់ផ្លូវបំបែក» បានលើកឡើងថា «អ៊ុយក្រែនបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រនៅក្នុងគម្រោង BRI ជាមួយនឹងភូមិសាស្ត្រ ស្ថិតនៅជិតចំនុចប្រសព្វនៃទ្វីបអឺរ៉ុប និងអាស៊ីដែលបានធ្វើឱ្យអ៊ុយក្រែនក្លាយជាច្រកទ្វារដ៏សំខាន់មួយទៅកាន់អឺរ៉ុប»។
លោក Douglas McGregor ដែលជាវរសេនីយ៍ឯកចូលនិវត្តន៍របស់អាមេរិកនិងជាអតីតមន្ត្រីរដ្ឋាភិបាលបាននិយាយនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា «ប្រសិនបើអ៊ុយក្រែននៅតែមិនមានស្ថិរភាព នោះគម្រោងខ្សែក្រវ៉ាត់និងផ្លូវ អាចនឹងដួលរលំ»។ របាយការណ៍ខាងលើក៏បានលើកឡើងដែរថា «ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្កការរំខានដល់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ជារួមរបស់ចិន ដែលបាននាំមកនូវផលប៉ះពាល់ចំពោះខ្សែច្រវ៉ាក់តម្លៃសកល, ធ្វើឱ្យពាណិជ្ជកម្មសេរីធ្លាក់ចុះខ្សោយ និងធ្វើឱ្យអសន្តិសុខស្បៀងអាហារនិងថាមពល វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ»។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីភាពផុយស្រួយផ្នែកហិរញ្ញវត្ថុនៅក្នុងបណ្ដាប្រទេសលោកខាងលិច ចិនចាំបាច់ត្រូវតែពង្រឹងរចនាសម្ព័ន្ធ, ភាពជឿជាក់ និងមុខមាត់ជាសកលនៃគម្រោងខ្សែក្រវ៉ាត់និងផ្លូវ។ លោក Wang Huiyao ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់កិច្ចការចិន និងសកលភាវូបនីយកម្ម (Centre for China and Globalization) បាននិយាយថា «គម្រោងនេះភាគច្រើនត្រូវបានបង្កើតឡើងដោយផ្អែកលើទំនាក់ទំនងទ្វេភាគីរបស់ចិន»។
លោកបានបន្តថា «ទម្រង់សំខាន់ៗនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការគឺ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ទ្វេភាគី និងសេចក្តីថ្លែងការណ៍រួមដែលគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះមានលក្ខខណ្ឌផ្លូវច្បាប់ខ្សោយខ្លាំងណាស់ ដោយក្នុងនោះ MOU ជាធម្មតាមានរយៈពេលខ្លី ហើយប្រទេសហត្ថលេខីអាចដកខ្លួនវិញនៅពេលណាក៏បាន។ MOU គឺជាមធ្យោបាយមិនស្ថិតស្ថេរសម្រាប់ចិននៅក្នុងការ
បង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត»។
នៅពេលដែលវិបត្តិហិរញ្ញវត្ថុបានចាប់ផ្ដើម តាមរយៈការដួលរលំនៃធនាគារ SVB និងប្រព័ន្ធហិរញ្ញវត្ថុផ្សេងទៀតឧប្បត្តិហេតុទាំងនេះ បន្តនឹងរីករាលដាល ហើយនៅពេលដែលសមត្ថភាពរបស់បណ្តាប្រទេសលោកខាងលិចក្នុងការផ្តល់មូលនិធិដល់គម្រោងនានា ដើម្បីប្រជែងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ចិនធ្លាក់ចុះកាន់តែខ្លាំង ចិនចាំបាច់ត្រូវចាប់យកឱកាសនេះដើម្បីពង្រឹងមូលដ្ឋានគ្រឹះ និងហេដ្ឋារចនាសម្ព័ន្ធនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ខ្លួន៕
South China Morning Post