ខ្មែរប៉ុស្ដិ៍ Close

នៅពេលដែលអ្នកបង្កើតច្បាប់ រំលោភបំពានទៅលើច្បាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 13
នៅពេលដែលអ្នកបង្កើតច្បាប់ រំលោភបំពានទៅលើច្បាប់ នៅពេលដែលអ្នកបង្កើតច្បាប់ រំលោភបំពានទៅលើច្បាប់

ជាញឹកញាប់ សហរដ្ឋអាមេរិកតែងតែចេញមកការពារយ៉ាងមុតមាំនូវ «សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់»។ «ប៉ុន្តែតើនឹងមានអ្វីកើតឡើងនៅពេលមេដឹកនាំទីក្រុងវ៉ាស៊ីនតោនខ្លួនឯង កំពុងតែបំផ្លាញផ្នែកខ្លះនៃវិធានច្បាប់នោះ?»

បណ្តាប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូរបស់អាមេរិកជាច្រើនបានចោទសួរនូវសំណួរនេះដើម្បីជាការឆ្លើយតបទៅនឹងការដាក់ចេញនូវវិធានការសេដ្ឋកិច្ចជាហូរហែររបស់សហរដ្ឋអាមេរិក ជាពិសេសគឺច្បាប់កាត់បន្ថយអតិផរណា (Inflation Reduction Act)។ នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំង Emmanuel Macron បានហៅច្បាប់ខាងលើថា «មានលក្ខណៈមហាកម្រោល» ចំពោះបណ្តាក្រុមហ៊ុនរបស់អឺរ៉ុប ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺសហភាពអឺរ៉ុបបានធ្វើការរិះគន់ចំពោះឥណទានពន្ធ (tax credits) ចំនួន ៩ ក្នុងចំណោមឥណទានពន្ធនៅក្នុងច្បាប់នោះជាច្រើន។

មន្ត្រីកូរ៉េខាងត្បូងបានចាត់ទុកច្បាប់ដែលបានចែករំលែកឥណទានពន្ធទៅឱ្យយានយន្តនិងអាគុយដែលផលិតនៅសហរដ្ឋអាមេរិកនោះថាជា «ការក្បត់»។ ហើយអគ្គនាយករបស់អង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បានព្រមានថា «ការឧបត្ថម្ភធនដែលកំពុងផ្តល់ទៅឱ្យយានយន្តអគ្គិសនីនោះ ពិតជាមានភាពអយុត្តិធម៌»។

សកម្មភាពនេះគឺមិនសមស្របតាមការទទូចរបស់រដ្ឋការលោក Biden ក្នុងការប្រកាន់ភ្ជាប់ទៅនឹងសណ្តាប់ធ្នាប់សេដ្ឋកិច្ចដោយផ្អែកតាមវិធានច្បាប់នោះទេ។

នៅក្នុងសុន្ទរកថានៅពេលថ្មីៗមួយ នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts Institute of Technology រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានស្តីបន្ទោសប្រទេសចិនចំពោះការអនុវត្តមិនស្មើភាពគ្នាជាហូរហែរនាពេលកន្លងមក។

ជាក់ស្តែង ប្រទេសចិនកំពុងរំលោភបំពានវិធានច្បាប់និងបទដ្ឋានសេដ្ឋកិច្ចជាច្រើន។ រដ្ឋាភិបាលចិនបានចូលរួមនៅក្នុងការលួចកម្មសិទ្ធិបញ្ញា ដើម្បីផ្តល់នូវផលប្រយោជន៍ដល់បណ្តាក្រុមហ៊ុនឯកជន និងសហគ្រាសរដ្ឋរបស់ខ្លួន។ ទន្ទឹមគ្នានេះដែរ ទីក្រុងប៉េកាំងបានធ្វើការឧបត្ថម្ភធនដ៏សន្ធឹកសន្ធាប់ទៅឱ្យឧស្សាហកម្មក្នុងស្រុករបស់ខ្លួន និងហាមក្រុមហ៊ុនបរទេសជាច្រើនមិនឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន។

ប្រទេសចិនក៏មានស្តង់ដារពលកម្ម, បរិស្ថាន និងស្តង់ដារផ្សេងៗទៀតទាបជាងគូប្រកួតប្រជែងរបស់ខ្លួនជាច្រើនផងដែរ។

ខណៈកំពុងតែធ្វើការរិះគន់ទៅលើអាកប្បកិរិយាសេដ្ឋកិច្ចរបស់ចិននោះ ស្រាប់តែរដ្ឋបាលលោក Biden ខ្លួនឯងបានងាកទៅពឹងផ្អែកកាន់តែធំលើគោលនយោបាយឧស្សាហកម្ម តាមរយៈការធ្វើឧបត្ថម្ភធនរបស់រដ្ឋ។ លោកស្រី Raimondo បានលើកឡើងថា «ភាពប្រកួតប្រជែងសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់យើងត្រូវពឹងផ្អែកទៅលើរបៀបវារៈនៃការវិនិយោគនៅក្នុងស្រុកឱ្យបានមុតមាំនៅក្នុងវិស័យយុទ្ធសាស្ត្រ និងវិស័យសំខាន់ៗផ្សេងៗទៀត»។

ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក (U.S. National Security Strategy) បានបង្ហាញថា «ការវិនិយោគសាធារណៈដែលមានលក្ខណៈជាយុទ្ធសាស្ត្រ គឺជាឆ្អឹងខ្នងនៃមូលដ្ឋានឧស្សាហកម្ម និងនវានុវត្តន៍ដ៏រឹងមាំមួយនៅក្នុងសេដ្ឋកិច្ចសកលនៅក្នុងសតវត្សរ៍ទី ២១ នេះ»។ ហើយប្រធានាធិបតី Joe Biden ខ្លួនឯង នៅពេលថ្មីៗនេះបានធ្វើការសន្យាថា «ជំនួសឱ្យការពឹងផ្អែកទៅលើបន្ទះឈីបដែលផលិតនៅបរទេស ដូចជានៅប្រទេសចិននោះ ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់បន្ទះឈីបទាំងនោះនឹងត្រូវស្ថិតនៅក្នុងសហរដ្ឋអាមេរិកវិញ»។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

វាគឺជារឿងសមហេតុផលសម្រាប់ប្រទេសនានាក្នុងការប្រកាន់យកនូវគោលនយោបាយឧស្សាហកម្មផ្ទាល់ខ្លួនរបស់គេដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន។ អ្វីដែលជាវិធីល្អបំផុតនោះគឺគេអាចអនុវត្តតាមរយៈវិធីសាស្ត្រដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Janet Yellen ហៅថា «ជាការប្តូររោងចក្រទៅកាន់ប្រទេសជាមិត្ត» ពោលគឺការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាជាសម្ព័ន្ធមិត្ត និងប្រទេសដៃគូ ដើម្បីកាត់បន្ថយការពឹងជ្រុលទៅលើបណ្តារដ្ឋាភិបា ដែលគេពិបាកជឿទុកចិត្ត។

ករណីខាងលើ គឺជាគោលគំនិតដ៏គួរឱ្យទាក់ទាញ។ ប៉ុន្តែបណ្តាប្រទេសជាសម្ព័ន្ធមិត្តអាមេរិកព្រួយបារម្ភថា សកម្មភាពខ្លះរបស់អាមេរិកនៅពេលថ្មីៗនេះ ដូចជាការដាក់ចេញនូវច្បាប់កាត់បន្ថយអតិផរណា ហាក់បានផ្តល់អាទិភាពដល់ការបង្វែរោងចក្រចូលស្រុកវិញ ជាជាងការបង្វែររោងចក្រចូលទៅក្នុងប្រទេសជាមិត្ត។ ពេលខ្លះ ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានប្រកាន់យកគោលនយោបាយដែលនឹងទាញរោងចក្រពីបណ្តាប្រទេសជាមិត្តអោយចូលក្នុងស្រុកវិញថែមទៀតផង។

នៅពេលប្រទេសជាសម្ព័ន្ធមិត្តរិះគន់ទៅលើមេដឹកនាំអាមេរិកចំពោះគោលការណ៍បែបនេះ មេដឹកនាំអាមេរិកពេលខ្លះបានលើកឡើងថា មេដឹកនាំបរទេសគួរប្រកាន់យកគោលនយោបាយឧស្សាហកម្មផ្ទាល់ខ្លួនរបស់គេ។ ប៉ុន្តែការធ្វើបែបនេះ អាចជាការចាប់ផ្តើមអនុវត្តនូវវិធានការដូចគ្នានេះទៅវិញទៅមកផងដែរ។

ដូចអ្វីដែលអគ្គលេខាធិការផ្នែកកិច្ចការបរទេសអឺរ៉ុប (European External Action Service) លោក Stefano Sannino បានព្រមាននៅពេលថ្មីៗនេះអញ្ចឹងថា «វានឹងមិនអាចបញ្ចប់នៅត្រឹមស្ថានភាពមួយដែលសហរដ្ឋអាមេរិកកំពុងផ្តល់នូវការឧបត្ថម្ភធននៅម្ខាង ហើយសហភាពអឺរ៉ុបកំពុងផ្តល់ការឧបត្ថម្ភធននៅម្ខាងទៀតនោះទេ»។ ការធ្វើបែបនេះនឹងនាំឱ្យមានការប្រជែងគ្នារហូតធ្លាក់ដល់បាត ហើយវានឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងប្រកួតប្រជែងជាមួយប្រទេសចិន បំផ្លាញដល់គោលការណ៍ស្នូលនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកល។

រដ្ឋការលោក Biden ជារឿយៗ តែងតែបានបង្ហាញថា វោហារសាស្ត្ររបស់ខ្លួនពិតជាត្រឹមត្រូវ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Yellen បានបង្ហាញទឡ្ហីករណ៍ថា «គោលនយោបាយឧស្សាហកម្មរបស់អាមេរិកមិនមានចេតនាធ្វើឱ្យគាំងដល់សេដ្ឋកិច្ចចិន និងបញ្ឈប់ដំណើរអភិវឌ្ឍរបស់ពួកគេនោះទេ»។ យុទ្ធសាស្ត្រសន្តិសុខជាតិបង្ហាញថា «សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ត្រូវតែកៀរគរប្រទេសជាដៃគូដែលបានគេចវេះពីវិធានច្បាប់ដើម្បីបង្កើតការប្រកួតប្រជែងដោយស្មើភាពគ្នាដែលនឹងអាចឱ្យបុគ្គលិកនិងបណ្តាធុរកិច្ចអាមេរិកនិងបុគ្គលិក និងធុរកិច្ចរបស់ប្រទេសជាដៃគូនិងសម្ព័ន្ធមិត្ត នៅជុំវិញពិភពលោកអាចមានការរីកធំធាត់ឡើង»។ ប៉ុន្តែវិធានការរបស់សហរដ្ឋអាមេរិក បានបង្កការបំផ្លាញដល់សារទាំងនោះ។

រដ្ឋបាលលោក Trump បានលើកយកហេតុផល «សន្តិសុខជាតិ» សម្រាប់ការយកពន្ធគយពីប្រទេសជាសម្ព័ន្ធមិត្ត។ រដ្ឋការលោក Biden ក៏កំពុងធ្វើដំណើរដូចគ្នាដែរ ដោយពួកគេបានប្រើប្រាស់មូលហេតុសន្តិសុខជាតិ ដើម្បីទាត់ចោលនូវសេចក្តីសម្រេចនៅពេលថ្មីៗនេះរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានរកឃើញថា ការយកពន្ធគយទាំងនោះកំពុងរំលោភលើវិធានច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងជាការបន្តធ្វើឱ្យគាំងស្តូកដល់យន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ហើយមេដឹកនាំអាមេរិកក៏មិនមានឆន្ទៈចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនោះដែរ។

រដ្ឋបាលលោក Biden នឹងត្រូវខិតខំបញ្ចុះបញ្ចូលប្រទេសសម្ព័ន្ធមិត្ត និងដៃគូអាមេរិកបន្ថែមទៀតថា ការផ្តាច់ខ្លួនចេញពីគ្នាដោយចោះៗនេះគឺមិនមែនជាទម្រង់ថ្មីមួយទៀតនៃគោលនយោបាយគាំពារនិយមទេ។ ការផ្តាច់ខ្លួនដោយចោះៗចេញពីប្រទេសចិន គឺពិតជាសក្តិសមបំផុតនៅក្នុងវិស័យទាំងឡាយណាដែលអាចបង្កឱ្យមានផលវិបាកផ្នែកយោធាជាក់ស្តែង។

ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានប្តេជ្ញាការពារ «ផលប្រយោជន៍បច្ចេកវិទ្យា» របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យចំនួន ៣ គឺ បច្ចេកវិទ្យាពាក់ព័ន្ធនឹងកុំព្យូទ័រ, ជីវៈបច្ចេកវិទ្យានិងជីវៈឧស្សាហកម្ម, និងបច្ចេកវិទ្យាថាមពលស្អាត។ វិស័យកុំព្យូទ័រអាចបង្កឱ្យមានផលវិបាកដល់វិស័យយោធាយ៉ាងជាក់ច្បាស់ ប៉ុន្តែវិស័យ ២ ផ្សេងទៀត គឺមិនសូវមានភាពជាក់ស្តែងនោះទេ។

រដ្ឋាភិបាលអាមេរិកកំពុងជំរុញការខិតខំលើមុខព្រួញសំខាន់ចំនួន ២ គឺការផ្ដល់ឧបត្ថម្ភធនសម្រាប់គោលនយោបាយឧស្សាហកម្ម និងការលើកទឹកចិត្តដល់ការធ្វើពិពិធកម្មតាមរយៈការផ្តាច់ខ្លួនចេញពីគ្នាចោះៗ។ មុខព្រួញទី១ គឺពួកគេបានពឹងផ្អែកទៅលើការលើកទឹកចិត្តជាវិជ្ជមាន ជាពិសេសសម្រាប់ក្រុមហ៊ុនរបស់អាមេរិក ហើយមុខព្រួញទី២ គឺពឹងផ្អែកទៅលើការគំរាមដាក់ទណ្ឌកម្មជាអវិជ្ជមាន។

ប្រសិនបើមានការសហការជាមួយប្រទេសជាសម្ព័ន្ធមិត្តនិងប្រទេសជាដៃគូ គោលនយោបាយទាំងពីរខាងលើ អាចជួយបំពេញបន្ថែមអោយគ្នាទៅវិញទៅមក និងអាចជួយពង្រឹងដល់វិធានច្បាប់សេដ្ឋកិច្ចសកល។ ប៉ុន្តែ ប្រសិនបើធ្វើឡើងជាលក្ខណៈឯកតោភាគីវិញនោះ គោលនយោបាយទាំងពីរខាងលើនឹងបង្កឱ្យមានភាពតានតឹង។

ក្នុងករណីនេះ បណ្តាប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូអាមេរិកជាច្រើននឹងបន្តសម្តែងនូវការខកចិត្តថា សហរដ្ឋអាមេរិកកំពុងរំលោភបំពានលើវិធានច្បាប់សេដ្ឋកិច្ចខ្លះដែលទីក្រុងវ៉ាស៊ីនតោនជួយតាក់តែងឡើងតាំងពីដំបូង។

នៅក្នុងសុន្ទរកថារបស់ខ្លួនកាលពីពេលថ្មីៗនេះ លោកស្រី Raimondo បានសន្យាថា «នឹងបង្វែរផ្នែកសំខាន់ៗនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួនចូលមកក្នុងស្រុកវិញ ឬទៅកាន់ប្រទេសជាមិត្ត»។ សម្រាប់សម្ព័ន្ធមិត្តអាមេរិកជាច្រើន អ្វីដែលជាកង្វល់នោះគឺថា គោលនយោបាយរបស់វ៉ាស៊ីនតោនអាចនឹងជំរុញឱ្យមានការប្តូររោងចក្រចូលស្រុកវិញ ជាការបង្វែររោងចក្រទៅកាន់ប្រទេសជាមិត្ត។

សម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលបានជ្រើសរើសធ្វើជាមិត្តទាំងជាមួយអាមេរិកនិងចិននោះ «ការបង្វែររោងចក្រចូលស្រុកវិញ» និង «ការបង្វែររោងចក្រទៅប្រទេសជាមិត្ត» អាចនឹងកាត់ផ្តាច់ពួកគេចេញពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់សំខាន់ៗ និងបិទខ្ទប់ឱកាសសម្រាប់កំណើន និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ដូចជាការព្រមានពីសំណាក់នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ជាដើម។

នៅក្នុងការស្ទង់មតិអំពីស្ថានភាពនៅតំបន់អាស៊ីអាគ្នេយ៍ដែលចេញផ្សាយនៅដើមឆ្នាំនេះបានឱ្យដឹងថា តំបន់នេះបានផ្តល់នូវក្តីសង្ឃឹមខ្ពស់ទៅលើរដ្ឋបាលលោក Biden ក្នុងការគាំទ្រយ៉ាងមុតមាំដល់ពាណិជ្ជកម្មសេរីជាសកល។ នៅពេលដែលឆ្នាំ ២០២២ ឈានចូលដល់ទីបញ្ចប់ ពួកគេប្រហែលជានឹងគ្មានសង្ឃឹមបែបនេះទៀតនោះទេ៕

Fulcrum

អត្ថបទទាក់ទង