ខ្មែរប៉ុស្ដិ៍ Close

ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មី អាចនឹងកើតមានយ៉ាងពិតប្រាកដ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 91
ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មី អាចនឹងកើតមានយ៉ាងពិតប្រាកដ ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មី អាចនឹងកើតមានយ៉ាងពិតប្រាកដ

ការ​ឈ្លានពានលើ ប្រទេស​អ៊ុយក្រែន​ដោយ​មិន​ញញើតពីសំណាក់​រុស្ស៊ី​បាន​បង្កឱ្យមាន​ជម្លោះ​ដ៏​មហន្តរាយ​នៅ​ក្នុងតំបន់អឺរ៉ុប។ នេះជា​លើក​ដំបូងនៅ​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មកនេះ វា​បាន​នាំមកសារជាថ្មីនូវ​ការ​ភ័យ​ខ្លាច​ចំពោះសង្គ្រាម​នុយក្លេអ៊ែរ​នៅក្នុងចំណោមសាធារណៈជន។

បើទោះបីជាសេណារីយ៉ូដ៏មហន្តរាយនេះនៅតែមិនទំនងជានឹងកើតឡើងក៏ដោយ ក៏ការគំរាមកំហែងប្រើប្រាស់​នុយក្លេអ៊ែរ​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បង្កើននូវ​ភាពតានតឹងកាន់តែខ្លាំងឡើងៗ។

នៅពេលឥឡូវនេះ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងនៅបណ្តាប្រទេសលោកខាងលិចត្រូវតែស្វែង រកវិធីដើម្បីឆ្លើយតប ទៅនឹងសកម្មភាពបង្កហេតុរបស់រុស្ស៊ី ជាមួយនឹងការធានាថា «ពិភពលោកនឹងមិនត្រូវបានទាញឱ្យធ្លាក់ចូលទៅក្នុងហានិភ័យនុយក្លេអ៊ែរឡើយ»។

វិបត្តិ​បច្ចុប្បន្ន​បានចោទ​ជា​សំណួរ​អំពី​អនាគត​នៃ​ការ​គ្រប់​គ្រង​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិកនិង​រុស្ស៊ី។ តើ​ហានិភ័យ​នុយក្លេអ៊ែរកាន់តែខ្លាំង​អាច​ជំរុញ​ឱ្យទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ូស្គូ ​វិលត្រឡប់​មកកាន់​តុ​ចរចា​​ដែរទេ ឬវាត្រូវជំនួសដោយការវិលត្រឡប់មកវិញនូវការប្រកួតប្រជែងសព្វាវុធបែបសង្រ្គាមត្រជាក់ ដែលលើកនេះអាចនឹងមានលក្ខណៈកាន់តែប្លែក និងគ្រោះថ្នាក់ជាងមុន?

សង្គ្រាមនៅអ៊ុយក្រែនត្រូវបានគេ ប្រៀបធៀបទៅនឹងវិបត្តិមីស៊ីលគុយបា (Cuban Missile Crisis) ឆ្នាំ១៩៦២ ដែលជាហេតុនាំមកនូវការពង្រឹងការគ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិកនិងសូវៀត។ ជាការពិតណាស់ រយៈពេល ៥ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៦៨ គឺពោរពេញទៅដោយរឿងដ៏គួរឱ្យកត់សម្គាល់ ដែលបាន នាំមកនូវកិច្ចព្រមព្រៀង «Hot Line», សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លែអ៊ែរ (The Limited Test Ban Treaty), សន្ធិសញ្ញាអវកាស (Outer Space Treaty) និងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (Nuclear Non-Proliferation Treaty)។

ទំនាក់ទំនងរវាងវិបត្តិនេះ និងកិច្ចព្រមព្រៀង ដែលបានកើតមានបន្ទាប់ពីវិបត្តិ គឺមានលក្ខណៈស្មុគស្មាញជាងអ្វីដែលគ្រប់គ្នាបានគិត។ កំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញអំពីចំណុចសំខាន់ៗមួយចំនួនសម្រាប់ការពិចារណារបស់យើងនៅក្នុងពេលនេះ។

ទី១ «វិបត្តិមីស៊ីលគុយបា បាននាំមកការមិនទុកចិត្តគ្នាយ៉ាងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូដែលបានបន្តអូសបន្លាយពេល បើទៅះបីជាបន្ទាប់ពីមេដឹកនាំសូវៀត Nikita Khrushchev បានដកអាវុធចេញពីប្រទេសគុយបាហើយក៏ដោយ»។

ប្រធានាធិបតីអាមេរិក John F. Kennedy បានប្រាប់ លោក Khrushchev នៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៦២ ថា «ភស្តុតាងនៃរូបថតដែលមិនអាចប្រកែកបាន ដែលបានបង្ហាញអំពីការដំឡើងអាវុធធុនធ្ងន់ បានបង្កនូវការតក់ស្លុតដ៏ធ្ងន់ធ្ងរ បំផុតចំពោះរដ្ឋាភិបាល និងចំពោះប្រជាជន របស់យើងទាំងមូល»។

នៅក្នុងបរិយាកាសបែបនេះ វឌ្ឍនភាពលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរស្ទើរតែមិនអាចកើតឡើងនៅក្នុងរយៈពេល ៨ ខែ បន្ទាប់ពីវិបត្តិបានបញ្ចប់។ នៅឆ្នាំ ១៩៦៣ ការពិភាក្សាគ្នារវាងសហរដ្ឋអាមេរិកនិងសូវៀតស្តីអំពីការហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរ ដ៏ទូលំទូលាយត្រូវបានជាប់គាំង រហូតដល់លោក Kennedy បានប្រកាសផ្អាកជា ឯកតោភាគីនូវការសាកល្បងអាវុធនុយក្លេអ៊ែរនៅក្នុងខែមិថុនា ឆ្នាំ ១៩៦៣ ទើបអាចធ្វើឱ្យភាគីទាំងពីរ បញ្ចប់ភាពជាប់គាំងនេះបាន។

ទី២ «វិបត្តិមីស៊ីលគុយបា បានអនុញ្ញាតឱ្យ Kennedy ពង្រឹងគោលដៅគ្រប់គ្រងអាវុធដែលកំពុងស្ថិតក្រោមការពិចារណានៅពេលនោះ និងដែលលោកជឿថា វាមានសារៈសំខាន់ក្នុងការលើកយកមកអនុវត្ត»។ នៅពេលចូលកាន់តំណែងជាប្រធានាធិបតី Kennedy បានស្ថិតនៅក្រោមសម្ពាធ ដើម្បីឱ្យលោកបិទបញ្ចប់ «ការប្រកួតប្រជែងសព្វាវុធប្រល័យលោក»។

នៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៦១ លោកបានបង្កើតផែនការរំសាយអាវុធប្រកបដោយមហិច្ឆិតាមួយ ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយក្នុងនោះមានរួមបញ្ចូលទាំងគំនិតជាច្រើនស្តីពីការគ្រប់គ្រងអាវុធដែលត្រូវបានលើកយកមកអនុវត្តជាបន្តបន្ទាប់។

អ្នកប្រឹក្សាទូទៅរបស់ទីភ្នាក់ងារគ្រប់គ្រងអាវុធនិងការរំសាយអាវុធ គឺលោក George Bunn បានសរសេរថា «វិបត្តិមីស៊ីលគុយបាបានជួយជំរុញកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈការបង្កើនចំណាប់អារម្មណ៍របស់អាមេរិក និងសូវៀតក្នុងការស្វែងរកការផ្លាស់ប្តូរហើយវាក៏បានផ្តល់ឱ្យប្រធានាធិបតីនូវសិទ្ធិអំណាចក្នុងការអាចជំរុញឱ្យសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លែអ៊ែរទទួល បានការអនុម័តពីព្រឹទ្ធសភា»។

ទោះជាយ៉ាងណាក៏ដោយ វិបត្តិនោះមិនបានជំរុញឱ្យមានវិធីសាស្រ្តថ្មីក្នុងការរំសាយអាវុធនុយក្លេអ៊ែរនោះទេ ក្រៅតែពីអ្វីដែលលោក Kennedy និងលោក Khrushchev បានគិតទុករួចជា ស្រេច។ វានៅមានជម្រើសគ្រប់គ្រងអាវុធដ៏រឹងមាំផ្សេងទៀតដែលនៅមិនទាន់ត្រូវបានលើកយកមកពិភាក្សានៅឡើយ។

ទី៣ «បើទោះបីជាមេរៀនជាច្រើន ដែលបានទាញយកពីវិបត្តិមីស៊ីលគុយបា បានផ្តោតលើសារៈសំខាន់ក្នុងការគ្រប់គ្រងអាវុធក៏ដោយ ក៏វាមានការលើកឡើងតិចតួចណាស់អំពីផលប៉ះពាល់របស់វាទៅលើទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនិងសូវៀត»។

នៅចន្លោះឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៨ ស្តុករបស់សហរដ្ឋអាមេរិកបានកើនឡើងជិត ១៦% ខណៈដែលចំនួនក្បាលគ្រាប់របស់សូវៀតបានកើនឡើងជិត ៣ដង។ ហើយការយល់ឃើញដែលថា «លោក Kennedy បានយកឈ្នះលើលោក Khrushchev នៅក្នុងប្រទេសគុយបា បានជំរុញការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត»។

ជាក់ស្តែង វិបត្តិមីស៊ីលគុយបា មិន​មែន​ជា​ករណីសិក្សាដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ថ្ងៃ​នេះ​ទេ។ ហេតុដូច្នេះ​ហើយ យើង​មិនគួរផ្តោតលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះពេកទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រអាចបង្ហាញឱ្យយើងឃើញថា «សង្រ្គាមនៅអ៊ុយក្រែនអាចនឹងជះឥទ្ធិពលអវិជ្ជមានលើការគ្រប់គ្រងអាវុធ»។

ហើយ​ឧបសគ្គ​ដ៏ធំ​បំផុត​ដែលត្រូវ​ជំនះឱ្យបានគឺ «ការ​ខឹងសម្បារ, ការ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​មិន​ទុក​ចិត្ត​គ្នារវាង​សហរដ្ឋ​អាមេរិកនិង​រុស្ស៊ី»។ បរិយាកាសនេះនឹងបង្កការពិបាកដល់អ្នកចរចាក្នុងការបង្ហាញពីភាពបត់បែនដ៏ចាំបាច់ដើម្បីឈានទៅបង្កើតឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នា។

ជាការពិតណាស់ វាមានលក្ខណៈផ្ទុយពី លោក Kennedy និងលោក Khrushchev ដោយក្នុងនោះ មេដឹកនាំអាមេរិក និងរុស្ស៊ីនៅពេលបច្ចុប្បន្ននេះ មិនបានចូលរួមនៅក្នុងការចរចាជាផ្លូវការលើសន្ធិសញ្ញាគ្រប់គ្រងអាវុធនោះទេ ចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញា New START ក្នុងឆ្នាំ ២០១០ មក។

ការចរចាថ្មីៗបំផុត ដែលពួកគេបានធ្វើ គឺដំណើរការនៃ «កិច្ចសន្ទនាស្ថិរភាពយុទ្ធសាស្ត្រ» «Strategic Stability Dialogue» ដែលលោក Putin និងលោក Joe Biden បានផ្តួចផ្តើមគំនិត កាលពីឆ្នាំមុនដើម្បី បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងអាវុធនៅពេលអនាគត និងដើម្បីបង្កើតនូវវិធានការកាត់បន្ថយហានិភ័យ» ។

ប៉ុន្តែ នៅពេលឥឡូវនេះ សហរដ្ឋអាមេរិកបានផ្អាកដំណើរការ នៃកិច្ចចរចាទាំងនេះ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃ «កិច្ចសន្ទនាស្ថិរភាពយុទ្ធសាស្ត្រ» គួរតែត្រូវបានបន្តឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះវាមិនត្រឹមតែអាចផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ការ ប្រាស្រ័យទាក់ទងគ្នា នៅក្នុងអំឡុងពេលកើតមានវិបត្តិនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែការផ្អាកវាកាន់តែយូរវានឹងមានការលំបាកកាន់តែខ្លាំងក្នុងការចាប់ផ្តើមវាឡើងវិញ។

លើសពីនេះ ប្រសិនបើភាគីពាក់ព័ន្ធនៅក្នុងស្រុកនៅក្នុងប្រទេសណាមួយសន្និដ្ឋានថា «ដោយផ្អែកលើវិបត្តិនេះអាវុធនុយក្លេអ៊ែរត្រូវតែបង្កើនបន្ថែមទៀត ដើម្បីបម្រើនូវផលប្រយោជន៍សន្តិសុខជាតិរបស់ពួកគេ» នោះដំណើរការចរចា នឹងមិនអាចផ្តល់នូវលទ្ធផលប្រកបដោយអត្ថន័យនោះទេ ហើយប្រសិនបើការចរចាបរាជ័យ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនការគ្រប់គ្រងអាវុធដែល នៅសេសសល់ និងដែលនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៦។

ដំណឹងល្អមួយគឺថា «ការចូលរួមគាំទ្រដ៏ម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនរបស់មេដឹកនាំទាំង នៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ អាចនឹងនាំមកនូវជ័យជំនះលើឧបសគ្គទាំងនេះ»។ ខណៈពេលដែលគ្មាននរណាម្នាក់អាចដឹងថា «តើជម្លោះនេះបញ្ចប់ទៅដោយរបៀបណា» វាពិតជាមានការពិបាកណាស់ ក្នុងការកំណត់ថា «តើភាគីណាមួយអាចនឹងមានឆន្ទៈនយោបាយក្នុងការធ្វើកិច្ចការទាំងនេះដែរឬទេ»។

អ្វីដែលប្រាកដនោះគឺថា «សកម្មភាព នៅពេលថ្មីៗនេះរបស់លោក Putin មានលក្ខណៈមិនស្របគ្នានឹងសេចក្តីថ្លែងការណ៍ រួមរបស់ប្រធានាធិបតីអាមេរិក-រុស្ស៊ីកាលពីឆ្នាំមុននោះទេ» ដែលបានបញ្ជាក់ថា «សូម្បីតែនៅក្នុងពេលកើតមានភាពតានតឹងក៏ដោយ ក៏សហរដ្ឋអាមេរិកនិងរុស្ស៊ី នឹងនៅតែអាចបង្កើតឱ្យមានវឌ្ឍនភាពនៅក្នុងគោលដៅរួម និងការធានាឱ្យបាននូវការកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធ និងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ»។ យើង​នឹងនៅ​រងចាំ​មើល​ថា «តើ​ភាគី​ទាំង​ ២ ​​អាច​ជំនះឧបសគ្គដ៏តូចនេះបាន​ដែរ​ឬ​ទេនៅ​ពេល​អនាគត»៕ Foreign Policy

អត្ថបទទាក់ទង