ខ្មែរប៉ុស្ដិ៍ Close

    CNA ៖ ទីក្រុងប៉េកាំងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើប្រតិកម្មរបស់វ៉ាស៊ីនតោនចំពោះរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1356
    CNA ៖ ទីក្រុងប៉េកាំងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើប្រតិកម្មរបស់វ៉ាស៊ីនតោនចំពោះរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែនCNA ៖ ទីក្រុងប៉េកាំងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើប្រតិកម្មរបស់វ៉ាស៊ីនតោនចំពោះរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន

    ខណៈពេលដែលកងទ័ពរុស្ស៊ីបាននិងកំពុងប្រមូលផ្តុំគ្នានៅភាគខាងកើតប្រទេសអ៊ុយក្រែន អឺរ៉ុបកំពុងតែដុតដៃដុតជើង ដើម្បីប្រមែប្រមូលព័ត៌មានពាក់ព័ន្ធនឹងបញ្ហាថា «តើការឈ្លានពានអាចនឹងកើតមានដែរឬទេ ហើយតើអឺរ៉ុបត្រូវធ្វើអ្វីខ្លះដើម្បីបង្ការវាកុំឱ្យកើតឡើង»។

    សម្រាប់តំបន់អាស៊ី ការលុកលុយណាមួយនៅក្នុងប្រទេសអ៊ុយក្រែន នឹងមិនបង្កនូវផលប៉ះពាល់ជាយុទ្ធសាស្ត្រដោយផ្ទាល់មកលើតំបន់ខ្លួនច្រើនឡើយ។ ក៏ប៉ុន្តែវាមានចំណុចប្រៀបធៀបដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនសម្រាប់តំបន់នេះ ដោយក្នុងនោះមានចំណុចលេចធ្លោខ្លាំងជាងគេចំនួន២ ដែល៖

    • ទី១ «តើសហរដ្ឋអាមេរិកអាចនឹងរារាំង រុស្ស៊ីមិនឱ្យឈ្លានពានអ៊ុយក្រែន ឬអាចនឹងផ្តល់ការគាំទ្រដល់អ៊ុយក្រែនក្នុងករណីចាំបាច់?» និង
    • ទី២ «តើការជំរុញឆ្ពោះទៅរកសម្ព័ន្ធភាពកាន់តែស៊ីជម្រៅនឹង អាចនាំមកនូវអស្ថិរភាពក្នុងកម្រិតណា»?

    អ៊ុយក្រែនមិនមែនជាកោះតៃវ៉ាន់នោះទេ ហើយកត្តាប្រវត្តិសាស្ត្រ, ស្ថានភាព, ភូមិសាស្ត្រនិងកត្តាជាច្រើនផ្សេងទៀតបានបង្ហាញថា «ដែនដីទាំងពីរនេះមានភាពខុសប្លែកពីគ្នាខ្លាំងណាស់»។ ការឈ្លានពានណា មួយពីសំណាក់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននឹងមិនមានលក្ខណៈដូចគ្នាទៅនឹងការឈ្លានពានរបស់ចិនទៅលើកោះតៃវ៉ាន់នោះទេ។

    ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវដែលកំពុងកើតមាននៅអ៊ុយក្រែន អាចផ្ដល់នូវទិន្នន័យដ៏មានប្រយោជន៍ដល់បណ្តាប្រទសអាស៊ីផ្សេងទៀតដែលកំពុងប្រឈមមុខនឹងភាពតានតឹង។

    ដែនដីទាំងពីរនេះក៏មានចំណុចស្រដៀងគ្នាមួយចំនួនផងដែរ។ នៅទ្វីបអឺរ៉ុប រដ្ឋដ៏ធំមួយគឺរុស្ស៊ី ដែលតែងតែមានបំណងប្រាថ្នាចង់បញ្ចេញឥទ្ធិពលរបស់ខ្លួនលើប្រទេសជិតខាងនោះ បានមើលឃើញពីការឈ្លានពានរបស់អង្គការ NATO ចូលទៅក្នុងបណ្ដាប្រទេសមួយចំនួនដែលរុស្ស៊ីធ្លាប់បានគ្រប់គ្រងកាលពីអតីតកាល។

    នៅទ្វីបអាស៊ី ប្រទេសចិនក៏កំពុងសំឡឹងមើលដោយក្តីបារម្ភចំពោះរបៀបដែលសហរដ្ឋអាមេរិកបាននិងកំពុងពង្រឹងសម្ព័ន្ធភាព និងទំនាក់ទំនងការពារជាតិជាមួយបណ្តាប្រទេស ដែលកំពុងមានជម្លោះជាមួយចិន ដូចជាកោះតៃវ៉ាន់, ប្រទេសជប៉ុន និងវៀតណាម ជាដើម។

    គំរូរបស់សហភាពអ៊ឺរ៉ុបបានបង្ហាញថា «សម្ព័ន្ធភាពបែបការពារគ្នាទៅវិញទៅមក ដូចជាអង្គការ NATO ជាដើម អាចជួយរក្សាស្ថិរភាពនៅក្នុងភូមិសាស្ត្រនយោបាយ»។ អង្គការ NATO និងសហភាពសូវៀត
    ធ្លាប់បានសាកល្បងកម្លាំងគ្នាជាច្រើនលើករួចមកហើយ កាលពីសម័យសង្រ្គាមត្រជាក់ តួយ៉ាងដូចជាសមយុទ្ធ «Able Archer» នៅឆ្នាំ១៩៨៣ ដែលបានធ្វើឱ្យសមាជិកមួយចំនួននៃការិយាល័យនយោបាយរបស់សហភាពសូវៀត (Politburo) យល់ថា «ការវាយប្រហារដោយនុយក្លេអ៊ែរអាចនឹងកើតឡើងនៅពេលដ៏ខ្លីខាងមុខ»។

    ប៉ុន្តែ ការបង្កើតអង្គការ NATO ឡើង បានផ្តល់ឱ្យអឺរ៉ុបខាងលិចនូវការគាំទ្រផ្នែកយោធាដ៏សំខាន់ពីសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការឈ្លានពានពីសំណាក់សហភាពសូវៀត។ ថ្វីត្បិតតែសម្ព័ន្ធភាពបែបនេះអាចជួយរក្សាស្ថិរភាពក៏ពិតមែន តែដំណើរការនៃការបង្កើតសម្ព័ន្ធភាពបែប នេះអាចនឹងនាំមកនូវអស្ថិរភាពមួយចំនួន។

    ការផ្លាស់ប្តូរណាមួយនៅក្នុងស្ថានការណ៍ជាក់ស្តែង (Status Quo) ក៏ដូចជាការផ្លាស់ប្ដូរតុល្យភាពអំណាច អាចនឹងបង្កនូវផលប៉ះពាល់ដល់សុវត្ថិភាពរបស់ភាគីមួយ ឬច្រើន។ នៅក្នុងបរិបទបច្ចុប្បន្ន ការពង្រីកវិសាលភាពរបស់អង្គការ NATO ទៅកាន់បណ្ដារដ្ឋនៅតំបន់បាល់ទិក អាចផ្តល់នូវការការពារសន្តិសុខដល់បណ្ដារដ្ឋទាំងនោះ ក៏ប៉ុន្តែប្រតិកម្មរបស់រុស្ស៊ីចំពោះការពង្រីកវិសាលភាពរបស់អង្គការនេះទៅកាន់បណ្ដារដ្ឋមួយចំនួនដូចជាអ៊ុយក្រែន និង ហ្សកហ្ស៊ី ដែលធ្លាប់ជារដ្ឋដែលមានប្រវត្តិសាស្ត្រនិងវប្បធម៌ជិតស្និទ្ធជាមួយរុស្ស៊ី អាចនឹងនាំមកនូវការគំរាមកំហែងដល់សន្តិភាព។

    ការព្រួយបារម្ភអំពីការឈ្លានពានរបស់ចិនបានធ្វើឱ្យសហរដ្ឋអាមេរិកងាកមកបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួននៅក្នុងតំបន់ ដូចជាប្រទេសអូស្ត្រាលី តាមរយៈការបង្កើតកិច្ចព្រមព្រៀង AUKUS, ការពង្រីកទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយបណ្តាដៃគូថ្មីៗ ដូចជា ប្រទេសឥណ្ឌា តាមរយៈការបង្កើតក្រុម Quad និងការប្រកាន់ជំហរកាន់តែម៉ឺងម៉ាត់ចំពោះដែនដីមានជម្លោះ ដូចជានៅ សមុទ្រចិនខាងកើត និងខាងត្បូង តាមរយៈការគូសបញ្ជាក់អំពីសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយជប៉ុននិងហ្វីលីពីន។

    ឧទាហរណ៍មួយស្តីពីការផ្លាស់ប្តូរជំហររបស់អាមេរិកនៅក្នុងតំបន់គឺមានពាក់ព័ន្ធនឹង «កោះតៃវ៉ាន់» ដែលជាទីដែលទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងព្យាយាមបង្កើនកិច្ចការងារការទូតរបស់ខ្លួន ក៏ដូចជាការប្រកាសនូវការគាំទ្រផ្នែកវោហាសាស្ត្រកាន់តែច្រើនជាងមុន។

    កាលពីខែតុលា ប្រធានាធិបតី Biden បានលើកឡើងថា «សហរដ្ឋអាមេរិកនឹងប្តេជ្ញាចិត្តក្នុងការការពារកោះតៃវ៉ាន់» ជាមួយនឹងការសង្កត់ធ្ងន់លើការកាត់បន្ថយភាពមិនច្បាស់លាស់ខាងផ្នែកយុទ្ធសាស្រ្ត ដែលសហរដ្ឋអាមេរិកបានអនុវត្តអស់រយៈ ពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ដើម្បីជួយការពារកោះនេះពីការឈ្លានពានរបស់ចិន។

    សម្រាប់ទីក្រុងប៉េកាំង លទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងដាក់ពង្រាយកងទ័ពដើម្បីការពារកោះតៃវ៉ាន់ បានបង្កភាពស្មុគស្មាញដល់ការរៀបចំផែនការការពារជាតិរបស់ចិន និងបានធ្វើឱ្យយុទ្ធនាការបង្រួប បង្រួមកោះតៃវ៉ានរងនូវបញ្ហាប្រឈមថែមមួយកម្រិតទៀត។ ដូច្នេះ ការបង្កើតសម្ព័ន្ធភាពណាមួយនៅពេលនេះ អាចនឹងនាំមកនូវអស្ថិរភាពចំពោះទំនាក់ទំនងរវាងចិននិងតៃវ៉ាន់។

    រឿងរ៉ាវនៅអ៊ុយក្រែនក៏អាចជាមេរៀនដ៏មានប្រយោជន៍មួយសម្រាប់តំបន់អាស៊ីបូព៌ាផងដែរ ដែលជាទីដែលអាមេរិកបានលើកឡើងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារដៃគូ ក៏ដូចជាការរារាំងគូប្រជែង។ ជាការឆ្លើយតបទៅនឹងការប្រមូលផ្ដុំទ័ពរបស់រុស្ស៊ី សហរដ្ឋអាមេរិកបានគំរាមដាក់ទណ្ឌកម្ម និងបានប្រកាសផ្តល់នូវការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ហើយក៏បានប្រកាសសងសឹករុស្ស៊ីផងដែរ ប្រសិនបើការឈ្លានពានពិតជាកើតឡើងមែន។

    ប្រតិកម្មរួមរបស់សហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់ រុស្ស៊ី នឹងក្លាយជាកត្តាកំណត់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងរុស្ស៊ី ហើយវាក៏បានផ្តល់នូវសូចនាករមួយចំនួនដល់ទីក្រុងប៉េកាំងផងដែរ ដោយក្នុងនោះមានកត្តាចំនួន ៣ ដែលគួរពិចារណា ដែល៖

    • ទី១ «តើអាមេរិកអាចរារាំងរុស្ស៊ីបានឬទេ?»
    • ទី២ «តើការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារអ៊ុយក្រែនមានភាពរឹងមាំដែរឬទេ?» និង
    • ទី៣ «តើទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈក្នុងការធ្វើសម្បទានណាមួយស្របតាមការទាមទាររបស់រុស្ស៊ីដែរឬទេ ដើម្បីបង្ការកុំឱ្យកើតមានជម្លោះ?»

    ប៉ុន្តែ អ៊ុយក្រែនមិនមែនជាកោះតៃវ៉ាន់នោះទេ ហើយស្ថានភាពដែលប្រទេសទាំងពីរកំពុងប្រឈមមុខ ក៏មានលក្ខណៈខុសគ្នាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាគ្រោះថ្នាក់នោះគឺថា «ការឆ្លើយតបដ៏ទន់ខ្សោយ និងតិចតួចរបស់អាមេរិកអាចនឹងក្លាយជាកត្តាលើកទឹកចិត្តឱ្យចិនបង្កើនការចាត់វិធានការកាន់តែគ្រោះថ្នាក់»។

    ការវាយតម្លៃនិងភាពប្រថុយប្រថានរបស់រុស្ស៊ីមានលក្ខណៈខុសគ្នាពីការវាយតម្លៃ និងភាពប្រថុយប្រថានរបស់ចិន ហើយដំណោះស្រាយនិងការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារអ៊ុយក្រែន និងក្នុងការការពារ
    កោះតៃវ៉ាន់ ក៏មានលក្ខណៈខុសគ្នាផងដែរ។

    ប្រតិបត្តិការចូលឈ្លានពានប្រទេសអ៊ុយក្រែនតាមផ្លូវគោក នឹងមានភាពខុសគ្នាខ្លាំងពីការឈ្លានពានតាមផ្លូវទឹកទៅលើកោះតៃវ៉ាន់។ ក៏ប៉ុន្តែសកម្មភាពរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងនៅក្នុងផ្នែកមួយនៃពិភពលោក អាចនឹងជះឥទ្ធិពលដល់ការសម្រេចចិត្តនៅក្នុងផ្នែកមួយផ្សេងទៀតនៃពិភពលោក។

    ប្រសិនបើចិនយល់ថា «ការឆ្លើយតបរបស់អាមេរិកមានលក្ខណៈខ្លាចមុខខ្លាចក្រោយ, ទន់ខ្សោយ ឬខ្វះការប្ដេជ្ញាចិត្ត» នោះប្រទេសចិនអាច នឹងផ្លាស់ប្តូរនូវការពិចារណារបស់ខ្លួនអំពីជម្រើសនានា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត ឬតៃវ៉ាន់។

    ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមអនុញ្ញាតឱ្យរុស្ស៊ី សម្លុតនិងឈ្លានពានប្រទេសអ៊ុយក្រែន ដែលជាប្រទេសដ៏មានសក្តានុពលសម្រាប់អង្គការ NATO វាអាចនឹងលើកទឹកចិត្តឱ្យចិនបង្កើនការដណ្តើមយកកោះបន្ថែមទៀតពីវៀតណាមនៅសមុទ្រចិនខាងត្បូង ឬបង្កើនការឈ្លានពានលើកោះតៃវ៉ាន់។

    ដូច្នេះ ព្រឹត្តិការណ៍នានានៅអឺរ៉ុបខាងកើត បានបង្ហាញនូវហានិភ័យចំនួន២ សម្រាប់តំបន់អាស៊ីបូព៌ាដោយក្នុងនោះ៖

    • ទី១ គឺ «ដំណើរការ នៃការបង្កើតសម្ព័ន្ធភាពរវាងអាមេរិកនិងបណ្តាប្រទេសនៅអាស៊ីបូព៌ាផ្សេងទៀត ជាពិសេសជាមួយ
      តៃវ៉ាន់ អាចនឹងនាំមកនូវអស្ថិរភាព ប្រសិន បើប្រទេសចិនយល់ ថា : ការត្រៀ់មខ្លួន
      និងការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន មានភាពទន់ខ្សោយជាងអ្វីដែលគ្រប់គ្នាបានរំពឹងទុក» និង
    • ទី២ គឺ «បើទោះបីជាអ៊ុយក្រែននិងតៃវ៉ាន់មានភាពខុសគ្នាច្រើនក៏ដោយ ក៏ចិនអាចនឹងនៅតែមានលទ្ធភាពក្នុងការពង្រីកការគ្រប់គ្រង របស់ខ្លួនលើដែនសមុទ្រជិតខាង»។

    ដូច្នេះ ទីក្រុងប៉េកាំងអាចនឹងកំពុងគិតថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនមានឆន្ទៈក្នុងការប្រឈមនឹងហានិភ័យដើម្បីការពារអ៊ុយក្រែនទេ នោះសហរដ្ឋអាមេរិកក៏នឹងចាត់វិធានការដ៏គ្រោះថ្នាក់ណាមួយ ដើម្បីការពាររកោះតូចៗដែលស្ថិតនៅចម្ងាយរាប់ពាន់ម៉ៃល៍ពីទឹកដីរបស់ខ្លួននោះដែរ»៕ Channel News Asia