ខ្មែរប៉ុស្ដិ៍ Close

ច្បាប់សន្តិសុខអ៊ីនធឺណិតរបស់វៀតណាមបានបង្ហាញនូវភាពងប់ងល់នឹងការគ្រប់គ្រង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 149

នៅទីក្រុងឆ្នេរសមុទ្រ Danang ម្ចាស់ភោជនីយដ្ឋានម្នាក់គឺលោក Bui Tuan Lam បានថតរូបខ្លួនលោកដែលកំពុងរៀបចំចម្អិនគុយទាវមួយចាន។ នៅក្នុងវីដេអូដែលត្រូវបានចែករំលែកទៅកាន់ Facebook លោក Lam បានធ្វើត្រាប់តាមរបៀបរាំរបស់ចុងភៅល្បីមួយរូប គឺលោក Nusrat Gokce ជាពិសេស គឺលោក Lam បានធ្វើត្រាប់តាមអាហារដ៏ប្រណិតមួយដែល លោក Gokce បានធ្វើឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម គឺឧត្តមសេនីយ៍ To Lam។

នៅក្រោយចូលរួមសន្និសីទអាកាសធាតុ COP26 នៅប្រទេសស្កុតឡេននៅខែវិច្ឆិកា ឆ្នាំ ២០២១ លោក To Lam បានធ្វើដំណើរទៅទីក្រុងឡុងដ៍ និងបានហូបសាច់គោអាំងដែលត្រូវបានលក់ក្នុងតម្លៃប្រមាណ ២ ០០០ ដុល្លារ។ អាហារដ៏ថ្លៃនេះបានរងនូវការរិះគន់យ៉ាងខ្លាំង ហើយលោក Bui Tuan Lam ក៏ត្រូវបានគេចាប់បញ្ជូនទៅសួរចម្លើយនៅប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីកាយវិការបែបឌឺដងរបស់លោកត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ។

កាលពីខែកញ្ញា លោកក៏ធ្កាប់ត្រូវបានចោទប្រកាន់ពី «បទផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋ» ផងដែរ។ ករណីរបស់លោក Lam មិនមែនជារឿងចម្លែកនោះទេ។ ពលរដ្ឋវៀតណាមជាច្រើនដែលសម្តែងការរិះគន់តាមប្រព័ន្ធអនឡាញចំពោះអ្នកនយោបាយ ឬចំពោះគោលនយោបាយរបស់រដ្ឋាភិបាល តែងតែត្រូវបានចាប់ខ្លួន ហើយពេលខ្លះអាចត្រូវបានចាប់ដាក់ពន្ធនាគារទៀតផង។

អង្គការ «The 88 Project» ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលតស៊ូដើម្បីសេរីភាពក្នុងការបញ្ចេញមតិនៅវៀតណាម បានឱ្យដឹងថា «សកម្មជនដែលកំពុងជាប់ពន្ធនាគារមានចំនួន ២០៦ នាក់នៅក្នុងប្រទេសវៀតណាម បើគិតត្រឹមថ្ងៃទី ១១ ខែវិច្ឆិកានេះ»។ ការចាប់ខ្លួនជារឿយៗមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ Blog, Facebook និង YouTube។

សូមអាន វៀតណាម៖ ស្ត្រីពីរនាក់បង្ហោះសារប្រឆាំងរដ្ឋាភិបាលលើ Facebook ត្រូវកាត់ទោសដាក់ពន្ធនាគារម្នាក់៥ឆ្នាំ និងម្នាក់ទៀត៦ឆ្នាំ

កាលពីខែកញ្ញា លោក Dang Dang Phuoc ដែលជាគ្រូបង្រៀនតន្ត្រីនិងជាអ្នកតែងបញ្ចេញមតិយោបល់តាមប្រព័ន្ធអនឡាញ ត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយ «ការឃោសនាប្រឆាំងនឹងរដ្ឋ»។ អ្នកលេង YouTube ម្នាក់ទៀត គឺលោក Phan Son Tung ក៏ត្រូវបានចាប់ខ្លួនផងដែរនៅខែកញ្ញា ក្រោមបទចោទប្រកាន់ដូចគ្នាផងដែរ ហើយ Channel YouTube ទាំង២ របស់លោក Tung ក៏បានបាត់រូបរាងចាប់ពីពេលនោះមក។

ដោយសារលទ្ធភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតកាន់តែមានភាពទូលំទូលាយនៅក្នុងប្រទេសវៀតណាម ចាប់ពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក គណបក្សកុម្មុយនីស្តវៀតណាមបានបន្តព្យាយាមបំបិទសំឡេងប្រឆាំងនៅតាមប្រព័ន្ធអនឡាញ តាមរយៈការបង្កើនការរឹតបន្តឹងនៅលើបណ្តាញអ៊ីនធឺណិត។

នៅជិត ៤ ឆ្នាំ ក្រោយអ្នកធ្វើគោលនយោបាយបានអនុម័តច្បាប់ស្តីពីសន្តិសុខអ៊ីនធឺណិត (Law on Cybersecurity) នៅខែមិថុនា ឆ្នាំ ២០២១ រដ្ឋក៏បានចេញផ្សាយនូវសេចក្តីណែនាំស្តីអំពីការអនុវត្តច្បាប់នេះដែលមានចែងថា «បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាត្រូវតែរក្សាទុកនូវព័ត៌មានរបស់អ្នកប្រើប្រាស់ បូករួមទាំងរបាយការណ៍ហិរញ្ញវត្ថុ, ទិន្នន័យផ្ទាល់ខ្លួន និងទស្សនៈនយោបាយនៅក្នុងប្រទេសវៀតណាមសម្រាប់រយៈពេលយ៉ាងតិច ២ ឆ្នាំ»។

ប្រសិនបើអ្នកប្រើប្រាស់បង្ហោះអ្វីមួយដែលត្រូវបានចាត់ទុកជាការរំលោភលើគោលការណ៍ណែនាំរបស់រដ្ឋាភិបាល អាជ្ញាធរមានសិទ្ធិស្នើសុំទិន្នន័យទាំងនោះបាន។ បញ្ហានេះនឹងបង្កើនសម្ពាធលើក្រុមជនងាយរងគ្រោះ នេះបើយោងតាមលោក Nguyen Khac Giang ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានការស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចវៀតណាម។

លោកបានពន្យល់បន្ថែមថា «ប្រសិនបើសកម្មជនម្នាក់បង្ហោះអ្វីមួយដែលត្រូវបានចាត់ទុកជាការគំរាមកំហែងចំពោះសន្តិសុខរបស់ប្រទេស, រដ្ឋាភិបាលអាចស្នើរសុំឱ្យក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមផ្តល់ព័ត៌មានរបស់អ្នកប្រើប្រាស់រូបនោះ បូករួមទាំងសារជាលក្ខណៈឯកជនផងដែរ។ ពត៌មានទាំងនេះអាចត្រូវគេប្រើប្រាស់ដើម្បីប្រឆាំងនឹងបុគ្គលរូបនោះនៅក្នុងនីតិវិធីព្រហ្មទណ្ឌ»។

លោក Giang បានបន្តថា «ក្រុមជនងាយរងគ្រោះអាចនឹងប្រឈមមុខនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ»។ ក្រឹត្យលេខ ៥៣ បានចូលជាធរមាននៅថ្ងៃទី ០១ ខែតុលា ហើយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានាមានរយៈពេល ១ ឆ្នាំក្នុងការបង្កើតការិយាល័យនៅក្នុងប្រទេសវៀតណាម ដើម្បីចាប់ផ្តើមការរក្សាស្តុកទុកទិន្នន័យនៅក្នុងប្រទេស។

អ្នកជំនាញបានលើកឡើងថា «ក្រឹត្យនេះបានបង្ហាញនូវឆន្ទៈនយោបាយក្នុងការបង្កើនការគ្រប់គ្រងលើបណ្តាញអ៊ីនធឺណិត»។ លោក Zachary Abuza ដែលជាសាស្ត្រាចារនៅ National War College នៅរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា «ការងប់ងល់នឹងការគ្រប់គ្រងបានរីកកាន់តែធំ ហើយរដ្ឋាភិបាលពិតជាកំពុងព្យាយាមប្រើប្រាស់ច្បាប់ ដូចជាក្រឹត្យច្បាប់លេខ ៥៣ នេះដើម្បីបង្កើនហានិភ័យ និងសម្ពាធ»។

នៅឆ្នាំ ២០១៦ យោធាវៀតណាមបានបង្កើតអង្គភាព «Force 47» ឡើង ជាមួយនឹងទាហានជាង ១០ ០០០ នាក់ដែលទទួលបន្ទុកលើការកែតម្រូវ «ទស្សនៈយល់ឃើញខុសឆ្គង» នៅតាមប្រព័ន្ធអនឡាញ។ អង្គភាពនេះត្រូវបានគេដឹងថា ជាអ្នកបង្កើតគេហទំព័រ និងក្រុមគាំទ្ររដ្ឋាភិបាលនៅលើ Facebook និងជាអ្នកប្រមូលរបាយការណ៍របស់អ្នកប្រើប្រាស់ដែលរិះគន់រដ្ឋដើម្បីស្នើឱ្យមានការដកចេញនូវការរិះគន់ទាំងនោះពីបណ្តាញផ្សព្វផ្សាយសង្គម។

នៅខែតុលានេះ អង្គការ Freedom House បានចាត់ចំណាត់ថ្នាក់ប្រទេសវៀតណាមជាប្រទេសដ៏អាក្រក់បំផុតលំដាប់ទី៥ ពាក់ព័ន្ធនឹងសេរីភាពនៅលើបណ្តាញអ៊ីនធឺណិត នៅក្នុងការស្ទង់មតិលើប្រទេសចំនួន ៧០។ លោក Trinh Huu long ដែលជាស្ថាបនិកអង្គការ «Legal Initiatives for Vietnam» បាននិយាយថា «បើទោះបីជាការសង្កត់សង្កិនលើការបញ្ចេញមតិតាមប្រព័ន្ធ អនឡាញមិនមែនជារឿងថ្មីក៏ពិតមែន ក៏ប៉ុន្តែក្រឹត្យលេខ ៥៣ បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការគ្រប់គ្រង»។

លោកបានបន្តថា អ្វីដែលបានកើតឡើងក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះគឺថា «រដ្ឋាភិបាលបានបាត់បង់ការគ្រប់គ្រងលើលំហូរព័ត៌មានតាមរយៈបណ្តាញបរទេស ដូចជា Facebook ជាដើម។ ប៉ុន្តែនៅពេលនេះ ពួកគេកំពុងព្យាយាមបង្កើនការគ្រប់គ្រងតាមរយៈការបង្ខំឱ្យតួអង្គបរទេសគោរពតាមច្បាប់របស់វៀតណាម»។

សម្រាប់លោក Abuza រយៈពេល ២ ឆ្នាំស្តីពីការតម្រូវឱ្យរក្សាស្តុកទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅវៀតណាម នឹងធ្វើឱ្យសកម្មជនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ កាសែត Reuters បានរាយការណ៍ថា «រដ្ឋាភិបាលកំពុងពិចារណាអំពីការអនុវត្តវិធានច្បាប់ថ្មីៗនៅត្រឹមចុងឆ្នាំ ២០២២ នេះដែលនឹងរឹតត្បិតលើការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម»។

លោក Abuza បានលើកឡើងដោយឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត Reuters ថា «ពួកគេមានការភ័យខ្លាចថា Facebook អាចក្លាយជាប្រភពសំខាន់នៃព័ត៌មានសម្រាប់សាធារណជន ហើយពួកគេមានបំណងចង់ឱ្យពលរដ្ឋវិលត្រឡប់ទៅអានព័ត៌មាននៅក្នុងបណ្តាញផ្សព្វផ្សាយរដ្ឋវិញ។ នេះគឺជារបបដែលផ្តោតតែទៅលើការគ្រប់គ្រង»។

សម្រាប់ទស្សនៈយល់ឃើញរបស់លោក Giang «ច្បាប់មួយដែលនឹងរឹតត្បិតលើការចែករំលែកព័ត៌មាននឹងមានការលំបាកក្នុងការអនុវត្ត និងតាមដាន។ ប្រសិនបើច្បាប់នេះចូលជាធរមាន វាអាចបង្កើតឱ្យមានស្ថានភាពមួយដែលមនុស្សគ្រប់គ្នានឹងក្លាយជាជនល្មើសច្បាប់ ហើយបរិយាកាសភ័យខ្លាចនៅលើប្រព័ន្ធអនឡាញនឹងកើតមានឡើង»។

ចាប់តាំងពីការចេញផ្សាយរបាយការណ៍របស់កាសែត Reuters នៅខែកញ្ញាស្តីពីការរឹតបន្តឹងលើការអនវត្តច្បាប់អ៊ីនធឺណិត រដ្ឋមន្ត្រីព័ត៌មានវៀតណាម លោក Nguyen Manh Hung បានប្រកាសនូវបទបញ្ញតិថ្មីៗមួយចំនួន ក្នុងគោលបំណងចាត់វិធានការលើមាតិកាក្លែងក្លាយនៅតាមប្រព័ន្ធអនឡាញ។ នៅថ្ងៃទី ០៤ ខែវិច្ឆិកា រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា «មាតិកាប្រភេទនេះនឹងត្រូវដកចេញនៅក្នុងពេល ២៤ ម៉ោង»។

យោងតាមអ្នកនាំពាក្យនៃការិយាល័យតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ «រដ្ឋាភិបាលកំពុងព្យាយាមខ្ទប់ដង្ហើមបណ្តាញដែលប្រជាជនអាចប្រើដើម្បីជជែកគ្នាអំពីរឿងនយោបាយ, សេដ្ឋកិច្ច និងបញ្ហាសង្គមនៅក្នុងប្រទេសវៀតណាម តាមរយៈការរឹតបន្តឹងកាន់តែខ្លាំងលើបណ្តាញបរទេស បូករួមទាំង Facebook និង Google។ ក្រឹត្យលេខ ៥៣ នឹងបន្ថែមអំណាចដល់អាជ្ញាធរវៀតណាមក្នុងការឃ្លាំមើល និងបៀតបៀនលើក្រុមអ្នកប្រឆាំង»។

អ្នកនាំពាក្យរបស់អង្គការលើកលែងទោសរូបនេះបានគូសបញ្ជាក់បន្ថែមថា «ច្បាប់សន្តិសុខអ៊ីនធឺណិតដ៏តឹងរ៉ឹងរបស់វៀតណាមអាចធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់កាន់តែមានសភាពធ្ងន់ធ្ងរ។ ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់កំពុងតាមដានវៀតណាម ហើយអាចនឹងចម្លងតាមយុទ្ធសាស្ត្ររបស់វៀតណាម។ ប្រសិនបើគ្មានការបន្តដាក់សម្ពាធពីសហគមន៍អន្តរជាតិទេ ចរន្តនេះនឹងបន្តកើតមាននៅកន្លែងផ្សេងទៀត ហើយអាចនឹងកាន់តែអាក្រក់ជាងមុនទៀតផង»។

រយៈពេលអន្តរកាលដ៏យូរចាប់តាំងពីការអនុម័តច្បាប់សន្តិសុខអ៊ីនធឺណិតនៅឆ្នាំ ២០១៨ និងការចេញផ្សាយនូវក្រឹត្យច្បាប់នេះ បានបង្ហាញនូវការប្រទាញប្រទង់គ្នារវាងក្រុមអភិរក្សនិយម និងក្រុមកំណែទម្រង់នៅក្នុងជួររដ្ឋាភិបាល។ អ្នកកំណែទម្រង់មានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានទៅលើកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែពួកអ្នកអភិរក្សនិយមយល់ថា «ការគ្រប់គ្រងលើប្រព័ន្ធអេកូឡូហ្ស៊ីអនឡាញមានន័យស្មើនឹងការរក្សាសន្តិសុខជាតិ»។

រដ្ឋាភិបាលវៀតណាមបានផ្តោតជាពិសេសលើបណ្តាញ Facebook ដោយសារតែប្រជាប្រិយភាពរបស់វានៅក្នុងប្រទេស។ អ្នកប្រើប្រាស់ Facebook មានចំនួនប្រមាណ ៧០ លាននាក់នៅក្នុងប្រទេសវៀតណាម។ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិបានធ្វើតាមការទាមទាររបស់វៀតណាមក្នុងការលុបចោលមាតិការឿង ដោយក្នុងនោះនៅត្រីមាសទីមួយនៃឆ្នាំ ២០២២ Facebook បានគោរពតាម ៩០% នៃសំណើសុំលុបចោលមាតិកា, Google បានគោរពតាម ៩៣% ហើយ TikTok បានគោរពតាម ៧៣% នៃសំណើរសរុប (យោងតាមក្រសួងសារគមនាគមន៍វៀតណាម)។

លោក Abuza បាននិយាយថា «ក្រុមហ៊ុនអន្តរជាតិទាំងនេះបានគោរពតាមការចង់បានរបស់រដ្ឋាភិបាល ក៏ប៉ុន្តែវាគឺជារដ្ឋាភិបាលទេដែលមិនទុកចិត្តពួកគេ»។ លោក Kent Wong ដែលមកពីក្រុមហ៊ុនច្បាប់ «VCI Legal» ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បាននិយាយថា «ការណែនាំស្តីពីការអនុវត្តច្បាប់នេះនៅមានភាពមិនច្បាស់លាស់មួយចំនួន។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់ក៏មានការព្រួយបារម្ភពាក់ព័ន្ធនឹងរបៀបអនុវត្តច្បាប់នេះផងដែរ»។

លោក Wong បានពន្យល់ថា «វាមានការភាន់ច្រឡំពាក់ព័ន្ធនឹងបញ្ហាថា តើទិន្នន័យអាចរក្សាទុកបានតែនៅក្នុងប្រទេសវៀតណាម ឬក៏គេអាចរក្សាទុកត្រឹមតែ ច្បាប់ចម្លង។ នេះគឺជាបញ្ហាបច្ចេកទេសដែលនៅមានភាពមិនច្បាស់លាស់នៅឡើយ»។ ខណៈពេលដែលក្រុមហ៊ុនធំៗអាចនឹងមានលទ្ធភាពទទួលបន្ទុកលើការចំណាយលើការបង្កើតការិយាល័យដើម្បីរក្សាស្តុកទិន្នន័យនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនតូចៗប្រហែលជាមិនមានធនធានដើម្បីធ្វើវានោះទេ។

អ្នកជំនាញផ្នែកសន្តិសុខទិន្នន័យម្នាក់នៅក្នុងប្រទេសវៀតណាមក៏មានការព្រួយបារម្ភដែរពាក់ព័ន្ធនឹងបញ្ហាថា «តើប្រតិបត្តិករសារទូរគមនាគមន៍តូចៗនឹងរក្សាទុកទិន្នន័យដោយរបៀបណា»។ អ្នកជំនាញរូបនេះ បានសុំមិនបញ្ចេញឈ្មោះ ដោយសារតែលោកខ្លាចថា «លោកអាចប្រឈមមុខនឹងការតាមដានពីសំណាក់រដ្ឋាភិបាលវៀតណាមចំពោះការហ៊ាននិយាយអំពីរឿងនេះ»។

លោកបានលើកឡើងទៀតថា «ក្រឹត្យច្បាប់លេខ ៥៣ មិនបានបញ្ជាក់ឱ្យច្បាស់ទេថា តើក្រុមហ៊ុនបច្ចេកវិទ្យាអាចត្រឹមតែស្តុកទុកច្បាប់ចម្លងនៃទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ឬយ៉ាងណា។ ប្រសិនបើមានការអនុញ្ញាតឱ្យរក្សាទុកតែច្បាប់ចម្លង ដោយមានច្បាប់ដើមរក្សាទុកនៅខាងក្រៅប្រទេសវៀតណាម ទិន្នន័យរបស់អ្នកប្រើប្រាស់អាចនឹងមានសុវត្ថិភាពជាងមុនបន្តិច»។

លោករំពឹងថា «តួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាចនឹងប្រើប្រាស់ចន្លោះប្រហោង ក៏ប៉ុន្តែបណ្តាក្រុមហ៊ុនដែលមិនសូវមានបទពិសោធន៍ ប្រហែលជាមិនអាចធ្វើដូចនេះបានទេ ដោយសារកង្វះអ្នកជំនាញ»។ សម្រាប់ការយល់ឃើញរបស់លោក Wong «ការទាមទារឱ្យធ្វើតំបន់ភាវូបនីយកម្មទិន្នន័យ អាចត្រូវបានចាត់ទុកជាទង្វើដ៏វៃឆ្លាតក្នុងការប្រមូលពន្ធ។ នេះគឺជាភាពវៃឆ្លាតមួយរបស់រដ្ឋាភិបាលវៀតណាម»។

លោក Abuza ក៏បានយល់ស្របទៅនឹងផលប្រយោជន៍ទាក់ទងនឹងប្រាក់ចំណេញនេះផងដែរ។ មជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងស្រុកដំបូងគេរបស់វៀតណាមបានបើកជាផ្លូវការនៅថ្ងៃទី ១៥ សីហានៅទីក្រុងហូជីមិញ។ យោងតាមលោក Abuza «ឥស្សរជននយោបាយលេចធ្លោរមួយចំនួនគឺជាវិនិយោគិននៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ Tan Thuan CMC Data Center នេះ»។

អ្នកជំនាញអនាមិកផ្នែកសន្តិសុខទិន្នន័យបានសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថា «ច្បាប់សន្តិសុខអ៊ីនធឺណិតត្រូវបានដាក់ចេញដើម្បីការពារពលរដ្ឋ»។ សម្រាប់លោក «ការដែលរដ្ឋាភិបាលអាចមានសិទ្ធិចូលទៅប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ គឺពិតជារឿងដែលគ្រោះថ្នាក់ណាស់»។

លោកបានបន្ថែមថា «ក្នុង​នាម​ជា​ជន​ជាតិ​វៀតណាម ខ្ញុំ​ខ្លាចរដ្ឋាភិបាល​របស់​ខ្ញុំ​ជាងខ្លាចក្រុមហ៊ុន Google ឬ Facebook។ ជាការពិតណាស់ ខ្ញុំមិនចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗលួចមើលទិន្នន័យរបស់ខ្ញុំទេ ក៏ប៉ុន្តែខ្ញុំគិតថា Google ឬ Facebook មិនអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំទេ បើប្រៀបធៀបទៅនឹងរដ្ឋាភិបាលរបស់ខ្ញុំ»៕

Southeast Asia Globe