វៀតណាម៖ ស្ត្រីពីរនាក់បង្ហោះសារប្រឆាំងរដ្ឋាភិបាលលើ Facebook ត្រូវកាត់ទោសដាក់ពន្ធនាគារម្នាក់៥ឆ្នាំ និងម្នាក់ទៀត៦ឆ្នាំ
តុលាការប្រទេសវៀតណាមបានសម្រេចផ្តន្ទាទោសស្ត្រីពីររូបដាក់ពន្ធនាគារដោយ ម្នាក់ត្រូវជាប់ ០៥ឆ្នាំ និងម្នាក់ទៀតរហូតដល់ ០៦ឆ្នាំ ពីបទបង្ហោះសារជាអត្ថបទ និងវីដេអូ ដែលមានន័យប្រឆាំងរដ្ឋាភិបាលទីក្រុងហាណូយ នៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។
ស្ត្រីពីររូបដែលត្រូវបានសម្រេចឲ្យជាប់ពន្ធនាគារខាងលើនេះ ម្នាក់មានឈ្មោះថា វូ ធីឌុង (Vu Thi Dung) និងម្នាក់ទៀតឈ្មោះ ង្វៀន ធីង៉ុកសួង (Nguyen Thi Ngoc Suong)។ ពួកគេត្រូវបានតុលាការរកឃើញថា បានបង្ហោះសារជាអត្ថបទ និងវីដេអូឃ្លីបនៅលើបណ្តាញសង្គមដ៏ល្បី Facebook ដែលត្រូវបានគេគណនាថា មានប្រជាជនវៀតណាមរហូតដល់ទៅជាង ៤៥លាននាក់កំពុងប្រើប្រាស់។
សារដែលស្ត្រីទាំងពីរនាក់ខាងលើបានបង្ហោះ គឺជាការសម្តែងមតិប្រឆាំងចំពោះគំរោងកសាង តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន និងការបង្កើតសន្តិសុខព័ត៌មានវិទ្យា តាមរយៈការដាក់ ឲ្យអនុវត្តន៍ច្បាប់តឹងរ៉ឹងថ្មីរបស់រដ្ឋាភិបាលវៀតណាម។ តុលាការវៀតណាមបានសម្រេចថា ស្ត្រីទាំងពីររូប ពិតជាបានបង្ហោះ និងចែកចាយព័ត៌មាន ឯកសារ ព្រមទាំងភស្តុតាងនានា ដែលមានអត្ថន័យប្រឆាំងទៅនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម។
គួរបញ្ជាក់ថា ច្បាប់រឹតបន្តឹងសន្តិសុខព័ត៌មានវិទ្យាថ្មីរបស់វៀតណាម គឺតម្រូវឲ្យក្រុមហ៊ុន ផ្គត់ផ្គង់សេវាអ៊ីនធើណែតទាំងអស់នៅក្នុងស្រុក ផ្តល់ព័ត៌មាននានារបស់ម្ចាស់គណនី និងលុបចោលនូវការបង្ហោះ ឬចែកចាយនានា ដែលត្រូវបានស្នើសុំឲ្យដោយរដ្ឋាភិបាល។ ដោយឡែកពាក់ព័ន្ធនឹងគំរោងកសាងតំបន់សេដ្ឋកិច្ចពិសេសវិញនោះ ក៏បាននិងកំពុងក្លាយ ជាប្រធានបទរសើបផងដែរក្នុងសង្គមវៀតណាម ហើយការតវ៉ាជាច្រើនកន្លែងទូទាំងប្រទេស បានកើតឡើងរួចមកហើយ ខណៈអគាររដ្ឋមួយចំនួនបានរកការខូចខាត៕