ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្ម សម្តែងការមិនពេញចិត្តជុំវិញការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៅសហរដ្ឋអាមេរិក ដែលចោទពីបទសមគំនិតរត់ពន្ធសត្វស្វាក្តាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកសារ 59
ក្រសួងកសិកម្ម សម្តែងការមិនពេញចិត្តជុំវិញការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៅសហរដ្ឋអាមេរិក ដែលចោទពីបទសមគំនិតរត់ពន្ធសត្វស្វាក្តាម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មផ្ដល់កិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ (រូបថត៖ វាយោ)

ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងការមិនពេញចិត្តចំពោះការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ក្នុងអំឡុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស ( CITES) នៅប្រទេសប៉ាណាម៉ា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម បានបង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ជុំវិញការឃាត់ខ្លួន លោក គ្រី ម៉ះផល ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។

ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺរឿងគួរឱ្យហួសចិត្តជាទីបំផុត ដែលលោកត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ក្រសួងកសិកម្ម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួន។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មបាន បញ្ជាក់ថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែលត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។

ក្រសួងកសិកម្មបញ្ជាក់បន្ថែមថា ការនាំចេញសត្វស្វាក្តាម ត្រូវអនុញ្ញាតឱ្យនាំចេញ ដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក គឺត្រូវបានអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិកផងដែរ៕

Fresh News

អត្ថបទទាក់ទង