រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “សេវាព័ត៌មានទីផ្សារកសិកម្ម”
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល មានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវ “សេវាព័ត៌មានទីផ្សារកសិកម្ម” ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី នាងកញ្ញា ដែលថ្នាក់ដឹកនាំក្រសួង ជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនជាភ្ញៀវកិត្តិយសផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពអឺរ៉ុបដែលតំណាង ដោយលោក George Edgar ឯកអគ្គរដ្ឋទូត ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈកម្មវិធី “ជំរុញកំណើន វិស័យកសិកម្ម ប្រកបដោយចីរភាពនិងបរិយាប័ន្ន” និងអង្គការស្បៀង អាហារពិភពលោកប្រចាំប្រទេសកម្ពុជា(WFP) តំណាងដោយលោកស្រី Francesca Erdelmann ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍គេហទំព័រ សេវាព័ត៌មានទីផ្សារកសិកម្មដែលជាប្រភព ផ្តល់នូវព័ត៌មានអំពីតម្លៃកសិផលទាន់ពេលវេលាឱ្យបានដល់កសិករ អាជីវករ និងអ្នកពាក់ព័ន្ធទូទាំងប្រទេសប្រកបដោយភាពកក់ក្តៅ និងជឿទុកចិត្តបាន។
ការរៀបចំកម្មវិធីនាថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីចែកពីរំលែក បទពិសោធន៍ បញ្ហាប្រឈមដែលវិស័យសាធារណៈ ឯកជន និងសហគមន៍ កសិករជួបប្រទះ ដើម្បីកំណត់នូវអាទិភាពនៃបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាសម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករដែលមានជីវភាពរស់នៅដោយពឹងអាស្រ័យលើមុខរបរកសិកម្មជាចម្បង។
ទន្ទឹមនឹងនេះ លោក វេង សាខុន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការរបស់ខ្លួនមកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់ ទន្ទឹមនឹងនេះ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយ យ៉ាងសំខាន់ដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមជនបទកម្ពុជា។ នេះជាការបង្ហាញឲ្យឃើញថា កសិករកម្ពុជាបាន និងកំពុងប្រែក្លាយ ខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានតម្លៃបន្ថែម ក្នុងជីវភាពរស់នៅរបស់ខ្លួន។
ជាមួយគ្នានេះក្នុងបរិបទនេះ យើងក៏សង្កេតឃើញថា មានស្ថាប័នជា ច្រើនទាំងរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បាននិងកំពុងផ្តល់ សេវាកម្ម ដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើដល់កសិករនៅមូល ដ្ឋានយ៉ាង សស្រាក់សស្រាំហើយក៏មានកសិករជាច្រើនបានក្រេប ជញ្ជក់យកបទពិសោធន៍ និងទេពកោសល្យទាំងអស់នោះយកទៅ អនុវត្តប្រកបដោយភាពឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតដោយទទួលបាន លទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់នៅក្នុងតំបន់ជាច្រើនទៅតាមអនុវិស័យនីមួយៗ។
ទន្ទឹមនឹងនេះ វិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមបាន និងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវ-ការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែចង្វាក់ផលិត កម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់ លើកកម្ពស់ការនាំចេញ ជាពិសេស ការបន្តពង្រឹង និងពង្រីកសមត្ថភាព សហគមន៍កសិកម្មឲ្យក្លាយជាសហគ្រាសសេដ្ឋកិច្ចជនបទសម្រាប់ ភាពជាដៃគូជាមួយឯកជន តាមរយៈផលិតកម្ម កសិកម្ម តាមកិច្ចសន្យា។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី បានផ្តល់នូវចំណាប់អារម្មណ៍មួយ ចំនួនដើម្បី ជាសារជូនអង្គពិធីទាំងមូលដូចខាងក្រោម៖
ទី១- ត្រូវខិតខំផ្ទេរនូវបច្ចេកវិទ្យាទៅកាន់តំបន់ជនបទ ក្នុងទិសដៅបង្កើន ការអភិវឌ្ឍវិស័យកសិកម្មក្នុងស្រុក ជាពិសេសសម្រាប់ជាប្រយោជន៍ ដល់ កសិករខ្នាតតូច ដើម្បីបង្កើនផលិតភាពកសិកម្ម និងពង្រឹងវិស័យកសិកម្មដោយរួមបញ្ចូលព័ត៌មានថ្មីៗ និងទាន់ពេលមានជាអាទិ៍ ការប្រើប្រាស់ពូជថ្មី បញ្ហាប្រឈមផ្សេងៗដូចជាជំងឺ ការព្យាករណ៍អាកាសធាតុ តម្លៃ ព័ត៌មានទាន់ហេតុ ការណ៍ប្រាប់ឲ្យដឹងមុនជាដើម។
ទី២- ត្រូវរួមចំណែកទាំងអស់គ្នាក្នុងការផ្តល់សេវាព័ត៌មានទីផ្សារកសិកម្ម ដែលជាធាតុផ្សំយ៉ាងសំខាន់ក្នុងដំណើរការទីផ្សារសំដៅជួយបង្កើននូវតម្លៃបន្ថែម និងប្រាក់ចំណូលដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកសិករខ្នាតតូច។ ត្រូវធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារកសិកម្ម នឹងជួយកសិករខ្នាតតូចព្រមទាំងជាអាជីវករឱ្យទទួលបានផលប្រយោជន៍ច្រើនពីផលិតផលកសិកម្ម ពោលគឺកសិករអាចដឹងអំពីផែនការដាំដុះ ទៅតាមសក្តានុពលដី តម្រូវការទីផ្សារ មិនធ្វើតាមគ្នាដើម្បីទទួលបាន ផលប្រកបដោយគុណភាព និងបរិមាណ។ និយាយរួម ត្រូវគិតគូរតាមគ្រប់ រូបភាពឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាដើម្បីផ្តល់ព័ត៌មានទីផ្សារកសិកម្មប្រើប្រាស់ជាប្រយោជន៍រួមក្នុងការជំរុញការធ្វើផលិតកម្មតម្រង់ទិសទៅរកទីផ្សារប្រកបដោយគុណភាព។
ទី៣- ត្រូវខិតខំបញ្ជូនសារជាអក្សរ ដល់អ្នកប្រើប្រាស់ដើម្បីទទួលបាន នូវតម្លៃកសិផលគ្រប់ពេល និងគ្រប់ទីកន្លែង។ ជាងនេះទៅទៀត គេហទំព័រសេវាព័ត៌មានទីផ្សារកសិកម្ម ក៏ត្រូវបង្ហាញពីបច្ចុប្បន្នភាព នៃតម្លៃកសិផល តាមរយៈការប្រមូលទិន្នន័យតម្លៃកសិផលអន ឡាញទូទាំង២៥ រាជធានី ខេត្ត។ គេហទំព័រនេះ ក៏ជាកន្លែងដាក់ព័ត៌មានទីផ្សារអនឡាញភ្ជាប់បណ្តាញអ្នកលក់ និងអ្នកទិញផងដែរ។ ក្នុងន័យនេះ សេវាព័ត៌មានទីផ្សារកសិកម្ម គឺរួមចំណែកក្នុងការសម្រេចគោលដៅ “ឌីជីថល” របស់រាជរដ្ឋាភិបាលកម្ពុជា។
ទី៤- ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកការធ្វើពិធីកម្ម និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិនៅក្នុងរយៈ ពេលចំពោះមុខនេះវិស័យកសិកម្មកម្ពុជាត្រូវតែទទួលបាននូវកាលានុវត្តភាពបន្ថែមទៀតសម្រាប់ការពង្រឹងនូវឧត្តមភាពប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។
ដូច្នេះដើម្បីសម្រេចបាននូវគោលដៅនេះគឺ ចាំបាច់ត្រូវបង្កើតឱ្យមានយន្ត ការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ដោយផ្សារភ្ជាប់នឹងការស្រាជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យា និងផែនការដាំដុះ ប្រមូលផល និងកែច្នៃជាមួយនឹងការបន្តពង្រឹង ការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យឱ្យក្លាយឧបករណ៍ ដ៏មាន ប្រសិទ្ធភាពមួយនៅក្នុងកិច្ចដំណើរការចរចា បើកទីផ្សារផលិត ផលកសិកម្ម ទាំងក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពាណិជ្ជកម្មសេរីពហុភាគី៕