ខ្មែរប៉ុស្ដិ៍ Close

អ្វីដែលឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអាស៊ានអាចធ្វើបាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 149
អ្វីដែលឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអាស៊ានអាចធ្វើបាន អ្វីដែលឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអាស៊ានអាចធ្វើបាន

លោក Yohannes Abraham ដែលជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំអាស៊ាន បានបង្ហាញសារតាំងរបស់ខ្លួនជូនដល់អគ្គលេខាធិការអាស៊ាននៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីបានទុកចន្លោះទំនេរអស់រយៈពេល ៥ ឆ្នាំ ចាប់តាំងពីឯកអគ្គរដ្ឋទូតមុន គឺលោកស្រី Nina Hachigian ដែលបានចាកចេញនៅឆ្នាំ ២០១៧។ លោក Abraham គឺជាអតីតនាយសេនាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ។

ក្នុងអំឡុងពេលប្រកាសបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ប្រធានាធិបតី Biden បានចាត់តាំងលោក Abraham ឱ្យធ្វើជា «អ្នកតំណាងដ៏គួរឱ្យទុកចិត្ត» ដើម្បីបន្តពង្រឹងភាពជាដៃគូដ៏សំខាន់ជាមួយអាស៊ាន។

ប្រការនេះបានកើតឡើងបន្ទាប់ពីការមិនអើពើអស់រយៈពេល ៤ ឆ្នាំ របស់រដ្ឋបាលលោក Trump ដែលនៅពេលនោះ សហរដ្ឋអាមេរិកត្រូវបានតំណាងដោយភារធារីសរុបចំនួន ៥ រូប នៅក្នុងបេសកកម្មប្រចាំអាស៊ាននៅទីក្រុងហ្សាកាតា។ គួរកត់សម្គាល់ផង ដែរថា «សហរដ្ឋអាមេរិកគឺជាប្រទេសមិនមែនអាស៊ានដំបូងគេដែលបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ានក្នុងឆ្នាំ ២០១០»។

ការមើលងាយរបស់លោក Trump ចំពោះពហុភាគីនិយម និងកង្វះចំណាប់អារម្មណ៍ចំពោះអាស៊ាន ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅពេលដែលលោកបានចូលរួមតែនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅឆ្នាំ ២០១៧ ជាមួយអាស៊ាន និងបានអវត្តមានពីកិច្ចប្រជុំទាំងអស់របស់អាស៊ាននៅក្នុងអំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតី។

រដ្ឋបាល Biden បានបង្ហាញអំពីការប្តេជ្ញាចិត្តជាថ្មីចំពោះតំបន់អាស៊ីអាគ្នេយ៍។ ការតែងតាំងឡើងវិញនូវឯកអគ្គរដ្ឋទូតដើម្បីគ្រប់គ្រងទំនាក់ទំនងអាស៊ាន-អាមេរិក ត្រូវបានធ្វើឡើងបន្ទាប់ពីមានការតែងតាំងយ៉ាងឆាប់រហ័សនូវឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសប្រ៊ុយណេ, ហ្វីលីពីន, សិង្ហបុរី, ថៃនិងវៀតណាម។

ក្រុមការងាររបស់សហរដ្ឋអាមេរិក (Team USA) បានវិលត្រឡប់មកវិញយ៉ាងពេញកម្លាំង ដើម្បីធ្វើការបញ្ជូនសាររបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់ប្លុកដែលស្ថិតនៅចំកណ្តាលនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយនេះ និងដែលជាសង្វៀនដ៏សំខាន់សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ចាប់តាំងពីការឡើងកាន់តំណែងមក លោក Biden មិនបានខ្ជះខ្ជាយពេលវេលានោះទេ និងបានចាប់យករាល់ឱកាសដើម្បីប៉ះប៉ូវនូវការធ្វេសប្រហែសរបស់អ្នកកាន់តំណែងមុនតាមរយៈការរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាបន្តបន្ទាប់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះរួមមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតី Kamala Harris, រដ្ឋមន្ត្រីការបរទេស Anthony Blinken, រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងរដ្ធមន្ត្រីពាណិជ្ជកម្ម Gina Raimondo។

ឯកអគ្គរដ្ឋទូត Abraham នឹងមានភារកិច្ចដ៏ធំនៅចំពោះមុខ ខណៈពេលដែលលោកកំពុងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី២ រវាងលោក Biden ជាមួយនឹងបណ្តាមេដឹកនាំអាស៊ាននៅខែក្រោយនៅទីក្រុងភ្នំពេញ។ សហរដ្ឋអាមេរិកបានដឹងថា «ពេលនេះគឺជាឱកាសដ៏ល្អក្នុងការពង្រឹងជំហររបស់ខ្លួនឡើងវិញជាមួយអាស៊ាន នៅចំពេលដែលភាគីទាំងពីរកំពុងប្រារព្ធខួបលើកទី ៤៥ នៃទំនាក់ទំនងសន្ទនា»។

ឯកអគ្គរដ្ឋទូត Abraham នឹងទទួលខុសត្រូវលើការចរចាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ជាមួយអាស៊ានដែលគ្រោងនឹងប្រកាសតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូល។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងអាចក្លាយជាដៃគូសន្ទនាទី៣ ដែលនឹងទទួលបានឋានៈនេះ បន្ទាប់ពីប្រទេសចិន និងអូស្ត្រាលី ដែលបានទទួលឋានៈនេះកាលពីខែតុលាឆ្នាំមុន។

អាស៊ានបានអះអាងថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) មិនបង្ហាញអំពីការកើនឡើងនៃកម្រិតភាពជាដៃគូទេ។ ភាពជាដៃគូនេះអាចត្រូវបានចាត់ទុកជាការសម្រេចចិត្តផ្នែកនយោបាយ និងមិនមានជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ឬកាតព្វកិច្ចទៅវិញទៅមកណាមួយនៅះទេ»។

ទោះជាយ៉ាងណាក៏ដោយ ភាពជាដៃគូ CSP នឹងផ្តល់នូវការសម្របសម្រួលផ្នែកយុទ្ធសាស្ត្រកាន់តែល្អប្រសើររវាងអាស៊ាន និងសហរដ្ឋអាមេរិក បូករួមទាំងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការអនុវត្តរបស់អាស៊ាននូវទស្សនវិស័យស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ឬការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ និងចំពោះទំនាក់ទំនងជាមួយអាស៊ាន ប្រធានាធិបតី Biden បានប្រកាសផ្តល់ទឹកប្រាក់បន្ថែមចំនួន ១៥០ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើន នៅក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកកាលពីខែឧសភា។

គំនិតផ្តួចផ្តើមទាំងនេះនឹងរួមបញ្ចូលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថ្មីស្តីពីអាកាសធាតុនិងបរិស្ថាន, ថាមពល, សុខភាព, ការដឹកជញ្ជូន និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក៏ដូចជាគំនិតផ្តួចផ្តើមសន្តិសុខដែនសមុទ្រក្នុងតំបន់ (ដែលមានទំហំ ៦០ លានដុល្លារ) ដែលរួមមានការពង្រីកកិច្ចសហប្រតិបត្តិការនិងការបណ្តុះបណ្តាលឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលពិសេសក៏បានសម្រេចជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (ជាមួយនឹងការប្តេជ្ញាប្រើប្រាស់ថវិកា ៤០ លានដុល្លារអាមេរិក), អនាគតសេដ្ឋកិច្ច, សមាហរណកម្មឌីជីថល, សន្តិសុខសុខភាព, ការអប់រំ និងការចូលរួមរបស់យុវជន។ បញ្ជីដ៏វែងនៃសកម្មភាពថ្មីៗទាំងនេះ មិនមែនជាកិច្ចការដ៏ងាយស្រួលនោះទេសម្រាប់ឯកអគ្គរដ្ឋទូតថ្មី។ វានឹងក្លាយជាដំណើរដ៏លំបាកក្នុងការប្រែក្លាយមហិច្ឆិតានយោបាយឱ្យក្លាយទៅជាការពិត និងឱ្យចេញជាសកម្មភាពជាក់ស្តែង។

អាស៊ានត្រូវធានាឱ្យបានថា «គោលបំណងរបស់អាមេរិកនឹងមានលក្ខណៈស្របគ្នានឹងផលប្រយោជន៍ និងអាទិភាពរបស់អាស៊ាន» ដែលនេះមានន័យថា «សហរដ្ឋអាមេរិកត្រូវធ្វើការពិគ្រោះយោបល់ជាមួយបណ្តាស្ថាប័នរបស់អាស៊ាននៅក្នុងវិស័យនានា និងជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានដើម្បីឱ្យប្រាកដថា គំនិតផ្តួចផ្តើមទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់សមាជិកអាស៊ានទាំងអស់»។

ជាមួយនឹងគោលនយោបាយការបរទេសរបស់ប្រទេសនានាដែលបានបន្តរងសម្ពាធពីទំនាក់ទំនងទ្វេភាគី គំនិតផ្តួចផ្តើមសម្រាប់អាស៊ានដែលត្រូវបានជំរុញជាឯកតោភាគីដោយសហរដ្ឋអាមេរិក និងដែលផ្តោតតែ ទៅលើប្រទេសអាស៊ានជាក់លាក់មួយចំនួន នឹងមិនផ្តល់ផលល្អនោះទេ សម្រាប់អាស៊ានក្នុងនាមជាស្ថាប័នមួយ។

ជាក់ស្តែង ទម្រង់កិច្ចសហប្រតិបត្តិការដែលផ្តោតទៅលើប្រទេសអាស៊ានជាក់លាក់បែបនេះ នឹងធ្វើឱ្យប្លុកក្នុងតំបន់នេះរងនូវការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំង ខណៈដែលពួកគេកំពុងជួបប្រទះនឹងភាពតានតឹងស្រាប់ ដោយសារការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។

ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) គឺជាឧទាហរណ៍មួយ ដោយក្នុងនោះសហរដ្ឋអាមេរិកបានជ្រើសរើសធ្វើការតែជាមួយប្រទេសដែលមានចិត្តគំនិតដូចគ្នា និងមិនបានរាប់បញ្ចូលប្រទេសដទៃទៀតនៅក្នុងអាស៊ាននោះទេ ដូចជាប្រទេសកម្ពុជា, ឡាវ និងមីយ៉ាន់ម៉ា។ អាណត្តិថ្មីរបស់ឯកអគ្គរដ្ឋទូត Abraham នៅអាស៊ានក្នុងគ្រាដ៏លំបាកបំផុតបែបនេះនឹងមានសារៈសំខាន់ខ្លាំងណាស់។

លោកត្រូវតែបណ្តុះការជឿទុកចិត្តជាយុទ្ធសាស្រ្ត បូករួមនឹងការរក្សាតុល្យភាពនៃផលប្រយោជន៍របស់ប្រទេសទាំង ១០ ទល់នឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាមួយនិងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ការធានាឱ្យបាននូវការទទួលស្គាល់ជាឯកច្ឆ័ន្ទពីសមាជិកអាស៊ានទាំង១០ នឹងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ឯកអគ្គរដ្ឋទូត Abraham។

ការចូលរួមប្រកបដោយបរិយាប័ន្នរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន នឹងមានសារៈសំខាន់ក្នុងការលើកកម្ពស់ការរួបរួមនៅក្នុងតំបន់ និងក្នុងការការពារការបែកបាក់គ្នានៅក្នុងក្រុម។ អ្វីដែលសំខាន់នោះគឺ «អាស៊ានស្វាគមន៍នូវរាល់ការចូលរួមទាំងឡាយណាដែលនឹងមិនបង្ខំឱ្យអង្គការតំបន់មួយនេះជ្រើសយកភាគីណាមួយ នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោក»៕

Fulcrum

អត្ថបទទាក់ទង