ខ្មែរប៉ុស្ដិ៍ Close

ប្រធានក្រុមហ៊ុនច្បាប់របស់អាមេរិកកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 67
ប្រធានក្រុមហ៊ុនច្បាប់របស់អាមេរិកកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ប្រធានក្រុមហ៊ុនច្បាប់របស់អាមេរិកកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា

នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP)។ នៅក្នុងជំនួបនេះ លោក Matthew Anthony Tayler បានជម្រាបជូនអំពីក្រុមហ៊ុនដនម៉ូរីស ដែលមានអាយុកាល១១៥ឆ្នាំមកហើយដែលបានបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) សហរដ្ឋអាមេរិក មានសាខា៣០ និងមានសមាជិកមេធាវី ប្រមាណ៨០០នាក់។

ដំណើរទស្សនកិច្ចរបស់ លោក Matthew Anthony Tayler មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី ហើយការរៀបចំនៅកម្ពុជានេះ គឺជាឱកាសដល់លោកក្នុងការដឹកនាំប្រតិភូមេធាវីរបស់លោក និងមេធាវីដទៃទៀតឱ្យបានស្គាល់ពីកម្ពុជាផងដែរ។ គណៈប្រតិភូរបស់លោក បានកោតសរសើរយ៉ាងខ្លាំង នៅពេលបានទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាប្រាសាទមួយដ៏ល្អឆ្នើមជាទីបំផុត ជាមួយនឹងការទទួលស្វាគមន៍យ៉ាងរីករាយពីប្រជាជនកម្ពុជា បានធ្វើឱ្យប្រតិភូរបស់លោក មានការសប្បាយរីករាយយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ លោក Matthew Anthony Tayler បានកោតសរសើរនៅពេលដែលបានមកឃើញដោយផ្ទាល់ភ្នែកអំពីប្រទេសកម្ពុជារីកចម្រើនដ៏ល្អស្អាត។

លោក Matthew ក៏បានជម្រាបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា ការចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ីនៅកម្ពុជានេះ គឺដើម្បីស្វែងយល់អំពីកម្ពុជាកាន់តែច្រើនឡើងដើម្បីធ្វើយ៉ាងណាឱ្យមេធាវីរបស់លោកអាចជួយផ្ដល់សេវាកម្មផ្នែកច្បាប់ដ៏មានប្រសិទ្ធភាព និងតម្លាភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនដែលមកធ្វើវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេលជាង៤០ឆ្នាំជាងកន្លងមកនេះ កម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង។ បើយើងមើលកម្ពុជាពេលនេះ ហាក់ដូចជាគ្មានអ្វីកើតឡើងពីមុនទេ។ នៅពេលនេះ កម្ពុជាកំពុងតែប្រឈមនឹងការស្ទះចរាចរណ៍ផង និងការគ្រោះថ្នាក់ចរាចរណ៍ផង។ ប៉ុន្តែបើយើងមើលទៅ ៤០ឆ្នាំមុន នៅទីក្រុងភ្នំពេញ លោកផ្ទាល់បានជួបប្រជាជនប្រមាណតែ៧០នាក់ប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បនេះ កំណើនប្រជាជនក៏បានកើនឡើង។ កម្ពុជាបានជម្នះលើឧបសគ្គនិងបញ្ហាបានច្រើន ហើយក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនទៀតដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ក្នុងន័យនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើអោយប្រតិភូ និង លោក Matthew ផ្ទាល់ពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយបានដល់កម្ពុជាបាន ជាពិសេសលើសេវាកម្មផ្លូវច្បាប់ និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកច្បាប់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូលោក Matthew ផងដែរថា កាលពីដើមឡើយកម្ពុជាមិនអនុញ្ញាតឱ្យជនបរទេសមកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែក្រោយពីកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះចេញហើយ។ ក្រុមហ៊ុនបរទេសអាចមកបង្កើតក្រុមហ៊ុនបាន។ វត្តមានក្រុមហ៊ុនបរទេស និងមេធាវីបរទេសនៅកម្ពុជា គឺបានជួយលើកទឹកចិត្ត និងបង្កើនជំនឿទុកចិត្តដល់វិនិយោគគិនបរទេសមកវិនិយោគនៅកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូលផងដែរអំពីអ្វីដែលលោកបានសម្រេចកាលពីម្សិលមិញ គឺបញ្ហាពាក់ព័ន្ធទៅនឹងការការពារស្ត្រី ដែលកន្លងមកមានករណីមួយចំនួនដែលពុំបានធ្វើការកាត់ក្តី ដោយសារខ្វះមេធាវី។ លោក នឹងរៀបចំឱ្យមានក្រុមមេធាវីផ្ទាល់របស់លោក ដើម្បីជួយការពារស្ត្រីក្រីក្រទទួលបានទទួលការកាត់ក្តីបានលឿនចៀសវាងការឃុំខ្លួនលើសពេលវេលា។ លោកគ្រោងជ្រើសរើសមេធាវីជាសមាជិកប្រមាណ៥០នាក់ ដែលអាចបែងចែក ២នាក់ប្រចាំខេត្តនីមួយៗ។ កិច្ចការពារក្តីនេះ មិនកំណត់ការពារឱ្យតែស្ត្រីនោះទេ ប៉ុន្តែការពារករណីផ្សេងទៀត ដែលធ្វើយ៉ាងណាជួយឱ្យសង្គម និងប្រជាពលរដ្ឋខ្មែរមានយុត្តិធម៌អនុវត្តតាមនីតិរដ្ឋ៕

អត្ថបទទាក់ទង