ខ្មែរប៉ុស្ដិ៍ Close

តើពេលវេលាពិតជារំកិលឆ្ពោះទៅរកសង្រ្គាមនៅកោះតៃវ៉ាន់ឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 63
តើពេលវេលាពិតជារំកិលឆ្ពោះទៅរកសង្រ្គាមនៅកោះតៃវ៉ាន់ឬ? កងទ័ព PLA កំពុងបង្កើតការហ្វឹកហ្វឺន។ ក្តីបារម្ភកំពុងកើនឡើងថា ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ការព្យាយាមឈ្លានពានលើកោះតៃវ៉ាន់។ រូបថត៖ បញ្ជាការដ្ឋានខាងកើតរបស់ចិន

គណបក្សកុម្មុយនីស្តចិន (CCP) បានអំពាវនាវឱ្យបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដើម្បីអាចឈានទៅសម្រេចឱ្យបាននូវ «ការបង្រួបបង្រួមជាតិ» ជាមួយកោះតៃវ៉ាន់ បន្ទាប់ពីគណៈកម្មការយោធាថ្មីត្រូវបានបង្កើតឡើងកាលពីថ្ងៃអាទិត្យ។

លោក Zhang Youxia ដែលជាអនុប្រធានគណៈកម្មការយោធាមជ្ឈឹម (CMC) របស់គណបក្សកុម្មុយនីស្តចិន បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី ២៥ ខែតុលាថា «កងទ័ពចិននឹងធ្វើកំណែទម្រង់ និងពង្រឹងការច្នៃប្រឌិតរបស់ខ្លួនឱ្យបានកាន់តែស៊ីជម្រៅ, នឹងផ្លាស់ប្តូររបៀបហ្វឹកហ្វឺន, ជ្រើសរើសមនុស្សថ្មីៗ ដែលមានទេពកោសល្យ ហើយនឹងបន្តរៀនសូត្រពី ស្មារតីនៃសមាជបក្សលើកទី ២០»។

របាយការណ៍ពេញលេញនៃសមាជបក្សដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា «អគ្គលេខាធិការ ស៊ី ជីនពីង បានលើកឡើងទាក់ទងនឹងការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ក៏ប៉ុន្តែលោកក៏បានរំលេចឡើងអំពីការបង្រួបបង្រួមដោយប្រើកម្លាំងផងដែរនៅក្នុងសុន្ទរកថារបស់លោកនៅថ្ងៃទី ១៦ ខែតុលា»។

ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ និងអ្នកអត្ថាធិប្បាយផ្សេងៗទៀត បាននិយាយថា «ហានិភ័យនៃការអាចកើតមានការលុកលុយដោយកងទ័ព PLA នៅក្នុងពេលឆាប់ៗ បានកើនឡើងនៅក្រោយសមាជបក្ស» ដោយក្នុង នោះ មតិជាច្រើនបានលើកឡើងថា «សង្រ្គាមនៅច្រកសមុទ្រតៃវ៉ាន់ អាចនឹងផ្ទុះឡើងនៅចន្លោះឆ្នាំ ២០២៥-២០២៧ និងមិនទំនងជាផ្ទុះឡើងនៅមុនឆ្នាំ ២០២៤ នោះឡើយ»។

សូមអាន មិនទាន់មាន «ស្ថានភាពធម្មតាតាមគន្លងថ្មី» នៅច្រកសមុទ្រតៃវ៉ាន់នៅឡើយទេ

កាលពីថ្ងៃចន្ទ ទីផ្សារហ៊ុន «Hang Seng Index» របស់ទីក្រុងហុងកុងបានធ្លាក់ចុះជាង ១.០០០ ពិន្ទុ មកនៅត្រឹមតម្លៃ ១៥.១៨០ ដែលជាកម្រិតទាបបំផុតនៅក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ។ នេះគឺជាការឆ្លើយតបផ្នែកទីផ្សារទៅនឹងថ្នាក់ដឹកនាំថ្មីរបស់ចិនដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃអាទិត្យ បូករួមនឹងការភ័យខ្លាចអំពីការដែលអាចនឹងផ្ទុះឡើងនៃជម្លោះតៃវ៉ាន់។ ទីផ្សារហ៊ុននេះបានស្ទុះងើបឡើងវិញ ១% កាលពីថ្ងៃពុធ ក៏ប៉ុន្តែនៅតែធ្លាក់ចុះ ៥,៥% បើធៀបនឹងកាលពីថ្ងៃសុក្រមុន។

នៅថ្ងៃទី ២២ ខែតុលា សមាជជាតិរបស់គណបក្ស CPC លើកទី ២០ ដែលមានរយៈពេល ១ សប្តាហ៍ ត្រូវបានបិទបញ្ចប់ និងបានបង្កើតគណៈកម្មាធិការមជ្ឈឹមថ្មី ដែលមានសមាជិកចំនួន ២០៥ រូប។ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅថ្ងៃបន្ទាប់ការិយាល័យនយោបាយដែលមានសមាជិក ២៤ រូប, គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយដែលមានសមាជិក ៧រូប និងគណៈកម្មការយោធាមជ្ឈឹមដែលមានសមាជិក ៧រូប ក៏ត្រូវបានបង្កើតឡើង។

សូមអាន ការព្យាករណ៍ខុសលើលោក ស៊ី ជីនពីង និងការរះឡើងរបស់ លោក Li

លោក ស៊ី ជីនពីង នៅតែជាប្រធានគណៈកម្មការយោធាមជ្ឈឹម (CMC) ខណៈដែលលោក Zhang នៅបន្តជាអនុប្រធាន CMC ដដែល។ លោក Zhang ដែលមានវ័យ ៧២ ឆ្នាំ ធ្លាប់បានប្រយុទ្ធនៅក្នុងសង្គ្រាមចិន-វៀតណាមក្នុងឆ្នាំ ១៩៧៩ និងការប្រយុទ្ធបន្ទាប់នៅឆ្នាំ ១៩៨៤។ ឪពុករបស់លោក គឺលោក Zhang Zongxun គឺជាមិត្តជិតស្និទ្ធរបស់ឪពុករបស់លោក ស៊ី ជីនពីង គឺលោក Xi Zhongxun នៅក្នុងកងទ័ព PLA។

លោក ស៊ី ជីនពីង ដែលឈានមុខគេក្នុងការអនុវត្តគោលនយោបាយ «សូន្យ-កូវីដ» ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។ រូបថត៖ Screengrab / NTV

លោក He Weidong ដែលមានវ័យ ៦៥ ឆ្នាំ ត្រូវបានជ្រើសរើសជាអនុប្រធាន CMC ម្នាក់ទៀតកាលពីថ្ងៃអាទិត្យ។ លោកកើតនៅខេត្ត Jiangsu និងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យបញ្ជាការដ្ឋានកងទ័ព PLA នៅក្នុងទីក្រុង Nanjing។ លោកគឺជាមេបញ្ជាការនៅបញ្ជាការដ្ឋានភាគខាងកើត (East Theater Command) នៅចន្លោះឆ្នាំ ២០១៩ រហូតដល់ដើមឆ្នាំនេះ។

លោក Miao Hua ដែលមកពីខេត្ត Fujian និងដែលមានវ័យ ៦៦ ឆ្នាំក៏បានបន្តអាណត្តិរបស់លោកនៅក្នុងគណៈកម្មការយោធាមជ្ឈឹម (CMC) ផងដែរ។ បន្ទាប់ពីលោក ស៊ី ជីនពីង បាននិយាយនៅក្នុងពិធីបើកសមាជបក្សកាលពីថ្ងៃទី ១៦ ខែតុលាថា «ប្រទេសចិននឹងមិនបោះបង់ជម្រើសនៃការបង្រួបបង្រួមកោះតៃវ៉ាន់ឡើងវិញដោយប្រើប្រាស់កម្លាំង» រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony បាននិយាយនៅថ្ងៃបន្ទាប់ថា «កងទ័ព PLA អាចព្យាយាមដណ្តើមយកកោះតៃវ៉ាន់នៅក្នុងពេលវេលាលឿនជាងការរំពឹងទុក»។

លោក Mike Gilday ដែលជាប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកបានប្រាប់ក្រុមប្រឹក្សាអាត្លង់ទិក កាលពីថ្ងៃទី ១៩ ខែតុលាថា «ប្រទេសចិនអាចនឹងចាប់ផ្តើមការលុកលុយតៃវ៉ាន់នៅចុងឆ្នាំ ២០២២ ឬនៅដើមឆ្នាំ ២០២៣»។ លោក Chen Ming-tong ដែលជាអគ្គនាយកនៃការិយាល័យសន្តិសុខជាតិកោះតៃវ៉ាន់ បាននិយាយថា «ខណៈដែលមនុស្សភាគច្រើនជឿថា កងទ័ព PLA នឹងមិនវាយប្រហារកោះតៃវ៉ាន់នៅមុនឆ្នាំ ២០២៥ វាមានលទ្ធភាពកាន់តែខ្ពស់ដែលចិនអាចបើកការឈ្លានពាននៅឆ្នាំក្រោយ»។

លោក Zhao Chunshan ដែលជាសាស្ត្រាចារ្យកិត្តិយសនៅសាកល វិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បានឱ្យដឹងថា «ការវាយប្រហាររបស់ចិនមកលើកោះតៃវ៉ាន់អាចនឹងមិនកើតឡើងនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់កោះនេះ នៅដើមឆ្នាំ ២០២៤ ទេ ក៏ប៉ុន្តែហានិភ័យនឹងបន្តកើនឡើងបន្តិចម្តងៗ ជាពិសេសនៅពេលមហាសន្និបាតបក្សលើកទី ២១ ឆ្នាំ ២០២៧ ខិតជិតមកដល់»។

លោក Ming Chu-cheng ដែលជាសាស្ត្រាចារ្យនៅនាយកដ្ឋានវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យជាតិតៃវ៉ាន់បាននិយាយថា «បញ្ហាថាតើកងទ័ព PLA នឹងវាយប្រហារកោះតៃវ៉ាន់ឬអត់ វានឹងអាស្រ័យលើស្ថានភាពអន្តរជាតិ។ ក្នុងករណីលោក ស៊ី ជីនពីង យល់ខុសចំពោះស្ថានភាពអន្តរជាតិ មេដឹកនាំចិនរូបនេះអាចនឹងចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងកោះតៃវ៉ាន់ បើទោះបីជាសង្គ្រាមនឹងនាំមកនូវផលអាក្រក់សម្រាប់ប្រទេសចិនក៏ដោយ»។

លោកបានបន្តថា «ការតែងតាំងលោក He Weidong និងលោក Miao Hua ឱ្យទៅកាន់តំណែងនៅក្នុងគណៈកម្មការ CMC នឹងបង្កើនឱកាសនៃការវិនិច្ឆ័យខុស ដោយសារតែអ្នកទាំងពីរ មានទំនោរក្នុងការបន្ទរ ជាជាងការត្រួតពិនិត្យមើលមតិយោបល់របស់លោក ស៊ី ជីនពីង»។ គណៈកម្មការ CMC បានបើកកិច្ចប្រជុំការងារលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារដើម្បីសិក្សាអំពីស្មារតីរបស់លោក ស៊ី ជីនពីង និងសមាជបក្សលើកទី ២០ ហើយកិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក He Weidong ក្រោមការចូលរួមរបស់លោក Zhang។

ឧទ្ធម្ភាគចក្រ​ហោះសណ្ដោងទង់ជាតិ​តៃវ៉ាន់​នៅ​ទីក្រុង Taoyuan កោះ​តៃវ៉ាន់។ រូបថត៖ Ceng Shou Yi / NurPhoto / Getty Images

លោក Zhang បាននិយាយថា «គណៈកម្មការ CMC នឹងរៀនសូត្រពីរបៀបអនុវត្តទស្សនៈរបស់លោក ស៊ី ជីនពីង ស្តីពីសង្គមនិយមតាមបែបចិននៅក្នុងយុគសម័យថ្មី ហើយនឹងជំរុញផែនការរបស់លោកក្នុងការពង្រឹងកងទ័ពចិន។ គណៈកម្មការ CMC នឹងខិតខំបង្កើនគុណភាពនៃការអភិវឌ្ឍកងទ័ព»។ របាយការណ៍ទាំងស្រុងនៃសមាជបក្សលើកទី ២០ បានលើកឡើងថា «ប្រទេសចិននឹងធ្វើទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដែលគាំទ្រគំនិតស្តីពីការបង្រួបបង្រួមជាមួយចិនដីគោក ហើយនឹងព្យាយាមប្រើប្រាស់រាល់គ្រប់មធ្យោបាយ ដើម្បីសម្រេចឱ្យបាននូវផែនការនេះដោយសន្តិវិធី»។

របាយការណ៍បានលើកឡើងទៀតថា «វាគឺជាបេសកកម្មជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់» ដោយក្នុងនោះ លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃទី ១៦ ខែតុលាថា «វានឹងត្រូវធ្វើឡើងដោយប្រើប្រាស់កម្លាំងក្នុងករណីចាំបាច់»៕

Asia Times

អត្ថបទទាក់ទង