ខ្មែរប៉ុស្ដិ៍ Close

មិនទាន់មាន «ស្ថានភាពធម្មតាតាមគន្លងថ្មី» នៅច្រកសមុទ្រតៃវ៉ាន់នៅឡើយទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 93
មិនទាន់មាន «ស្ថានភាពធម្មតាតាមគន្លងថ្មី» នៅច្រកសមុទ្រតៃវ៉ាន់នៅឡើយទេ មិនទាន់មាន «ស្ថានភាពធម្មតាតាមគន្លងថ្មី» នៅច្រកសមុទ្រតៃវ៉ាន់នៅឡើយទេ

ការបើកឆ្លងកាត់ចក្រសមុទ្រតៃវ៉ាន់ពីសំណាក់នាវាចម្បាំងបំពាក់ទៅដោយមីស៊ីលរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿង គឺនាវា Antietam (CG-54) និងនាវា Chancellorsville (CG-62) កាលពីថ្ងៃទី ២៨ សីហា បានបង្ហាញថា «ស្ថានភាពធម្មតាតាមគន្លងថ្មី» នៅទូទាំងច្រកសមុទ្រនេះ នៅមិនទាន់កើតមាននៅឡើយទេ។

បន្ទាប់ពីមានសមយុទ្ធទ្រង់ទ្រាយធំពីសំណាក់កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កាលពីដើមខែសីហា ទៅកាន់កោះតៃវ៉ាន់រួចមក អ្នកអត្ថាធិប្បាយមួយចំនួនបានសន្និដ្ឋានខុសពាក់ព័ន្ធនឹងសមយុទ្ធទាំងនោះថា ទីក្រុងប៉េកាំងបានបង្កើតនូវ «ស្ថានភាពធម្មតាតាមគន្លងថ្មី» ដែលខ្លួនអាចឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលដែលពុះចែកច្រកសមុទ្រតៃវ៉ាន់បាន និងអាចធ្វើ​ប្រតិបត្តិការ​យោធារបស់ខ្លួននៅកាន់តែកៀកនឹងកោះតៃវ៉ាន់បានតាមដែលខ្លួនចង់។

ខណៈពេលដែលទីក្រុងប៉េកាំងពិតជាបាននិងកំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការរុញទៅតាមទិសដៅនៃ «ស្ថានភាពធម្មតាតាមគន្លងថ្មី» មួយនេះ នោះវាពិតជាលឿនពេកណាស់ក្នុងការសន្និដ្ឋានយ៉ាងដូច្នេះ ព្រោះកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក កំពុងជំរុញឱ្យមានការប្រឆាំងនឹងគំនិតមួយនេះ។ ភាគីទាំងពីរ កំពុងធ្វើការយ៉ាងស្វិតស្វាញដើម្បីទប់ស្កាត់ប្រទេសចិនពីការដណ្ដើមយកកោះមួយនេះ ដោយធ្វើការរុញច្រានក្នុងទិសដៅបញ្ច្រាសទៅវិញ ដូចអ្វីដែលបានពិពណ៌នាដោយអ្នកជំនាញមួយចំនួន ដូចជាលោកស្រី Bonnie Lin មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) និងលោក Joel Wuthnow មកពីសាកលវិទ្យាល័យការពារជាតិអាមេរិក។

ការសន្និដ្ឋានអំពី «ស្ថានភាពធម្មតាតាមគន្លងថ្មី» នេះ ដំបូងឡើយគឺកើតឡើងពីការយល់ឃើញខុសដែលថា សមយុទ្ធដែលចិនបានធ្វើចាប់ពីថ្ងៃទី ៤-១០ ខែសីហា ពោលគឺភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានផ្តល់ឱ្យកងទ័ព PLA នូវសេរីភាពយ៉ាងពេញលេញអំពីទីកន្លែងនិងពេលវេលាក្នុងការធ្វើប្រតិបត្តិការយោធារបស់ខ្លួន។ ប៉ុន្តែការសន្និដ្ឋានបែបនោះគឺមិនត្រឹមត្រូវនោះទេ។

នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទាំងអស់ កងកម្លាំងយោធារបស់កោះតៃវ៉ាន់និងសហរដ្ឋអាមេរិកតែងនៅប្រកៀកគ្នាជានិច្ច ដើម្បីធានាថា ប្រទេសចិនមិនបានឆ្លងកាត់បន្ទាត់ក្រហមណាមួយឡើយ។

ជាការពិត កងទ័ព PLA បានបាញ់សន្ធាប់នូវមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ប្រភេទ DF-15 ចំនួន ១១ គ្រាប់ទៅកាន់តំបន់ដែលបានកំណត់ទុកជាមុននៅក្នុងដែនសមុទ្រជុំវិញកោះតៃវ៉ាន់។ ដូច្នេះវាជាការ «ឡោមព័ទ្ធ» កោះមួយនេះ និងជាការបញ្ជាក់ថា នៅឱកាសណាមួយនាពេលខាងមុខ ប្រទេសចិនអាចនឹងវាយប្រហារលើដែនដីគោករបស់កោះនេះតែម្ដង។ ទោះជាយ៉ាងណា សម្រាប់ការអនុវត្តជាក់ស្តែងវិញ «លទ្ធផលចម្បង» នៃសមយុទ្ធនេះគឺជាការលាបពណ៌ទៅលើចិនយ៉ាងច្បាស់ថា ជាប្រទេសដែលប្រើកម្លាំងឈ្លានពាននិងល្មោភសង្គ្រម ដូចដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការឆ្លើយតបរបស់ក្រុម G-7 ដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែសីហា។

មីស៊ីលចំនួន ៥ គ្រាប់ដែលបានធ្លាក់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុននោះ ប្រាកដជាមិនបានពង្រឹងជំហររបស់ទីក្រុងប៉េកាំងនៅទីក្រុងតូក្យូឡើយ ហើយដែលរដ្ឋាភិបាលជប៉ុនបានធ្វើការតវ៉ាយ៉ាងខ្លាំង។

សមយុទ្ធនោះក៏មានការចូលរួមពីសំណាក់យន្តហោះចម្បាំងមួយចំនួនធំ ដែលភាគច្រើនជាប្រភេទ Su-30 ផលិតនៅរុស្ស៊ី ព្រមជាមួយនិងយន្តហោះដែលផលិតដោយចិន ប្រភេទ J-10, J-11 និង J-16 ទៀតផង។

គេមិនឃើញមានយន្តហោះទម្លាក់គ្រាប់បែកណាមួយនោះទេ លើកលែងតែកាលពីថ្ងៃទី ៧ ខែសីហាប៉ុណ្ណោះ ដែលយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ចំនួន ៣ គ្រឿងរបស់ចិន បានហោះកាត់ខ្សែបន្ទាត់កណ្ដាលដែលពុះចែកច្រកសមុទ្រតៃវ៉ាន់ ហើយបន្ទាប់មកបានហោះត្រឡប់ទៅវិញ នៅពេលប្រឈមមុខជាមួយនឹងយន្តហោះចម្បាំងរបស់កោះតៃវ៉ាន់។ ទង្វើនេះក៏បានក្លាយជាគំរូមួយ ពោលគឺយន្តហោះរបស់កងទ័ព PLA បានឆ្លងកាត់ខ្សែបន្ទាត់ រួចបានជួបជាមួយយន្តហោះចម្បាំងរបស់កោះតៃវ៉ាន់ រួចហើយបន្ទាប់មកក៏បានហោះត្រឡប់ទៅវិញ។

រឿងរ៉ាវដូចគ្នានេះក៏បានកើតឡើងផងដែរ ជាមួយនិងការចូលឈ្លានពានពីសំណាក់នាវាចម្បាំងរបស់កងទ័ពជើងទឹក PLA ពោលគឺនាវាទាំងនោះបានបើកចូលកាន់តែកៀកទៅជិតឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ជាងពេលមុនៗ ប៉ុន្តែពុំបានឆ្លងចូលទៅក្នុងដែនទឹករបស់កោះតៃវ៉ាន់ទេ។ កងទ័ព PLA បានដឹងយ៉ាងច្បាស់ថា ការឆ្លងចូលទៅក្នុងដែនទឹករបស់កោះតៃវ៉ាន់នឹងបង្កឱ្យមានការប្រឈមមុខដាក់គ្នាមួយដែលផលវិបាករបស់វានឹងមិនអាចប៉ាន់ស្មានបាននោះឡើយ។

នាវារបស់អាមេរិកមួយចំនួន ដូចជានាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan (CVN-76) រួមទាំងនាវាដឹកយន្តហោះ USS Tripoli (LHA-7) ដែលមានផ្ទុកយន្តហោះចម្បាំងប្រភេទ 20 F-35B និងដែលកំពុងចល័តនៅក្បែរៗនោះ ពិតជាបានជួយដល់កោះតៃវ៉ាន់ច្រើនណាស់។ ការចល័តទាំងនេះបានធានាថា កងទ័ព PLA នឹងមិនអាចធ្វើប្រតិបត្តិការរបស់ពួកគេបានដោយសេរីនោះទេ។

ដូច្នេះ តើទីក្រុងប៉េកាំងបាន «ចំណេញ» ពីការធ្វើសមយុទ្ធទាំងនេះដែរឬទេ? វាអាចជាឱកាសមួយសម្រាប់ឱ្យទីក្រុងប៉េកាំងសាកល្បងអនុវត្តនូវរចនាសម្ព័ន្ធបញ្ជាការចំរុះថ្មីនៃកងទ័ពរបស់ខ្លួន ដែលពួកគេអាចនឹងបានហាត់សមនូវជំហានដំបូងៗមួយចំនួនក្នុងការទប់ស្កាត់ ឬវាយលុក។ ក៏ប៉ុន្តែនៅលើឆាកអន្តរជាតិវិញ ប្រទេសចិនបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាពិសេស សាធារណៈមតិនៅសហរដ្ឋអាមេរិក, អឺរ៉ុប និងនៅក្នុងចំណោមប្រទេសដែលមានចិត្តគំនិតដូចគ្នាក្នុងតំបន់ ដូចជាជប៉ុន និងអូស្ត្រាលីជាដើម បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះការគំរាមកំហែងរយៈពេលវែងចំពោះស្ថិរភាពក្នុងតំបន់ ដែលបង្កឡើងដោយទីក្រុងប៉េកាំង។

តាមរយៈអំណះអំណាងទាំងនេះ តើដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi អាចត្រូវបានគេដាក់ឈ្មោះថា «ជាការបង្កហេតុ» ឬ «ជាទង្វើមិនឆ្លាតវៃ» ដូចដែលបានពិពណ៌នានៅក្នុងការចុះផ្សាយមួយចំនួននៅសហរដ្ឋអាមេរិកដែរឬទេ? ចម្លើយគឺ «មិនអាចទេ»។

ជា​ការ​ពិត ទង្វើ​របស់លោកស្រីបាន​បង្កឱ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ ​ដោយ​សារ​តែ​សមយុទ្ធ​យោធា​របស់​ចិន។ ប៉ុន្តែ ដូចដែលរដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៥ សីហា ពីទីក្រុងភ្នំពេញហើយថា «ប្រទេសចិនបានជ្រើសយកការធ្វើប្រតិកម្មជ្រុលហួសហេតុ និងបានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាលេសដើម្បីបង្កើនសកម្មភាពយោធាដោយឥតញញើតដៃ»។

សមយុទ្ធរបស់កងទ័ព PLA បានបង្ហាញនូវចេតនាឈ្លានពានរបស់ប្រទេសចិនយ៉ាងច្បាស់ក្រឡែត។ ដូច្នេះហើយ វាគឺជាការជំរុញទឹកចិត្តដ៏សំខាន់មួយសម្រាប់កោះតៃវ៉ាន់, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានចិត្តគំនិតដូចគ្នាឯទៀត ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទប់ស្កាត់សកម្មភាពស្រដៀងគ្នាណាមួយនៅពេលអនាគត។ ការ​រារាំង​រួម​គ្នានេះ​នឹង​ក្លាយ​ជា​កត្តា​ចម្បង​មួយក្នុង​ការ​រក្សា​សន្តិភាពនិង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ដែលដំណើរធ្វើទស្សនកិច្ចរបស់លោកស្រី Pelosi បាននាំមកនូវការផ្តោតអារម្មណ៍យ៉ាងមុតស្រួចទៅលើកត្តាទាំងនេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ក៏​បាន​គូសបញ្ជាក់ផងដែរ​ថា កោះតៃវ៉ាន់គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏រស់រវើក​មួយដែលកំពុងស្ថិតក្រោម​ការ​គំរាមកំហែង។ នៅក្នុងការចេញផ្សាយមួយរបស់កាសែត Washington Post ស្ដីអំពីដំណើរទស្សនកិច្ចរបស់ខ្លួន លោកស្រី Pelosi បានសរសេរថា

«…អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺប្រទេសប្រជាធិបតេយ្យដ៏រស់រវើកនិងដ៏រឹងមាំមួយនេះ ដែលកំណត់ថាជាប្រទេសដែលមាន សេរីភាពបំផុតនៅ ក្នុងលោកដោយអង្គការ Freedom House និងដែលដឹកនាំដោយស្ត្រីមួយរូប គឺលោកស្រីប្រធានាធិបតី Tsai Ing-wen នោះ កំពុងស្ថិតក្រោមការគំរាមកំហែង។ … យើងមិនអាចឈរអោបដៃមើលបាន ទេ នៅពេលដែលគណបក្សកុម្មុយនីស្តចិន(CCP) បន្តគំរាមកំហែងលើកោះនេះ ក៏ដូចជាទៅលើលទ្ធិប្រជាធិបតេយ្យរបស់កោះ»។

សំណួរ​ចុងក្រោយ​មួយ​គឺថា តើសហរដ្ឋ​អាមេរិក​នឹងទៅជួយកោះតៃវ៉ាន់ដោយប្រើវិធានការយោធាក្នុងកម្រិតណា? ជាច្រើនលើកច្រើនសារ សារព័ត៌មាន Newswires តែងតែលើកឡើងអំពីសេចក្តីថ្លែងការណ៍មួយដែលមានខ្លឹមសារថា «សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការណាមួយជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែបើតាមច្បាប់ សហរដ្ឋអាមេរិកអាចផ្តល់មធ្យោបាយដែលមានចារឹកត្រឹមតែការពារខ្លួនប៉ុណ្ណោះដល់កោះ» ។ ទោះជាយ៉ាងនេះក្តី ផ្នែកទី២ នៃកថាខណ្ឌខាងលើ មិនបានរៀបរាប់អោយអស់សេចក្ដីនោះទេ។

ជាការពិត ច្បាប់ស្ដីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ (Taiwan Relations Act) ដែលសហរដ្ឋអាមេរិកពិតជាបានប្តេជ្ញាចិត្តក្នុងការផ្តល់ «អាវុធដែលមានចារឹកការពារខ្លួន» ដល់កោះតៃវ៉ាន់ ក៏បានចែងថាសហរដ្ឋអាមេរិក «នឹងប្រឹងប្រែងទប់ទល់ទៅនឹងរាល់ទម្រង់នៃការបង្ខិតបង្ខំ ឬការគាបសង្កត់ណាមួយផ្សេងទៀត ដែលនឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខ ឬប្រព័ន្ធសេដ្ឋកិច្ចសង្គមរបស់ប្រជាជននៅលើកោះតៃវ៉ាន់»។

ភាសាដែលមានឥទ្ធិពលខ្លាំងជាងមុនមួយនេះ ត្រូវបានសង្កត់ធ្ងន់ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅឯកិច្ច ប្រជុំ Shangri-La នាខែមិថុនា ឆ្នាំ ២០២២ នៅប្រទេសសិង្ហបុរី និងដោយលោក Blinken នៅក្នុងសុន្ទរកថា និងសេចក្តីថ្លែងការណ៍ក្នុងពេលថ្មីៗនេះរបស់លោក។

យើងត្រូវរង់ចាំរហូតដល់សហរដ្ឋអាមេរិកធ្វើការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង (ឡើងវិញ) តាមរយៈច្បាប់ស្ដីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់នេះក្នុងការប្រឆាំងតបតនឹងការឈ្លានពានរបស់ប្រទេសចិន មុននឹងអាចសម្រេចបានថា តើ «ស្ថានភាពធម្មតាតាមគន្លងថ្មី» នៅច្រកសមុទ្រតៃវ៉ាន់កើតមានហើយ ឬមិនទាន់កើត។ ឥឡូវនេះ សហរដ្ឋអាមេរិករួមជាមួយនិងកោះតៃវ៉ាន់ ព្រមទាំងសម្ព័ន្ធមិត្តដែលមានចិត្តគំនិតដូចគ្នាផ្សេងទៀត នៅក្នុងតំបន់ មានការផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើរបៀបរារាំងប្រទេសចិនពីការកាន់តែ រំលោភបំពានខ្លាំងជាងនេះ។

ហើយ ដូចអ្វីដែលលោកស្រី Pelosi បានសង្កត់ធ្ងន់នៅក្នុងការចុះផ្សាយរបស់ខ្លួននៅលើកាសែត Washington Post រួចហើយថា ការប្រយុទ្ធដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ និងការធានាថា ប្រជាជនតៃវ៉ាន់ចំនួន ២៣ លាននាក់ នឹងអាចសម្រេចចិត្តដោយសេរីអំពីអនាគតរបស់ពួកគេ គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់អ៊ុយក្រែន ក្នុងនាមជាប្រជាជាតិប្រជាធិបតេយ្យមួយ។ វាគឺជាផ្នែកមួយនៃការតស៊ូនៅទូទាំងពិភពលោករវាងលទ្ធិប្រជាធិបតេយ្យនិងរបបផ្ដាច់ការ ដែលនោះហើយគឺជា «ស្ថានភាពធម្មតាតាមគន្លងថ្មី» យ៉ាងពិតប្រាកដ៕

The Diplomat