ខ្មែរប៉ុស្ដិ៍ Close

តើវៀតណាមនឹងងាកទៅរកអាមេរិកកម្រិតណាដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 21
តើវៀតណាមនឹងងាកទៅរកអាមេរិកកម្រិតណាដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន? សន្តិសុខ​ដែនសមុទ្រ​គឺជា​វិស័យ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​កាន់តែ​រីកចម្រើន​រវាង​អាមេរិក​និង​វៀតណាម។ រូបថត៖ Shutterstock

នៅពេលនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានចាប់ផ្តើមហៅទូរសព្ទជាលើកដំបូងទៅកាន់បណ្តាមេដឹកនាំបរទេស នៅក្រោយការចូលកាន់តំណែងកាលពីខែមុន សមភាគីរបស់លោកនៅវៀតណាម ស្ថិតនៅក្នុងចំណោមអ្នកដែលមានអាទិភាពជាងគេ។ នៅពេលនិយាយតាមទូរសព្ទជាមួយលោក Pham Minh Chinh លោក Li បានគូសបញ្ជាក់នូវភាពចាំបាច់ក្នុងការបន្តទំនាក់ទំនងក្នុងនាមជាប្រទេសជិតខាងរវាងចិននិងវៀតណាម ជាមួយនឹងការលើកឡើងថា «ប្រទេសទាំងពីរគួរបន្តចាត់វិធានការយ៉ាងមុតមាំ ដើម្បីលើកតម្កើងស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

រដ្ឋមន្ត្រីការបរទេសចិន Qin Gang ក៏បាននិយាយតាមទូរសព្ទជាមួយសមភាគីវៀតណាម គឺលោក Bui Thanh Son ផងដែរ ជាមួយនឹងសារស្រដៀងគ្នា។ សកម្មភាពការទូតទាំងនេះបានកើតមាននៅក្រោយពេលមានចំណាប់អារម្មណ៍ជាហូរហែពីសំណាក់អាមេរិក នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលរួមមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីអាមេរិក Joe Biden និងលោក Nguyen Phu Trong ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងលើកតម្កើង, អភិវឌ្ឍ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរ ក៏បានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចទៅវិញទៅមកផងដែរ។ អ្នកសង្កេតការណ៍ក្នុងតំបន់បាននិយាយថា «វៀតណាមកំពុងព្យាយាមរក្សាតុល្យភាពនៃផលប្រយោជន៍របស់ខ្លួន ហើយបើទោះបីជាវៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិកក៏ដោយ ក៏វៀតណាមនឹងបន្តប្រឆាំងនឹងការត្រូវបានអូសទាញចូលទៅក្នុងគន្លងឥទ្ធិពលរបស់អាមេរិកដើម្បីប្រឆាំងចិន» ដែរ។

ការបង្កើនទំនាក់ទំនងជាមួយចិនបានកើតមាននៅចំពេលមានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រកាន់តែតានតឹងរវាងចិននិងអាមេរិក ហើយបណ្តាប្រទេសជិតខាងជាច្រើនដែលរួមមានសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាហ្វីលីពីន, ជប៉ុន, អូស្ត្រាលី និងកូរ៉េខាងត្បូង បានងាកចូលកាន់តែកៀកអាមេរិក ដែលនេះគឺជាអ្វីដែលចិនបានចាត់ទុកជា «យុទ្ធសាស្ត្រក្នុងការទប់ស្កាត់ការរះឡើងរបស់ខ្លួន»។

វៀតណាមជាមួយសេដ្ឋកិច្ចកំពុងរីកលូតលាស់ដ៏លឿន និងជាមួយទីតាំងយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង អាចផ្តល់នូវសារៈសំខាន់ជាពិសេស។ ចាប់ពីឆ្នាំ ២០១៨ មក អាមេរិកបានបញ្ជូននាវាល្បាតទៅកាន់វៀតណាមស្ទើររាល់ឆ្នាំ ហើយនៅឆ្នាំ ២០១៧ និងឆ្នាំ ២០២១ អាមេរិកក៏បានប្រគល់ឱ្យវៀតណាមនូវនាវាល្បាតឆ្នេរសមុទ្រម៉ាក Hamilton ចំនួន ២ គ្រឿង ខណៈដែលនាវាទី៣ ត្រូវបានប្រគល់ឱ្យវៀតណាមកាលពីឆ្នាំមុន។

នាវាទាំងនេះគឺជាផ្នែកមួយនៃកម្មវិធី «Excess Defence Articles» របស់អាមេរិកដែលមានគោលបំណងផ្តល់នូវសម្ភារៈយោធាទៅឱ្យដៃបណ្តាគូអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធានិងសន្តិសុខ។ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះមន្ត្រីការទូតជាន់ខ្ពស់មកពីវៀតណាមនិងអាមេរិកក៏បានជួបប្រជុំគ្នាផងដែរនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាគ្នាអំពីបញ្ហានយោបាយនិងសន្តិសុខដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តឡើងវិញរបស់អាមេរិកក្នុងការជួយវៀតណាមពង្រឹងសមត្ថភាពដែនទឹក និងការអនុវត្តច្បាប់។

សន្តិសុខដែនសមុទ្រគឺជាវិស័យមួយដែលនៅមានឱកាសច្រើនក្នុងការបន្តពង្រីកខ្លួន នេះបើយោងតាមលោក Collin Koh ដែលមកពីវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងយោធានៃសាលាសិក្សាអន្តរជាតិនៅ S. Rajaratnam School នៅសិង្ហបុរី។ លោក Koh បានបន្តថា «កងឆ្មាំសមុទ្រវៀតណាមបាននិងកំពុងប្រើប្រាស់នូវសម្ភារៈចម្រុះយ៉ាងសម្បូរបែបជាងយោធាវៀតណាម ហើយបានទទួលយកនូវគំនិតផ្តួចផ្តើមនានាក្នុងតំបន់ដែលនឹងផ្តល់ឱកាសបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការផ្នែកឆ្មាំសមុទ្ររវាងវៀតណាមនិងអាមេរិក»។

លោកបានលើកឡើងទៀតថា «ដោយសារកងឆ្មាំសមុទ្រអាមេរិកចង់បង្កើនវត្ថមានរបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បូករួមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វាអាចនឹងមានកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែនសមុទ្រជាច្រើនថែមទៀតរវាងកងឆ្មាំសមុទ្រអាមេរិក និងសមភាគីវៀតណាម។ ទំហំនៃកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្ររវាងវៀតណាមនិងអាមេរិក មួយផ្នែកបានកើតចេញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការមិនចូលបក្សសម្ព័ន្ធ និងការមិនចងសម្ព័ន្ធមិត្តជាមួយភាគីទី៣។

លោក Zhang Mingliang ដែលជាអ្នកជំនាញមកពីតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យ Jinan នៅខេត្ត Guangzhou បាននិយាយថា «មន្ទិលសង្ស័យដែលបានចាក់ឬសយ៉ាងជ្រៅ ក៏ដូចជាជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងរវាងវៀតណាមជាមួយចិន បានជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមជាមួយអាមេរិក»។

លោក Carl Thayer ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ New South Wales នៅអូស្ត្រាលីបាននិយាយថា «វៀតណាមកំពុងចាប់យកគោលនយោបាយនៃការធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្ម»។ យោងតាមក្រសួងការបរទេសវៀតណាម លោក Trong បានប្រាប់លោក Biden ថា «ភាគីទាំងពីរគួរតែបង្កើនទំនាក់ទំនងរវាងគ្នា» ខណៈដែលការលើកឡើងនេះបាននាំមកនូវការសង្ស័យថា «អតីតប្រទេសជាគូសត្រូវទាំងពីរនេះ អាចពង្រីកភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់ពួកគេ ដែលត្រូវបានចុះហត្ថលេខាកាលពី ១ ទសវត្សរ៍មុន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ប្រសិនបើដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលទាំងពីរពិតជានឹងកើតមាននៅឆ្នាំនេះមែន»។

លោក Thayer បានកត់សម្គាល់ថា «កិច្ចសហប្រតិបត្តិការផ្នែកយោធានិងសន្តិសុខត្រូវបានចាត់ទុកជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនៅក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្នាំ ២០១៣» ក៏ប៉ុន្តែ លោក Trong ក៏បានបង្ហាញនូវការរក្សាតុល្យភាពជាមួយចិនផងដែរ តាមរយៈការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងភ្លាមៗក្រោយលោក Xi បានធានានូវការដឹកនាំសម្រាប់អាណត្តិទី៣ ក្នុងនាមជាប្រមុខដឹកនាំបក្សកុម្មុយនីស្តចិន។

លោក Thayer បានបន្តថា «ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ Trong ទៅកាន់ប្រទេសចិនកាលពីខែវិច្ឆិកាមុនបានផ្តល់នូវសារច្បាស់ៗទៅកាន់អាមេរិក»។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមជាមួយនឹងអាមេរិកត្រូវបានគេរំពឹងថានឹងមិនកើនឡើងខ្លាំងនោះទេ បើទោះបីជាអាមេរិកកំពុងខិតខំពង្រីកផែនការយុទ្ធសាស្ត្ររបស់ខ្លួននៅទូទាំងតំបន់ដើម្បីទប់ទល់នឹងចិនក៏ដោយ។

អ្នកសង្កេតការណ៍បាននិយាយថា «វៀតណាមទំនងជានឹងមិនដើរតាមផ្លូវរបស់ហ្វីលីពីនទេ ដែលបានផ្តល់ឱ្យអាមេរិកនូវភ្លើងខៀវ ក្នុងការប្រើប្រាស់មូលដ្ឋានយោធាថ្មីៗចំនួន ៤ នៅលើទឹកដីរបស់ខ្លួនដែលស្ថិតនៅកៀកនឹងដែនទឹកជាប់ជម្លោះនៃប្រជុំកោះ Spratly Islands»។ ហ្វីលីពីនគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក ក៏ប៉ុន្តែវៀតណាមនិងអាមេរិកមិនមានសន្ធិសញ្ញាបែបនេះទេ។

លោក Zhang បាននិយាយថា «វៀតណាមកំពុងរក្សាតុល្យភាពយ៉ាងត្រឹមត្រូវនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយអាមេរិក ហើយវានឹងមិនមានការបោះជំហានធំដុំគួរឱ្យកត់សម្គាល់ដូចហ្វីលីពីនទេនោះទេ ប្រសិនបើវាមិនមានការចាំបាច់ខ្លាំង»៕

South China Morning Post