ខ្មែរប៉ុស្ដិ៍ Close

បញ្ញាវន្ត ម៉ាឡេស៊ី៖ ការព្យាយាមបំបែកអាស៊ានទំនងជាមិនអាចទៅរួច ដូចការចង់បានរបស់អាមេរិកនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 78
បញ្ញាវន្ត ម៉ាឡេស៊ី៖ ការព្យាយាមបំបែកអាស៊ានទំនងជាមិនអាចទៅរួច ដូចការចង់បានរបស់អាមេរិកនោះទេ បញ្ញាវន្ត ម៉ាឡេស៊ី៖ ការព្យាយាមបំបែកអាស៊ានទំនងជាមិនអាចទៅរួច ដូចការចង់បានរបស់អាមេរិកនោះទេ

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃនៅក្នុងសប្តាហ៍នេះ។ នេះគឺជាដំណើរទស្សនកិច្ចមួយផ្សេងទៀតរបស់មន្ត្រីជាន់ខ្ពស់របស់អាមេរិកទៅកាន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman, រដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។

ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋបាល Biden តើអាស៊ានមានជំហរយ៉ាងណា? តើអាស៊ានមានយុទ្ធសាស្ត្ររួបរួមអ្វីខ្លះ ដើម្បីដោះស្រាយទំនាក់ទំនងជាមួយចិន និងអាមេរិក?

លោក Koh King Kee (Koh) ប្រធាន «មជ្ឈមណ្ឌលសម្រាប់អាស៊ីមួយថ្មីដែលប្រកបដោយបរិយាប័ន្ន – Centre for New Inclusive Asia» នៅប្រទេសម៉ាឡេស៊ី បានបង្ហាញអំពីទស្សនៈរបស់លោកទៅកាន់អ្នកយកព័ត៌មានរបស់ Global Times (GT) លោក Lu Yuanzhi ។

សំណួរ GT៖ នៅមុនដំណើរទស្សនកិច្ចនោះ លោក Blinken បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍របស់ក្រុមប្រទេស G7 ដែលអាស៊ានត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវ។ កាលពីប៉ុន្មានខែមុននោះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman, រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងអនុប្រធានាធិបតីអាមេរិក Kamala Harris បានមកទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍។ តើលោក យល់យ៉ាងណាចំពោះដំណើរទស្សនកិច្ចផ្ទួនៗបែបនេះរបស់ក្រុងវ៉ាស៊ីនតោនមកកាន់តំបន់នេះ? តើ អាមេរិកមានគោលបំណងអ្វី? តើដំណើរទស្សនកិច្ចទាំងនេះនឹងបម្រើឱ្យចេតនាប្រឆាំងនឹងចិនក្នុងកម្រិតណា?

ចម្លើយ Koh៖ ដើម្បីយល់ពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់អាស៊ានចំពោះសហរដ្ឋអាមេរិក គេត្រូវមើលពី «ក្របខណ្ឌជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលជាគោលការណ៍ណែនាំសម្រាប់សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងប្រទេសចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ឯកសារសន្តិសុខជាតិសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលត្រូវបានទម្លាយឱ្យដឹងដោយអតីតប្រធានាធិបតីអាមេរិក Donald Trump បានសង្កត់ធ្ងន់ថា «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងនៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ និងលើសកលលោក» និងថា «ការបាត់បង់អនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅតំបន់នេះ នឹងធ្វើឱ្យមហាអំណាចមួយនេះបាត់បង់សមត្ថភាពក្នុងការការពារផលប្រយោជន៍របស់ខ្លួននៅលើសកលលោក»។

រដ្ឋបាលរបស់លោក Biden បានទទួលយក និងបន្តនូវគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក Trump ទាំងស្រុង។ គោលបំណងនៃដំណើរទស្សនកិច្ចជាបន្តបន្ទាប់នាពេលថ្មីៗនេះដោយមន្ត្រីកំពូលៗនៃរដ្ឋបាលលោក Biden គឺមិនមែនជារឿងចៃដន្យនោះទេ ពោលគឺដើម្បីអនុវត្តផែនការសកម្មភាពនៃក្របខណ្ឌយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។

សំណួរ GT៖ មុនពេលដំណើរទស្សនកិច្ចរបស់លោក Blinken, លោក Daniel Kritenbrink ដែលជាជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថា «ប្រធានាធិបតី Biden បានប្តេជ្ញាលើកកម្ពស់ការចូលរួមរបស់អាមេរិក-អាស៊ានឱ្យដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក» ហើយដំណើរទស្សនកិច្ចរបស់លោក Blinken នឹងផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ដើម្បីជាការឆ្លើយតបទៅនឹង «ការគំរាមកំហែង» របស់ចិននៅសមុទ្រចិនខាងត្បូង។ តើអាស៊ានមានជំហរយ៉ាងណា នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋបាលលោក Biden? តើពាក្យ «កម្រិតមួយដែលមិនធ្លាប់មានពីមុនមក» នោះមានន័យយ៉ាងដូចម្តេច?

ចម្លើយ Koh៖ គោលបំណងមួយនៃក្របខណ្ឌយុទ្ធសាស្ត្ររបស់អាមេរិកនោះគឺ «ជាការលើកកម្ពស់ និងពង្រឹងតួនាទីកណ្ដាលរបស់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ាននៅក្នុងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ និងលើកទឹក ចិត្តពួកគេឱ្យនិយាយសំឡេងតែមួយលើបញ្ហាសំខាន់ៗ»។ ជាពិសេស សហរដ្ឋអាមេរិកនឹង «ធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស៊ីជម្រៅជាមួយប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម និងសិង្ហបុរី»។

ជាក់ស្តែង រដ្ឋបាលលោក Biden កំពុងព្យាយាមលើកទឹកចិត្តឱ្យប្រទេសនៅអាស៊ាន «និយាយសំឡេងតែមួយ» ដើម្បីឆ្លើយតបទៅនឹង «ការគំរាមកំហែង» របស់ប្រទេសចិន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញកាលពីខែតុលា លោក Joe Biden បានប្រកាសអំពីការវិនិយោគដែលមានតម្លៃរហូតដល់ ១០២ លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយប្លុកនេះ ហើយសហរដ្ឋអាមេរិករួមនឹងដៃគូដទៃទៀត «នឹងស្វះស្វែងបង្កើតក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ» ដែលនឹងកំណត់ «គោលបំណងរួមគ្នាជុំវិញការសម្របសម្រួលផ្នែក
ពាណិជ្ជកម្ម, ស្តង់ដារសម្រាប់សេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យា, ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងថាមពលស្អាត, ហេដ្ឋារចនាសម្ព័ន្ធ, ស្តង់ដារការងារ ព្រមទាំងផ្នែកផ្សេងទៀតដែលមានផលប្រយោជន៍រួមគ្នា»។

ការរក្សាមជ្ឈភាពទល់នឹងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន គឺជាគោលការណ៍កុងសង់ស៊ីសរបស់ប្រទេសជាសមាជិកអាស៊ាន។ នៅក្នុងបរិបទដែលភូមិសាស្ត្រនៅជិតគ្នា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្មដ៏ជិតស្និទ្ធរវាងចិន-អាស៊ានផងនោះ អាស៊ានទំនងជានឹងមិនប្តូរជំហររបស់ខ្លួនចំពោះប្រទេសចិនទេ។

សំណួរ GT៖ អតីតប្រធានាធិបតី Trump មិនបានយកចិត្តទុកដាក់ចំពោះប្រទេសនៅអាស៊ីអាគ្នេយ៍ទេ។ ប៉ុន្តែលោក Biden កំពុងយកចិត្តទុកដាក់លើតំបន់នេះច្រើនជាងលោក Trump ។ តើអ្វីដែលជាការទាក់ទាញលោក Biden? តើអាមេរិកបានទទួលផលប្រយោជន៍អ្វីខ្លះ?

ចម្លើយ Koh៖ ក្នុងពេលពេញមួយអាណត្តិរបស់ខ្លួន លោក Trump បានចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ានបានតែម្ដងគត់ គឺនៅឆ្នាំ២០១៧។ ទោះយ៉ាងណា លោក Biden បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានកាលពីខែតុលា. ដែលតិចជាងមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីលោកបានចូលកាន់តំណែង។ លោក Biden បានសន្យាថា លោកនឹងបង្ហាញមុខនៅក្នុងកិច្ចប្រជុំជាមួយអាស៊ាន ក៏ដូចជាបោះដៃទៅរកប្លុកនេះដើម្បីពង្រឹង
កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអាស៊ាន។

ជាការពិតណាស់ អាស៊ាននឹងស្វាគមន៍ការផ្លាស់ប្តូរអាកប្បកិរិយារបស់អាមេរិកចំពោះខ្លួនដោយរក្សាជំហរមជ្ឈភាពរបស់ខ្លួនចំពោះមហាអំណាចទាំងពីរ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន ដែលជាភាគីជម្លោះនៅសមុទ្រចិនខាងត្បូង ប្រហែលជាសង្ឃឹមថា ការចូលរួមកាន់តែជិតស្និទ្ធរបស់សហរដ្ឋអាមេរិកជាមួយប្លុកនេះ នឹងអាចជួយពួកគេក្នុងការតថ្លៃជាមួយប្រទេសចិនបាន។

សហរដ្ឋអាមេរិកដឹងច្បាស់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាចំណុចប្រទាញប្រទង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនាពេលអនាគត ហើយការដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាគន្លឹះ
ក្នុងការរក្សាអនុត្តរភាពជាសកលរបស់ខ្លួន។ រដ្ឋបាលលោក Biden រំពឹងថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាស៊ាន អាចនឹងជួយរុញច្រានឥទ្ធិពលដ៏ធំរបស់ប្រទេសចិនចេញពីតំបន់នេះបាន។

សំណួរ GT៖ «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» ដែលរៀបច ឡើងដោយមេដឹកនាំសហរដ្ឋអាមេរិ កមិនបានអញ្ជើញសមាជិកអាស៊ាន ដូចជាសិង្ហបុរី, ប្រ៊ុយណេ និងថៃនោះទេ ប៉ុន្តែបានអញ្ជើញប្រទេសផ្សេងទៀតដូចជាហ្វីលីពីន, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ការវិភាគមួយចំនួនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ជូនសញ្ញាផ្សេងៗគ្នាទៅកាន់សមាជិកអាស៊ាន ក្នុងគោលបំណងដើម្បីសាកល្បងមើលថា តើប្លុកនេះមានការរួបរួមគ្នាដែរឬទេ។ តើលោកយល់យ៉ាងណាចំពោះទស្សនៈនេះ?

ចម្លើយ Koh៖ ជាការពិត ការអញ្ជើញប្រទេសដែលជាសមាជិកអាសានតែ៣ ក្នុងចំណោម ១០ ឱ្យចូលរួមនៅក្នុង «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» មិនមែនជាការសម្រេចចិត្តដ៏ឆ្លាតវៃរបស់សហរដ្ឋអាមេរិកនោះទេ។ ការមិនរាប់បញ្ចូលប្រទេសសិង្ហបុរីទៅក្នុងបញ្ជីអ្នកដែលត្រូវបានអញ្ជើញបានបង្ហាញថា កិច្ចប្រជុំកំពូលនេះមានគោលដៅធំដើម្បីតែបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់អាមេរិកជាជាងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ដូចដែលលោក Joe Biden បានអះអាងនោះទេ។

អាមេរិកប្រហែលជាកំពុងព្យាយាមបំបែកបំបាក់ប្រទេសជាសមាជិកអាស៊ាន។ ទោះយ៉ាងណា «វានឹងមិនទៅរួចតាមរបៀបដែលសហរដ្ឋអាមេរិកសង្ឃឹមនោះទេ ហើយក៏នឹងមិនទំនងជាប៉ះពាល់ដល់ជំហរមជ្ឈភាពរបស់រដ្ឋជាសមាជិកអាស៊ាន លើការប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិននោះដែរ»។

អ្វីដែលគួរកត់អោយសម្គាល់នោះគឺថា បើទោះបីជាមានប្រទេសអាស៊ានតែ៣ត្រូវបានអញ្ជើញក៏ដោយ ក៏មានតែលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ប៉ុណ្ណោះ ដែលបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលនោះ។ មេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូណេស៊ីមិនបាន បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះទេ ដែលជាការចង្អុលបង្ហាញថា «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» មានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់ការរួបរួមគ្នារបស់អាស៊ាន។

សំណួរ GT៖ ប្រទេសចិនតែងតែសង្កត់ធ្ងន់លើសាមគ្គីភាពរបស់អាស៊ាន ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងស្វែងរកឱកាសដើម្បីធ្វើឱ្យអាស៊ានចុះខ្សោយ និងបំបែកប្លុកនេះចេញពីគ្នា ដោយសង្ឃឹមថា «ខ្លួននឹង អាចរកបាននូវសម្ព័ន្ធមិត្តដែលប្រឆាំងនឹងចិននៅក្នុងតំបន់»។ តើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វាយតម្លៃស្ថានការណ៍នេះយ៉ាងដូចម្ដេច? តើដំណើរទស្សនកិច្ចផ្ទួនៗរបស់អាមេរិកនេះ នឹងធ្វើឱ្យអាស៊ាន ឬរដ្ឋជាសមាជិកនីមួយៗរបស់ប្លុកនេះផ្លាស់ប្តូរគោលជំហរបច្ចុប្បន្នរបស់ពួកគេចំពោះប្រទេសចិនដែរឬទេ?

ចម្លើយ Koh៖ ដំណើរទស្សនកិច្ចផ្ទួនៗ និងការចូលរួមយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលលោក Biden ជាមួយបណ្តាប្រទេសអាស៊ាន ទំនងជានឹងមិនបង្កនូវផលប៉ះពាល់ភ្លាមៗដល់ជំហររបស់អាស៊ាន ឬជំហររបស់រដ្ឋជាសមាជិកនីមួយៗចំពោះប្រទេសចិននោះទេ។ ទោះយ៉ាងណា ប្រទេសចិនមិនគួរកេងយកចំណេញពីទំនាក់ទំនងរបស់ខ្លួន ជាមួយសមាជិកអាស៊ាននោះទេ។

គេមិនគួរមើលរំលងឥទ្ធិពលរយៈពេលវែងនៃកិច្ចសហប្រតិបត្តិការនិងការចូលរួមកាន់តែជិតស្និទ្ធរបស់អាមេរិកជាមួយអាស៊ាននោះឡើយ។ សហរដ្ឋអាមេរិកអាចនឹងបញ្ចុះបញ្ចូលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនឱ្យចូលរួមក្នុងក្រុម Quad តាមរយៈការរៀបចំឱ្យមានក្រុម «Quad Plus» ដែលមានគោលដៅដូចគ្នាជាមួយដៃគូសន្ទនា Quad ដែរ ដែលជាការទប់ឥទ្ធិពលរបស់ប្រទេសចិន។

ជម្លោះនៅសមុទ្រចិនខាងត្បូងបានជះឥទ្ធិពលអវិជ្ជមានលើការយល់ឃើញជាសាធារណៈអំពីអាស៊ានចំពោះប្រទេសចិន។. វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសចិនក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាង ត្បូងជាមួយនឹងបណ្ដារដ្ឋភាគីជម្លោះ។

សំណួរ GT៖ ការវិភាគមួយចំនួនបានលើកឡើងថា តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាសមរភូមិយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន។ តើប្រទេសអាស៊ីអាគ្នេយ៍យល់ឃើញបែបណាចំពោះទស្សនៈបែបនេះ? តើអាស៊ានមានយុទ្ធសាស្ត្ររួមគ្នាឬទេ ក្នុងការដោះស្រាយទំនាក់ទំនងរបស់ខ្លួនជាមួយចិននិងអាមេរិក? បើមាន តើយុទ្ធសាស្ត្រទាំងនោះមានអ្វីខ្លះ?

ចម្លើយ Koh៖ តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាចំណុចប្រទាញប្រទង់នៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ហើយភាពជាអ្នកដឹកនាំរបស់អាមេរិកនៅក្នុងតំបន់នេះ គឺជាគន្លឹះក្នុងការរក្សាអនុត្តរភាពរបស់អាមេរិកនៅលើ ពិភពលោក។

ជាមួយនឹងការផ្លាស់ប្តូរការផ្ដោតជាយុទ្ធសាស្ត្រជាសកលរបស់អាមេរិកមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក អាស៊ានបានក្លាយជាសមរភូមិដ៏សំខាន់នៃការប្រកួតប្រជែងខាងផ្នែកភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន។

អាស៊ានមានការយល់ដឹងយ៉ាងពេញលេញអំពីទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រព័ន្ធរបស់ពិភពលោក។ ជាទូទៅ មជ្ឈភាពរបស់អាស៊ានគឺជាជំហររួមរបស់ប្រទេសជាសមាជិកនីមួយៗចំពោះប្រទេសចិននិង សហរដ្ឋអាមេរិក។

ទោះយ៉ាងណា ការជឿទុកចិត្តផ្នែកនយោបាយចំពោះប្រទេសចិនមានកម្រិតខុសៗគ្នាក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ «ប្រទេសកម្ពុជា ឡាវ និងថៃ ហាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន បើធៀបនឹងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។

ទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី កំពុងមានស្ថិរភាពជាមួយចិន ប៉ុន្តែសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់បញ្ហានៅតំបន់ Xinjiang ដើម្បីបំផុសការយល់ឃើញជាសាធារណៈអំពីប្រទេសចិននៅក្នុងប្រទេសកាន់សាសនាមូស្ល៊ីមទាំងពីរនេះ ខណៈពេលដែលទំនាក់ទំនងរវាងហ្វីលីពីនជាមួយចិន អាចនឹងប្រែប្រួលទៅតាមអាកប្បកិរិយាផ្ទាល់ខ្លួនរបស់មេដឹកនាំប្រទេសនេះ៕

Global Times

អត្ថបទទាក់ទង