ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាលោក Biden គិតថា លោកត្រូវការសង្រ្គាមត្រជាក់ថ្មី?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 84
ហេតុអ្វីបានជាលោក Biden គិតថា លោកត្រូវការសង្រ្គាមត្រជាក់ថ្មី? ហេតុអ្វីបានជាលោក Biden គិតថា លោកត្រូវការសង្រ្គាមត្រជាក់ថ្មី?

នៅចំពោះមុខមេដឹកនាំពិភពលោកដែលបានប្រមូលផ្តុំគ្នានៅឯអង្គការសហប្រជាជាតិនៅថ្ងៃទី ២១ កញ្ញា ២០២២ ប្រធានាធិបតី Joe Biden បានប្រកាសថា «យើងមិនចង់បង្កើតឱ្យមានសង្រ្គាមត្រជាក់ទេ» ហើយលោកបានបន្តថា «អាមេរិកមិនបានស្នើសុំឱ្យប្រទេសណាមួយកាន់ជើងសហរដ្ឋអាមេរិក ឬដៃគូផ្សេងទៀតនោះទេ»។

ប៉ុន្តែនេះមិនមែនជាអ្វីដែលអ្នករាល់គ្នាបានយល់ពាក់ព័ន្ធនឹងសង្រ្គាមត្រជាក់ថ្មីនោះឡើយ។ បើទោះបីជាមានការអះអាងពីសំណាក់លោក Biden ក៏ដោយ ក៏អ្នកសង្កេតការណ៍គោលនយោបាយការបរទេសបានបន្ត លើកឡើងអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនៅម្ខាង និងរុស្ស៊ីនិងចិននៅម្ខាងទៀត ដោយបានចាត់ទុកវាជា «សង្រ្គាមត្រជាក់ថ្មី» ដែលអាចបង្ខំឱ្យបណ្តាប្រទេសនានាជ្រើសឈរនៅខាងភាគីណាមួយ។

លើសពីនេះ នៅក្នុងការស្ទង់មតិកាលពីខែមីនា ឆ្នាំ ២០២២ «ច្រើនជាង ៦ នាក់ក្នុងចំណោមមនុស្សពេញវ័យអាមេរិកចំនួន  ១០ នាក់បាននិយាយថា ឱកាសនៃការកើតមានសង្រ្គាមត្រជាក់គឺមានកម្រិតខ្ពស់ណាស់ បើប្រៀបធៀបនឹងកាលពី ៥ ឆ្នាំមុន»។ វាអាចជារឿងសមហេតុផលក្នុងការចោទសួរថា «តើការមិនវិលត្រឡប់ទៅរកសង្គ្រាមត្រជាក់គឺជាជំហរគោលនយោបាយការបរទេសរបស់អាមេរិកមែនដែរឬទេ» ខណៈដែលសង្រ្គាមត្រជាក់តែងតែបានផ្តល់នូវគុណប្រយោជន៍ និងឱកាសដល់សហរដ្ឋអាមេរិក?

ចាប់ពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ នៅឆ្នាំ ១៩៤៥ រហូតដល់ការដួលរលំនៃជញ្ជាំងប៊ែរឡាំងក្នុងឆ្នាំ ១៩៨៩ សង្រ្គាមត្រជាក់បានផ្តល់អត្ថប្រយោជន៍ដល់រដ្ឋបាលអាមេរិកជាបន្តបន្ទាប់ និងដល់សាធារណជនអាមេរិកជារួម។ កាន់តែសំខាន់បំផុតនោះគឺ «សហរដ្ឋអាមេរិកអាចបង្ហាញអំពីភាពត្រឹមត្រូវនៃគោលនយោបាយការបរទេសបែបអន្តរាគមន៍នៅក្នុងសម័យសង្គ្រាមត្រជាក់»។

នៅទីកន្លែងឆ្ងាយៗ រាប់ចាប់ពីក្រិករហូតដល់កុងហ្គោ សហរដ្ឋអាមេរិកបានចាត់ទុកខ្លួនឯងជា «មហាអំណាចដែលមានសន្តានចិត្តល្អក្នុងការជួយលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងការគំរាមកំហែងនៃលទ្ធិកុម្មុយនីស្តដែលកំពុងរីកសាយភាយ»។ ការគាំទ្រចំពោះសម្ព័ន្ធមិត្ត មិនថានៅកូរ៉េខាងត្បូង ឬវៀតណាមខាងត្បូង បានក្លាយជារឿងសមហេតុផលនៅពេលដែលទីក្រុងម៉ូស្គូបានអនុវត្តសកម្មភាពវិទ្ធង្សនាដើម្បីឈ្លានពានប្រទេសឯករាជ្យ បូករួមនឹងការអនុវត្តការឈ្លានពានប្រដាប់អាវុធ និងសង្រ្គាម។

សង្គ្រាមដោយប្រើកូនអុក (Proxy Wars) ដែលមហាអំណាចបានប្រយុទ្ធគ្នាដោយប្រើប្រាស់សម្ព័ន្ធមិត្តក្នុងស្រុក បានក្លាយជារឿងសមហេតុផល ជាពិសេសនៅពេលដែលសត្រូវរបស់ប្រទេសមួយត្រូវបានចាត់ទុកជា «ការគំរាមកំហែងជាសកលចំពោះមនោគមវិជ្ជា»។ សង្គ្រាមត្រជាក់ក៏បានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវអត្តសញ្ញាណជាតិប្រកបដោយគុណធម៌ផងដែរក្នុងការការពារប្រឆាំងនឹងសភាពអាក្រក់នៃលទ្ធិកុម្មុយនីស្ត។

អាមេរិកត្រូវបានគេចាត់ទុកជាអ្នកការពារគោលការណ៍ប្រជាធិបតេយ្យសកល ខណៈដែលពួកកុម្មុយនីស្តត្រូវបានគេចាត់ទុកជាអ្នកប្រឆាំងនឹងគោលលទ្ធិសីលធម៌បែបនេះ។ ជាឧទាហរណ៍ នៅក្នុងរឿងកំប្លែងដ៏ពេញនិយមនៅក្នុងឆ្នាំ ១៩៤៧ ដែលមានចំណងជើងថា «តើនេះជាថ្ងៃស្អែកឬ?» កុមារត្រូវបានគេបង្រៀនថា «ការឡើងកាន់អំណាចរបស់កុម្មុយនីស្តនឹងនាំមកនូវភាពអត់ឃ្លាន, ឃាតកម្ម, ទាសភាព និងការប្រើប្រាស់កម្លាំង»។

ជាមួយនឹងហានិភ័យបែបនេះ អ្នកដែលធ្វើការនៅក្នុងសភា, វិស័យយោធា និងឧស្សាហកម្ម អាចមានហេតុផលគ្រប់គ្រាន់ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ។ នៅក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ (ពីឆ្នាំ ១៩៤៨ ដល់ ១៩៤៩) សភាបានអនុម័តការបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ ២០%។

វិបត្តិទីក្រុងប៊ែរឡាំង, ជ័យជំនះរបស់លទ្ធិកុម្មុយនីស្តនៅក្នុងសង្គ្រាមស៊ីវិលរបស់ចិន, ការសាកល្បងនុយក្លេអ៊ែរដោយជោគជ័យរបស់សូវៀត និងការបង្កើតអង្គការ NATO ដែលទាំងអស់នេះបានកើតឡើងនៅក្នុងឆ្នាំ ១៩៤៩ បានបង្ហាញថា «នៅថ្ងៃអនាគតអាមេរិកនឹងត្រូវការក្បាលម៉ាស៊ីនយោធាដ៏ខ្លាំងក្លាដើម្បីការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រទេស»។ ការរីកចម្រើនផ្នែកយោធារបស់សហរដ្ឋអាមេរិកមានន័យស្មើនឹង «អំណាច និងទំនុកចិត្តនៅលើឆាកអន្តរជាតិ»។

ទន្ទឹមនឹងការបំពេញបាននូវគោលបំណងផ្នែកសន្តិសុខជាតិ សង្គ្រាមត្រជាក់ក៏បានជួយលើកកម្ពស់ក្រុមតស៊ូមតិនិងបុគ្គលមួយចំនួននៅទូទាំងឆាកនយោបាយរបស់អាមេរិកផងដែរ។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលអ្នកនយោបាយឆ្លៀតឱកាសមួយចំនួន បានកេងចំណេញពីវោហាសាស្ត្រសម័យសង្រ្គាមតាមរយៈការអះអាងថា «ពួកគេគឺជាអ្នកការពារសន្តិសុខជាតិ»។

ព្រឹទ្ធសមាជិកនៃរដ្ឋ Wisconsin លោក Joseph McCarthy បានទទួលនូវកេរ្តិ៍ឈ្មោះល្បីខាងរឿងអាក្រក់ តាមរយៈការរុញឱ្យប្រជាពលរដ្ឋឈ្លោះគ្នាដើម្បីទទួលបានការវាយតម្លៃល្អពីប្រជាពលរដ្ឋ។ ភាពល្បីល្បាញជាសាធារណៈរបស់លោកបានលាតត្រដាងអំពីរបៀបដែលការភ័យខ្លាចអំពីសង្រ្គាមត្រជាក់ អាចត្រូវបានមនុស្សឆ្លៀតឱកាសកេងប្រវ័ញ្ចយកប្រយោជន៍ផ្នែកនយោបាយ។

កេរ្តិ៍ឈ្មោះអប្រិយរបស់លោក Joe McCarthy នៅតែលងបន្លាចអាមេរិកនៅឡើយ។ រូបថត៖ Screengrab / PBS

ហានិភ័យនៃលទ្ធិកុម្មុយនីស្តនៅក្នុងស្រុកក៏អាចត្រូវបានប្រើប្រាស់ដោយក្រុមអភិរក្សនិយមផងដែរ ដើម្បីជំរុញការឯកភាពនៅក្នុងសង្គមអាមេរិកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្រោយសង្គ្រាម។ តើក្រុមអភិរក្សនិយមនៅពេលបច្ចុប្បន្ននេះ អាចអនុវត្តវិធីសាស្ត្រដូចគ្នាក្នុងការប្រើប្រាស់ហានិភ័យនៃក្រុមណាមួយដើម្បីលើកកម្ពស់ «អាមេរិកនិយម» «Americanism» ដែរឬទេ? អ្នកដែលកំពុងជជែកដេញដោលអំពី «ការវិលត្រឡប់មកវិញនៃសង្គ្រាមត្រជាក់» ជឿថា «វាអាចទៅរួច»។

ទោះយ៉ាងណា ទសវត្សរ៍ឆ្នាំ ១៩៩០ បានបង្ហាញថា «ជ័យជំនះនៃសង្គ្រាមត្រជាក់បាននាំមកជាមួយនូវលទ្ធផលដែលមិនបានរំពឹងទុក»។ ស្ថិរភាពនៃប្រព័ន្ធអន្តរជាតិហាក់ដូចជាត្រូវបានបំផ្លាញនៅក្នុងពិភពលោក នៅក្រោយសង្គ្រាមត្រជាក់ ហើយការមិនមានសត្រូវរួមបានជំរុញឱ្យពលរដ្ឋអាមេរិកងាកមកពាក់មុខយក្ខដាក់គ្នា។

ជនជាតិអាមេរិកបានចូលរួមនៅក្នុងសង្គ្រាមវប្បធម៌ដ៏ឃោឃៅនៅក្នុងស្រុក ដោយក្នុងនោះអ្នករិះគន់បានលើកឡើងអំពីការបង្ក្រាបលើសេរីភាពនៃការនិយាយស្តី និងការបញ្ចេញមតិ។ ទន្ទឹមនឹងនេះដែរ កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកត្រូវបានទុកចោលនៅឯបរទេស បន្ទាប់ពីការប្តេជ្ញាចិត្តអស់ជាច្រើនទសវត្សរ៍ក្នុងការទប់ស្កាត់លទ្ធិកុម្មុយនីស្តបានបិទបញ្ចប់។

អ្នកវិទ្យាសាស្ត្រនយោបាយ John J Mearsheimer បានលើកឡើងនៅចុងបញ្ចប់នៃសង្គ្រាមត្រជាក់នៅក្នុងឆ្នាំ ១៩៩០ ថា «អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រព័ន្ធរដ្ឋដែលផ្តល់នូវការលើកទឹកចិត្តដ៏មានឥទ្ធិពលដល់ការឈ្លានពានដូចកាលពីអតីតកាល»។ នៅពេលថ្មីៗនេះ លោក Mearsheimer ក៏បានលើកឡើងដែរថា «សកម្មភាពបង្ខិតបង្ខំរបស់អង្គការ NATO នៅក្នុងបណ្តាប្រទេសអតីតសហភាពសូវៀត គឺជាមូលហេតុដែលបង្កឱ្យមានសង្រ្គាមបច្ចុប្បន្ន»។

លោក Putin និងលោក Xi កាលពីអំឡុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃនាពេលកន្លងទៅថ្មីៗនេះ

នៅក្រោយព្រឹត្តិការណ៍ ៩/១១ សង្រ្គាមសកលប្រឆាំងនឹងភេរវកម្មបានផ្តល់នូវសញ្ញានៃការគំរាមកំហែងថ្មីដែលជាហេតុជំរុញឱ្យមានការបង្កើតយុទ្ធសាស្រ្តដ៏ធំថ្មីរបស់អាមេរិកសម្រាប់សតវត្សរ៍ទី ២១។ នៅក្នុងសុន្ទរកថាឆ្នាំ ២០០២ ប្រធានាធិបតី George W Bush បានប្រកាសថា «សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងសម្ព័ន្ធភាពដ៏អាក្រក់ (Axis of Evil) ដែលបំពាក់ទៅដោយអាវុធដើម្បីបង្កការគំរាមកំហែងដល់សន្តិភាពរបស់ពិភពលោក»។

ប៉ុន្តែ ការគំរាមកំហែងរបស់សម្ព័ន្ធភាពដ៏អាក្រក់ (Axis of Evil) និងសម្ព័ន្ធមិត្តភេរវកម្ម មិនមានលក្ខណៈគួរឱ្យខ្លាចខ្លាំងនោះទេ ដែលជាហេតុមិនអាចទាក់ទាញការយកចិត្តទុកដាក់ពីសហរដ្ឋអាមេរិកឱ្យបានយូរអង្វែង បើប្រៀបធៀបនឹងក្រុមកុម្មុយនីស្តនៃសង្គ្រាមត្រជាក់។ ជាក់ស្តែង សហរដ្ឋអាមេរិកបានឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេល ២ ទសវត្សរ៍យ៉ាងហិង្សា ក៏ប៉ុន្តែក្រោយមកបានរកឃើញថា «ការគំរាមកំហែងនៅទីនោះមិនមានលក្ខណៈធ្ងន់ធ្ងរដូចការគិតទុកនោះទេ»។

ប្រទេសរុស្ស៊ីរបស់លោក Putin នៅថ្ងៃនេះបានបង្ហាញអំពីលទ្ធភាពនៃការអាចវិលត្រឡប់ទៅរកសង្រ្គាមត្រជាក់ថ្មីនៅក្នុងពិភពលោក។ មនុស្សមួយចំនួននៅទីក្រុងវ៉ាស៊ីនតោនអាចនឹងមានការសប្បាយចិត្តក្នុងការវិលទៅរកសង្រ្គាមត្រជាក់ថ្មីនេះ ក៏ប៉ុន្តែអ្នកបង្កើតគោលនយោបាយគួរតែគិតគូរឱ្យបានទ្វេដង មុននឹងសម្រេចរុញប្រទេសឆ្ពោះទៅរកជម្លោះជាច្រើនទស្សវត្សរ៍ ដោយមិនបានពិចារណាឱ្យបានហ្មត់ចត់អំពីប្រវត្តិសាស្ត្រ៕

Asia Times

អត្ថបទទាក់ទង