ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

ដោយ៖សូ សែនឬទ្ធា | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 590
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងជាសមាជិករបស់ គ.ក.ច. ព្រមទាំងមន្ត្រីជំនាញការច្បាប់។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍វាយតម្លៃ និងកោតសរសើរចំពោះថ្នាក់ដឹកនាំទាំងអស់នៃ គ.ក.ច. ដែលបានរួមចំណែកយ៉ាងសកម្មកន្លងមកនេះ ក្នុងការជំរុញការងាររបស់គណៈកម្មាធិការ ពិសេសលេខាធិការដ្ឋាន គ.ក.ច. ដែលបានធ្វើកិច្ចការយ៉ាងច្រើន ដោយរៀនផង ធ្វើផង ប៉ុន្តែដោយផ្អែកលើគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ក្នុងការកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រ ដែលមានគុណតម្លៃនិងគោលដៅច្បាស់លាស់ សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធច្បាប់របស់យើងមានភាពពេញលេញ បម្រើឱ្យគោលដៅនៃការអភិវឌ្ឍជាតិ ជាពិសេសជាមូលដ្ឋានគ្រឹះនៃការកសាងជាតិកម្ពុជា ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០។ ជាក់ស្ដែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គ.ក.ច. បានសម្រេចបាននូវលទ្ធផលការងារសំខាន់ៗ ជាអាទី៍ បានរៀបចំរួចរាល់នូវក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា ហើយបាននិងកំពុងរៀបចំកិច្ចការស្នូលមួយចំនួនទៀត ដូចជា៖ ១)ក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងវប្បធម៌នីតិរដ្ឋ, ២)មគ្គទេសន៍សីល្ប៍សាស្ត្រនីតិកម្ម ជាដើម។ អង្គប្រជុំក៏បានពិនិត្យនិងពិភាក្សាលើការបង្កើតនិងរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់និងគេហទំព័រទិន្នន័យច្បាប់ឱ្យបានឆាប់រហ័ស សំដៅប្រែក្លាយទៅជាចំណុចរួម ដើម្បីប្រមូលផ្ដុំនិងចងក្រងរាល់ឯកសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព គ្រប់ជ្រុងជ្រោយ សម្បូរបែប និងពហុមុខងារ។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍សមិទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តទៅមុខទៀតរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល អាចសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា យើងចង់បានប្រព័ន្ធច្បាប់មួយដែលល្អ ពេញលេញ និងមានតុល្យភាព (Check and balance) ដើម្បីការពារផលប្រយោជន៍និងសិទ្ធិបុគ្គល និងការការពារយុត្តិធម៌សង្គម ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចទីផ្សារ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ពហុបក្ស និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងការកោតសរសើរចំពោះក្រសួង ស្ថាប័ន ដែលបានរៀបចំបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនរួចរាល់ ហើយលើកទឹកចិត្តឱ្យចាប់ផ្តើមគិតគូរ រៀបចំ និងចងក្រងផែនការសកម្មភាពរបស់ខ្លួន ស្របទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ១៨ សរ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្ដីពីការបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានស្នើសុំឱ្យក្រសួង ស្ថាប័ន ដែលពុំទាន់បានរៀបចំ ត្រូវជំរុញនិងពន្លឿនការរៀបចំឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។
ក្រៅពីនេះ អង្គប្រជុំក៏បានពិភាក្សាលើការរៀបចំគណៈកម្មាធិការជំនាញទទួលបន្ទុកតាមវិស័យនីមួយៗទាំង៤ ដែលមានតួនាទីសំខាន់ក្នុងការពិនិត្យនិងផ្តល់យោបល់លើបញ្ហាច្បាប់តាមវិស័យ ដែលនឹងជួយផ្តល់មូលដ្ឋានបច្ចេកទេស ចំណេះដឹងវិជ្ជាជីវៈ និងការវិភាគជាក់លាក់ ដើម្បីធានាថាការកែទម្រង់ច្បាប់មានភាពច្បាស់លាស់ មានគុណភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្ដល់ការណែនាំឱ្យមានការរៀបចំក្រុមការងារចង្អៀត ដើម្បីបន្តពិនិត្យនិងកែសម្រួលអំពីសមាសភាពនិងតួនាទីភារកិច្ច ដើម្បីធានាឱ្យក្រុមការងារទាំង៤នេះ មានលក្ខណៈជាប្រព័ន្ធ គ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាព ដោយផ្ដោតលើមុខងារសម្របសម្រួលផង និងមុខងារជំនាញផង ហើយក្លាយជាយន្តការចាំបាច់ក្នុងការជំរុញល្បឿននៃការកែទម្រង់ប្រព័ន្ធច្បាប់ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។


 

អត្ថបទទាក់ទង