សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ការមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម ដោយសារតែទុកចិត្តគេពេក
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងសុំទោសជាសាធារណៈចំពោះបងប្អូនប្រជាពលរដ្ឋ នូវអ្វីដែលសម្តេចតេជោ បានទទួលស្គាល់ថា «ការមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាម ដោយសារតែទុកចិត្តគេពេក» កាលពីអណត្តិដែលសម្តេចតេជោ នៅកាន់តំណែងជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបន្តថា «ក្នុងនាមជានាយករដ្ឋមន្ត្រីកាលណោះ គឺមិនដែលនឹកស្មានថានឹងមានសង្គ្រាមឈ្លានពានណាមួយកើតឡើងរាលដាលពាសពេញព្រំដែននោះទេ និងដោយសារតែការជឿជាក់លើភាគីម្ខាងទៀតពេក ក៏បានសម្រេចចិត្តមិនយកថវិកាជាតិទៅទិញគ្រឿងសព្វាវុធនោះទេ ប៉ុន្តែបានបង្វែរថវិកាទាំងនោះទៅអភិវឌ្ឍលើវិស័យសង្គមកិច្ច សុខាភិបាល និងការអប់រំវិញ ដូចនេះសព្វាវុធមិនគ្រប់គ្រាន់ពេលនេះ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ»៕




