ឆ្លើយតបនិងការចុះផ្សាយរបស់សារព័ត៌មានថៃ៖ សន្តិភាពជាគោលការណ៍ សង្គ្រាមជាការប្រឌិត
ការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនជុំវិញប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ មិនត្រឹមតែឆ្លុះបញ្ចាំងពីការបកស្រាយដែលប្រាសចាកពីអត្ថន័យដើមនៃប្រសាសន៍នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតការយល់ឃើញខុសនៅក្នុងសាធារណមតិ និងជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសនៃការចរចា និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃផងដែរ។
សារព័ត៌មានមួយចំនួនរបស់ថៃបានព្យាយាមបង្កើតចំណាប់អារម្មណ៍ថា កម្ពុជាកំពុងដាក់ «ជម្រើសពីរ» សម្រាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ គឺការប្រើប្រាស់កម្លាំងយោធា ឬការដោះស្រាយដោយសន្តិវិធី។ ប៉ុន្តែការពិតដែលសម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ គឺកម្ពុជាមិនដែលចាត់ទុកការប្រើប្រាស់កម្លាំងជាជម្រើសនយោបាយសម្រាប់ដោះស្រាយបញ្ហាព្រំដែនឡើយ។ ផ្ទុយទៅវិញ សម្តេចគ្រាន់តែបានពន្យល់ពីការពិតជាសកលមួយក្នុងទំនាក់ទំនងអន្តរជាតិថា ជម្លោះតែងតែមានផ្លូវពីរសម្រាប់ដោះស្រាយ គឺផ្លូវសង្គ្រាម ឬផ្លូវសន្តិភាព ហើយកម្ពុជាបានជ្រើសរើសយ៉ាងដាច់ខាតគឺផ្លូវសន្តិភាព។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញថា សន្តិភាពមិនមែនគ្រាន់តែជាជម្រើសរបស់កម្ពុជានៅក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍នយោបាយដ៏រឹងមាំដែលត្រូវបានបន្ត និងបញ្ចូលទៅក្នុងចក្ខុវិស័យរយៈពេលវែងរបស់គណបក្សប្រជាជនកម្ពុជាថែមទៀតផង។ ការដាក់បញ្ចូលគោលនយោបាយនេះទៅក្នុងកម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ គឺជាសារនយោបាយដ៏ច្បាស់លាស់ថា កម្ពុជាបន្តជ្រើសរើសផ្លូវចរចា និងសន្តិវិធី ជំនួសការប្រឈមមុខដោយកម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
ហេតុនេះ ការកាត់យកតែផ្នែកខ្លះនៃប្រសាសន៍របស់សម្តេច រួចបកស្រាយឱ្យមានន័យថាកម្ពុជាកំពុងពិចារណាយកជម្រើសយោធា គឺជាការបំភ្លៃការពិតទាំងស្រុងដែលមិនអាចទទួលយកបាន។ នេះមិនមែនជាការស្រង់ព័ត៌មានដោយស្មោះត្រង់នោះទេ ប៉ុន្តែជាការជ្រើសរើសយកពាក្យសម្ដីមួយផ្នែក ដើម្បីបង្កើតអត្ថន័យថ្មីដែលប្រាស់ចាកខុសពីអត្ថន័យដើម។ សម្រាប់វិជ្ជាជីវៈសារព័ត៌មាន នេះគឺជាការបំពានលើគោលការណ៍មូលដ្ឋាននៃភាពត្រឹមត្រូវ តុល្យភាព និងទំនួលខុសត្រូវចំពោះសាធារណជនហើយ។
សំណួរដែលគួរត្រូវបានលើកឡើងនៅពេលនេះ មិនមែនថា «ហេតុអ្វីកម្ពុជាជ្រើសរើសសន្តិភាព?» នោះទេ ព្រោះចម្លើយត្រូវបានបញ្ជាក់យ៉ាងច្បាស់រួចហើយ។ ផ្ទុយទៅវិញ សំណួរដែលគួរត្រូវបានសួរគឺ៖ ហេតុអ្វីសារព័ត៌មានថៃមួយចំនួនព្យាយាមបង្ហាញកម្ពុជាថាជាភាគីដែលកំពុងគិតគូរអំពីជម្រើសយោធា ខណៈដែលមេដឹកនាំកម្ពុជាកំពុងអំពាវនាវឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី?
ការផ្សព្វផ្សាយព័ត៌មានដោយខ្វះវិជ្ជាជីវៈរបៀបនេះ មិនអាចចាត់ទុកថាជាកំហុសបច្ចេកទេសធម្មតាបានឡើយ។ នៅក្នុងបរិបទដែលបញ្ហាព្រំដែនកំពុងនៅជាបញ្ហារសើប និងអាចបង្កឱ្យមានមនោសញ្ចេតនាជាតិនិយម ការបំភ្លៃប្រសាសន៍របស់មេដឹកនាំកម្ពុជា អាចត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីបង្កើតការយល់ឃើញខុសៗក្នុងសាធារណមតិ។ នៅពេលព័ត៌មានត្រូវបានប្រើប្រាស់ដើម្បីបង្កើតអារម្មណ៍ជំនួសការពិត សារព័ត៌មាននោះក៏ប្រឈមនឹងការបាត់បង់តួនាទីជាស្ថាប័នដែលបម្រើផលប្រយោជន៍សាធារណៈ ហើយអាចក្លាយជាឧបករណ៍នៃរបៀបវារៈនយោបាយដោយមិនដឹងខ្លួនផងដែរ។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺកម្ពុជាមិនត្រឹមតែជ្រើសរើសយកសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបដិសេធយ៉ាងដាច់ខាតនូវការកំណត់ព្រំដែន ឬការផ្លាស់ប្តូរស្ថានភាពណាមួយដែលកើតឡើងដោយការប្រើប្រាស់កម្លាំង។ នេះមិនមែនជាការគំរាមកំហែងឡើយ ប៉ុន្តែជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ដែលមិនទទួលស្គាល់ការទទួលបានទឹកដីតាមរយៈការប្រើប្រាស់កម្លាំងឡើយ។ ដូច្នេះ ការបដិសេធមិនទទួលស្គាល់ស្ថានភាពដែលកើតចេញពីការបង្ខិតបង្ខំ ឬ «fait accompli» មិនមែនជាឥរិយាបថសង្គ្រាមទេ ប៉ុន្តែជាការការពារនីតិរដ្ឋ និងការគោរពច្បាប់អន្តរជាតិ។
ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារយ៉ាងច្បាស់ទៅកាន់ភាគីថៃថា ប្រសិនបើថៃពិតជាមិនមានបំណងឈ្លានពានកម្ពុជាទេ នោះអ្វីដែលគួរធ្វើគឺអនុញ្ញាតឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) បន្តដំណើរការវាស់វែង និងបោះបង្គោលព្រំដែនឡើងវិញស្របតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នា នេះទើបជាដំណោះស្រាយដែលផ្អែកលើច្បាប់ យន្តការបច្ចេកទេស និងការចរចា មិនមែនផ្អែកលើកម្លាំង ឬការបង្កើតសម្ពាធនយោបាយនោះឡើយ។
ទោះបីជាមានការផ្សព្វផ្សាយព័ត៌មានមិនពិត ឬការបកស្រាយដែលប្រាសចាកពីការពិតដោយសារព័ត៌មានមួយចំនួននៅប្រទេសថៃក៏ដោយ ការសម្រេចចិត្តផ្នែកនយោបាយពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន គួរតែផ្អែកលើឆន្ទៈនយោបាយ តក្កវិទ្យា ការទទួលខុសត្រូវ និងភាពស្មោះត្រង់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ។ ប្រសិនបើការសម្រេចចិត្តត្រូវបានជំរុញដោយអារម្មណ៍ ឬទទួលឥទ្ធិពលពីព័ត៌មានបំភាន់ នោះវាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាដែលមានស្រាប់បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតវិបត្តិ និងភាពតានតឹងថ្មីៗបន្ថែមទៀត។ ជាពិសេស ការលើកឡើងអំពីសង្គ្រាមដោយមិនផ្អែកលើខ្លឹមសារពិតនៃសុន្ទរកថារបស់ថ្នាក់ដឹកនាំកម្ពុជា គឺជាការបកស្រាយខុសពីការពិតដែលអាចនាំឱ្យមានការយល់ច្រឡំធ្ងន់ធ្ងរ។
ថ្នាក់ដឹកនាំនៃរដ្ឋអធិបតេយ្យមួយ គួរតែសម្រេចចិត្តដោយផ្អែកលើការពិត គោលការណ៍ច្បាប់ និងផលប្រយោជន៍ជាតិរយៈពេលវែង មិនមែនដោយទទួលឥទ្ធិពលពីព័ត៌មានមិនពិត ឬសម្ពាធមតិសាធារណៈដែលត្រូវបានបង្កើតឡើងដោយការផ្សព្វផ្សាយខ្វះការទទួលខុសត្រូវនោះឡើយ។
នៅទីបញ្ចប់ ការពិតនៅតែជាការពិត។ កម្ពុជាបានជ្រើសរើសសន្តិភាពជាគោលការណ៍ និងជាយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ផ្ទុយទៅវិញ ការព្យាយាមបំភ្លៃសារសន្តិភាពឱ្យក្លាយជាសារសង្គ្រាម គឺជាការប្រឌិតមួយដែលមិនឆ្លុះបញ្ចាំងពីការពិតឡើយ។ ក្នុងស្ថានភាពដែលប្រទេសទាំងពីរកំពុងត្រូវការការទុកចិត្តគ្នា និងការសន្ទនាប្រកបដោយសុច្ឆន្ទៈ អ្នកដែលបំភ្លៃការពិតដើម្បីបង្កើតភាពប្រឈមមុខ គឺជាអ្នកដែលគួរត្រូវបានសួរអំពីចេតនាពិតប្រាកដរបស់ខ្លួន មិនមែនអ្នកដែលកំពុងអំពាវនាវរកសន្តិភាពនោះទេ៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ




