ខ្មែរប៉ុស្ដិ៍ Close

សមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ គឺជាកិច្ចការដែលនៅមិនទាន់សម្រេចបាននៅឡើយទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 129
សមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ គឺជាកិច្ចការដែលនៅមិនទាន់សម្រេចបាននៅឡើយទេ សមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ គឺជាកិច្ចការដែលនៅមិនទាន់សម្រេចបាននៅឡើយទេ

កាលពី ២៥ ឆ្នាំមុន វិបត្តិហិរញ្ញវត្ថុអាស៊ីបានទាញទម្លាក់វឌ្ឍនភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ីបូព៌ា អស់រយៈពេលជាច្រើនឆ្នាំ។ វិបត្តិនោះបានបង្កឡើងដោយការដួលរលំនៃប្រាក់បាតថៃ និងបានបន្តរីករាលដាលយ៉ាងលឿននៅទូទាំងតំបន់អាស៊ីបូព៌ា។ បណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ បើទោះបីជាសេដ្ឋកិច្ចរបស់ពួកគេមានសកម្មភាពកម្រិតណាក៏ដោយ ក៏សុទ្ធតែបានទទួលរងគ្រោះយ៉ាងដំណំ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលូកដៃមកជួយសង្គ្រោះ ប៉ុន្តែការជួយជ្រោមជ្រែងរបស់មូលនិធិនេះគឺមានទំហំតិចតួចពេក និងយឺតពេលពេក។ លក្ខខណ្ឌរបស់មូលនិធិ IMF មានសភាពតឹងតែងខ្លាំង ដោយក្នុងនោះ មូលនិធិនេះបានទាមទារឱ្យបណ្តាប្រទេសទទួលជំនួយបង្កើនយ៉ាងគំហ៊ុកនូវអត្រាការប្រាក់, អនុវត្តការធ្វើសេរីភាវូបនីយកម្មគណនីមូលធន (Capital Account) និងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃស្ថាប័នហិរញ្ញវត្ថុ។

ការកំណត់លក្ខខណ្ឌពីសំណាក់ IMF បានធ្វើឱ្យវិបត្តិហិរញ្ញវត្ថុអាស៊ីវិវឌ្ឍទៅកាន់តែអាក្រក់។ ជាមួយនឹងការខកចិត្តចំពោះភាពស្ពឹកស្រពន់របស់ IMF ប្រទេសជប៉ុនបានស្នើបង្កើតមូលនិធិរូបិយវត្ថុអាស៊ី (Asian Monetary Fund-AMF) នៅខែកញ្ញា ឆ្នាំ ១៩៩៧ ជាមួយនឹងការអះអាងថា «មូលនិធិនេះនឹងចាត់វិធានការឆ្លើយតបបានលឿនជាងមុន ហើយនឹងកំណត់លក្ខខណ្ឌឱ្យមានលក្ខណៈសមស្របជាងមុនជាមួយនឹង
វិធីសាស្ត្ររបស់អាស៊ី»។

ប៉ុន្តែ មូលនិធិ AMF បានប្រឈម មុខនឹងការប្រឆាំងពីសហរដ្ឋអាមេរិក និងពី IMF ក្រោមហេតុផលថា «វានឹងមានទម្រង់ត្រួតស៊ីគ្នាជាមួយបណ្តាស្ថាប័នដែលមានស្រាប់ ហើយអាចបង្កើតឱ្យមានហានិភ័យ»។ ការឆ្លើយតបពីបណ្តាប្រទេសអាស៊ីបូព៌ាក៏មិនសូវមានលក្ខណៈគួរឱ្យកត់សម្គាល់នោះដែរ ដោយសារតែបញ្ហាកង្វះទំនុកចិត្តរវាងបណ្តាប្រទេសអាស៊ីបូព៌ា ជាពិសេសប្រទេសជប៉ុននិងចិន។

នៅខែឧសភា ឆ្នាំ ២០០០ បណ្តាប្រទេសអាស៊ាន រួមជាមួយនឹងប្រទេសចិន, ជប៉ុន, និងកូរ៉េខាងត្បូង (ASEAN+3) បានចុះកិច្ចព្រមព្រៀងមួយក្នុងគោលបំណងបង្កើតបណ្តាញនៃផែនការផ្តោះប្តូរទ្វេភាគីដែលរៀបចំឡើងដើម្បីដោះស្រាយកង្វះសាច់ប្រាក់ងាយស្រួលនៅក្នុងតំបន់ ដែលកិច្ចព្រមព្រៀងនោះត្រូវបានគេដាក់ឈ្មោះថា «គំនិតផ្តួចផ្តើមឈៀងម៉ៃ» «Chiang Mai Initiative – CMI»។

ការចុះហត្ថលេខា លើគំនិតផ្តួចផ្តើម CMI បានគូសបញ្ជាក់អំពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី។ នៅខែធ្នូ ឆ្នាំ ២០០៨ សមាជិកអាស៊ាន+៣ បានយល់ព្រមពង្រីក CMI ឱ្យក្លាយទៅជា ទុនបម្រុងពហុភាគី ដែលមានឈ្មោះថា «ពហុភាគីយូបនីយកម្មនៃការផ្តួចផ្តើមគំនិតឈៀងម៉ៃ» «Chiang Mai Initiative Multilateralization – CMIM» ដែលទំហំរបស់វាត្រូវបានពង្រីកពីចំនួន ១២០ ពាន់លានដុល្លារ ទៅដល់ចំនួន ២៤០ ពាន់លានដុល្លារ។

CMIM បានក្លាយជាបណ្តុំនៃទុនបម្រុងបរទេសក្នុងតំបន់ ដែលទទួលបានមូលនិធិពីការរួមចំណែករបស់ប្រទេសជាសមាជិក។ ស្ថិតក្រោម CMIM ការទំនាក់ទំនងជាមួយកម្មវិធីរបស់មូលនិធិ IMF ត្រូវបានកាត់បន្ថយ។ ទោះបីជាវានៅតែមិនមែនជាស្ថាប័នហិរញ្ញវត្ថុថ្នាក់តំបន់ក៏ដោយ ក៏ការចុះហត្ថលេខាលើ CMIM និងការបង្កើតការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (ASEAN+3 Macroeconomic Research Office – AMRO) ដើម្បីគាំទ្ រនិងគ្រប់គ្រងលើការអនុវត្ត CMIM គឺជាការបោះមួយជំហានចូលកាន់តែកៀកនឹងផែនការហិរញ្ញវត្ថុថ្នាក់តំបន់។

ការបោះជំហានទី២ នៅក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្នាក់តំបន់ គឺជា «គំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី (Asian Bond Markets Initiative – ABMI) ដែលត្រូវបានដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ ២០០២»។ វាគឺជាផែនការថ្នាក់តំបន់មួយដែលនឹងជួយសម្រួលដល់ការចេញសញ្ញាបណ្ណ ជារូបិយបណ្ណក្នុងស្រុក។ ស្ថិតក្រោមគំនិតផ្តួចផ្តើម ABMI សញ្ញាបណ្ណប្រាក់បាតថៃអាចត្រូវបានចេញដោយធនាគារជប៉ុនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ (Japan Bank for International Cooperation) ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការធុរកិច្ចរបស់បណ្តាក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសថៃ។

គំនិតផ្តួចផ្តើម ABMI ត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយការពឹងផ្អែកជ្រុលរបស់តំបន់ទៅលើប្រាក់មកពីខាងក្រៅតំបន់ ជាពិសេសប្រាក់កម្ចីពីធនាគារអន្តរជាតិ ដើម្បីធ្វើឱ្យបណ្តាប្រទេសអាស៊ីបូព៌ាមានភាពធន់កាន់តែខ្លាំងទៅនឹងលំហូរចេញភ្លាមៗនៃមូលធន។ ទីផ្សារសញ្ញាបណ្ណជារូបិយបណ្ណក្នុងស្រុកដែលកំពុងលេចរូបរាងឡើងនៅក្នុងតំបន់អាស៊ីបូព៌ា បានឈានដល់តម្លៃសរុប ២៣,៥ ទ្រីលានដុល្លារនៅខែមេសា ឆ្នាំ ២០២២ ខណៈដែលទីផ្សារសញ្ញាបណ្ណរូបិយបណ្ណក្នុងស្រុករបស់ចិនមានទំហំធំជាងគេនៅក្នុងតំបន់។

ចេតនាដ៏មហិច្ឆតាបំផុតទី៣ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្នាក់តំបន់គឺ «សំណើរនៅឆ្នាំ ២០០៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការបង្កើតរូបិយបណ្ណរួមសម្រាប់តំបន់អាស៊ីគឺ «ឯកតារូបិយបណ្ណអាស៊ី (Asian Currency Unit – ACU)»។ វាមានគោលបំណងជួយរក្សាស្ថិរភាពរូបិយបណ្ណរបស់បណ្តាធនាគារកណ្តាល ដើម្បីចៀសវាងការធ្លាក់ចុះនៃតម្លៃ និងដើម្បីទប់ទល់នឹងប្រាក់ដុល្លារ ហើយវានឹងជួយឱ្យអតុល្យភាពគណនីចរន្តរបស់តំបន់អាចត្រូវបានកែសម្រួលបានទាន់ពេលវេលា។

សំណើរនេះបានទទួលនូវការស្វាគមន៍ជាមួយនិងការចាត់ទុកវាជា «វិធានការដំបូងឆ្ពោះទៅការបង្កើតរូបិយបណ្ណរួមក្នុងតំបន់»។ បន្ទាប់ពីមានវឌ្ឍភាពដ៏រឹងមាំមួយចំនួន កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី បានចាប់ផ្តើមបាត់បង់សន្ទុះ ដោយសារកត្តាជាច្រើន។

ទី១ ៖ «ប្រទេសអាស៊ានបូក៣ ភាគច្រើនបានអស់អតិរេកគណនីចរន្ត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីមក និងបានបង្កើនទុនបម្រុងបរទេសក្នុងចំនួនដ៏ច្រើនសម្បើម»។ នៅពេលទុនបម្រុងបរទេសបានកើនឡើងពីចំនួន ៥៤២ ពាន់លានដុល្លារនៅឆ្នាំ ១៩៩៧ ដល់ចំនួន ៣,៧ ទ្រីលានដុល្លារនៅឆ្នាំ ២០០៨ ការគាំទ្រចំពោះសាច់ប្រាក់ងាយស្រួលបានបាត់បង់សារៈសំខាន់។

ទី២ ៖ «ទោះបីជាគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ីអាច សម្រេចបាននូវវឌ្ឍនភាពយ៉ាងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះក៏ដោយ ក៏ការកើនឡើងនូវបំណុលជាសញ្ញាបណ្ណរូបិយបណ្ណក្នុងស្រុកនៅក្នុងតំបន់ត្រូវបានជំរុញដោយមហិច្ឆតារបស់ប្រទេសមួយចំនួនដែលចង់សម្រេចបាននូវការអភិវឌ្ឍហិរញ្ញវត្ថុក្នុងស្រុក ជាជាងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្នាក់តំបន់»។ ការវិវឌ្ឍនៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ីក៏ត្រូវបានរាំងស្ទះផងដែរ ដោយសារកង្វះវឌ្ឍនភាពនៅក្នុងស្តង់ដារយូបនីយកម្មនៃបទបញ្ញត្តិ, ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធទូទាត់ ទីផ្សារភាគហ៊ុន និងសន្ទនីយភាពទីផ្សារ (Market liquidity)។

ទី៣ ៖ «ACU មិនអាចសម្រេចបាននូវលទ្ធផលជាក់ស្តែងនៅក្នុងគោលនយោបាយសាធារណៈនោះទេ» ហើយបណ្តាប្រទេសអាស៊ីបូព៌ាភាគច្រើន ក៏មិនចង់ពឹងផ្អែកលើរូបិយបណ្ណថ្នាក់តំបន់នោះដែរ។ ឧបសគ្គចម្បងចំពោះការបង្កើត ACU គឺមានពាក់ព័ន្ធច្រើនជាមួយនឹងបញ្ហានយោបាយជាជាងបញ្ហាសេដ្ឋកិច្ច។ វិបត្តិបំណុលរដ្ឋឆ្នាំ ២០១២ នៅអឺរ៉ុប បានជះឥទ្ធិពលអវិជ្ជមានដល់អ្នកដែលចង់បង្កើតឱ្យមានរូបិយបណ្ណរួមនៅក្នុងតំបន់អាស៊ី។

ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ មក តថភាពសេដ្ឋកិច្ចថ្នាក់តំបន់និងពិភពលោក បានរងនូវការផ្លាស់ប្តូរ និងបានធ្វើឱ្យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្នាក់តំបន់លែងក្លាយជាចំណុចអាទិភាពនៅក្នុងរបៀបវារៈរបស់តំបន់។ ប៉ុន្តែជាមួយនឹងភាពស្ថិតនៅកៀកគ្នាផ្នែកភូមិសាស្ត្រ និងទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ បណ្តាប្រទេសអាស៊ីបូព៌ាត្រូវតែសម្លឹងមើលទៅមុខឱ្យបានវែងឆ្ងាយ និងត្រូវខិតខំព្យាយាមបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្នាក់តំបន់៕

East Asia Forum