ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាជាតិនិយមសេដ្ឋកិច្ច មានការកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 48
ហេតុអ្វីបានជាជាតិនិយមសេដ្ឋកិច្ច មានការកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍? ហេតុអ្វីបានជាជាតិនិយមសេដ្ឋកិច្ច មានការកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍?

កាលពីដើមខែនេះ អង្គការពាណិជ្ជកម្មពិភពលោក(WTO) បានសម្រេចថា «ពន្ធគយឆ្នាំ ២០១៨ ដែលអាមេរិកបានដាក់លើទំនិញអាលុយមីញ៉ូម និងដែកថែប បានបំពានទៅនឹងច្បាប់របស់ WTO»។ ជាមួយនឹងការសម្រេចបែបនេះ សហរដ្ឋអាមេរិកពិតជាមិនអាចព្រងើយកន្តើយបានទេ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg «អ្នកនាំពាក្យតំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក Adam Hodge បានច្រានចោលសេចក្តីសម្រេចនេះ ដោយបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនលុបចោលការសម្រេចចិត្តសំខាន់ៗផ្នែកសន្តិសុខដែលខ្លួនបានលើកឡើងចំពោះក្រុមការងារ WTO ឡើយ»។

លោក Paul Krugman ដែលជាអ្នកនិពន្ធនៅក្នុងកាសែត «New York Times» បានសរសេរអត្ថបទដែលមានចំណងជើងថា «ហេតុអ្វីបានជាអាមេរិកមានភាពតឹងតែងចំពោះការធ្វើពាណិជ្ជកម្ម» និង «តើនេះជាទីបញ្ចប់នៃសន្តិភាពតាមរយៈការធ្វើពាណិជ្ជកម្មឬ?»

ការងាររបស់លោក Krugman មានសារៈសំខាន់ណាស់ ដោយធ្លាប់បាននាំមកនូវការផ្លាស់ប្តូរវិធីសាស្រ្តរបស់អាមេរិកក្នុងការធ្វើពាណិជ្ជកម្មសេរីនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

ការផ្លាស់ប្តូរពិតជាអាចកើតមានឡើង។ បណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងងាកទៅរកអ្វីដែលយើងអាចហៅថា «សេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋ» ការប្រើប្រាស់ឧបករណ៍គោលនយោបាយ ដូចជាពន្ធគយ និងការហាមឃាត់នូវការនាំចេញ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សារក្នុងគោលបំណងបម្រើឱ្យគោលដៅយុទ្ធសាស្ត្រជាតិ។

វាហាក់បីដូចជាការធ្វើពាណិជ្ជកម្មសេរីដែលធ្លាប់តែគ្មានឧបសគ្គ កំពុងត្រូវបានកាត់បន្ថយនៅពេលដែលបណ្តាប្រទេសនានាបានបន្តផ្តល់អាទិភាពខ្ពស់ដល់គោលដៅផ្ទាល់របស់ប្រទេសរបស់ពួកគេ។ សហរដ្ឋអាមេរិកក៏បានបន្តផ្តោតអាទិភាពលើគោលដៅគោលនយោបាយក្នុងស្រុករបស់ខ្លួនផងដែរ ដោយមិនខ្វល់អំពីច្បាប់របស់ WTO ឡើយ។

អាកប្បកិរិយាបែបនេះកំពុងមានការកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះប្រទេសឥណ្ឌូណេស៊ីអាចជាអ្នកនាំមុខគេដ៏សំខាន់នៅក្នុងរឿងនេះ។ ផ្អែកលើប្រវត្តិសាស្ត្រ ឥណ្ឌូណេស៊ីតែងតែមានឆន្ទៈក្នុងការរារាំងអនុសញ្ញាសកលស្តីពីការធ្វើពាណិជ្ជកម្មសេរី និងបានបន្តងាកទៅរកជាតិនិយមសេដ្ឋកិច្ចនៅគ្រប់ពេលវេលាដែលអាចធ្វើបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិរបស់ខ្លួន។

និន្នាការនេះបានកើនឡើងកាន់តែខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាមួយនឹងការដាក់ចេញនូវការហាមឃាត់ការនាំចេញធ្យូងថ្ម និងប្រេងដូងនៅពេលដែលរដ្ឋាភិបាលមានការព្រួយបារម្ភអំពីការកើនឡើងតម្លៃដ៏ខ្ពស់នៅក្នុងពិភពលោកដែលអាចបង្កនូវផលប៉ះពាល់ដល់ការផ្គត់ផ្គង់នៅក្នុងស្រុក។ កាលពីពេលថ្មីៗនេះ អង្គការ WTO បានសម្រេចថា «ការហាមឃាត់ការនាំចេញរបស់ឥណ្ឌូណេស៊ីលើលោហៈកម្រនីកែលដែលមិនទាន់កែច្នៃ បានដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម (GATT)»។

លោហៈនីកែលគឺជាទំនិញដ៏ចាំបាច់ដែលកំពុងមានតម្រូវការយ៉ាងខ្ពស់ ពីព្រោះវាគឺជាធាតុផ្សំដ៏សំខាន់ក្នុងការផលិតថ្ម (Battery)។ ឥណ្ឌូណេស៊ីដែលជាប្រទេសផ្គត់ផ្គង់លោហៈនីកែលដ៏ធំបំផុតរបស់ពិភពលោក បាននិងកំពុងបិទខ្ទប់ទីផ្សារពិភពលោកនៃរ៉ែមិនទាន់កែច្នៃ ក្នុងគោលបំណងជំរុញឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងការផលិតថ្ម (Battery) និងយានយន្តអគ្គិសនី (EV) ។

គណៈកម្មាការរបស់អង្គការ WTO បានសម្រេចថា «សកម្មភាពនេះបានរំលោភលើការប្តេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ីក្រោមកិច្ចព្រមព្រៀង GATT»។ ឥណ្ឌូណេស៊ីបានចេញមកឆ្លើយតបយ៉ាងឆាប់រហ័ស ដោយក្នុងនោះ ប្រធានាធិបតី Jokowi បានលើកឡើងថា «យើងនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ ប្រសិនបើយើងខ្លាចរងនូវការប្តឹង យើងនឹងដើរថយក្រោយ ហើយយើងនឹងមិនអាចក្លាយជាប្រទេសអភិវឌ្ឍទេ»។

ឥណ្ឌូណេស៊ីបានចាត់វិធានការស្របតាមវោហាសាស្ត្ររបស់ខ្លួននៅក្នុងរឿងនេះ ដោយក្នុងនោះលោហៈនីកែលគឺស្ថិតនៅក្នុងដីរបស់ឥណ្ឌូណេស៊ី ហើយរដ្ឋាភិបាលចង់ទាញយកតម្លៃពីវាឱ្យបានកាន់តែច្រើនតាម ដែលអាចធ្វើទៅបាន ដោយមិនខ្វល់ថា «តើវាអនុលោមតាមគោលការណ៍ទីផ្សារសេរីដែរ ឬក៏អត់នោះទេ»។

អ្វីដែលលោក Jokowi កំពុងចង់មានន័យនោះ គឺ «ពាណិជ្ជកម្មសេរីគឺជារឿងល្អ ប្រសិនបើវាមិនបង្កនូវផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចផ្ទាល់របស់ប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាដល់គោលដៅនៃគោលនយោបាយក្នុងស្រុក» ហើយសកម្មភាពនេះកំពុងកើតមាននៅពាសពេញសេដ្ឋកិច្ចពិភពលោក បូករួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។

រដ្ឋមន្ត្រីក្រសួងវិនិយោគនៅពេលថ្មីៗនេះបានស្នើឱ្យប្រទេសផលិតនីកែលបង្កើតឱ្យមានក្រុមជួញដូរនីកែលតាមបែប OPEC ។ គំនិតនេះអាចនឹងមិនទទួលបាននូវការគាំទ្រទេ ក៏ប៉ុន្តែវាបានបង្ហាញឱ្យឃើញថា «ចរន្តជាតិនិយមសេដ្ឋកិច្ចបានជ្រាបចូលយ៉ាងជ្រាលជ្រៅទៅក្នុងការបង្កើតគោលនយោបាយរបស់ប្រទេសឥណ្ឌូណេស៊ី»។

ការទទួលយកដ៏តិចតួចនូវច្បាប់របស់អង្គការ WTO អាចបង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី។ បញ្ហាមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ។ ប្រសិនបើសហរដ្ឋអាមេរិកអាចសម្រេចចិត្តមិនអើពើចំពោះអនុសញ្ញាអន្តរជាតិស្តីពីពាណិជ្ជកម្មសេរី ដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិរបស់ពួកគេ ហេតុអ្វីបានជាប្រទេសដូចជាឥណ្ឌូណេស៊ីមិនអាចធ្វើបែបនេះបាន?

ចរន្តដ៏ខ្លាំងក្លានៃជាតិនិយមសេដ្ឋកិច្ចបែបនេះអាចនឹងកើតមាននៅទូទាំងតំបន់និងនៅពាសពេញពិភពលោកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខណៈដែលប្រទេសដូចជាឥណ្ឌូណេស៊ីកំពុងព្យាយាមបង្កើនតម្លៃឱ្យកាន់តែខ្ពស់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ដែលប្រហែលជាមិនអាចបម្រើផលប្រយោជន៍ជាតិរបស់ពួកគេបានពេញលេញដូចអ្វីដែលពួកគេបានរំពឹងទុកនោះទេ៕

The Diplomat

អត្ថបទទាក់ទង