ខ្មែរប៉ុស្ដិ៍ Close

ការប្រែក្លាយភាពមិនច្បាស់លាស់ទៅជាកាលានុវត្តភាពនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 43
ការប្រែក្លាយភាពមិនច្បាស់លាស់ទៅជាកាលានុវត្តភាពនៅកម្ពុជា ការប្រែក្លាយភាពមិនច្បាស់លាស់ទៅជាកាលានុវត្តភាពនៅកម្ពុជា

ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ «សេដ្ឋកិច្ចរបស់កម្ពុជាបានរីកចម្រើនក្នុងអត្រាជាមធ្យមជិត ៨% ដែលជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក»។ ការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានធ្វើឡើងនៅក្នុងការកាត់បន្ថយភាពក្រីក្រ, ការកែលម្អសុខភាព និងការអប់រំ។

ប៉ុន្តែ វិសមភាពសង្គមនិងសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយភាពខុសគ្នានេះ បានរីកកាន់តែធំនៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា «ប្រហែល ១៨% នៃចំនួនប្រជាជន កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដោយអាចរកប្រាក់ចំណូលបានត្រឹមតែ ២,៧ ដុល្លារក្នុងមនុស្សម្នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ»។ សន្ទស្សន៍វិសមភាពសកលឆ្នាំ ២០២០ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ និងនៅលេខរៀងទី ១១១ ក្នុងចំណោមប្រទេសចំនួន ១៥៨ ។

ការងារក្រៅប្រព័ន្ធនៅតែជាវិស័យចិញ្ចឹមជីវិតដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាង ៩០% ក៏ប៉ុន្តែពួកគេទាំងនេះមិនទទួលបានផលប្រយោជន៍អ្វីពីប្រព័ន្ធសុខភាពជាតិ និងសន្តិសុខសង្គមនោះទេ។ បញ្ហានេះនឹងបន្តបង្កើនភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គម ហើយវានឹងធ្វើឱ្យគ្រួសាររបស់ពួកគេជួបប្រទះនឹងការលំបាកកាន់តែខ្លាំង។

ប្រសិនបើមិនមានដំណោះស្រាយទេ ភាពងាយរងគ្រោះទាំងនេះអាចបង្កការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសកម្ពុជា។ កំណើន GDP របស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងរងនូវការធ្លាក់ចុះមកនៅត្រឹម ៤,៩ % នៅឆ្នាំនេះ បើធៀបនឹងការព្យាករណ៍ពីមុនចំនួន ៥,៥%។

ប្រទេសនេះបានបាត់បង់នូវផលប្រយោជន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សអស់រយៈពេលជិត ៣ឆ្នាំនៅក្នុងឆ្នាំ ២០២០ និង ២០២១ ដែលជាការដើរថយក្រោយ ដែលមិនធ្លាប់កើតមាន បើគិតចាប់តាំងពីសង្គ្រាមស៊ីវិល។ បញ្ហានេះបណ្តាលមកពីការថយចុះនៃលទ្ធភាពទទួលបានការអប់រំ ខណៈដែលសាលារៀនត្រូវបានបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។

បើទោះបីជាមានការចែកចាយវ៉ាក់សាំងយ៉ាងឆាប់រហ័ស, អត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំង ក៏ដូចជាការគាំទ្រផ្នែកសេដ្ឋកិច្ចសង្គមក្នុងអំឡុងពេលកើតមានវីរុសរាតត្បាតក៏ដោយ ក៏ប្រទេសកម្ពុជានៅតែត្រូវធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយ និងត្រូវបង្កើនការវិនិយោគដ៏ម៉ឺងម៉ាត់មួយចំនួនដើម្បីជំរុញ និងរក្សាការស្តារឡើងវិញប្រកបដោយនិរន្តរភាព។

កម្រិតនៃភាពមិនច្បាស់លាស់បាននាំមកនូវបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់បណ្តាប្រទេសនានានៅជុំវិញពិភពលោកក្នុងការប្រមើលមើលហានិភ័យ និងក្នុងការកំណត់នូវគោលនយោបាយ និងកម្មវិធីដើម្បីកាត់បន្ថយភាពជាប់គាំង និងដើម្បីបោះជំហានឆ្ពោះទៅមុខ។

វិបត្តិតម្លៃនិងការរំខាននៅក្នុងខ្សែច្រវ៉ាក់តម្លៃ, អសន្តិសុខស្បៀងអាហារកាន់តែខ្លាំង និងផលប៉ះពាល់ដល់ជីវភាពរស់នៅ, ការងើបឡើងវិញដ៏យឺតនៃសេដ្ឋកិច្ច, វិសមភាពនិងវិបត្តិបំណុល បូករួមនឹងភាពអាសន្នផ្នែកអាកាសធាតុនិងជម្លោះភូមិសាស្ត្រនយោបាយកំពុងតែរុញបណ្តាប្រទេសនានាឱ្យធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់កាន់តែធ្ងន់ធ្ងរ។

វិធានការនិងសមត្ថភាពថ្មីៗគឺពិតជាមានភាពចាំបាច់ណាស់ដើម្បីត្រៀមឆ្លើយតបទៅនឹងផលប៉ះពាល់ និងដើម្បីការពារក្រុមជនដែលងាយរងគ្រោះបំផុត។ ការវិនិយោគលើសមត្ថភាពរបស់មនុស្ស តាមរយៈការពង្រឹងវិស័យថែទាំសុខភាព និងវិស័យអប់រំជាសកលនឹងនាំមកនូវអត្ថប្រយោជន៍ខ្ពស់សម្រាប់មនុស្សគ្រប់គ្នា។ ប្រទេសនានាដែលបានវិនិយោគលើវិស័យសុខភាពសាធារណៈ និងអប់រំបានងើបឡើងវិញលឿនជាងបណ្តាប្រទេសដទៃទៀត។

ការកំណត់ប្រាក់ចំណូលមូលដ្ឋាន និងការការពារសង្គមសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត បានជួយកាត់បន្ថយវិសមភាព និងបង្កើនភាពធន់។ ការជំរុញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងវិស័យឌីជីថលដើម្បីកែលម្អលទ្ធភាពក្នុងការទទួលបានសេវានិងព័ត៌មាន ក៏នឹងជួយកាត់បន្ថយវិសមភាព និងគម្លាតសមត្ថភាព នៅក្នុងសង្គមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

ទាំងនេះក៏ជារឿងចាំបាច់សម្រាប់ប្រទេសកម្ពុជាផងដែរដើម្បីផ្តល់អំណាចដល់ប្រជាជនវ័យក្មេងរបស់ខ្លួន ជាពិសេសស្ត្រី, ជនពិការ, ជនជាតិដើមភាគតិច និងប្រជាជនក្រីក្របំផុតនៅក្នុងសង្គម។ កម្ពុជាមានឱកាសដ៏ពិសេសមួយក្នុងការកំណត់ឡើងវិញនូវកត្តាជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព។

កម្ពុជាបានអនុម័តរបៀបវារៈអាកាសធាតុប្រកបដោយមហិច្ឆិតា ហើយកំពុងឈានឆ្ពោះទៅរកការសម្រេចបាននូវឱកាសពាក់ព័ន្ធនានាសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ វិស័យឧស្សាហកម្មទេសចរណ៍, សំណង់និងដឹកជញ្ជូន គឺជាវិស័យដែលនឹងទទួលបាននូវផលប្រយោជន៍ពីការសម្រេចបាននូវប្រភពថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និងបច្ចេកវិទ្យាស្អាត។

ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការពង្រឹងស្ថាប័ន និងបង្កើនការលើកទឹកចិត្ត បូករួមនឹងការអនុវត្តការរួមបញ្ចូលគ្នានៃប្រភពថាមពល និងរចនាសម្ព័ន្ធតម្លៃដ៏ល្អប្រសើរដើម្បីធានាឱ្យបាននូវសុវត្ថិភាពថាមពល។ ដោយសារកម្ពុជាមានបំណងចង់ទទួលបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ការក្លាយជាអ្នកដឹកនាំក្នុងតំបន់នៅក្នុងវិស័យសេដ្ឋកិច្ចបៃតង អាចពង្រឹងការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ ក៏ដូចជាការទាក់ទាញការវិនិយោគឯកជន។

ការទទួលបានឋានៈបែបនេះដែលរំពឹងថាអាចនឹងសម្រេចបាននៅត្រឹមដើមឆ្នាំ ២០២៤ នឹងនាំមកនូវការបញ្ចប់ការអនុគ្រោះពន្ធពាណិជ្ជកម្ម និងការទទួលបានមូលនិធិជាក់លាក់មួយចំនួនដែលត្រូវបានផ្តល់ជូនដល់បណ្តាប្រទេសអភិវឌ្ឍកម្រិតទាប ហើយជំនួយអភិវឌ្ឍបរទេសក៏អាចនឹងមានការថយចុះផងដែរ។

ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានឹងមានការផ្លាស់ប្តូរ បូករួមនឹងតម្រូវការក្នុងការស្វែងរក និងការបន្តធ្វើនវានុវត្ត ភាពជាដៃគូសាធារណៈនិងឯកជន និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុដោយផ្អែកលើទីផ្សារដើម្បីផ្តល់ការលើកទឹកចិត្តនិងការគាំទ្រដល់កំណើនបៃតងប្រកបដោយសមធម៌។

នៅក្នុងការកសាងបណ្តាញជំនាញសកលដ៏ធំទូលាយ និងបទពិសោធន៍យូរអង្វែងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានប្តេជ្ញាបង្កើនការគាំទ្រនិងប្រើប្រាស់ភាពជាដៃគូរបស់ខ្លួនដើម្បីជួយរៀបចំប្រទេសកម្ពុជាសម្រាប់ដំណើរការផ្លាស់ប្តូរដោយរលូនឆ្ពោះទៅរកការអភិវឌ្ឍធនធានមនុស្ស និងស្ថានភាពប្រាក់ចំណូលកាន់តែខ្ពស់។

វីរុសរាតត្បាតបានផ្លាស់ប្តូរជីវិត, ជីវភាពរស់នៅ និងរបៀបគ្រប់គ្រងសង្គមរបស់យើង។ វាបានបង្កនូវផលប៉ះពាល់ដល់ការអភិវឌ្ឍនៅទូទាំងពិភពលោក ហើយបានបង្កើននូវតម្រូវការនិងឱកាសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីផ្តល់អំណាចដល់មនុស្សឱ្យចេះទទួលខុសត្រូវលើជីវិតនិងជីវភាពរស់នៅរបស់ពួកគេនិងដើម្បីជំរុញឱ្យមានការគិតគូរឡើងវិញអំពីវឌ្ឍនភាព៕

Asia Times

អត្ថបទទាក់ទង