ខ្មែរប៉ុស្ដិ៍ Close

ប្រធានអាស៊ានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រហារជីវិតនៅមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
ប្រធានអាស៊ានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រហារជីវិតនៅមីយ៉ាន់ម៉ា ប្រធានអាស៊ានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រហារជីវិតនៅមីយ៉ាន់ម៉ា

កម្ពុជាដែលបច្ចុប្បន្នជាប្រធានអាស៊ានបានថ្កោលទោសដោយប្រើភាសាខ្លាំងៗ ចំពោះការប្រហារជីវិតអ្នកទោសនយោបាយចំនួន ៤ នាក់នៅមីយ៉ាន់ម៉ា ដែលនេះអាចជាសញ្ញានៃការផ្លាស់ប្តូរ ដែលអាចកើតមាននៅក្នុងវិធីសាស្រ្តរបស់ប្លុកនេះចំពោះប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា «អាស៊ានមានការព្រួយបារម្ភ និងសោកស្ដាយជាខ្លាំង ដោយបានលឺថា របបយោធាបានអនុវត្តទោសប្រហារជីវិត បើទោះជាមានការអំពាវនាវដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសនេះក៏ដោយ។ នេះគឺជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង»។

កាលពីម្សិលមិញ របបយោធាមីយ៉ាន់ម៉ាបានប្រកាសថា «ខ្លួនបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤ នាក់ ក្រោមបទចោទប្រកាន់ថាបានចូលរួមនៅក្នុងអំពើភេរវកម្មប្រឆាំងនឹងរដ្ឋបាលយោធា ដែលបានដណ្តើមអំណាចកាលពីខែកុម្ភៈ»។ មនុស្សទាំង ៤ នោះរួមមានលោក Phyo Zeyar Thaw ដែលជាតំណាងរាស្រ្តរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD), សកម្មជនជើងចាស់គាំទ្រលទ្ធិប្រជាធិបតេយ្យ Ko Jimmy, លោក Hla Myo Aung និងលោក Aung Thura Zaw។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានធ្វើឡើង នៅចំពេលមានការ ចេញផ្សាយនូវសេចក្តីថ្លែងការណ៍ថ្កោលទោសពីសំណាក់រដ្ឋាភិបាល បរទេស, អង្គការសង្គមស៊ីវិល និងក្រុមសិទ្ធិមនុស្សបន្ទាប់ពីការអនុវត្តទោសប្រហារជីវិតនេះ។ វាគឺជាលើកទី១ ហើយដែលការប្រហារជីវិតនេះបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បើគិតចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ មក។

នៅក្នុងលិខិត ដែលបានផ្ញើទៅឧត្តមសេនីយ៍ Min Aung Hlaing លោក ហ៊ុន សែន បានជំរុញឱ្យរដ្ឋបាលយោធាផ្អាកការអនុវត្តទោសប្រហារជីវិត ដោយបានលើកនូវហេតុផលថា «ចំណាត់ការនេះនឹងធ្វើឱ្យរបបយោធាកាន់តែធ្លាក់ទៅក្នុងភាពឯកោកាន់តែខ្លាំង ហើយវាក៏នឹងបង្កការស្មុគស្មាញផងដែរដល់ការស្វែងរកដំណោះស្រាយចំពោះជម្លោះដែលបាននិងកំពុងញាំញីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ ២០២១»។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានលើកឡើងថា «ក្រៅពីការមិនអើពើចំពោះការអំពាវនាវរបស់ លោក ហ៊ុន សែន ពេលវេលានៃការកាត់ទោសប្រហារជីវិតតែមួយសប្តាហ៍មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥៥ ដែលកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ គឺជាទង្វើរដែលមិនអាចអត់ឱនឱ្យបានយ៉ាងធ្ងន់ធ្ងរ ហើយវាគឺជាសញ្ញានៃកង្វះឆន្ទៈទាំងស្រុងរបស់របបយោធាក្នុងការគាំទ្រដល់ការអនុវត្តចំណុចកុងសង់ស៊ីស ទាំង ៥ របស់អាស៊ាន»។

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានលើកឡើងទៀតថា «យើងអំពាវនាវយ៉ាងទទូច និងជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធឱ្យជៀសវាងនូវសកម្មភាពទាំងឡាយណាដែលអាចធ្វើឱ្យវិបត្តិធ្លាក់ចុះកាន់តែដុនដាប, រារាំងដល់ការសន្ទនា ដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព, សន្តិសុខ និងស្ថិរភាពទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល»។

ការប្រហារជីវិតនេះគឺជាសញ្ញាបញ្ជាក់អំពីអំពើរដ៏ឃោរឃៅបំផុតរបស់របបយោធា និងបានបង្ហាញថា «របបនេះមិនដែលចាប់អារម្មណ៍ទាល់តែសោះចំពោះការអនុវត្តផែនការរបស់អាស៊ាន ឬចំពោះការចូលរួមក្នុងការសន្ទនាដោយស្មោះត្រង់ជាមួយគូប្រជែងសំខាន់ៗរបស់ខ្លួន បើទោះបីជាខ្លួនបានទទួលយកលក្ខខណ្ឌនៅក្នុងផែនការសន្តិភាពទាំង ៥ ចំណុចរបស់អាស៊ានហើយក៏ដោយ»។

ការមើលងាយពីសំណាក់របបយោធាលើដំណើរការរបស់អាស៊ាន អាចជំរុញឱ្យប្លុកនេះធ្វើការវាយតម្លៃឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួន ហើយគេនឹងរងចាំមើលថា «តើវានឹងមានការផ្លាស់ប្តូរសំខាន់ណាមួយនៅក្នុងគោលនយោបាយរបស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ាដែរឬទេ»។

ការប្រហារជីវិតនេះបានធ្វើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសមីយ៉ាន់ម៉ាលើកឡើងនូវការចំអកឡកឡឺយកាន់តែខ្លាំងឡើងលើសេចក្តីថ្លែងការណ៍របស់អន្តរជាតិដែលបានសម្តែងនូវការព្រួយបារម្ភនិងទុក្ខកង្វល់ចំពោះវិធានការនានារបស់របបយោធា។

ទោះជាយ៉ាងណាក៏ដោយ សញ្ញាមួយចំនួនបានបង្ហាញថា «បណ្តារដ្ឋាភិបាលលោកខាងលិចកំពុងត្រៀមខ្លួនរឹតបន្តឹងជំហររបស់ពួកគេលើរបបយោធា» ដោយក្នុងនោះរដ្ឋាភិបាលអាមេរិកបាននិយាយថា «វាមិនអាចទៅរួចទេក្នុងការបន្តមានទំនាក់ទំនងជាធម្មតា បន្ទាប់ពីការប្រហារជីវិតនេះ។ ជម្រើសទាំងអស់គឺស្ថិតនៅលើតុ ដែលរួមមានទាំងវិធានការសេដ្ឋកិច្ចដើម្បីកាត់ផ្តាច់ប្រភពចំណូលសំខាន់ៗរបស់យោធា»។ (វិធានការមួយអាចជាការដាក់ទណ្ឌកម្មលើសហគ្រាសប្រេង និងឧស្ម័ន Myanma ដែលជាប្រភពចំណូលដ៏សំខាន់មួយរបស់របបយោធា)។

រដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី Penny Wong ក៏បានប្រកាសដែរថា «ការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរបបយោធាកំពុងស្ថិតក្រោមការពិចារណាយ៉ាងហ្មត់ចត់»។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា «តើការ បង្កើនសម្ពាធទាំងនេះ នឹងជំរុញឱ្យមានដំណើរការវិជ្ជមានណាមួយដែរឬទេ» ជាពិសេស ជាមួយនឹងហានិភ័យនៃការប្រែក្លាយប្រទេសមីយ៉ាន់ម៉ាទៅជាសមរភូមិនៃសង្គ្រាមកូនអុក (Proxy War) រវាងប្រទេសចិននិងលោកខាងលិច។

ប៉ុន្តែរឿងមួយ ដែលធ្វើឱ្យគ្រប់គ្នាកាន់តែច្បាស់នោះគឺ «រដ្ឋបាលយោធា មីយ៉ាន់ម៉ាបានបោះជំហានឆ្ពោះទៅរក យុគសម័យថ្មីនៃភាពឯកោកាន់តែខ្លាំង ហើយភាពចលាចលនៅក្នុងឆាកនយោបាយក្នុងស្រុក ដែលបង្កឡើងដោយវិធានការថ្មីនេះ ទំនងជាទើបតែបានចាប់ផ្តើមប៉ុណ្ណោះ»៕

The Diplomat

អត្ថបទទាក់ទង