ខ្មែរប៉ុស្ដិ៍ Close

    ការពិចារណាហ្មត់ចត់អំពីទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1019
    ការពិចារណាហ្មត់ចត់អំពីទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)ការពិចារណាហ្មត់ចត់អំពីទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)

    «តើអនាគតរបស់ទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific – AOIP) គឺជាអ្វី?»

    អស់រយៈពេលជិត ៣ឆ្នាំបន្ទាប់ពីការរៀបចំរួចរាល់នូវទស្សនវិស័យ AOIP គេនៅមិនទាន់ឃើញមានកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីឈានទៅរកការដាក់ឱ្យដំណើរការនូវផែនការនេះទេ។

    ការផ្តួចផ្តើមគំនិត AOIP ត្រូវបានលើកឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែមិថុនា ឆ្នាំ ២០១៩។ ការផ្តួចផ្តើមគំនិតដែលមានចំនួន ៥ ទំព័រនេះ បានផ្តល់នូវសេចក្តីណែនាំដល់អាស៊ាន ពាក់ព័ន្ធនឹងការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    របាយការណ៍នេះត្រូវបានចេញផ្សាយដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងក្លារវាងសហរដ្ឋអាមេរិកនិងចិន និងដើម្បីឆ្លុះបញ្ចាំងឡើងវិញនូវគុណតម្លៃនៃយន្តការស្ថាប័នមួយចំនួនរបស់អាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asian Summit-EAS) ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនៅដែនសមុទ្រ, ការតភ្ជាប់ និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

    ការផ្សព្វផ្សាយគំនិតផ្តួចផ្តើម AOIP មិនសូវមានលក្ខណៈទូលំទូលាយដូចអ្វីដែលគេបានធ្វើកាលពីពេលដំបូងៗនោះទេ។ កាលពីឆ្នាំកន្លងទៅ គេឃើញមានការលើកឡើងជាសាធារណៈនៅតាមទីកន្លែងផ្សេងៗជាច្រើន ដែលភាគច្រើនត្រូវបានធ្វើឡើងដោយប្រទេសឥណ្ឌូណេស៊ី និងបណ្តាប្រទេសជាដៃគូសន្ទនាមួយចំនួន ក៏ប៉ុន្តែគេកម្រឃើញមានការដាក់ចេញនូវវិធានការជាក់ស្តែងណាមួយ ដើម្បីអនុវត្តខ្លឹមសារនៃគំនិតផ្តួចផ្តើមនេះណាស់។

    ទន្ទឹមគ្នានេះដែរ នៅក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ គេឃើញមានការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងនៅទូទាំងសកលលោក ដែលព្រឹត្តិការណ៍ទាំងនោះរួមមានការរីករាលដាលនៃវីរុសកូវីដ-១៩, ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញរវាងសហរដ្ឋអាមេរិកនិងចិន និងសង្គ្រាមនៅអ៊ុយក្រែន។ ព្រឹត្តិការណ៍ទាំងអស់នេះសុទ្ធតែបានជះឥទ្ធិពលមកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    ការដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើម AOIP ពិតជារឿងដ៏លំបាកមួយសម្រាប់អាស៊ាន ដោយសារតែគំនិតផ្តួចផ្តើមនេះនៅខ្វះទស្សនវិស័យរួមមួយចំនួនពាក់ព័ន្ធនឹងរបៀបឆ្លើយតបទៅនឹងការប្រកួតប្រជែងរវាងមហាអំណាច។ មូលហេតុដែលនាំមកនូវបញ្ហាទាំងនេះគឺដោយសារតែកម្រិតខុសៗគ្នានៃទំនាក់ទំនងនៅក្នុងចំណោមប្រទេសអាស៊ានជាមួយនឹងបណ្តាប្រទេសមហាអំណាច និងកម្រិតនៃការប្តេជ្ញាចិត្តខុសៗគ្នាទៅលើការឯកភាពរបស់អាស៊ាននៅក្នុងកិច្ចការបរទេស។

    រដ្ឋជាសមាជិកអាស៊ាននៅតែមានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងគោលគំនិតស្តីពី «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលជាហេតុធ្វើឱ្យអាស៊ានមិនសូវមានឆន្ទៈក្នុងការវិនិយោគធនធានយោធា, សេដ្ឋកិច្ច និងនយោបាយដើម្បីពង្រឹងគំនិតផ្តួចផ្តើម AOIP នេះ។ ទំនាក់ទំនងរបស់អាស៊ានជាមួយបណ្តាប្រទេសជាដៃគូសន្ទនាមួយចំនួន ដូចជាជប៉ុន, កូរ៉េខាងត្បូង, អូស្រ្តាលី, ឥណ្ឌា និងសហភាពអឺរ៉ុប ក៏នៅតែប្រឈមមុខនឹងភាពស្មុគស្មាញនៅឡើយ។

    ចីរភាពនៃក្របខណ្ឌដែលដឹកនាំដោយអាស៊ាន ជារឿយៗបានពឹងផ្អែកខ្លាំងទៅលើប្រទេសនានាដែលជាដៃគូសន្ទនា ជាពិសេសដោយសារតែធនធាននៅមានកម្រិតរបស់អាស៊ានក្នុងការពង្រឹងដំណើរការ និងក្របខណ្ឌពហុភាគីផ្ទាល់ខ្លួន។ ភាពនៅមានកម្រិតរបស់អាស៊ានត្រូវបានគេកត់សម្គាល់ឃើញចាប់តាំងពីទសវត្សរ៍ដំបូងនៃកកើតអាស៊ានមកម្ល៉េះ។

    នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលើកឡើងរបស់អាស៊ានក្នុងការបន្តដំណើរការទៅមុខដោយផ្អែកលើការមូលមតិគ្នា និងការធ្វើការងារ «តាមរបៀបអាស៊ាន» បានបន្តបាត់បង់នូវភាពទាក់ទាញនៅក្នុង ចំណោមប្រទេសជាដៃគូសន្ទនា ជាពិសេសនៅពេលមានការលេចឡើងនៃការប្រែប្រួលភូមិសាស្ត្រនយោបាយនៅក្នុងពេលថ្មីៗនេះ។ អាស៊ាននឹងនៅតែមិនអាចធ្វើអ្វីបានច្រើនដើម្បីផ្លាស់ប្តូររបៀបវារៈសកលប្រសិនបើអាស៊ាននៅតែបន្តពឹងផ្អែកទៅលើប្រទេសដែលជាដៃគូសន្ទនារបស់ខ្លួន។

    បើទោះបីជាប្រទេសជាដៃគូសន្ទនាបានបង្ហាញនូវការគោរពចំពោះតួនាទីរបស់អាស៊ាននៅក្នុងតំបន់ និងបំណងប្រាថ្នារបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដោយ ក៏វានៅតែមានប្រទេសខ្លះដែលបានសម្តែងនូវការមិនពេញចិត្តចំពោះបំណងប្រាថ្នារបស់អាស៊ានពាក់ព័ន្ធនឹងបរិយាប័ន្ន ខណៈដែលប្រទេសមួយចំនួនទៀតក៏មិនសូវមានភាពជឿជាក់ទៅលើ «ឯកសារទស្សនវិស័យ» របស់អាស៊ាននោះដែរ។

    ការផ្តួចផ្តើមគំនិត AOIP មិនអាចដាក់ឱ្យដំណើរការបានទេ លុះត្រាតែសារៈសំខាន់ផ្នែកយុទ្ធសាស្ត្ររបស់អាស៊ាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានការប្រែប្រួល ហើយការប្រែប្រួលនេះអាចកើតមានឡើងបានលុះត្រាតែមានការវិនិយោគធនធានឱ្យបានគ្រប់គ្រាន់នៅក្នុងយន្តការស្ថាប័នរបស់អាស៊ាន និងលុះត្រាតែវាអាចទទួលបានការទទួលស្គាល់ពីសំណាក់ប្រទេសដែលជាដៃគូសន្ទនា។

    បើទោះបីជាគំនិតផ្តួចផ្តើម AOIP អាចនឹងមិនមានឥទ្ធិពលប្រកបដោយអត្ថន័យនៅក្នុងតំបន់ក៏ដោយ ក៏គំនិតដែលថា «អាស៊ានគួរតែបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» នៅតែជារឿងដ៏សំខាន់។ ការផ្តួចផ្តើមគំនិតរបស់អាស៊ានមួយចំនួន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ាអាចជួយបន្តគោលដៅនេះឆ្ពោះទៅមុខបាន។

    កិច្ចប្រជុំកំពូលអាស៊ីបូព៌ាគឺជាវេទិកាដ៏សំខាន់តែមួយគត់ ដែលបណ្តាមេដឹកនាំសំខាន់ៗទាំងអស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកអាចមកជួបពិភាក្សាគ្នាអំពីបញ្ហាប្រឈមផ្នែកនយោបាយ, សន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយវាក៏ជាវេទិកាដ៏សំខាន់មួយដែលអាស៊ានអាចពង្រឹងមជ្ឈភាពរបស់ខ្លួនបានផងដែរ។

    កិច្ចប្រជុំកំពូលអាស៊ីបូព៌ាតែងត្រូវបានគេរិះគន់ថាជា «កិច្ចពិភាក្សាគ្នាលេងៗ – Talk Shop» ដោយគ្មានយន្តការដើម្បីតាមដានទៅលើដំណើរការណាមួយ, គ្មានសកម្មភាពគោលនយោបាយរឹងមាំ និងគ្មានរបៀបវារៈជាក់លាក់។ ជាការឆ្លើយតប វាមានការអំពាវនាវឱ្យមានការធ្វើស្ថាប័ននីយកម្ម (institutionalize) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា តាមរយៈការបង្កើតប្រព័ន្ធ «Sherpa System» ដើម្បីធ្វើឱ្យកិច្ចប្រជុំមួយនេះអាចមានការចូលរួមសហការសម្រាប់រយៈពេលពេញ ១ ឆ្នាំរវាងគណៈប្រតិភូមកពីប្រទេសដែលចូលរួម ក្រៅតែពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។

    ប្រព័ន្ធនេះអាចជួយឱ្យបណ្តាមេដឹកនាំដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា អាចផ្តោតលើបញ្ហាសំខាន់ៗ ហើយវាក៏អាចនឹងធ្វើឱ្យកិច្ចប្រជុំកំពូលនេះទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងផងដែរ។ វាក៏នឹងជួយសម្របសម្រួលឱ្យមានកិច្ចសន្ទនាក្រៅផ្លូវការកាន់តែច្រើនថែមទៀតដែលអាចជួយកាត់បន្ថយសមាជិកភាព និងអាចនាំមកនូវកិច្ចប្រជុំថ្នាក់មេដឹកនាំដ៏ពិតប្រាកដមួយ។

    ជំនួសឱ្យការផ្តោតទៅលើចំណុចខ្វះខាតរបស់គំនិតផ្តួចផ្តើម AOIP អាស៊ានគួរតែងាកមកផ្តោតលើការជំរុញរបៀបវារៈរបស់កិច្ចប្រជុំអាស៊ីបូព៌ាវិញដើម្បីបង្កើនសកម្មភាពការងារបន្ថែមទៀត។ នៅក្រោយការរីករាលដាលនៃវីរុសកូវីដ-១៩ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងតម្រូវឱ្យអាស៊ានធ្វើការកែរសម្រួលស្ថាប័ន និងគោលការណ៍មួយចំនួនដែលមានស្រាប់។

    ដំណើរការរបស់អាស៊ានអាចនឹងជួបប្រទះនឹងឧបសគ្គជាច្រើន ដោយសារបញ្ហាមួយចំនួននៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលរួមមានដូចជាបេសកកម្មរបស់អាស៊ានក្នុងការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ាជាដើម។

    ការងារប្រតិបត្តិជាទម្លាប់របស់អាស៊ានក្នុងការរៀបចំកិច្ចប្រជុំ និងការចេញផ្សាយនូវឯកសារនានាដោយផ្អែកលើការមូលមតិគ្នា ពិតជាបានជួយកសាងនូវទំនុកចិត្ត និងអាចជំនួសឱ្យយន្តការគតិយុត្តិផ្លូវការនានាបាន។ ប៉ុន្តែការងារនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការបោះជំហានទៅមុខនោះទេ។

    អាស៊ានត្រូវបានគេដាក់សម្ពាធឱ្យធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងវប្បធម៌របស់ពួកគេដើម្បីអាចធានាឱ្យបាននូវការឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសន្តិសុខនៅក្នុងតំបន់។ ការផ្តួចផ្តើមគំនិត AOIP អាចបញ្ជាក់ បានថា «យន្តការនានាដែលដឹកនាំដោយអាស៊ាននឹងមិនអាចដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន និងកត្តាប្រឈមនៅថ្ងៃអនាគតរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានទេ»។

    យន្តការនានារបស់អាស៊ានមានភាពទន់ខ្សោយខ្លាំងដោយសារតែគោលការណ៍ដែលមានស្រាប់របស់អាស៊ាន។ ហេតុដូច្នេះហើយ ដើម្បីអាចឱ្យអាស៊ានរក្សាបាននូវមជ្ឈភាពរបស់ខ្លួនបាន ការពឹងផ្អែកទៅលើយន្តការដែលមានស្រាប់ពិតជាមិនគ្រប់គ្រាន់នោះទេ។

    វាដល់ពេលហើយដែលត្រូវបង្កើតស្ថាប័នថ្នាក់តំបន់មួយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងបញ្ហាលំបាកនៅក្នុងសតវត្សរ៍ទី ២១ នេះ បើទោះបីជាត្រូវកែប្រែផ្នែកខ្លះនៃធម្មនុញ្ញអាស៊ានក៏ដោយ។ បើមិនដូច្នេះទេ អាស៊ាននឹងមិនអាចមានសមត្ថភាពពង្រឹងគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជា AOIP នេះបានទេ៕

    East Asia Forum