ខ្មែរប៉ុស្ដិ៍ Close

របៀបដែលអាស៊ានអាចចាប់យកឱកាសដែលតំបន់ Greater Bay Area ផ្តល់អោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 43
របៀបដែលអាស៊ានអាចចាប់យកឱកាសដែលតំបន់ Greater Bay Area ផ្តល់អោយ របៀបដែលអាស៊ានអាចចាប់យកឱកាសដែលតំបន់ Greater Bay Area ផ្តល់អោយ

នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចសកល ដែលកំពុងរងការវាយប្រហារដោយវីរុសកូវីដ-១៩ ផែនការអភិវឌ្ឍតំបន់ «Greater Bay Area» របស់ប្រទេសចិននឹងផ្តល់នូវក្តីសង្ឃឹមសម្រាប់ឱកាស និងកំណើនសម្រាប់តំបន់អាស៊ីទាំងមូល។

ខណៈដែលប្រទេសចិនកំពុងដើរទៅមុខជាមួយនឹងផែនការធ្វើសមាហរណកម្មខេត្ត Guangdong, ទីក្រុង Hongkong និង Macau ឱ្យទៅជាតំបន់ដែលពោរពេញទៅដោយការប្រកួតប្រជែងលំដាប់ពិភពលោក ច្រករបៀងសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍រវាងប្រទេសចិននិងអាស៊ាន អាចនឹងត្រូវបានពង្រីក និងពង្រឹងបន្ថែមទៀត។

វីរុសរាតត្បាតនិងការកើនឡើងនូវការធ្វើតំបន់នីយកម្មនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបន្ថែមសន្ទុះដល់និន្នាការនៃការផ្លាស់ប្តូរផលិតកម្មដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

កាលពីឆ្នាំមុន អាស៊ានបានវ៉ាដាច់សហភាពអឺរ៉ុបក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន។ ពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើន ឡើងដល់ ៦៨៤,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងការកើនឡើង ៦,៧% ក្នុងមួយឆ្នាំ។

សេដ្ឋកិច្ចរបស់តំបន់ «Greater Bay Area» និងតំបន់អាស៊ានមានលក្ខណៈ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ តំបន់ «Greater Bay Area» គឺជាតំបន់ដ៏មានឥទ្ធិពលមួយ នៅពេលនិយាយដល់វិស័យហិរញ្ញវត្ថុ ការផលិត និងនវានុវត្តន៍។ ក៏ប៉ុន្តែតំបន់នេះ មានតម្លៃពលកម្មខ្ពស់ជាមួយនឹងវត្ថុធាតុដើមតិច ខណៈដែលភាគច្រើននៃប្រទេសជាសមាជិកអាស៊ានសំបូរទៅដោយកម្លាំងពលកម្ម ដីធ្លី និងវត្ថុធាតុដើមយ៉ាងច្រើនហូរហៀរ។

អត្ថប្រយោជន៍នឹងផ្តល់ឱ្យក្នុងលក្ខណៈ ទៅវិញទៅមកនៅពេលតំបន់ «Greater Bay Area» មានការរីកចម្រើនទៅមុខ។ នៅក្នុងដំណាក់កាលចាប់ផ្តើម ក្រុមហ៊ុនដែលមានមូលដ្ឋាននៅតំបន់ «Greater Bay Area» អាចនឹងមានបំណងធ្វើការផ្លាស់ប្តូរផលិតកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើន ទៅកាន់កន្លែងផ្សេងទៀត ដើម្បីទប់នឹងការកើនឡើងនៃការចំណាយ ក៏ដូចជាដើម្បីស្វែងរកទីផ្សារថ្មី។

ក្រុមហ៊ុនវាយនភណ្ឌ និងក្រុមហ៊ុនអេឡិចត្រូនិកមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសចិន ក៏បានសាងសង់ទីតាំងផលិតកម្មជំនួសនៅក្នុងតំបន់អាស៊ានរួចហើយផងដែរដើម្បីអាចឱ្យពួកគេកាត់បន្ថយចំណាយ ហើយនឹងនៅតែអាចបន្តដំណើរការផលិតនៅជិតទីផ្សារទំនិញ ប្រើប្រាស់ដ៏ធំរបស់ប្រទេសចិន។

ជាថ្នូរត្រលប់មកវិញ ក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន នឹងអាចរៀនសូត្រពីការបង្កើតថ្មីនៅក្នុងតំបន់ «Greater Bay Area» ហើយក៏អាចនឹងលក់ផលិតផលរបស់ខ្លួនទៅឱ្យក្រុមមនុស្សវណ្ណៈកណ្តាល ដែលកំពុងមានការកើនឡើងយ៉ាងរហ័ស នៅក្នុងតំបន់ផងដែរ។

ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសដែលផ្តល់ឱ្យដោយតំបន់ «Greater Bay Area» បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គួរតែផ្តោតធនធានរបស់ខ្លួន នៅលើវិស័យចំនួន ២ ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។

  • ទី ១ ៖ ពួកគេគួរធ្វើការវិនិយោគដើម្បីពង្រឹងជំនាញកម្លាំងពលកម្មរបស់ពួកគេ
  • ទី ២ ៖ ពួកគេគួរជំរុញការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធដើម្បីអាចឱ្យពួកគេក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់រោងចក្រ។

តំបន់ «Greater Bay Area» គឺជាកន្លែងដែលក្រុមហ៊ុន ទើបចាប់ផ្តើមថ្មី (Start-up) នៅក្នុងតំបន់អាស៊ានអាចរៀនពីបទពិសោធន៍ទាក់ទងនឹងប្រព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានាពេលអនាគត។

តំបន់ «Greater Bay Area» បានក្លាយទៅជាមជ្ឈមណ្ឌលនៃភាពជឿនលឿនសកល ពាក់ព័ន្ធនឹងវិស័យជាច្រើន រាប់ចាប់ពីការទូរទាត់តាមបែបឌីជីថល មនុស្សយន្ត និងជីវបច្ចេកវិទ្យា រហូតដល់បញ្ញាសិប្បនិម្មិត (AIs) និងប្រព័ន្ធ Quantum Computing។

បើទោះបីជាទំហំ សក្តានុពលសេដ្ឋកិច្ច និងអន្តរទំនាក់ទំនងរបស់តំបន់ «Greater Bay Area» នឹងបង្កើតជាឱកាសដ៏សំខាន់ក៏ដោយ ក៏យើងត្រូវតែទទួលស្គាល់ថា «ផែនការនេះ បានគ្របដណ្តប់លើដែនដីពន្ធគយចំនួន ៣ ដាច់ដោយឡែកពីគ្នា ជាមួយនឹងរូបិយប័ណ្ណ និងក្របខ័ណ្ឌច្បាប់ខុសៗគ្នា ហើយបញ្ហានេះនឹងបង្កើតឱ្យមានភាពស្មុគស្មាញដ៏គួរឱ្យកត់សម្គាល់»។

អវត្តមាននៃលំហូរឆ្លងកាត់ព្រំដែនដោយសេរីរបស់ប្រជាជន, ទំនិញ, សេវាកម្ម, មូលធន និងព័ត៌មាន អាចបង្កជាហានិភ័យ និងការរាំងស្ទះដល់សក្តានុពលនៃតំបន់នេះ។ លំហូរនៃអ្នកដែលមានទេពកោសល្យគឺជាបញ្ហាប្រឈមដ៏ធំមួយដែលតំបន់ «Greater Bay Area» កំពុងតែជួបប្រទះ។

ដើម្បីសម្រួលដល់ការរីកចម្រើនផ្នែកសេវាកម្ម (Services Industry) ប្រជាជន ដែលមកពីខេត្ត Guangdong ទីក្រុង Hong Kong និង Macau គួរតែទទួលបាននូវការផ្តល់ជូនដូចគ្នាទៅនឹងអ្វីដែលប្រជាជនក្នុងតំបន់ទទួលបានពាក់ព័ន្ធនឹងសេវាកម្មផ្នែកវេជ្ជសាស្រ្ត និងការអប់រំ បូករួមនឹងការទទួលបានការគាំទ្រនៅក្នុងវិស័យផ្សេងៗទៀត ដូចជាការរៀបចំពន្ធ និងប្រព័ន្ធហិរញ្ញវត្ថុឆ្លងកាត់ព្រំដែនជាដើម។

នៅពេលលំហូរនៃមនុស្សដែលមានទេពកោសល្យត្រូវបានពន្លឿន នោះតម្រូវការសម្រាប់វិស័យសេវាកម្មក៏នឹងមានការកើនឡើងផងដែរ។

ទីក្រុង Hong Kong មានតួនាទីចម្បងក្នុងការជួយតំបន់ដ៏ធំទូលាយមួយនេះឆ្ពោះទៅរកការពង្រីកការធ្វើសមាហរណកម្ម។ ក្នុងឋានៈជាផ្លូវតភ្ជាប់សម្រាប់អាជីវកម្មអន្តរជាតិ ទីក្រុងនេះ នឹងក្លាយជាទីតាំងតភ្ជាប់រវាងតំបន់ «Greater Bay Area» និងតំបន់អាស៊ានដែលពោរពេញទៅដោយសក្តានុពល។

តំបន់ «Greater Bay Area» គឺជាផែនការដ៏ធំមួយ ហើយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏គួរតែផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍដ៏សំខាន់នេះផងដែរ ខណៈដែលតំបន់នេះនឹងមិនត្រឹមតែជាមជ្ឈមណ្ឌលផលិតកម្មនិង នវានុវត្តន៍ដ៏សំខាន់របស់ពិភពលោកប៉ុណ្ណោះទេ វាក៏អាចក្លាយទៅជាមជ្ឈមណ្ឌលនៃការធ្វើពាណិជ្ជកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចសកលនៅយុគសម័យក្រោយវីរុសរាតត្បាតផងដែរ៕

South China Morning Post