ខ្មែរប៉ុស្ដិ៍ Close

ការគ្រប់គ្រងវិបត្តិដ៏ធំមហាសាលនៅឆ្នាំ ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 44
ការគ្រប់គ្រងវិបត្តិដ៏ធំមហាសាលនៅឆ្នាំ ២០២២ ការគ្រប់គ្រងវិបត្តិដ៏ធំមហាសាលនៅឆ្នាំ ២០២២

ក្នុងកិច្ចប្រជុំនៅពេលថ្មីៗនេះរវាងមេដឹកនាំ G7, សមាជិកអង្គការ NATO និងរដ្ឋមន្ត្រីការបរទេសនៃប្រទេស G20 មនុស្សគ្រប់គ្នាបានស្វែងយល់យ៉ាងច្បាស់ថា «ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្នដ៏ធំផ្ទួនៗគ្នា ដែលយើងគ្រប់គ្នាមិនដែលធ្លាប់បានជួបប្រទះនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ»។

ភាពតានតឹងជាអន្តរជាតិបានកើនឡើងដល់កម្រិតដ៏ខ្ពស់គួរឱ្យព្រួយបារម្ភ ដោយសារតែបញ្ហាអសន្តិសុខស្បៀងអាហារ និង វិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ, ការធ្លាក់ថ្លៃរូបិយបណ្ណ, វិបត្តិបំណុល, ការបន្តរាតត្បាតនៃវីរុសកូវីដ-១៩, ផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ បូករួមនឹងជម្លោះប្រដាប់អាវុធ។

ក្នុងនាមជាវេទិកាដោះស្រាយបញ្ហាហិរញ្ញវត្ថុនិងសេដ្ឋកិច្ច វេទិកា G20 ដែលស្ថិតក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំនេះ កំពុងត្រូវបានរុញច្រានចូលទៅក្នុងទីតាំងដែលងាយរងគ្រោះខ្លាំង ហើយកិច្ចប្រជុំកំពូលថ្នាក់មេដឹកនាំរបស់ក្រុមនេះនៅពាក់កណ្តាលខែវិច្ឆិកា នឹងក្លាយជាពេលវេលាដ៏មានសារៈសំខាន់បំផុត។

ប៉ុន្តែយើងមិនអាចបន្តរង់ចាំរហូតដល់ពេលនោះដើម្បីដោះស្រាយវិបត្តិដែលមានភាពប្រទាក់ក្រឡាគ្នានៅពេលបច្ចុប្បន្ននេះបានទេ។ G20 គួរតែចាប់ផ្តើមដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឈានឆ្ពោះទៅរកការដាក់ចេញនូវវិធានការឆ្លើយតបរួម ដែលមានលក្ខណៈសម្របសម្រួលឱ្យបានមុនកិច្ចប្រជុំកំពូលរបស់ខ្លួននៅខែវិច្ឆិកា។

បើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) «ឥឡូវនេះ មនុស្សជាង ៨០០ លាននាក់កំពុងស្ថិតក្នុងស្ថានភាពអត់អាហារ ដោយក្នុងនោះ មានមនុស្សរហូត ដល់ទៅ ៣២៣ លាននាក់កំពុងប្រឈមមុខនឹងការស្លាប់ដោយសារភាពអត់ឃ្លាន»។ តម្លៃថាមពលបានបន្តកើនឡើង ខណៈដែលវីរុសកូវីដ-១៩ នៅតែបន្តផ្ទុះឡើង ជាពិសេសនៅតំបន់ដែលមានប្រជាជនភាគច្រើននៅមិនទាន់បានទទួលវ៉ាក់សាំង (នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប មានប្រជាជនតែ ១៦,៤% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញ)។

ជាងនេះទៅទៀត ប្រទេសដែលមានប្រាក់ចំណូលទាបប្រហែល ៦០% កំពុងធ្លាក់ចូលក្នុងវិបត្តិបំណុល ហើយសហគមន៍នៅជុំវិញពិភពលោកក៏កំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត, គ្រោះទឹកជំនន់, ភ្លើងឆេះព្រៃ និងបញ្ហាផ្សេងៗទៀតដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

កាលពីខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានព្រមានថា «ចំណុចប្រសព្វនៃវិបត្តិនៅពេលបច្ចុប្បន្ននេះ អាចធ្វើឱ្យមនុស្សរហូតដល់ ១,៧ ពាន់លាននាក់ (ច្រើនជាង ១/៥ នៃចំនួនមនុស្សជាតិ) ធ្លាក់ចូលទៅក្នុងភាពក្រីក្រ, គ្រោះទុរ្ភិក្ស និងភាពអត់ឃ្លាន នៅក្នុងកម្រិតមួយដែលយើងគ្រប់គ្នាមិនធ្លាប់បានជួបប្រទះនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ»។

ប៉ុន្តែបើទោះបីជាស្ថានភាពនៅពេលនេះពោរពេញទៅដោយគ្រោះថ្នាក់ក៏ដោយ ក៏យើងនឹងមិនអាចធ្វើអ្វីបានច្រើនទេដើម្បីផ្លាស់ប្តូរវាដែរ។ គំនិតផ្តួចផ្តើមពហុភាគីមួយចំនួនបានចាប់ផ្តើមរួចហើយ ដើម្បីដោះស្រាយបញ្ហាបំណុល, ថាមពល និងអសន្តិសុខស្បៀង។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវប្រសិទ្ធភាព កិច្ចខិតខំប្រឹងប្រែងបែបនេះត្រូវតែទទួលបាននូវការសម្របសម្រួល និងត្រូវតែធ្វើឡើងយ៉ាងទូលំទូលាយ។

បញ្ហារបស់យើងមានភាពប្រទាក់ក្រឡាគ្នាខ្លាំងពេក ដែលជាហេតុបង្កនូវភាពស្មុគស្មាញក្នុងការដោះស្រាយ។ អាទិភាពបន្ទាន់បំផុតគឺ «ការធានាឱ្យបាននូវស្ថិរភាពតម្លៃ និងការធានានូវការផ្គត់ផ្គង់នៅទូទាំងទីផ្សារអាហារ និងថាមពល»។ ទឹកប្រាក់យ៉ាងហោចណាស់ ១០ ពាន់លានដុល្លារ គឺពិតជាមានភាពចាំបាច់ណាស់ដើម្បីកាត់បន្ថយការខ្វះខាតផ្នែកហិរញ្ញប្បទានរបស់អង្គការ WFP នៅឆ្នាំនេះ។

រហូតមកដល់ពេលនេះ ស្ថាប័នអន្តរជាតិនិងរដ្ឋាភិបាលជាច្រើន បានឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារតាមរយៈការអនុវត្តគំនិតផ្តួចផ្តើមមួយចំនួន ដែលរួមមានដូចជា កម្មវិធីសម្ព័ន្ធសកលសម្រាប់សន្តិសុខស្បៀង (Global Alliance for Food Security) ដើម្បីសម្របសម្រួលដល់ការផ្តល់ហិរញ្ញប្បទានផ្នែកមនុស្សធម៌ និងការវិនិយោគលើភាពធន់នៃប្រព័ន្ធស្បៀងអាហារ។

ប្រទេសជាង ៨០ បានយល់ស្របចំពោះផែនទីបង្ហាញផ្លូវដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ «ការអំពាវនាវឱ្យមានការចាត់វិធានការផ្នែកសន្តិសុខស្បៀងជាសកល» «Global Food Security Call to Action» ហើយកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយចំនួន ក៏ត្រូវបានរៀបចំឡើងដែលរួមមានដូចជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីមេឌីទែរ៉ាណេស្តីពីវិបត្តិសន្តិសុខស្បៀង និងការបង្រួបបង្រួមសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីសន្តិសុខ ស្បៀងសកល (Mediterranean Ministerial Dialogue on the Food Security Crisis and the Uniting for Global Food Security Ministerial Conference)។

ប៉ុន្តែបើទោះបីជាមនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា «ការធ្វើពាណិជ្ជកម្មដោយបើកចំហ មានសារៈសំខាន់ខ្លាំងក្នុងការទប់ទល់នឹងអសន្តិសុខស្បៀង» ក៏ដោយ ក៏ប្រទេសជាង ២០ នៅតែបានដាក់ចេញនូវការរឹតត្បិតលើការនាំចេញអាហារដដែល។ បើទោះបីជាបណ្តាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅពេលថ្មីៗនេះបាន យល់ព្រមលុបចោលនូវការរឹតត្បិតលើការនាំចេញទំនិញទាក់ទងនឹងជំនួយមនុស្សធម៌របស់អង្គការWFP ក៏ដោយ ក៏វិធានការនេះនៅតែមិនគ្រប់គ្រាន់នោះទេ។

ប្រទេសធំៗ ដែលមានស្តុកគ្រាប់ធញ្ញជាតិនៅក្នុងទុនបម្រុង គួរតែបញ្ចេញវាទៅកាន់ទីផ្សារអន្តរជាតិដើម្បីកាត់បន្ថយការកើនឡើងកាន់តែខ្លាំងនៃតម្លៃ ហើយរដ្ឋាភិបាលក៏គួរពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម (Agricultural Market Information System-AMIS) ដើម្បីបង្កើនតម្លាភាព និងការត្រួតពិនិត្យ (បូករួមទាំងនៅក្នុងទីផ្សារដាក់ដេញថ្លៃ) និងដើម្បីការពារការឆក់ឱកាសកេងចំណេញ។

យើងត្រូវតែធានាថា «ប្រទេសជាច្រើនទៀតនឹងអាចមានលទ្ធភាពពឹងពាក់លើខ្លួនឯង តាមរយៈការធ្វើពិពិធកម្មកសិកម្មនាំចូល និងការពង្រឹងភាពធន់នៃផលិតកម្មក្នុងស្រុក»។ ពាក់ព័ន្ធនឹងថាមពល នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi, ប្រធានាធិបតីអាមេរិក Joe Biden និងអ្នកផ្សេងទៀត បានពិភាក្សាគ្នាអំពីការបង្កើតក្រុមទិញប្រេងដើម្បីសម្របសម្រួលលើការចរចាតម្លៃឱ្យមានភាពកាន់តែប្រសើរជាងមុន។

គំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀតត្រូវបានដាក់ចេញដើម្បីពន្លឿនការរៀបចំថាមពលកកើតឡើងវិញ, ពង្រឹងប្រសិទ្ធភាពថាមពល និងដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល។ ប៉ុន្តែយើងត្រូវបង្កើនល្បឿនឱ្យបានកាន់តែលឿន នៅមុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP27) ដែលនឹងរៀបចំឡើងនៅខែវិច្ឆិកានៅក្នុងប្រទេសអេហ្ស៊ីប។

ពាក់ព័ន្ធនឹងបញ្ហានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍ពហុភាគី ក៏ត្រូវតែបង្កើនការចូលរួមផងដែរដើម្បីផ្តល់នូវការជួយសង្គ្រោះ និងដោះស្រាយវិបត្តិស្បៀងអាហារ ថាមពល និងបំណុល នៅពេលបច្ចុប្បន្ននេះ។ ដូចគ្នានេះដែរ ធនាគារពិភពលោក (World Bank) ក៏អាចផ្តល់ប្រាក់កម្ចីបន្ថែមទៀតផងដែរដល់បណ្តារដ្ឋជាសមាជិករបស់ខ្លួន។

ដើម្បីដោះស្រាយវិបត្តិបំណុលនៅពេលនេះ យើងត្រូវការការរៀបចំរចនាសម្ព័ន្ធពហុភាគី និងការផ្តួចផ្តើមជំនួយសង្គ្រោះដ៏រឹងមាំ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងមានបន្ទុកបំណុលដ៏ធ្ងន់។ ភាគរយនៃប្រទេសដែលមានប្រាក់ចំណូលទាប ដែលកំពុងជួបប្រទះនឹងវិបត្តិបំណុល ឬដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ បានកើនឡើងទ្វេដង ពីចំនួន ៣០% ទៅដល់ ៦០% ចាប់តាំងពីឆ្នាំ ២០១៥ មក។

អ្វីដែលកាន់តែអាក្រក់នោះគឺ «ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសដែលមានប្រាក់ចំណូលមធ្យមជាច្រើន កំពុងត្រូវបានបន្ទាប ដែលជាហេតុធ្វើឱ្យពួកគេប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់លើសេវាបំណុល ជាពិសេស នៅពេលដែលធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលសំខាន់ៗផ្សេងទៀតកំពុងរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុរបស់ពួកគេ»។

គំនិតផ្តួចផ្តើមផ្អាកសេវាបំណុល (Debt Service Suspension Initiative-DSSI) ដែលត្រូវបានដាក់ឱ្យដំណើរការនៅដំណាក់កាលដំបូង នៃការកើតមានវីរុសកូវីដ-១៩ បានផុតសុពលភាព បន្ទាប់ពីបានផ្តល់ជំនួយបណ្តោះអាសន្នត្រឹមតែ ១៣ ពាន់លានដុល្លារ ដល់ប្រទេសដែលមានចំណូលទាបចំនួន ៤៨។ ជាងនេះទៅទៀត ចំនួននេះរាប់បញ្ចូលតែម្ចាស់បំណុលទ្វេភាគីផ្លូវការប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលម្ចាស់បំណុលឯកជន ដែលកាន់កាប់ភាគហ៊ុនធំបំផុតនៃបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍនោះទេ។

បន្ទាប់ពីការចាប់ផ្តើមគំនិតផ្តួចផ្តើម DSSI, ក្របខណ្ណបំណុលរួម «Common Framework for Debt Treatments» ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាក្ស័យធន និងបញ្ហាសាច់ប្រាក់នៅក្នុងបណ្តាប្រទេសដែលចូលរួមជាមួយគំនិតផ្តួចផ្តើម DSSI។ ក្របខណ្ឌនេះត្រូវបានគេរំពឹងថានឹងផ្តល់នូវការបន្ធូបន្ថយបំណុល និងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ស្របតាមតម្រូវការ និងសមត្ថភាពចំណាយរបស់កូនបំណុល។

ប៉ុន្តែ ក្នុងរយៈ ពេល១ឆ្នាំកន្លះ បន្ទាប់ពីការចាប់ផ្តើមមាន ប្រទេសតែ ៣ ប៉ុណ្ណោះដែលបានចុះឈ្មោះចូលរួម (Chad, Ethiopia, and Zambia) ហើយការកែរចនាសម្ព័ន្ធបំណុលក៏មិនបានទទួលជោគជ័យនោះដែរ។ ជាមួយនឹងអ្នកចូលរួមនៅក្នុងក្របខណ្ឌរួម ដែលបច្ចុប្បន្នកំណត់យកតែប្រទេសក្រីក្របំផុតចំនួន ៧៣ លក្ខណៈវិនិច្ឆ័យនៃសិទ្ធិក្នុងការទទួលបានការជួយ គួរទទួលបានការត្រួតពិនិត្យឡើងវិញ និងពង្រីកបន្ថែម ហើយម្ចាស់បំណុលទាំងអស់ បូករួមទាំងប្រទេសចិន និងវិស័យឯកជន ក៏គួរត្រូវបានបញ្ចូលទៅក្នុងដំណើរការនេះដូចគ្នា។

តម្លាភាពនៃបំណុលគឺពិតជាមានភាពចាំបាច់ណាស់ សម្រាប់ការចរចាការសងបំណុលឡើងវិញប្រកបដោយប្រសិទ្ធភាព។ ខណៈដែលការធានានូវការចូលរួមរបស់ចិនអាចជួបប្រទះនឹងការលំបាក ការចូលរួមពីវិស័យឯកជនអាចត្រូវបានដាក់ជាកាតព្វកិច្ច ដែលចងដោយបទប្បញ្ញត្តិ ជាពិសេសនៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ជាចុងក្រោយ ការគិតថ្លៃបន្ថែមរបស់ IMF (ជាថ្លៃដែលគិតទៅប្រទេសដែលមានជំពាក់បំណុលខ្ពស់) គួរត្រូវបានលុបចោលជាបន្ទាន់។ ប្រទេសដែលទទួលរងនូវការចំណាយបែបនេះ បានកើនឡើងពីចំនួនពី ៩ ទៅដល់ ១៦ ចាប់តាំងពីវីរុសរាតត្បាតបានចាប់ផ្តើម ហើយ IMF ក៏បានព្យាករណ៍ថា «ចំនួននេះអាចនឹងកើនឡើងដល់ ៣៨ នៅឆ្នាំ ២០២៥»។

យើងកំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗគ្នាដែលមិនធ្លាប់មានពីមុនមក ដែលអាចបង្កជា គ្រោះថ្នាក់យ៉ាង ធ្ងន់ធ្ងរដល់អនាគតរបស់យើង។ ជាថ្មីម្តងទៀត ពិភពលោកត្រូវការឱ្យ G20 ចាត់វិធានការ និងធ្វើការប្រកបដោយការតាំងចិត្តខ្ពស់៕

Project Syndicate

អត្ថបទទាក់ទង