ខ្មែរប៉ុស្ដិ៍ Close

ហានិភ័យចំពោះកំណើនសេដ្ឋកិច្ចសកល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 57
ហានិភ័យចំពោះកំណើនសេដ្ឋកិច្ចសកល រូបភាព Project Syndicate

«វដ្តនៃការធ្លាក់ចុះនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចសកលបានចាប់ផ្តើមជាផ្លូវការហើយ»។ នេះបើយោងតាមរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) ពាក់កណ្តាលឆ្នាំដែលទើបត្រូវបានចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

លទ្ធផលនៃការកែសម្រួលការព្យាករណ៍នេះ បានបង្ហាញអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២ មកនៅត្រឹម ៣,៦% ដែលមានចំនួនទាបជាងការព្យាករណ៍កាលពី ៦ខែមុន ដែលមានចំនួនរហូត ដល់ទៅ ៤,៩%។ មូលហេតុដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះបែបនេះ មួយផ្នែកធំគឺបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។

មូលនិធិ IMF ធ្លាប់បានព្រមានរួចហើយថា «តួលេខនៃការព្យាករណ៍អំពីកំណើន សេដ្ឋកិច្ចសកលអាចនឹងមានការប្រែប្រួល» ហើយបើក្រឡេកមើលតួរលេខនៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ វាគឺជាការធ្លាក់ចុះដ៏ធំ​បំផុតលើក​ទី​៣ នៅក្នុង​វដ្ដនៃ​ការត្រួត ពិនិត្យឡើងវិញរបស់ IMF ​សម្រាប់រយៈពេល​ ៦ ខែ​។

នៅខែមេសា ឆ្នាំ ២០០៩ ដែលជាពេលដែលវិបត្តិហិរញ្ញវត្ថុពិភពលោកកំពុងតែកើតមាន មូលនិធិ IMF បានកាត់បន្ថយការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសកលរហូតដល់ទៅ ៤,៣% ដោយនៅមុនពេលកើតមានវិបត្តិ មូលនិធិ IMF បានព្យាករណ៍ថា «សេដ្ឋកិច្ចពិភពលោកនឹងមាន កំណើនចំនួន ៣%» ក៏ប៉ុន្តែក្រោយមកបានទម្លាក់ការព្យាករណ៍មកនៅ -១,៣% វិញ។

នៅពេលដែលវីរុសកូវីដ-១៩ ផ្ទុះឡើងនៅដើមឆ្នាំ ២០២០ មូលនិធិ IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនោះរហូតដល់ទៅ ៦,៤% ដោយការព្យាករណ៍នៅមុនពេលកើតមានវីរុសរាតត្បាតមានចំនួន ៣,៤% ហើយក្រោយមកបានធ្លាក់មកនៅត្រឹម -៣% វិញ។

សម្រាប់ករណីទាំង២ ខាងលើនេះ ការទម្លាក់តួលេខនៃការព្យាករណ៍បានបង្ហាញអំពីសញ្ញានៃការកើតមានវិបត្តិសេដ្ឋកិច្ចដ៏ធំនៅក្នុងពិភពលោកដែលត្រូវបានចាត់ទុកជាវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។ ប៉ុន្តែទាំង IMF និងក្រុមអ្នកព្យាករណ៍ ភាគច្រើននៅតែបន្តជឿជាក់ថា «ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅពេលនេះ នឹងមិនរុញច្រានពិភពលោកឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនោះទេ»។

របាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយបំផុតនេះបានបង្ហាញអំពីការធ្លាក់ចុះដ៏សមស្របមួយ (Soft Landing) នៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលគិតជាទឹកប្រាក់មានចំនួន ៩៦ ទ្រីលានដុល្លារ។  ក្រោយពេលមានការទម្លាក់តួលេខហើយ គេរំពឹងថា «សេដ្ឋកិច្ចពិភពលោកនឹងបន្តមានកំណើន នៅក្នុងរង្វង់ ៣,៦% សម្រាប់ឆ្នាំ ២០២២-២០២៣»។

តួលេខនេះមានចំនួនលើសអត្រាមធ្យម ៣,៤% ដែលត្រូវបានរាយការណ៍ចាប់តាំងពីឆ្នាំ១៩៨០។ ដូច្នេះ គ្មានការធ្លាក់ចុះណាមួយដែលមានភាពល្អប្រសើរដូចពេលនេះទេ ក៏ប៉ុន្តែវាអាចមានការភ័ន្តច្រឡំមួយចំនួននៅក្នុងរឿងនេះ ដោយផ្អែកលើមូលហេតុដូចខាងក្រោម។

ជាដំបូង ក្រុមអ្នកព្យាករណ៍ទំនងជាមានភាពសុទិដ្ឋិនិយមជ្រុលចំពោះកំណើនសម្រាប់ឆ្នាំ ២០២១។ នៅឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចសកលបានហក់ឡើងរហូតដល់កម្រិត ៦,១% ដែលជាតួរលេខខ្ពស់បំផុតមិនធ្លាប់មាន បើគិតចាប់តាំងពីឆ្នាំ ១៩៨០ មក ខណៈដែលនៅឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចបានដាំក្បាលចុះខ្លាំងបំផុតរហូតដល់ទៅ -៣,១% ឯណោះ។

ខណៈដែលការបិទខ្ទប់ដោយសារវីរុសកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំង នៅដើមឆ្នាំ ២០២០ ការបើកប្រទេសឡើងវិញ បូកផ្សំនឹងការបញ្ចេញកញ្ចប់ថវិកាសង្គ្រោះយ៉ាងច្រើន បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងវិញយ៉ាងខ្លាំងនិងយ៉ាងឆាប់រហ័ស។

អ្នកព្យាករណ៍ ដែលរួមមានទាំងវិនិយោគិនផងដែរ បានព្យាករណ៍អំពីកំណើនសម្រាប់ថ្ងៃអនាគត ដោយផ្អែកលើនិន្នាការបែបនេះ។ ដូច្នេះ វាគឺជារឿងចាំបាច់ណាស់ដែលយើងត្រូវត្រួតពិនិត្យមើលលើភាពប្រែប្រួលមិនប្រក្រតីនៅក្នុងឆ្នាំ ២០២០ និង ២០២១ ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីនិន្នាការដែលអាចប្រើប្រាស់បាននៅក្នុងការព្យាករណ៍។ ប្រសិនបើកំណើនសេដ្ឋកិច្ចសកលនៅតែបន្តធ្លាក់ចុះកាន់តែខ្លាំងថែមទៀត នោះការកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោកថ្មីមួយទៀតនឹងក្លាយជារឿងដែលមិនអាចជៀសរួចនោះឡើយ។

មូលហេតុទី២ ដែលធ្វើឱ្យគេមានមន្ទិលសង្ស័យចំពោះការព្យាករណ៍ដ៏សុទិដ្ឋិនិយមនោះគឺដោយសារ «កំណើនសេដ្ឋកិច្ចរបស់ចិនកំពុងមានការធ្លាក់ចុះ»។ សេដ្ឋកិច្ចរបស់ចិនកំពុងតែស្ថិតនៅឆ្ងាយពីកំណើនជាមធ្យម ៨% ដែលប្រទេសនេះធ្លាប់ទទួលបានចាប់តាំងពីឆ្នាំ ២០១០ ដល់ ២០១៩។

ការព្យាករណ៍ចុង ក្រោយបង្អស់របស់ IMF បានបង្ហាញអំពីកំណើនជាមធ្យមរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០២២-២០២៣ ក្នុងរង្វង់ត្រឹមតែ ៤,៧៥% ប៉ុណ្ណោះ។ នៅពេលកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោក កំណើនដ៏ខ្លាំងនៃសេដ្ឋកិច្ចចិន បានជួយទប់ស្កាត់ ពិភពលោកមិនឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចថ្មីមួយទៀត នៅចន្លោះឆ្នាំ ២០១២-២០១៦។

ដូច្នេះ បើសិនជាមិនមានសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិននោះទេ ភាពធន់របស់ពិភពលោកក៏មិនអាចកើតមាននោះដែរ។

ខណៈពេលដែល ប្រទេសចិនកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដែលរួមមានវិធានការបិទខ្ទប់ថ្មីៗ ដោយសារវីរុសកូវីដ-១៩ ,ការបន្តរងសម្ពាធនៅក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ និងការខូចខាតដ៏ធំធេងដែលបណ្តាលមកពីភាពជាដៃគូរបស់ខ្លួនជាមួយរុស្ស៊ី ភាពធន់នៃសេដ្ឋកិច្ចពិភពលោកនឹងមិនអាចពឹងផ្អែកទៅលើ ប្រទេសចិនបានទៀតទេ។

ប្រសិនបើប្រទេសចិនពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី នោះប្រទេសចិននឹងត្រូវស្ថិតនៅឯកាដូចប្រទេសរុស្ស៊ីដែរ។ សេដ្ឋកិច្ចរបស់ប្រទេសចិនដែលកំពុងពឹងផ្អែកខ្លាំងលើពិភពលោកទាំងមូល នឹងក្លាយជាកត្តាប្រឈមដ៏ធំសម្រាប់ប្រធានាធិបតី Xi Jinping។

ហេតុផលទី៣ គឺ «ការធ្លាក់ចុះនៃវដ្តកំណើនសេដ្ឋកិច្ចសកលកំពុងតែកើតឡើងស្របពេលគ្នានឹងការហក់ឡើងខ្ពស់នៃអត្រាអតិផរណា និងអត្រាការប្រាក់នៅទូទាំងពិភពលោក»។ នៅពេលដែលអត្រាអតិផរណាបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ មនុស្សមួយចំនួនបានជជែកគ្នាអំពី «កម្រិតកំពូលនៃអត្រាអតិផរណា – Peak Inflammation» ដែលនេះមានន័យថា «អត្រាអតិផរណានឹងចាប់ផ្តើមធ្លាក់ចុះមកវិញ បន្ទាប់ពីបានកើនឡើងដល់កម្រិតកំពូល»។

ទោះជាយ៉ាងណាក៏ដោយ ទឡ្ហីករណ៍នេះបានមើលរំលងនូវចំណុចមួយ។ ខណៈដែលសន្ទស្សន៍នៃតម្លៃទំនិញប្រើប្រាស់របស់អាមេរិកបានកើនឡើងដល់ ៨,៥% នៅខែមីនា អត្រាអតិផរណានឹងធ្លាក់ចុះទាបបន្តិចនៅចុងឆ្នាំនេះ។ ប៉ុន្តែ «តើវានឹងអាចធ្លាក់ចុះដល់កម្រិតទាបល្មមដែលអាចជួយសង្គ្រោះធនាគារកណ្តាលរបស់អាមេរិកពីការប្រើប្រាស់គោលនយោបាយរូបិយវត្ថុដ៏អាក្រក់របស់ខ្លួនដែរឬទេ?»

បញ្ហាទាំងអស់នេះបានបង្ហាញឱ្យឃើញអំពីហានិភ័យដែលកំពុងកើតមានឡើងនៅក្នុងសេដ្ឋកិច្ចពិភពលោក។ មានតែការរួមកម្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុទេដែលអាចធ្វើឱ្យពិភពលោកអាចធ្វើដំណើរឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចល្អមធ្យមសម្រាប់រយៈពេលវែង។

ប៉ុន្តែតើសេណារីយ៉ូដ៏ល្អនេះអាចកើតឡើងបានដែរឬទេ បើសិនជាគ្មានប្រទេសចិន? វាទំនងជាទៅមិនរួចទេ៕ Project Syndicates

អត្ថបទទាក់ទង