ខ្មែរប៉ុស្ដិ៍ Close

រោងចក្រនៅអាស៊ីអាគ្នេយ៍កំពុងព្រួយបារម្ភខ្លាំង ខណៈអាមេរិកកំពុងពិចារណារឹតបន្តឹងច្បាប់ពន្ធបន្ថែម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 68
រោងចក្រនៅអាស៊ីអាគ្នេយ៍កំពុងព្រួយបារម្ភខ្លាំង ខណៈអាមេរិកកំពុងពិចារណារឹតបន្តឹងច្បាប់ពន្ធបន្ថែម រោងចក្រនៅអាស៊ីអាគ្នេយ៍កំពុងព្រួយបារម្ភខ្លាំង ខណៈអាមេរិកកំពុងពិចារណារឹតបន្តឹងច្បាប់ពន្ធបន្ថែម

សំណើរដែលបានស្នើឱ្យមានការកែទម្រង់ចំពោះកម្មវិធីអនុគ្រោះពាណិជ្ជកម្មដ៏ធំបំផុត ដែលត្រូវបានដាក់ឱ្យដំណើរការអស់រយៈពេលជាយូរមកហើយរបស់អាមេរិក អាចនឹងធ្វើឱ្យមានការដកចេញនូវប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្លាប់តែពឹងផ្អែកទៅលើកម្មវិធីនេះដើម្បីចូលទៅកាន់ទីផ្សារអាមេរិកដោយមិនជាប់ពន្ធ។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅ General System of Preferences (GSP) ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការកាត់បន្ថយពន្ធលើផលិតផលរហូតដល់ ៥០០០ មុខ ដោយរាប់ចាប់តាំងពីកាបូបនិងគ្រឿងអលង្ការ រហូតដល់ពូកនិងគ្រឿងបន្លាស់រថយន្ត។ ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផលិតនៅក្នុងតំបន់ ហើយប្រទេសដែលទទួលបានផលប្រយោជន៍ច្រើនជាងគេនោះរួមមាន៖ ប្រទេសថៃ, ឥណ្ឌូណេស៊ី, កម្ពុជា និងហ្វីលីពីន។

ទោះជាយ៉ាងណាក៏ដោយ គ្រោងការណ៍ដែលបានគ្របដណ្តប់ទៅលើការនាំចូលក្នុងទំហំទឹកប្រាក់ប្រហែល ១៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ នោះ ត្រូវបានបញ្ឈប់ដំណើរការ ហើយចាប់តាំងពីចុងឆ្នាំនោះមក ខណៈដែលការពន្យារ ពេលចុងក្រោយបំផុតត្រូវបានផុតកំណត់។ ការជាប់គាំងនៅក្នុងការដាក់ឱ្យដំណើរការនូវកម្មវិធីនេះជាថ្មី មិនមែនជារឿងថ្មីនោះទេ។

ប្រព័ន្ធ GSP ដែលបានរួមបញ្ចូលនូវប្រទេសចំនួន ១១៩ ចាំបាច់ត្រូវតែទទួលបានការអនុញ្ញាតជាទៀងទាត់ពីសំណាក់សភាអាមេរិក។ ក្នុងចំណោមការដាក់ឱ្យដំណើរការឡើងវិញចំនួន ១៤ ដង ក្នុងនោះមានការដាក់ឱ្យដំណើរការឡើងវិញចំនួន ១០ ដង ត្រូវបានគេពន្យារនៅក្នុងរយៈពេលខុសៗគ្នា។ ហើយនៅក្នុងករណីនីមួយៗនៃការពន្យារពេលទាំង ១០ លើកនោះ អ្នកនាំចូលតែងតែត្រូវបានគេតម្រូវឱ្យមានការបង់ពន្ធបន្ថែមជារៀងរាល់លើក។

ការពន្យារពេលនៅពេលបច្ចុប្បន្ន ដែលឥឡូវនេះបានឈានដល់រយៈពេលជិត ១៨ ខែហើយនោះ បានធ្វើឱ្យក្រុមហ៊ុននានាត្រូវខាតបង់យ៉ាងតិច ១,៤ ពាន់លានដុល្លារក្នុងការបង់ពន្ធបន្ថែម នេះបើយោងតាមការឱ្យដឹងពីសំណាក់ក្រុមសម្ព័ន្ធបញ្ចុះបញ្ចូលដើម្បី GSP (U.S-based lobby Group Coalition for GSP) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រុមសម្ព័ន្ធខាងលើបានចង្អុលបង្ហាញថា ក្រុមហ៊ុនធំៗអាចបន្តទ្រទ្រង់ផលប៉ះពាល់ដែលបង្កឡើងពីការពន្យារពេលនេះបានបន្តទៀត។ ប៉ុន្តែក្រុមហ៊ុនតូចៗកំពុងតែជួបប្រទះនឹងការលំបាកហើយ។

មានការគាំទ្រជាលក្ខណៈទ្វេភាគីដើម្បីដាក់ឱ្យកម្មវិធីនេះដំណើរការឡើងវិញ។ ប៉ុន្តែត្រូវមានការផ្លាស់ប្តូរដ៏ធំមួយ ហើយពេលនេះ ពួកគេកំពុងតែខិតខំប្រឹងប្រែងដើម្បីធ្វើការផ្លាស់ប្តូរកម្មវិធីនេះ។

ច្បាប់ដែលត្រូវបានគេស្នើឡើងដើម្បីដាក់ឱ្យបន្តនូវកម្មវិធីនេះបានបង្ហាញអំពីលក្ខណៈវិនិច្ឆ័យសិទ្ធិថ្មីនៅលើបទប្បញ្ញត្តិមុនដែលបានផ្តោតសំខាន់ទៅលើសិទ្ធិការងារ។ «លក្ខណៈវិនិច្ឆ័យចាំបាច់ថ្មីនេះនឹងក្លាយជាកត្តារារាំងចំពោះប្រទេសណា ដែលមានការរំលោភសិទ្ធិមនុស្ស ឬមិនមានការអនុវត្តច្បាប់បរិស្ថាន»។

ឃ្លាផ្សេងទៀតនៅក្នុងច្បាប់ដែលត្រូវបានគេស្នើឡើងនោះ ក៏បានបង្ហាញអំពីតម្រូវការក្នុងការពិនិត្យមើលទៅលើការគោរពនីតិរដ្ឋ, ការកាត់បន្ថយភាពក្រីក្រ, កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ និងវឌ្ឍនភាពរបស់ប្រទេសនានាចំពោះការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីយកមកធ្វើការពិចារណានៅក្នុងការកំណត់អំពីសិទ្ធិក្នុងការទទួលបានផងដែរ។

អ្នករិះគន់ រួមទាំងក្រុមអ្នកបញ្ចុះបញ្ចូលតំណាងឱ្យអ្នកនាំចូល បានព្រមានថាការផ្លាស់ប្តូរនេះអាចធ្វើឲ្យប្រទេសដែលចូលរួមមួយចំនួនធំបាត់បង់សិទ្ធិ ហើយអាចនឹងបង្កផលប៉ះពាល់ដល់បេសកកម្មរបស់គម្រោងនេះ។ ពួកគេចង់ឱ្យកម្មវិធីផ្តល់ការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់របស់ប្រទេសដែលទទួលផលដើម្បីប៉ះប៉ូវចំពោះចំណុចដែលខ្វះខាត។

លោក Edward Gresser ដែលធ្លាប់ជាមន្ត្រីនៅការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកដែលមានតួនាទីក្នុងការមើលការខុសត្រូវលើកម្មវិធីនេះបាននិយាយថា «ការកំណត់ឱ្យមានតម្រូវការសម្រាប់ការទទួលបានសិទ្ធិច្រើនហួសហេតុពេកអាចនឹងធ្វើឱ្យកម្មវិធី GSP ពិបាកក្នុងការដាក់ឱ្យដំណើរការ»។

លោក Gresser ដែលបច្ចុប្បន្នជាអនុប្រធាន និងជានាយកផ្នែកពាណិជ្ជកម្មនិងទីផ្សារសកលនៅវិទ្យាស្ថាននយោបាយជឿនលឿន បាននិយាយថា «ខណៈដែលមតិដែលបានស្នើឡើងដោយព្រឹទ្ធសភា និងសភាមានភាពខុសគ្នា តម្រូវការដែលបានស្នើឡើងដោយស្ថាប័នទាំងពីរ អាចនឹងបង្កឱ្យមានផលវិបាកដោយអចេតនា»។

លោក Gresser បានប្រាប់សារព័ត៌មាន Nikkei Asia ថា «នៅក្នុងសេណារីយ៉ូខ្លះ ពួកគេអាចនឹងត្រូវដកប្រទេសដែលមានប្រាក់ចំណូលទាបស្ទើរតែទាំងអស់ចេញ ដោយផ្អែកលើកង្វះសមត្ថភាពរបស់រដ្ឋាភិបាល»។ លោកបានបន្ថែមទៀតថា «ខ្ញុំគិតថា នេះមិនមែនជាអ្វីដែលសភាចង់បាននោះទេ។ ខ្ញុំគិតថា ពួកគេប្រហែលជាមិនទាន់បានធ្វើការពិនិត្យដោយហ្មត់ចត់ចំពោះផលប៉ះពាល់នៃការប្រើប្រាស់ភាសានេះតែប៉ុណ្ណោះ»។

សម្រាប់ពេលនេះ ការសម្រេចជាលើកចុងក្រោយដើម្បីដាក់ឱ្យកម្មវិធី GSP ដំណើរការឡើងវិញ និងពេលវេលាដែលត្រូវការ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ការដាក់ឱ្យដំណើរការកម្មវិធីនេះជាថ្មី កំពុងត្រូវបានផ្សារភ្ជាប់ទៅនឹងកញ្ចប់នីតិបញ្ញត្តិដែលមានឈ្មោះថា HR 4521 ដែលកំពុងស្ថិតនៅក្នុងដៃរបស់គណៈកម្មាធិការ ហើយក្រុមសមាជិកសភាក៏កំពុងតែធ្វើការដើម្បីសម្របសម្រួលភាពខុសគ្នារវាងអ្វីដែលសភា និងព្រឹទ្ធសភាបានស្នើឡើង។

សេចក្តីព្រាងច្បាប់ជាច្រើនដែលអាចធ្វើឱ្យសហរដ្ឋអាមេរិកត្រូវចំណាយអស់ថវិការាប់រយពាន់លានដុល្លារ មានគោលបំណងដើម្បីប្រឆាំងនឹងប្រទេសចិន ហើយសេចក្តីព្រាងច្បាប់ទាំងនោះបានគ្របដណ្ដប់ទៅលើបទប្បញ្ញត្តិជាច្រើន ដោយរាប់ចាប់ពីគ្រឿងអេឡិចត្រូនិក រហូតដល់ការនាំចូលអាហារសមុទ្រ។

លោក Josh Teitelbaum ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Akin Gump Strauss Hauer & Feld បាននិយាយថា «ប្រសិនបើសភាមិនអាចសម្រេចវាបាននៅមុនថ្ងៃផុតកំណត់ក្រៅផ្លូវការរបស់ខ្លួននៅចុងខែកក្កដាខាងមុខនេះទេ វាទំនងជាមិនត្រូវបានអនុម័តនោះឡើយរហូតដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងខែវិច្ឆិកាខាងមុខ»។ លោក Teitelbaum បានបន្ថែមទៀតថា «ការស្នើឱ្យមានការផ្លាស់ប្តូរតម្រូវការក្នុងការទទួលបាន សិទ្ធិ GSP គួរតែត្រូវបានធ្វើឱ្យមានតុល្យភាព»។

លោកបាននិយាយទៀតថា «នៅក្នុងគំនិតរបស់ខ្ញុំ នៅពេលដែលយើងបានបន្ថែមនូវស្ថានភាពលំបាកមួយចំនួនទៅក្នុងកម្មវិធី យើងក៏គួរផ្តល់ការលើកទឹកចិត្តបន្ថែមទៀតតាមរយៈការពង្រីកបញ្ជីផលិតផលសម្រាប់របស់របរមួយចំនួនទៀតដូចជាសម្លៀកបំពាក់ជាដើម»។

លោកបានបញ្ជាក់ទៀតថា «សកម្មភាពនេះនឹងក្លាយទៅជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យព្យាយាមអនុវត្តតាមអ្វីដែលជាតម្រូវការរបស់កម្មវិធីនេះ ព្រោះផលិតផលទាំងនោះគឺជាអ្វីដែលប្រទេសទាំងនោះបាននាំចេញច្រើនបំផុតទៅកាន់អាមេរិក»។

ឥឡូវនេះក៏មានកិច្ចខិតខំប្រឹងប្រែងមួយចំនួនដើម្បីបន្ធូរបន្ថយច្បាប់ «តម្រូវការប្រកួតប្រជែង» ដែលបានកំណត់ចំនួនផលិតផល GSP ដែលប្រទេសមួយអាចនាំចេញទៅកាន់អាមេរិកផងដែរ។ ប៉ុន្តែនៅពេលដែលដំណើរការរបស់សភាត្រូវបានអូសបន្លាយ ក្រុមហ៊ុនដែលពឹងផ្អែកទៅលើកម្មវិធីនេះកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង។

លោក Piet Holten ប្រធានក្រុមហ៊ុន Pactics ដែលជាក្រុមហ៊ុនផលិតនៅប្រទេសកម្ពុជា ហើយធ្វើការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារអាមេរិកបាននិយាយថា «អវត្តមាននៃកម្មវិធី GSP កំពុងតែរួមចំណែកក្នុងការបង្កឱ្យមានស្ថានភាពមហន្តរាយបន្ថែមពីលើផលប៉ះពាល់ដោយជំងឺកូវីដ និងតម្លៃនៃការដឹកជញ្ជូនដ៏ថ្លៃ»។

ក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើននៅប្រទេសកម្ពុជា ដែលបានងាកមកផ្តោតទៅលើទំនិញសម្រាប់ការធ្វើដំណើរ បន្ទាប់ពីទំនិញទាំងនោះត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធី GSP កាលពីឆ្នាំ ២០១៦ ។ ការផុតកំណត់នៃកម្មវិធីខាងលើបានធ្វើឱ្យការចំណាយរបស់ក្រុមហ៊ុនកើនឡើងរាប់រយពាន់ដុល្លារកាលពីឆ្នាំមុន ហើយបានបង្ខំឱ្យក្រុមហ៊ុនត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដោយស្នើសុំឱ្យអ្នកទិញជួយចេញថ្លៃពន្ធនាំចូលពាក់កណ្ដាល រហូតដល់មានការជួយឧបត្ថម្ភសារជាជាថ្មីឡើងវិញ។

លោក Holten បាននិយាយថា «សារៈសំខាន់នៃកម្មវិធី GSP និងកម្មវិធីអនុគ្រោះផ្សេងទៀតដែល ត្រូវបានផ្តល់ជូនដោយប្រទេសអភិវឌ្ឍន៍គឺពិតជាមានភាពធំធេងណាស់សម្រាប់តំបន់នេះ ជាពិសេសនៅពេលដែលក្រុមហ៊ុនកាន់តែច្រើនបានព្យាយាមផ្លាស់ទីរោងចក្រផលិតរបស់ខ្លួនទៅកាន់ប្រទេសដទៃ ស្របពេលដែលផ្នែកដឹកជញ្ជូនសកលកំពុងតែមាន ភាពតានតឹង។

លោកបានបន្ថែមទៀតថា «កម្មវិធី GSP គឺជាមធ្យោបាយដ៏ធំមួយដែលជម្រុញឱ្យពួកយើងធ្វើការផលិតនៅក្នុងប្រទេសកម្ពុជា និងប្រកួតប្រជែងជាមួយប្រទេសចិន។ រាល់អ្វីៗទាំងអស់នៅក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃជាងនៅក្នុងប្រទេសចិន លើកលែងតែតម្លៃកម្លាំងពលកម្ម។ ដូច្នេះ វាពិតជាពិបាកណាស់ក្នុងការប្រកួតប្រជែង»៕

Nikkei Asia