ប្រទេសស្រីលង្កា កម្ពុជា និងបង់ក្លាដែស កំពុងស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក; តើអ្វីទៅជាដែនកំណត់នៃសកម្មភាពរបស់សហរដ្ឋអាមេរិក?
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលស្រីលង្កាចំនួន ២រូប ពីបទរំលោភសិទ្ធិមនុស្ស ហើយមន្ត្រីទាំង ២រូបនោះគឺជាមន្ត្រីកងទ័ពជើងទឹក Chandana Hettiarachchi និងអតីតពលទាហាន Sunil Ratnayak។ រដ្ឋាភិបាលអាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា «លោក Chandana Hettiarachchi មានជាប់ពាក់ព័ន្ធនៅក្នុងការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនស៊ីវិល Tamil នៅ ចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ ២០០៩ ខណៈដែលលោក Sunil Ratnayake បានរងនូវការចោទប្រកាន់ពីបទសម្លាប់ជនស៊ីវិល យ៉ាងតិច ៨ នាក់នៅ ក្នុងភូមិ Tamil ក្នុងឆ្នាំ ២០០០។ លោកក៏ត្រូវបានតុលាការរបស់ប្រទេសកាត់ទោស ប្រហារជីវិតផងដែរ ក៏ប៉ុន្តែប្រធានាធិបតី Gotabaya បានលើកលែងទោសឱ្យលោកកាលពីឆ្នាំមុន។
ក្នុងឆ្នាំ ២០២០ ក្រសួងការបរទេសអាមេរិកក៏បានដាក់ទណ្ឌកម្មផងដែរលើមេទ័ពស្រីលង្កាបច្ចុប្បន្ន គឺឧត្តមសេនីយ៍ Shavendra Silva ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមដែលលោក បានប្រព្រឹត្តនៅក្នុងដំណាក់កាលចុងក្រោយនៃជម្លោះប្រដាប់អាវុធជាមួយក្រុម «Liberation Tigers of Tamil Eelam» (LTTE) ក្នុងឆ្នាំ ២០០៩។ កងទ័ពស្រីលង្កាបានច្រានចោលការចោទប្រកាន់ទាំងនេះដោយបានអះអាងថា «វាគឺជាប្រតិបត្តិការមនុស្សធម៌ ដើម្បីដកជនជាតិ Tamil ចេញពីក្រោមការគ្រប់គ្រងរបស់ក្រុម LTTE ប៉ុណ្ណោះ»។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចដាក់ចេញនូវបម្រាមលើការធ្វើដំណើរលើមន្ត្រីចិន, បេឡារុស្ស, កូរ៉េខាងជើង, មីយ៉ាន់ម៉ា និងបង់ក្លាដែស ពីបទរំលោភសិទ្ធិមនុស្ស ហើយកាលពីថ្ងៃទី ៨ ខែធ្នូកន្លងទៅនេះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មសព្វាវុធមកលើប្រទេសកម្ពុជាផងដែរ ដោយលើកឡើងពីការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស និងអំពើពុករលួយក៏ដូចជាការកើនឡើងនូវសកម្មភាពរបស់ចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
កាលពីខែវិច្ឆិកាកន្លងទៅរដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាចំនួន ២រូប ជាមួយនឹងការចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយនៅឯមូលដ្ឋានទ័ពជើងទឹក ដែលធ្លាប់ទទួលបានការឧបត្ថម្ភពីសហរដ្ឋអាមេរិក។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធម្តងហើយម្តងទៀតថា «ប្រទេសរបស់លោកនឹងមិនធ្វើជាមូលដ្ឋានឈរជើងរបស់យោធាចិននោះទេ»។
មេដឹកនាំដ៏យូររបស់កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធបំផុតរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ី ហើយរដ្ឋាភិបាលរបស់លោកក៏បានរងនូវការ ចោទប្រកាន់ផងដែរថាបានវាយកម្ទេចទីតាំងនៅឯមូលដ្ឋានរាមដែលត្រូវបានសាងសង់ឡើងដោយមូលនិធិរបស់អាមេរិក និងដែលជាទីកន្លែងសម្រាប់ធ្វើសមយុទ្ធជាមួយសហរដ្ឋ អាមេរិក។
មូលដ្ឋានដែលស្ថិតនៅឈូងសមុទ្រថៃ បានក្លាយជាចំណុចក្តៅនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះ ទីក្រុងវ៉ាស៊ីនតោនបានបន្តលើកឡើងនូវការសង្ស័យថា «មូលដ្ឋាននេះអាចនឹងត្រូវបានបំប្លែងទៅជាទីតាំងប្រើប្រាស់របស់យោធាចិន» ក៏ប៉ុន្តែភាគីកម្ពុជាបានបន្តបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក។
នៅពេលដែលបង់ក្លាដែសកំពុងធ្វើការដើម្បីធានាសន្តិសុខសម្រាប់តំបន់ បូករួមទាំងតំបន់ភាគឦសានប្រទេសឥណ្ឌាប្រឆាំងនឹងអំពើ ភេរវកម្ម, សកម្មភាពជ្រុលនិយមនិងការ បំបែកខ្លួនជាដើមការសម្រេចចិត្តមិនសមរម្យរបស់សហរដ្ឋអាមេរិកនៅពេលថ្មីៗ នេះបាននិងកំពុងបង្កការរារាំងដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់បង់ក្លាដែស ហើយសកម្មភាពនេះត្រូវបានគេចាត់ទុកជាសកម្មភាពដែលមិនសមស្របទាល់តែសោះ។
ការចូលរួមចំណែករបស់ទីភ្នាក់ងារសន្តិសុខ និងទីភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសបង់ក្លាដែស ត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក ហើយទីភ្នាក់ងារនេះបានក្លាយជាគម្រូមួយរបស់ពិភពលោក ពាក់ព័ន្ធនឹងការដោះស្រាយ និងការប្រឆាំងនឹងការបំបែកខ្លួន, អំពើភេរវកម្ម និងសកម្មភាពជ្រុលនិយម។
ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រសួងរតនាគាររបស់អាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ១៥រូប បូករួមនឹងអង្គការចំនួន ១០នៅក្នុងប្រទេសផ្សេងៗគ្នាជុំវិញការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយសហរដ្ឋអាមេរិកក៏បាន ដាក់ទណ្ឌកម្មលើ «កងវរសេនាតូចប្រតិបត្តិការរហ័ស» «Special Police Rapid Action Battalion» (RAB) របស់ប្រទេសបង់ក្លាដែស និងមន្ត្រីបង់ក្លាដែសចំនួន ៦រូបផងដែរ។
ការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលាការបាននិងកំពុងកើតឡើងនៅក្នុងប្រទេសជាច្រើន។ ក៏ប៉ុន្តែវានៅតែមិនទាន់មានចំណាត់ការប្រឆាំងនឹងបណ្តាប្រទេសទាំងអស់នោះ ហើយហេតុអ្វីបានជាប្រទេសទាំងនោះមិនរងនូវទណ្ឌកម្ម? «មូលហេតុចម្បងបំផុតគឺ សហរដ្ឋអាមេរិកត្រូវការប្រទេសទាំងនោះ ដើម្បីឱ្យបម្រើផលប្រយោជន៍របស់អាមេរិក តួយ៉ាងដូចជានៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាដើម»។
សហរដ្ឋអាមេរិកបានជ្រើសរើសប្រទេសមួយចំនួន ដើម្បីបង្ហាញឱ្យគ្រប់គ្នាឃើញថា «ពួកគេចង់ធ្វើការជាមួយប្រទេសប្រជាធិបតេយ្យ» ក៏ប៉ុន្តែ វាក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថា «គោលនយោបាយដ៏លំអៀងរបស់អាមេរិកចំពោះប្រទេសមួយចំនួនត្រូវបានធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់»។
ពួកគេបានកំណត់គោលដៅលើប្រទេសសន្តិភាពនៅអាស៊ីខាងត្បូង ដូចជាប្រទេសបង់ក្លាដែស ខណៈដែលប្រទេសនេះគឺជាគម្រូនៃការប្រឆាំងនឹងអំពើភេរវកម្ម, ភាពជ្រុលនិយមនិងការបំបែកខ្លួន ហើយអាមេរិកក៏បានកំណត់គោលដៅលើប្រទេសតូចៗ ដូចជាស្រីលង្កាជាដើមផងដែរ។ ប្រទេសបង់ក្លាដែស បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
មនុស្សរាប់លាននាក់បានបាត់ខ្លួននៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនបានចាត់វិធានអ្វីដើម្បីដោះស្រាយបញ្ហានេះទេ។ ប៉ូលីសអាមេរិកបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ជាមួយនឹងលេសបំពេញតាមកាតព្វកិច្ច។ ហេតុដូច្នេះហើយការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើបណ្តាប្រទេសដទៃគឺជារឿងដែលមិនសមហេតុផលទាល់តែសោះ។
ជាក់ស្តែង បណ្តាប្រទេសអភិវឌ្ឍ, បណ្តារដ្ឋាភិបាលដែលបំពេញការងារបានល្អ តែងតែរងនូវការវាយប្រហារ។ «អំពើល្អរបស់អ្នក នឹងនាំមកនូវបញ្ហាសម្រាប់អ្នក»។ សហរដ្ឋអាមេរិកអាចមានចេតនាអាក្រក់នៅពីក្រោយការដាក់ទណ្ឌកម្មបែបនេះ។
សម្រាប់ករណីប្រទេសបង់ក្លាដែស សហរដ្ឋអាមេរិកចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិចំនួន ២ ជាមួយបង់ក្លាដែស ខណៈដែលប្រទេសនេះកំពុងមានបំណងស្វែងរកការបញ្ជាទិញឧបករណ៍ទំនើបៗពីសហរដ្ឋអាមេរិក ដែលនេះគឺជាផ្នែកមួយនៃគោលដៅរបស់ខ្លួន ក្នុងការធ្វើទំនើបកម្មវិស័យយោធានៅឆ្នាំ ២០៣០។
ប៉ុន្តែ ប្រទេសបង់ក្លាដែសមិនបានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសន្តិសុខរួមនៃព័ត៌មានយោធា «General Security of Military Information Agreement» (GSOMIA) និងកិច្ចព្រមព្រៀងស្តីពី ការទិញសេវាកម្ម «Acquisition Cross-Servicing Agreement» (ACSA) ជាមួយសហរដ្ឋអាមេរិកនោះទេ ហើយនេះអាចជាមូលហេតុដែលធ្វើឱ្យប្រទេសបង់ក្លាដែសរងនូវបញ្ហា។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺជារឿងខុសឆ្គងខ្លាំងណាស់ក្នុងករណីប្រទេសបង់ក្លាដែស, ស្រីលង្កា ហើយនិងកម្ពុជា ខណៈដែលករណីប្រទេសមីយ៉ាន់ម៉ា និងកូរ៉េខាងជើង គឺជាករណីដាច់ដោយឡែកដែល មានលក្ខណៈខុសគ្នាទាំងស្រុង។
វាបានក្លាយជាទម្លាប់អាក្រក់របស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងការកើនឡើងនូវអំណាចរបស់ប្រទេសមួយ។ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើនរណាម្នាក់ក្រោមលេសសិទ្ធិមនុស្ស នៅគ្រប់ពេលទាំងអស់ និងនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោកនៅពេលដែលអាមេរិកយល់ថា «ផលប្រយោជន៍របស់ខ្លួនមិនត្រូវបានបំពេញ តួយ៉ាងដូជជានៅក្នុងប្រទេសអ៊ីរ៉ង់, វេណេស៊ុយអេឡា និងអ៊ីរ៉ាក់ជាដើម»។
ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកកាលពីពេលពេលថ្មីៗនេះ មនុស្សប្រមាណ ៩១៨ នាក់ ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន (យោងលើទិន្នន័យរបស់បណ្តាញសារព័ត៌មាន The Washington Post)។
ការតវ៉ា «Black Lives Matter» ឆ្នាំ ២០២០ បានកើតឡើងសារជាថ្មីបន្ទាប់ពីមានការសម្លាប់នៅក្រៅប្រព័ន្ធតុលាការ លើលោក George Floyd ដោយមន្ត្រីប៉ូលីស ៣ នាក់នៅ Minneapolis ហើយការតវ៉ានេះបានក្លាយជាចលនាតវ៉ាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
ដូច្នេះ សហរដ្ឋអាមេរិកគួរតែពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងទឹកដីរបស់ខ្លួនជាមុនសិន។ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំនេះ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ចប់ការធ្វើទារុណកម្មដែលប្រព្រឹត្តិឡើងដោយកងកម្លាំងប៉ូលិសនិងការរើសអើងពូជសាសន៍ដែលបានកើតមាននៅក្នុងសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដូចជា The Guardian និង BBC «ការរំលោភសិទ្ធិមនុស្សយ៉ាង ធ្ងន់ធ្ងរបាននិងកំពុងកើតមាននៅក្នុងសហរដ្ឋអាមេរិក»។
អត្ថបទមួយនៅក្នុងបណ្តាញសារព័ត៌មាន Lancet ដែលមានចំណងជើងថា «អំពើហិង្សាដ៏ឃោរឃៅរបស់ប៉ូលីសនៅសហរដ្ឋអាមេរិកចន្លោះឆ្នាំ ១៩៨០-២០១៩» បានបង្ហាញអំពីរូបភាពដ៏គួរឱ្យរន្ធត់នៃការរំលោភសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិក។ របាយការណ៍នោះបានបញ្ជាក់ថា «នៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ ២០១៨ មនុស្សជាច្រើនបានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីសនៅសហរដ្ឋអាមេរិក ដោយក្នុង នោះ ៥៥% នៃការស្លាប់ទាំងនេះមិនត្រូវបានគេរាយការណ៍នោះទេ ហើយមូលហេតុពិតប្រាកដនៃការស្លាប់ក៏មិនត្រូវបានបង្ហាញឱ្យដឹងដែរ»។
បើទោះបីជានៅក្នុងចំណោមការស្លាប់ទាំងនោះ ជនជាតិស្មែកខ្មៅមានចំនួនត្រឹមតែ ១០% ក៏ដោយ ក៏អត្រានៃការស្លាប់របស់ជនជាតិស្បែកខ្មៅនៅក្នុងការឃុំឃាំង របស់ប៉ូលីសតែងមានចំនួន ៣ឦ៥ ដង ខ្ពស់ជាងជនជាតិស្បែកស។
ពិភពលោកនឹងមិនអាចបំភ្លេចបានទេនូវឧប្បត្តិហេតុនៃករណីសួរចម្លើយដោយប្រើទារុណកម្ម និងការដាក់ទារុញកម្មដោយយកក្រណាត់គ្របមុខនឹងចាក់ទឹកពីលើ (Waterboarding) នៅសហរដ្ឋអាមេរិក ហើយពិភពលោកក៏នឹងមិនអាចបំភ្លេចសោកនាដកម្មដែលបុរសស្បែកខ្មៅម្នាក់ត្រូវបានប៉ូលីសសង្កត់ករហូតដល់ស្លាប់នៅតាមផ្លូវនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុននោះដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដែលកុមារប៉ាឡេស្ទីន បានគប់ដុំថ្មទៅលើជនជាតិអ៊ីស្រាអែលដែលបានវាយលុកផ្ទះរបស់ពួកគេ កងកម្លាំងអ៊ីស្រាអែលក៏បានបាញ់ស្រោចទៅលើមនុស្សទាំងនោះ ហើយសហរដ្ឋអាមេរិកមិនបានដាក់ទណ្ឌកម្មលើជនជាតិអ៊ីស្រាអែលទេ។ ផ្ទុយទៅវិញ ប្រសិនបើប្រទេសណាមួយ ស្នើឱ្យមានការថ្កោលទោសលើការរំលោភសិទ្ធិមនុស្សបែបនេះ នៅអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកនឹងប្រើសិទ្ធិវេតូ។
យោងតាមរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០២១ «ផលប៉ះពាល់ដែល បង្កឡើងដោយវីរុសកូវីដ-១៩ មកលើជនជាតិស្បែកខ្មៅ និងជនជាតិដើមភាគតិចមានលក្ខណៈ មិនអាចទទួលយកបាននោះទេ ជាពិសេសពាក់ព័ន្ធនឹងវិសមភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យសុខាភិបាល ការអប់រំ និងសេដ្ឋកិច្ច ហើយបញ្ហានេះនឹងបន្តបង្កនូវផលប៉ះពាល់យូរអង្វែងតទៅមុខទៀត»។
ទាំងនេះគឺជាស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ដែលតែងតែប្រកាសខ្លួនថាជាអ្នកលើកស្ទួយសន្តិភាពពិភពលោក, លើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក តែងតែលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសដែលពួកគេបានកំណត់គោលដៅ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
សហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស បូករួមទាំងការសម្លាប់មនុស្ស, ការបាត់ខ្លួន និងការចាប់ពង្រត់ដែលមិនត្រឹមតែនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ។ អតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Robert Reich បានបង្ហោះនៅ លើបណ្តាញ Twitter កាលពីប៉ុន្មានថ្ងៃមុនថា «នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលាការ មានចំនួន ៩៨៤ នាក់»។
ហើយបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា របស់សហរដ្ឋអាមេរិក «មនុស្សយ៉ាងហោចណាស់ចំនួន ៦៧០០ នាក់ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក ដោយគិតចាប់តាំងពីឆ្នាំ ២០១៥ ដែលនេះមានន័យថា ក្នុងមួយឆ្នាំ មនុស្សជាមធ្យមចំនួន ១០០០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយគ្មានការកាត់ទោសនៅសហរដ្ឋអាមេរិក»។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ មនុស្សចំនួន ៧នាក់ ដោយមានទាំងមេប៉ូលិសបង់ក្លាដែស ម្នាក់ពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលាការ។ ប៉ុន្តែចំនួនមនុស្ស ដែលត្រូវបានសម្លាប់នៅក្រៅប្រព័ន្ធតុលាការនៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំគឺមានចំនួនខ្ពស់ជាង នៅបង់ក្លាដែស ទៅទៀត។
ម៉្យាងវិញទៀត វាគឺជាការដ៏គួរឱ្យខកចិត្តបំផុតនៅពេលដែលប្រទេសស្រីលង្កា និងបង់ក្លាដែសត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតែមួយជាមួយបណ្តារដ្ឋដូចជាកូរ៉េខាងជើង ឬមីយ៉ាន់ម៉ា ដែលជាប្រទេសមានជំហរខុសគ្នាខ្លាំងទាំងផ្នែកសិទ្ធិមនុស្ស និងនយោបាយ។ ដូច្នេះ បញ្ហាទាំងអស់នេះបានបង្ហាញយ៉ាង ច្បាស់ណាស់ថា «ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅពេលថ្មីៗនេះលើ ប្រទេសបង់ក្លាដែស និងស្រីលង្កា គឺជារឿងដ៏ខុសឆ្គងបំផុត»។
Eurasia Review