ខ្មែរប៉ុស្ដិ៍ Close

តើតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍តាមរបៀបណាពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសន្ទុះវិនិយោគរបស់ G7?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 54
តើតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍តាមរបៀបណាពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសន្ទុះវិនិយោគរបស់ G7? តើតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍តាមរបៀបណាពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសន្ទុះវិនិយោគរបស់ G7?

កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ប្រធានាធិបតីអាមេរិក Joseph Biden បានប្រកាសដាក់ឱ្យដំណើរការ «ភាពជាដៃគូសម្រាប់ការវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធសកល» (Partnership for Global Infrastructure and Investment – PGII) នៅឯកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអាល្លឺម៉ង់។

បើទោះបីជាសហរដ្ឋអាមេរិកបានចំណាយប្រាក់ត្រឹមតែ ២០០ ពាន់លានដុល្លារក្នុង ចំណោមប្រាក់សរុប ៦០០ ពាន់លានដុល្លារសម្រាប់រយៈពេលជាង ៥ឆ្នាំ ដល់មូលនិធិរបស់ PGII ក៏ដោយ ក៏វាត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា «សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់សន្ទុះដ៏ចម្បងដល់កម្មវិធីនេះ»។

ដោយបានលេចរូបរាងឡើងនៅក្រោយការដាក់ឱ្យដំណើរការក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework – IPEF) នៅឯជំនួបកំពូលរបស់ក្រុម Quad នៅទីក្រុងតូក្យូកាលពី ១ ខែមុន គម្រោង PGII គឺជាការឆ្លើយតបផ្នែកសេដ្ឋកិច្ចមួយទៀតរបស់សហរដ្ឋ អាមេរិកនៅក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយប្រទេសចិន។

ចាប់តាំងពីពេលនោះមក មតិខុសៗគ្នាជាច្រើនត្រូវបានលើកឡើងពាក់ព័ន្ធនឹងការវាយតម្លៃអំពីគុណសម្បត្តិរបស់ PGII ដោយក្នុងនោះ មតិភាគច្រើនបានរិះគន់យ៉ាងចាស់ដៃថា «ចំនួនទឹកប្រាក់នេះគឺមានទំហំស្តួចស្តើងពេក ហើយថែមទាំងមានលក្ខណៈយឺតយ៉ាវពេកទៀតផងនៅក្នុងការប្រកួតប្រជែង បើប្រៀបធៀបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative – BRI) របស់ប្រទេសចិន ដែលបានដាក់ឱ្យដំណើរការកាលពីជិត ១ ទសវត្សរ៍មុនគឺនៅឆ្នាំ ២០១៣»។

បើទោះបីជាការធ្វើអត្ថាធិប្បាយភាគច្រើនអាចស្តាប់ទៅសមហេតុផលក៏ដោយ ក៏វាបាននិងកំពុងឆ្លើយតបទៅនឹងសំណួរដ៏ខុសឆ្គងមួយ ដោយសារតែការផ្តោតតែទៅលើការប្រៀបធៀបរវាងកម្មវិធីទាំងពីរនេះ។ សំណួរត្រឹមត្រូវគួរតែ «តើផែនការនេះនឹងផ្តល់ឱ្យនូវអ្វីខ្លះដល់បណ្តាប្រទេសដែលចូលរួម ហើយតើប្រទេសទាំងនោះគួរឆ្លើយតបដោយវិធីណា?»

អត្ថបទនេះនឹងបង្ហាញនូវហេតុផលមួយចំនួនដែលបញ្ជាក់ថា «គម្រោង PGII ពិតជាផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយសក្តានុពលដល់តំបន់អាស៊ីអាគ្នេយ៍ ហើយវាគួរតែជារឿងដ៏គួរឱ្យសាទរ»។ សេដ្ឋកិច្ចតែងតែបង្ហាញប្រាប់យើងថា «ការប្រកួតប្រជែងនៅក្នុងចំណោមអ្នកលក់នៅក្នុងទីផ្សារណាក៏ដោយជាធម្មតានឹងនាំមកនូវលទ្ធផលល្អប្រសើរជាងមុនសម្រាប់អតិថិជន»។

នេះក៏ជារឿងពិតដែរសម្រាប់គម្រោង PGII ជាពិសេសពាក់ព័ន្ធនឹងការចូលទៅកាន់ទីផ្សារ សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ នៅពេលគម្រោង BRI ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង វាបានផ្តល់នូវជម្រើសផ្សេងមួយទៀតជំនួសឱ្យប្រភពវិនិយោគនិងប្រាក់កម្ចីសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់តែទទួលបានពីវិស័យឯកជន ឬធនាគារពហុភាគី ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីជាដើម។

ដោយឈរលើការបន្តផ្តល់សន្ទុះដល់ការធ្វើសកលភាវូបនីយកម្មរបស់បណ្តាក្រុមហ៊ុនចិន គម្រោង BRI បានទាក់ទាញការឆ្លើយតបដ៏គួរឱ្យសាទរទាំងពីបណ្តាសាជីវកម្មវិនិយោគរបស់ចិន និងបណ្តាប្រទេសដែលទទួលបានការវិនិយោគ បូករួមទាំងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយលក្ខខណ្ឌតិចជាងប្រភពផ្សេងៗទៀត និងជាមួយនឹងភាពបត់បែនជាងគម្រោងធំៗរបស់ BRI បានផុសឡើងយ៉ាងលឿននៅទីកន្លែងជាច្រើន ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូន និងអចលនទ្រព្យ។

គម្រោង PGII ក៏នឹងនាំមកនូវអត្ថប្រយោជន៍ផងដែរ ជាពិសេសនៅក្នុងវិស័យអាទិភាពមួយចំនួនដូចជាថាមពលស្អាត, ទូរគមនាគន៍, យេនឌ័រ និងសុខាភិបាល។ គម្រោង PGII នឹងពង្រីកជម្រើស ក៏ដូចជានឹងពង្រឹងអំណាចចរចារបស់បណ្តាប្រទេសដែលទទួលបានការវិនិយោគ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានសេចក្តីត្រូវការជាច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

សូម្បីតែប្រទេសចិនក៏បានទទួលស្គាល់អំពីបញ្ហានេះដែរ ដោយក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅ ១ ថ្ងៃក្រោយការដាក់ឱ្យដំណើរការគម្រោង PGII ថា «ប្រទេសចិនស្វាគមន៍រាល់គំនិតផ្តួចផ្តើមទាំងអស់ ដើម្បីពង្រឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសកល ដរាបណាគំនិតផ្តួចផ្តើមនោះមិនត្រូវបានប្រើក្នុងគោលបំណងជំនួសឱ្យគំនិតផ្តួចផ្តើមមួយទៀត»។

ការប៉ាន់ប្រមាណមួយចំនួនបានលើកឡើងថា «តម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ី មានទំហំគិតជាទឹកប្រាក់ប្រមាណ ១,៧ ទ្រីលានដុល្លារក្នុងមួយឆ្នាំ» ដែលជាចំនួនដ៏ច្រើនលើសពីអ្វីដែលប្រភពដែលមានស្រាប់ទាំងអស់អាចផ្តល់ឱ្យ។

ការប្រកួតប្រជែងរបស់គម្រោង PGII ក៏អាចនាំមកនូវការលើកកម្ពស់ការវិនិយោគ និងវិធីផ្តល់ប្រាក់កម្ចីល្អប្រសើរជាងមុនផងដែរ។ បណ្តាប្រទេស G7 បានរិះគន់គម្រោងដំបូងៗមួយចំនួនរបស់ BRI ជុំវិញបញ្ហាកង្វះតម្លាភាព, អត្រាការប្រាក់ខ្ពស់ និងកង្វះលក្ខខណ្ឌល្អប្រពៃក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត។ ដូច្នេះ គម្រោង PGII និងគម្រោងមុនៗរបស់វា ដូចជា «ផែនការកសាងពិភពលោកឱ្យប្រសើរឡើងវិញ» «Build Back Better Word» អាចនឹងផ្តោតខ្លាំងលើការអនុវត្តការងារកាន់តែរឹងមាំប្រកបដោយស្តង់ដារខ្ពស់។

ជាការឆ្លើយតប បណ្តាក្រុមហ៊ុនចិនក៏បានពង្រឹងការងាររបស់ពួកគេផងដែរ បូករួមទាំងការពង្រឹងគម្រោង BRI។ អ្នកដែលឈ្នះច្រើនជាងគេនៅក្នុងការប្រកួតប្រជែងគ្នានេះគឺ «បណ្តាប្រទេសដែលកំពុងទទួលបានការវិនិយោគ»។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏អាចនឹងទទួលបានគម្រោងដ៏គួរឱ្យទាក់ទាញមួយចំនួនផងដែរ នៅក្នុងចំណោមគម្រោងរបស់ PGII ដែលត្រូវបានចេញផ្សាយកាលពីខែមុន។

គម្រោងថាមពលកកើតឡើងវិញ ដូចជាគម្រោងថាមពលព្រះអាទិត្យ ដែលមានទំហំទឹកប្រាក់ ២ ពាន់លានដុល្លារនៅក្នុងប្រទេស Angola និងគម្រោងថាមពលនុយក្លេអ៊ែរដ៏ទំនើបសម្រាប់ម៉ាស៊ីនប្រតិករខ្នាតតូចនៅប្រទេសរ៉ូម៉ានី ក៏ដូចជាបណ្តាគម្រោងថែទាំសុខភាពនិងការអភិវឌ្ឍជំហានដំបូងនូវរោងចក្រផលិតវ៉ាក់សាំងនៅ ប្រទេស Senegal គឺសុទ្ធតែជាប្រភេទនៃគម្រោងដែលតំបន់អាស៊ីអាគ្នេយ៍ចង់បាននៅក្នុងតំបន់។

ជាងនេះទៅទៀត គម្រោងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដូចជាកម្មវិធីកៀរគរមូលធនវិនិយោគដែលមានទំហំទឹកប្រាក់ ៣៣៥ លានដុល្លារសម្រាប់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនៅទ្វីបអាហ្វ្រិក, ទ្វីបអាស៊ី និងទ្វីបអាមេរិកឡាទីន បូករួមនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដូចជាខ្សែកាបក្រោមសមុទ្រដែលតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ឆ្លងកាត់តាមតំបន់មជ្ឈឹមបូព៌ា និងទ្វីបអឺរ៉ុបខាងលិច ក៏សុទ្ធតែជាការចង់បានរបស់តំបន់នេះផងដែរ។

សម្រាប់ពេលនេះ គម្រោងភាគច្រើនដែលស្ថិតនៅក្នុងបញ្ជី PGII ត្រូវបានគេឃើញមានវត្តមាននៅទ្វីបអាហ្វ្រិក។ ប្រសិនបើសហរដ្ឋអាមេរិកអាចបង្កើនការត្រៀមខ្លួនបានលឿនជាងនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងគម្រោងតូចៗស្រដៀងគ្នានឹងនៅតំបន់អាហ្វ្រិក នោះវាអាចនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។

គុណសម្បត្តិមួយទៀតរបស់គម្រោង PGII ដែលអាចនឹងមានភាពទាក់ទាញសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍គឺការដាក់បញ្ចូលជាផ្នែកស្នូលនៃកម្មវិធីរបស់ខ្លួននូវហេដ្ឋារចនាសម្ព័ន្ធទន់ (ដូចជាការបង្កើតក្របខណ្ឌស្ថាប័ន, គោលនយោបាយ និងបទបញ្ញត្តិច្បាប់ និងការកសាងសមត្ថភាពមនុស្សសម្រាប់ការផ្តល់សេវាកម្ម)។

នៅដំណាក់កាលដំបូងៗ គម្រោង BRI បានផ្តោតការយកចិត្តទុកដាក់ស្ទើរតែផ្តាច់មុខទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរឹង ហើយបើទោះបីជាសកម្មភាពរបស់ BRI ត្រូវបានពង្រីកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ក្រុម G7 នៅតែអាចមានជំហរល្អជាងក្នុងការផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធទន់ ដោយសារតែធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ និងវិស័យអប់រំដ៏ទំនើបរបស់ពួកគេ។

នេះគឺជាអ្វីដែលបណ្តាប្រទេសនៅក្នុងតំបន់អាចទាញយកប្រយោជន៍បាន ខណៈពេលដែលពួកគេកំពុងព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ។ ចាប់តាំងពីការដាក់ឱ្យដំណើរការគម្រោង BRI មក រូបភាពជាសាធារណៈដែលត្រូវបានបង្កើតឡើងដោយគម្រោងនេះ បានលុបបំបាត់នូវតថភាពមួយដែលនោះគឺ «ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគ្របដណ្តប់ដោយបណ្តាប្រទេស G7 ដូចជា សហរដ្ឋអាមេរិកនិងជប៉ុន (និងសហភាពអឺរ៉ុប) ជាជាងដោយប្រទេសចិន»។

នៅក្នុងស្ថិតិផ្លូវការចុងក្រោយរបស់អាស៊ាន «ប្រទេសចិនមានចំណាត់ត្រឹមជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសលំដាប់ទី៤ ប៉ុណ្ណោះ ខណៈដែលសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន (និងសហភាពអឺរ៉ុបក្នុងនាមជាតំបន់) គឺជាប្រភពដ៏ធំជាងគេបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស»។

ប្រទេសចិននៅតែជាប្រទេសថ្មីថ្មោងនៅឡើយបើនិយាយដល់ការវិនិយោគនៅក្នុងតំបន់ ខណៈដែលបណ្តាប្រទេស G7 បាននិងកំពុងធ្វើកិច្ចការងារនេះអស់ពេលជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ ពាក់ព័ន្ធនឹងការវិនិយោគ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាដៃគូ ពិតជាកំពុងមានប្រៀបជាង។ ដោយសារគម្រោង PGII ពឹងផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នោះវានឹងក្លាយជារឿងដ៏ឆោតល្ងង់ក្នុងការទាត់វាចោលតាំងពីដើមទី៕

Fulcrum

អត្ថបទទាក់ទង