ខ្មែរប៉ុស្ដិ៍ Close

ការហាមប្រាមបន្ទះឈីបរបស់សហរដ្ឋអាមេរិក នឹងមិនធ្វើឱ្យអំណាចយោធារបស់ចិនផ្អាកដំណើរការនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 66
ការហាមប្រាមបន្ទះឈីបរបស់សហរដ្ឋអាមេរិក នឹងមិនធ្វើឱ្យអំណាចយោធារបស់ចិនផ្អាកដំណើរការនោះទេ សហរដ្ឋ​អាមេរិក និង​ចិន​កំពុង​ប្រជែង​គ្នា​ដណ្តើម​អំណាច​បច្ចេកវិទ្យា។ រូបភាព៖ Facebook

នៅខែតុលា ឆ្នាំ ២០២២ រដ្ឋការ បៃឌិន បានដាក់ចេញនូវវិធានការគ្រប់គ្រងទៅលើការនាំចេញទៅកាន់ប្រទេសចិន ដោយបានហាមឃាត់ការលក់បន្ទះឈីបឧបករណ៍អេឡិចត្រូនិកចុងក្រោយដែលជាឧបករណ៍ទំនើបសម្រាប់ការផលិតកម្មឧបករណ៍អេឡិចត្រូនិកពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។

វិធានការនេះគឺជាការប៉ុនប៉ងដ៏ហ្មត់ចត់បំផុតរបស់រដ្ឋការ បៃឌិន ដើម្បីរារាំងដល់ការធ្វើទំនើបកម្មយោធារបស់ចិន ហើយវាក៏ជាវិធានការបំផ្លាញដ៏អាក្រក់បំផុតដែលប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើឡើងដើម្បីប្រឆាំងនឹងចិនផងដែរ។

សូមអាន ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក

ឧបករណ៍អេឡិចត្រូនិកទំនើបគឺជាវត្ថុសំខាន់ដែលត្រូវបានប្រើ ចាប់ពីយានជំនិះស្វ័យប្រវត្តិរហូតដល់ប្រព័ន្ធអាវុធលឿនជាងសំឡេង។ បន្ទះឈីបគឺជារបស់ចាំបាច់សម្រាប់វិស័យការពារជាតិ និងបច្ចេកវិទ្យានៅពេលអនាគតផងដែរ។

តាមរយៈការដាក់កំហិតទៅលើវត្ថុធាតុដើមដ៏សំខាន់នេះ រដ្ឋការ បៃឌិន មានគោលបំណងចង់ឱ្យកម្រិតឧបករណ៍អេឡិចត្រូនិករបស់ចិននៅជាប់គាំងត្រឹមសេរីឆ្នាំ ២០២២ និងរារាំងការអភិវឌ្ឍផ្នែកយោធារបស់ពួកគេ។

ចិន​កំពុង​ប្រកាន់យក​នូវ​វិធីសាស្ត្រ «​ប្រជាជាតិ​ទាំងមូល​» ដើម្បី​ទប់ទល់​នឹង​សង្គ្រាម​បច្ចេកវិទ្យា​របស់​អាមេរិក។ រូបភាព៖ Twitter

ចិនអាចនឹងត្រូវប្រឈមមុខនឹងការលំបាកក្នុងការរក្សាភាពជឿនលឿនយ៉ាងឆាប់រហ័សរបស់ខ្លួនខាងផ្នែកបញ្ញាសិប្បនិមិត្ត, Quantum Computer និង បច្ចេកវិទ្យា Cloud ដោយសារពួកគេមិនអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកបាន។

ក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួន ដូចជាសាជីវកម្មអន្តរជាតិផលិតឧបករណ៍អេឡិចត្រូនិក (Semiconductor Manufacturing International Corporation, SMIC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ប្រទេសចិន នឹងបាត់បង់សិទ្ធិទទួលបានការថែទាំម៉ាស៊ីន និងការទិញឧបករណ៍ថ្មីមកជំនួសក្រោមការដាក់ចេញនូវវិធានការថ្មីនេះ។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបន្ទះឈីបរបស់អាមេរិកដូចជាក្រុមហ៊ុន Lam Research, Applied Materials និង KLA Corporation បានផ្អាកការលក់ និងការផ្តល់សេវាកម្មដល់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនខណៈដែលក្រុមហ៊ុន ASML Holding ដែលជាក្រុមហ៊ុនផ្គត់ផ្គង់មានមូលដ្ឋាននៅប្រទេសហូឡង់ បានប្រាប់បុគ្គលិកអាមេរិករបស់ខ្លួនឱ្យបញ្ឈប់ការផ្តល់សេវាកម្មដល់អតិថិជនចិនរហូតដល់មានការជូនដំណឹងជាថ្មី។

វិធានការដាក់កំហិតថ្មីនេះគឺជាការកេងចំណេញ ទៅលើភាពទន់ខ្សោយរបស់ប្រទេសចិននៅក្នុងការអភិវឌ្ឍទេពកោសល្យនិងការស្រាវជ្រាវ។ វិធានការនេះក៏នឹងតម្រូវឱ្យពលរដ្ឋអាមេរិកទាំងអស់, អ្នករស់នៅអចិន្រ្តៃយ៍ និងអ្នកកាន់កាតបៃតង (Green Card) ហើយរួមទាំងជនជាតិចិនរាប់រយនាក់ ដែលបានទទួលការអប់រំ និងបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក ត្រូវស្វះស្វែងសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មអាមេរិកជាមុនសិនដើម្បីអាចធ្វើការនៅក្នុងរោងចក្រផលិតរបស់ប្រទេសចិនបាន។

ដោយសារតែការអនុញ្ញាតបែបនេះគឺមិនទំនងជាអាចកើតឡើងនោះ ពលរដ្ឋអាមេរិកដែលធ្វើការនៅក្នុងក្រុមហ៊ុនឧបករណ៍អេឡិចត្រូនិករបស់ចិននឹងត្រូវបង្ខំឱ្យលះបង់សញ្ជាតិ ឬលះបង់ការងាររបស់ពួកគេ។ ពួកគេភាគច្រើននឹងត្រូវបោះបង់ចោលការងារបច្ចុប្បន្នរបស់ពួកគេ ហើយជាការពិតណាស់ ក្រុមហ៊ុន Yangtze Memory Technologies Corp បានស្នើសុំឱ្យបុគ្គលិកស្នូលរបស់សហរដ្ឋ អាមេរិកចាកចេញពីក្រុមហ៊ុននេះរួចទៅហើយ។

ទោះបីជាវាអាចមានទស្សនវិស័យដ៏អាក្រក់សម្រាប់រយៈពេលខ្លីក៏ដោយ ក៏វាជាការគិតខុសដែលសន្មត់ថា វិធានការដាក់កំហិតរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ប្រទេសចិនសម្រាប់រយៈពេលជាច្រើនឆ្នាំនោះ។ សម្រាប់ករណីអាវុធនុយក្លេអ៊ែរ ធនធានសំខាន់ៗនឹងត្រូវបានគេបញ្ចូលទៅក្នុងបច្ចេកវិទ្យាផលិតគ្រាប់បែកនៅពេលដែលមេដឹកនាំនយោបាយបានសម្រេចថា របស់ទាំងនោះមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ។

កិច្ចខិតខំប្រឹងប្រែងទាំងនោះពិតជាអាចបង្កឱ្យមានផលប៉ះពាល់ដល់វិស័យផ្សេងៗទៀតពិតមែន ប៉ុន្តែវានឹងមិនអាចបង្កផលប៉ះពាល់ដល់កម្មវិធីអាវុធនុយក្លេអ៊ែរនោះឡើយ។

ឥឡូវនេះ គ្រឿងអេឡិចត្រូនិកទំនើបត្រូវបានគេមើលឃើញថា ពិតជាមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ ហើយទីក្រុងប៉េកាំងកំពុងប្រកាន់យកនូវវិធីសាស្រ្ត «ប្រជាជាតិទាំងមូល» និងបានធ្វើការវិនិយោគធនធានជាតិជាច្រើននៅក្នុងវិស័យនេះ។

វិស្វករ និងអ្នកវិទ្យាសាស្ត្រផ្នែកកុំព្យូទ័រជាច្រើននាក់ ទំនងជានឹងត្រូវបានចាត់ចែងឱ្យធ្វើការរចនា និងផលិតបន្ទះឈីប ក្រោមការជួយផ្តល់ព័ត៌មានដោយក្រុមចារកម្មនៅក្នុងក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន និង អឺរ៉ុប។

វិធានការគ្រប់គ្រងលើការនាំចេញ នឹងមិនធ្វើឱ្យយោធាចិនត្រូវផ្អាកដំណើរការនោះទេ។ បើយោងតាមរបាយការណ៍របស់សាជីវកម្ម RAND នៅឆ្នាំ ២០២២ បានឱ្យដឹងថា ប្រព័ន្ធយោធារបស់ចិនបានពឹងផ្អែកទៅលើ បន្ទះឈីបចាស់ និងមិនសូវទំនើបដែលផលិតនៅក្នុងប្រទេសចិនដែលធ្វើឱ្យវិធានការគ្រប់គ្រងទៅលើការនាំចេញរបស់សហរដ្ឋអាមេរិក នឹងមិនមានឥទ្ធិពលអ្វីនោះទេ។

ប្រសិនបើចិនត្រូវការបន្ទះឈីបទំនើបបន្ថែមទៀតសម្រាប់ប្រព័ន្ធអាវុធដែលជំរុញដោយ AI នោះ ពួកគេទំនងជានឹងអាចផលិតវាបាន ទោះបីជាវាមានតម្លៃខ្ពស់ក៏ដោយ។

សូមអាន វៀតណាមបានតោងចាប់ខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប

អ្នកជំនាញផ្នែកឧស្សាហកម្មឧបករណ៍អេឡិចត្រូនិកជាច្រើនបានយល់ស្របថា ប្រទេសចិនមានសមត្ថភាពបច្ចេកទេសក្នុងការផលិតបន្ទះឈីបទំនើបៗ ប៉ុន្តែនៅខ្វះសមត្ថភាពផ្នែកពាណិជ្ជកម្មក្នុងការបង្កើនសមត្ថភាពផលិតកម្ម។ នេះសបញ្ជាក់ថា ការហាមប្រាមរបស់អាមេរិកនឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះទៅលើប្រព័ន្ធសព្វាវុធ ហើយវាបានត្រឹមតែពន្យារពេលដល់ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីផ្នែកស៊ីវិលមួយចំនួន ដូចជាយានយន្តស្វ័យប្រវត្តិតែប៉ុណ្ណោះ។

នេះក៏មិនមែនមានន័យថាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកអាមេរិកអាចគេចផុតដោយសុវត្ថិភាពពីការដាក់ទណ្ឌកម្មនោះដែរ ដោយសារប្រទេសចិនគឺជាទីផ្សារដ៏ធំជាងគេសម្រាប់ប្រទេសជាច្រើន។ ចិនបានចូលរួមចំណែករហូតដល់ ២៧% នៃការលក់របស់ក្រុមហ៊ុន Intel, ៣១% នៃការលក់របស់ក្រុមហ៊ុន Lam Research និង ៣៣% នៃការលក់របស់ក្រុមហ៊ុន Applied Materials។

ទាំងក្រុមហ៊ុន Applied Materials និងក្រុមហ៊ុន Nvidia រំពឹងថា ការដាក់ចេញនូវវិធានការគ្រប់គ្រងលើការនាំចេញថ្មីនេះនឹងកាត់បន្ថយការលក់របស់ពួកគេនៅត្រីមាសក្រោយចំនួន ៤០០ លានដុល្លារអាមេរិកដែលត្រូវជាប្រមាណ ៦% និង ៧% រៀងគ្នា ។ ក្រុមហ៊ុន Lam Research ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ក្រុមហ៊ុន Yangtze Memory Technologies Corp រំពឹងថា វិធានការគ្រប់គ្រងនេះនឹងកាត់បន្ថយការលក់របស់ពួកគេ ចំនួន ២,៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% ផងដែរ នៅក្នុងឆ្នាំ ២០២៣។

ការកាត់បន្ថយការលក់យ៉ាងគំហុកទាំងនេះបានកើតឡើងនៅក្នុងពេលវេលាដែលឧស្សាហកម្មឧបករណ៍អេឡិចត្រូនិករបស់សហរដ្ឋអាមេរិក កំពុងជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណូល និងការកើនឡើងនៃថ្លៃដើម។

តាមការប៉ាន់ប្រមាណមួយបានឱ្យដឹងថា «ទំហំនៃផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍ និងការវិនិយោគទុននៅក្នុងឧស្សាហកម្មឧបករណ៍អេឡិចត្រូនិករបស់លោកខាងលិច នឹងមានទំហំលើសពីការឧបត្ថម្ភធនដ៏តិចតួចរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ឧស្សាហកម្មបន្ទះឈីបដល់ទៅជាង ៥ ដង ឬច្រើនជាងនេះទៅទៀត»។

ការដាក់ចេញនូវវិធានការសងសឹកប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោនមិនមែនជាជម្រើសសម្រាប់ប្រទេសចិននោះទេ ដោយសារតែពួកគេបានពឹងផ្អែកយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាបរទេស។ វិធានការវាយប្រហារគ្នាទៅវិញទៅមកណាមួយ នឹងធ្វើឱ្យចិនទទួលរងនូវការខូចខាតកាន់តែខ្លាំង។

ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកមួយចំនួន ដូចជា Nike ឬ Apple នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងាររបស់ចិន ដោយសារក្រុមហ៊ុនទាំងនោះបានជួលពលរដ្ឋចិនជាច្រើនបម្រើការ។ ហើយខ្សែច្រវ៉ាក់ផ្គត់ផ្គង់បរទេសផ្សេងទៀត និងអាជីវកម្មចិនដែលបម្រើការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Nike និង Apple ក៏នឹងទទួលរងនូវផលប៉ះពាល់ដូចគ្នា។

គ្រឿង​អេស្កាវ៉ាទ័រ​ផ្ទុក​រថយន្ត​ដឹក​រ៉ែកម្រ​នៅ​កំពង់ផែ Lianyungang ក្នុង​ខេត្ត Jiangsu ភាគ​ខាង​កើត​ប្រទេស​ចិន កាលពីថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០១៣។ រូបថត៖ Imaginechina តាមរយៈ AFP / Wang Chun

ការដាក់ទណ្ឌកម្មទៅលើការនាំចេញនៃផលិតផលរបស់ប្រទេសចិនមួយចំនួន ដូចជារ៉ែកម្រ ឬគ្រឿងផ្សំឱសថ នឹងជួយពន្លឿនសកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការស្តារឡើងវិញនូវការផលិតនូវផលិតផលទាំងនោះ ដូចករណីរបស់ប្រទេសជប៉ុនកាលពីឆ្នាំ ២០១២ អញ្ចឹងដែរ។

ជំនួសឱ្យការសងសឹកដោយចំហ ប្រទេសចិនប្រហែលជានឹងស្វែងរកជម្រើសផ្សេងជំនួសឱ្យបច្ចេកវិទ្យាបន្ទះឈីបរបស់អាមេរិក។ ប៉ុន្តែដោយសារជម្រើសផ្សេងទៀត នោះអាចត្រូវការរយៈពេលយូរទៀត ដូចនេះ ការលួចកម្មសិទ្ធិបញ្ញា និងការធ្វើជាតូបនីយកម្មនៃក្រុមហ៊ុនអេឡិចត្រូនិកបរទេសអាចនឹងកើតមានឡើង។

ថាតើវិធានការគ្រប់គ្រងបន្ទះឈីបរបស់សហរដ្ឋអាមេរិកជាគោលការណ៍ឯករាជ្យ ឬជាការដាក់ទណ្ឌកម្មសម្រាប់ផ្នែកបច្ចេកវិទ្យាខ្ពស់ដ៏ធំទូលាយ គេនៅមិនទាន់ច្បាស់លាស់នៅឡើយនោះទេ។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ មនុស្សជាច្រើនមកពីគណបក្សសាធារណរដ្ឋនឹងអំពាវនាវឱ្យមានការដាក់ចេញនូវវិធានការគ្រប់គ្រងកាន់តែតឹងរ៉ឹង។

នៅក្នុងជំនួបនៅពេលថ្មីៗនេះជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20 លោក បៃឌិន បានព្យាយាមកាត់បន្ថយអរិភាពរវាងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែលុះត្រាតែលោក បៃឌិន បោះបង់ចោលនូវគោលនយោបាយចាត់ទុកប្រទេសចិនជាសត្រូវ បើពុំដូច្នេះទេលោក បៃឌិន នឹងត្រូវបានគេអូសចូលទៅក្នុងសង្រ្គាមត្រជាក់ទី២ ជាក់ជាមិនខាន៕

Asia Times

អត្ថបទទាក់ទង