ខ្មែរប៉ុស្ដិ៍ Close

នៅព្រឹក​មិញ​នេះ អគារ​ពាណិជ្ជកម្ម​លំដាប់ A នៅ​ភ្នំពេញ​ ប្រកាស​បើក​ជា​ផ្លូវ​ការ​ហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 46

ស្ថិត​លើ​​ដី​ទំហំ ៣៩៧០០ ម៉ែត្រការ៉េ អាគារ​ពាណិជ្ជកម្ម​​ EXCHANGE SQUARE បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​កាល​ព្រឹក​មិញ​នេះ ដោយ​មាន​​សមាជិក​ជាន់ខ្ពស់​ក្នុង​​ជួរ​​រដ្ឋាភិបាល សមាគម​ពាណិជ្ជកម្ម និង​អ្នក​ពាក់​ព័ន្ធ​សំខាន់ៗ​ជា​ច្រើន​ចូល​រួម។

លោក Robert Wong ប្រធាន​ប្រតិបត្តិ​​ក្រុមហ៊ុន Hongkong Land ថ្លែង​ថា៖ “​អគារ EXCHANGE SQUARE រចនា​ឡើង​សម្រាប់​អតិ​ថិ​ជន​ច​ម្រុះ​ជាតិ​សាសន៍។ យើង​បានត្រៀមខ្លួន​រួចជាស្រេចដើម្បី​បំពេញ​តម្រូ​វ​ការ​​អាជីវកម្ម​ ជំនួញ និង​ហាង​ទំនិញ ដែល​កំពុង​ស្វែងរកការ​ជំរុញ​ឲ្យ​មាន​ជំហរ​រឹងមាំ​នៅ​​តំបន់​អាស៊ី។ យើង​ជឿ​ជាក់​ថា អគារ​​លំដាប់​ថ្នាក់​ពិ​ភព​លោក​នេះ នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​មុខ​មាត់​នៃ​​ទីក្រុង​ភ្នំពេញ”។

ដោយ​មាន​ការ​ទទួលស្គាល់​យ៉ាង​ខ្ពស់​លើ​គុណភាព​សំណង់ ការ​គ្រប់​គ្រង​អចល​ន​ទ្រ​ព្យ និង​​សេវាកម្ម អតិ​ថិ​ជន​​ក្នុង​តំ​បន់ ក្រុមហ៊ុន ស្ថាប័ន​អង្គការ​ទាំង​ជាតិ និង​អន្តរជាតិ​បាន​ចាប់​យក​អគារ​​​​​ស្ថិត​​លើ​​ផ្លូវ ១០៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញនេះ ជា​ទីតាំង​ការិយាល័យ​​។ ​

បន្ថែម​ពី​នោះក៏​មាន​ផ្សារ​ទំនើប​​ស្ដង់ដារ​កម្រិត A ហាង​ទំនិញ​ល្បីៗ ហាង​គ្រឿង​អ​ល​ង្កា ហាង​កាហ្វេ ​រោង​ភាព​យ​ន្ត និងភោជនីយដ្ឋាន​ ដែល​​អាច​បំពេញ​តម្រូវ​ការ​របស់​អតិ​ថិ​ជន​ទាំង​ការ​កម្សាន្ត​ និង​ជំនួញបាន​យ៉ាង​ល្អ​៕