នៅប្រទេសឡាវ នាយករដ្ឋមន្ត្រី Phankham Viphavanh កំពុងប្រឈមមុខនឹងបញ្ហា
លោក Phankham Viphavanh បានបន្តជួបប្រទះនូវបញ្ហាចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីឡាវកាលពីខែមីនា ឆ្នាំ ២០២១ មក។ នៅពេលលោកចូលកាន់តំណែង ប្រទេសឡាវបានរាយការណ៍អំពីករណីវីរុសកូវីដ-១៩ ប្រហែល ៥០ ករណីប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅដំណាច់ឆ្នាំ ចំនួននេះបានឡើងដល់ជាង ១១ ម៉ឺនករណី ខណៈដែលដំណើការចាក់វ៉ាក់សាំងបង្ការក៏មានសភាពយឺតយ៉ាវ។
សន្ទស្សន៍នៃការស្តារឡើងវិញពីវីរុសកូវីដ-១៩ របស់ Nikkei បានចាត់ចំណាត់ថ្នាក់ប្រទេសឡាវ ជាប្រទេសដែលមានដំណើរការអាក្រក់បំផុតក្នុងចំណោមជាង ១២០ ប្រទេស។ សម្រាប់ប្រទេសឡាវ ឆ្នាំ ២០២២ ត្រូវបានគេសន្មត់ជា «ឆ្នាំនៃការងើបឡើងវិញនៃសេដ្ឋកិច្ច»។ ផ្ទុយទៅវិញ អតិផរណាបានកើនឡើងដល់ ១២,៨% នៅក្នុងខែឧសភា ដែលជាកម្រិតមួយដ៏ខ្ពស់នៅក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ និងជាអត្រាដ៏ខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ី។
រូបិយប័ណ្ណក្នុងស្រុក (ប្រាក់គីប) ក៏បានធ្លាក់តម្លៃផងដែរ។ ពេលនេះកាលពីឆ្នាំមុន មួយដុល្លារអាមេរិកមានចំនួនប្រហែល ៩៤០០ គីប ក៏ប៉ុន្តែសព្វថ្ងៃនេះ វាមានចំនួនប្រមាណ ១៥០០០គីប ក្នុង១ដុល្លារ។ ប្រទេសឡាវក៏កំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈផងដែរនៅក្នុងរយៈ ពេលជាច្រើនខែកន្លងមកនេះ ខណៈដែលប្រាក់ឈ្នួលបានបន្តនៅទ្រឹង ដោយក្នុងនោះ វាមិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមានោះទេចាប់តាំងពីឆ្នាំ ២០១៨ មក។
ធនាគារពិភពលោក បានគណនាថា «កំណើនសេដ្ឋកិច្ចរបស់ឡាវទំនងជានឹងមានចំនួនប្រហែល ៣,៨% នៅឆ្នាំនេះ» ក៏ប៉ុន្តែវាអាចមានការប្រែប្រួល ដោយអាស្រ័យលើរបៀបដែលរដ្ឋាភិបាលឡាវដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយដែលនោះគឺ «បំណុល»។ ក្រុមហ៊ុន «Moody Investors Service» បានព្រមានថា «ប្រទេសឡាវកំពុងឈានឆ្ពោះទៅរកស្ថានភាពគ្មានលទ្ធភាពសងបំណុល (Debt Default)» ហើយទីភ្នាក់ងារនេះក៏បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសឡាវម្តងទៀតផងដែរនៅថ្ងៃទី ១៤ ខែមិថុនា មកនៅត្រឹម «Caa3» ។
ប្រជាពលរដ្ឋសាមញ្ញឡាវកំពុងមានការខឹងសម្បារយ៉ាងខ្លាំង។ រដ្ឋាភិបាលកុម្មុយនិស្តបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុតិចតួចណាស់ដល់ប្រជាជននៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត។ គណៈរដ្ឋមន្ត្រីរបស់លោក Phankham បានចាត់វិធានការយឺតយ៉ាវខ្លាំង ដោយក្នុងនោះក្រុមការងារសេដ្ឋកិច្ចពិសេសទើបតែត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៦ ខែមិថុនានេះទេ។
រដ្ឋាភិបាលក៏បានបរាជ័យក្នុងការជូនដំណឹងអំពីវិបត្តិដល់សាធារណជនផងដែរ ក៏ប៉ុន្តែគណបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ដែលជាគណបក្សកុម្មុយនីស្ត ឬប្រព័ន្ធបក្សតែមួយរបស់ប្រទេសឡាវនឹងមិនប្រឈមមុខ
នឹងការដួលរលំនៅក្នុងពេលឆាប់ៗនេះទេ បើទោះបីជានយោបាយផ្ទៃក្នុងកំពុងឡើងកម្តៅខ្លាំងក៏ដោយ។
កាលពីសប្តាហ៍មុន លោក Harrison Cheng ដែលជានាយករងនៅ «Control Risks» បានប៉ាន់ស្មានថា «ប្រសិនបើគណបក្ស LPRP ចង់ផ្គាប់ចិត្តសាធារណជនដើម្បីអូសបន្លាយពេលរហូតដល់វិបត្តិសេដ្ឋកិច្ចមានការថមថយនោះគណបក្សនេះអាចនឹងត្រូវលះបង់មន្ត្រីជាន់ខ្ពស់ និងរដ្ឋមន្ត្រីមួយចំនួន ឬអាចសូម្បីតែនាយករដ្ឋមន្ត្រី Phankham Viphavanh»។ ដូចការរំពឹងទុក «គណៈរដ្ឋមន្ត្រីឡាវត្រូវបានរុះរើហើយកាលពីចុងសប្តាហ៍មុន»។
លោក Sonexay Sitphaxay ត្រូវបានដកចេញពីតំណែងទេសាភិបាលធនាគារកណ្តាល ហើយលោក Khampheng Xaysompheng ក៏បានចាកចេញពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផងដែរ។ ពួកគេត្រូវបានគេ បញ្ជូនទៅកាន់តំណែងរដ្ឋមន្ត្រីតូចៗជំនួសវិញ។
អ្នកដែលឡើងមកជំនួសតំណែងរបស់ពួកគេគឺជាអ្នកបច្ចេកទេស ដោយក្នុងនោះ លោក Malaithong Kommasith ដែលជាអតីតប្រធានអង្គការសវនកម្មរដ្ឋនឹងក្លាយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថ្មី។ ដោយទទួលបានការអប់រំពីបរទេស លោក Malaithong ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងជាលេខារបស់អតីតនាយករដ្ឋមន្ត្រី Thongloun Sisoylith។
អ្នកដែលនឹងចូលមកកាន់តំណែងជាទេសាភិបាលធនាគារកណ្តាលថ្មី គឺលោក Bounleua Sinxayvoravong ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ កាលពីប៉ុន្មានថ្ងៃមុន នេះលោក Phankham បានប្រកាសបង្កើតក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស។
ក្រុមនេះនឹងស្ថិតក្រោមការដឹកនាំរបស់លោក Sonexay Siphandone ដែលជាឧបនាយករដ្ឋមន្ត្រី និងជាកូនប្រុសរបស់លោក Khamtay Siphandone ដែលជាមនុស្សដ៏មានឥទ្ធិពលម្នាក់របស់បក្ស LPRP ។ នៅមុនសមាជជាតិរបស់គណបក្សកាលពីឆ្នាំមុន មនុស្សមួយចំនួនបានរំពឹងថា «លោក Sonexay អាចនឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់»។
បញ្ហាទាំងអស់នេះអាចនាំមកនូវរឿង២ សម្រាប់លោក Phankham ដោយក្នុងនោះ លោកបានផ្តល់អំណាចកាន់តែធំដល់គូប្រជែងដ៏មានសក្តានុពលនៅក្នុងជួរគណបក្ស។ ក៏ប៉ុន្តែ វាក៏នឹងពង្រីកទំនួលខុសត្រូវរួមដែលជាហេតុអាចធ្វើឱ្យគូប្រជែងរបស់លោករងនូវការ ស្តីបន្ទោសពីសាធារណជនជុំវិញវិបត្តិសេដ្ឋកិច្ច។ លោក Phankham ហាក់ដូចជាមានសុវត្ថិភាពសម្រាប់ពេលនេះ។ ក៏ប៉ុន្តែលោកបាននាំមកនូវបញ្ហាប្រឈម
សម្រាប់ខ្លួនលោកកាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីនឹងមិនអាចត្រូវបានគេផ្លាស់ប្តូរឡើយនៅក្នុងសមាជគណបក្ស ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង។ ដូចនេះ លោក Phankham អាចបន្តធានាបាននូវតំណែងរបស់លោករហូតដល់ឆ្នាំ ២០២៦។ ដោយសារ បក្ស LPRP ធ្វើការដោយផ្អែកលើផែនការរយៈពេល ៥ឆ្នាំ របៀបវារៈថ្នាក់ជាតិរបស់នាយករដ្ឋមន្ត្រី តែងតែត្រូវបានត្រួតពិនិត្យដោយគណបក្ស និងរដ្ឋសភានៅចុងបញ្ចប់នៃអាណត្តិរបស់ពួកគេ។
អ្នកស្រាវជ្រាវ Souknilanh Keola បាននិយាយកាលពីពេលថ្មីៗនេះថា «រដ្ឋមន្ត្រីអាចរង់ចាំរហូតដល់ចុងបញ្ចប់នៃអាណត្តិដើម្បីលាតត្រដាងឱ្យគ្រប់គ្នាបាន ឃើញថាតើគោលដៅសំខាន់ៗ បានទទួលជោគជ័យដែរឬអត់ ហើយពួកគេអាចចាកចេញពីតំណែងដោយមិនចាំបាច់ប្រឈមមុខនឹងផលវិបាកអ្វីទាំងអស់»។
ទោះជាយ៉ាងណាក៏ដោយ ខុសពីអ្នកកាន់តំណែងមុនៗ លោក Phankham បានប្តេជ្ញានៅក្នុងសុន្ទរកថា ដំបូងរបស់លោកទៅកាន់រដ្ឋសភានៅដើមឆ្នាំ ២០២១ ថា «លោកនឹងត្រួតពិនិត្យមើលរបៀបវារៈជាតិនៅចុងឆ្នាំ ២០២៣»។ ប្រសិនបើលោកប្រកាន់ពាក្យសន្យារបស់លោកមែន គណបក្សអាចសម្រេចចិត្តស្វែងរកអ្នកជំនួសតំណែងរបស់លោកនៅពេលនោះ។
ដើម្បីឱ្យមានភាពយុត្តិធម៌ លោក Phankham បានទទួលមរតកបញ្ហា ដោយក្នុងនោះសេដ្ឋកិច្ចបានជួបប្រទះនឹងបញ្ហាចាប់ តាំងពីពាក់កណ្តាលឆ្នាំ ២០១០ មកម្ល៉េះ។ បន្ទាប់ពីបានឈានដល់កម្រិតខ្ពស់បំផុតនៃកំណើន ៨,៥% ក្នុងឆ្នាំ ២០១០ អត្រានេះបានចាប់ផ្តើមធ្លាក់ចុះមកនៅត្រឹម ៦,៣% ក្នុងឆ្នាំ ២០១៨ និង ៥,៥% ក្នុងឆ្នាំ ២០១៩។
លោក Phankham ក៏បានទទួលមរតកបំណុលដ៏រ៉ាំរ៉ៃផងដែរ ហើយអ្នកជំនាញបានព្រមានអំពីបញ្ហានេះអស់រយៈពេល ១ ទសវត្សរ៍កន្លងមកហើយ ក៏ប៉ុន្តែប្រទេសឡាវនៅតែបន្តទទួលយកប្រាក់កម្ចីដែលមានហានិភ័យខ្ពស់ពីប្រទេសចិន និងបានសន្យាថានឹងបង្កើតឱ្យមានគោលនយោបាយបង្កើនចំណូលពន្ធនិងបញ្ឈប់មន្ត្រីពីការប្រើប្រាស់រថយន្តរបស់រដ្ឋ។
នៅពេលបច្ចុប្បន្ននេះ ប្រទេសឡាវមិនមានសមត្ថភាពគ្រប់គ្រងលើបញ្ហាប្រឈមមួយចំនួនបាននោះទេ ដោយក្នុងនោះអតិផរណាកំពុងកើនឡើងនៅគ្រប់ទីកន្លែង ដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយ សង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនូវផលប៉ះពាល់នៅក្រោយវិបត្តិកូវីដ-១៩។
អត្រាការប្រាក់កើនឡើងឥតឈប់ឈររបស់អាមេរិក បាននិងកំពុងធ្វើឱ្យរូបិយប័ណ្ណជាច្រើនធ្លាក់ថ្លៃបើធៀបនឹងប្រាក់ដុល្លារ។ ដូចនេះ រដ្ឋាភិបាលឡាវមិនមានជម្រើសច្រើននោះទេក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ប៉ុន្តែ ដៃថ្មីមួយគូនៅធនាគារកណ្តាល និងក្រសួងពាណិជ្ជកម្ម អាចផ្តល់នូវថាមពលមួយចំនួនដល់ផែនការកំណែទម្រង់ដែល លោក Phankham បានដាក់ចេញ។
លោក Thongloun ដែលជាអតីតនាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ ២០១៦ បានលើកឡើងនូវការសន្យាដ៏ធំក្នុងការដោះស្រាយអំពើពុករលួយ, វិន័យបក្ស និងការរក្សាតុល្យភាពគម្រោងថវិការ។ លោកបានធ្វើកិច្ចការទាំងនេះបានយ៉ាងល្អនៅក្នុងមួយរយៈពេល ហើយលោកត្រូវបានគេចាត់ទុកជាមេដឹកនាំដ៏ថ្មីស្រឡាងសម្រាប់ប្រទេសឡាវ ជាមួយ នឹងបុគ្គលិកលក្ខណៈ បែបបើកចំហ, ចេះអោនលំទោន និងមានភាពកំប្លែង។
ប៉ុន្តែអ្វីៗទាំងអស់បានរលាយបាត់ ហើយប្រទេសឡាវបានធ្លាក់ចំណាត់ថ្នាក់រហូតដល់ ១៤ លេខ នៅក្នុងសន្ទស្សន៍ពុករលួយនៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០។ បំណុលជាតិបានកើនឡើងហើយបន្ទាប់ពីលោក Thongloun ត្រូវបាន ដំឡើងតំណែងជាប្រធានគណបក្សកាល ពីឆ្នាំមុនលោក Bounnhang Vorachit ដែលជាអ្នកកាន់តំណែងមុនលោកបានព្រមានថា «កំណែទម្រង់គឺជារឿងដ៏ចាំបាច់ ប្រសិនបើគណបក្សចង់រក្សាសារៈសំខាន់របស់ខ្លួន»។
រដ្ឋាភិបាលរបស់លោក Phankham បានបង្កើនការសន្យាក្នុងការដោះស្រាយបញ្ហាអំពើពុករលួយ ដូចគ្នានឹងអ្វីដែលគ្រប់រដ្ឋបាលផ្សេងៗទៀតបានធ្វើ។ ប្រសិនបើទទួលបានជោគជ័យ វានឹងអាចទាក់ទាញបាននូវការពេញចិត្តពីសាធារណជន។ ក៏ប៉ុន្តែភាពជោគជ័យហាក់ដូចជាស្ថិតនៅឆ្ងាយណាស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅពេលដែល យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាមបានកម្ចាត់មហាសេដ្ឋី និងរដ្ឋមន្ត្រីជាច្រើនរូប ចាប់តាំងពីឆ្នាំ ២០១៦ មក រដ្ឋាភិបាលឡាវបានចំណាយពេលវេលាជាច្រើននិយាយតែអំពីការបញ្ឈប់មន្ត្រីពីការប្រើប្រាស់រថយន្តដែលផ្តល់មូលនិធិដោយរដ្ឋ ក៏ប៉ុន្តែ វាមិនមានសមិទ្ធផលអ្វីកើតឡើងច្រើនទេនៅក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅពាក់ព័ន្ធនឹងបញ្ហានេះ។
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយប្រកបដោយអត្ថន័យនៅក្នុងប្រទេសវៀតណាមដែលត្រូវ បានសន្យាដោយមេបក្សគ្រប់ៗរូបចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ អាចសម្រេចបាននូវជោគជ័យនៅក្រោមដៃរបស់បុរសម្នាក់ ដែលនោះគឺអគ្គលេខាធិការបច្ចុប្បន្ន គឺលោក Nguyen Phu Trong ។
វានឹងក្លាយជារឿងដែលមិនអាចទៅរួច ក្នុងការសម្រេចបាននូវយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដ៏មានឥទ្ធិពលបែបនេះ ប្រសិនបើលោក Trong មិនមែនជាប្រធានគណបក្សកុម្មុយនិស្តវៀតណាម (VCP)។
«ប្រសិនបើលោក Thongloun ដែលជាប្រធានគណបក្ស LPRP និង Phankham អាចរួម សហការគ្នា តើពួកគេអាចចម្លងគោលនយោបាយរបស់វៀតណាមយកមកអនុវត្តនៅប្រទេសឡាវបានដែរឬទេ?» ប្រហែលជាមិនអាចទេ ពីព្រោះរចនាសម្ព័ន្ធរបស់ឡាវមានភាពខុសគ្នាពីរបស់វៀតណាម។
គណបក្ស LPRP មានលក្ខណៈឯកោ និងមានការរឹតត្បិតច្រើនជាងសមភាគីវៀតណាម។
GDP របស់ប្រទេសឡាវមានចំនួនស្មើនឹង ៧% នៃ GDP របស់វៀតណាម។ ប្រទេសវៀតណាមមានចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងចលនាប្រឆាំងកុម្មុយនីស្ត ខណៈដែលឡាវមិនមានចលនាបែបនេះទេ។ ដូច្នេះ គណបក្ស LPRP មានហានិភ័យតិចជាងក្នុងការរងសម្ពាធពីសាធារណជនចំពោះការបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយ។
ប្រទេសឡាវមិន សូវមានសកម្មភាពពាណិជ្ជកម្មជាមួយលោកខាងលិចនោះទេ។ ហេតុដូច្នេះហើយ ប្រទេសឡាវមិនសូវប្រឈមមុខនឹងសម្ពាធក្នុងការជំរុញឱ្យមានកំណែទម្រង់ឡើយ។ បក្ស LPRP ក៏មានលក្ខណៈបន្តវង្សត្រកូលជាងផងដែរ ដោយក្នុងនោះគេនៅតែឃើញមានការធ្វើនយោបាយដណ្តើមអំណាចរវាងត្រកូល Siphandone និងត្រកូល Promvihane ។
និន្នាការដូចគ្នានេះក៏បាននិងកំពុងកើតឡើងនៅក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ ទំនាក់ទំនងសេដ្ឋកិច្ច-នយោបាយមានភាពខុសគ្នាយ៉ាងខ្លាំងរវាងឡាវនិងវៀតណាម។ ខណៈពេលដែលគណបក្សកុម្មុយនិស្តទាំង២ បានចាត់ទុកកំណើនសេដ្ឋកិច្ចជាប្រភពសំខាន់នៃភាព ស្របច្បាប់របស់ពួកគេ វាមានភាពខុសគ្នាមួយចំនួន។
បើទោះបីជារដ្ឋដែលមានហានិភ័យផ្នែកសេដ្ឋកិច្ចច្រើន ដោយរាប់ចាប់ពីកំណើនធ្លាក់ចុះរហូតដល់ការវិវឌ្ឍទៅរកស្ថានភាពគ្មានលទ្ធភាពសងបំណុល (Debt Default) ក៏ដោយក៏បក្ស LPRP មិនសូវមានហានិភ័យផ្នែកនយោបាយនោះទេ។ វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននឹងមិនធ្វើឱ្យ បក្ស LPRP ដួលរលំទេ ក៏ប៉ុន្តែវាអាចធ្វើឱ្យការងាររបស់លោក Phankham រងនូវហានិភ័យមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពគ្មានលទ្ធភាពសងបំណុល (Debt Default) នឹងក្លាយជាការសាកល្បងដ៏ធំបំផុតចំពោះការប្តេជ្ញាចិត្តរបស់គណបក្សនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ៕ David Hutt/The Diplomat