ខ្មែរប៉ុស្ដិ៍ Close

ហេតុផល ៦ យ៉ាងដើម្បីស្តារទំនាក់ទំនងថៃ-អាមេរិកឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 58
ហេតុផល ៦ យ៉ាងដើម្បីស្តារទំនាក់ទំនងថៃ-អាមេរិកឡើងវិញ ហេតុផល ៦ យ៉ាងដើម្បីស្តារទំនាក់ទំនងថៃ-អាមេរិកឡើងវិញ

ក្រោយពីការព្រងើយកន្តើយអស់ជាច្រើនឆ្នាំ ប្រទេសថៃកំពុងមើលឃើញពីការវិវឌ្ឍធំៗមួយចំនួនពីខាងសហរដ្ឋអាមេរិក ដោយសាររដ្ឋបាលលោក Biden ទំនងជាបានដឹងថា ប្រទេសថៃនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ដដែល ហើយដែលអាមេរិកនៅមិនទាន់បានប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ។ នៅពេលនិយាយដល់ចំណុចនេះពេលវេលារបស់ប្រទេសថៃបានមកដល់ហើយ។

ប្រទេសទាំងពីរ គ្រោងនឹងប្រារព្ធខួបលើកទី ១៩០ នៃទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំក្រោយ។ នៅទូទាំងពិភពលោកសង្រ្គាមនៅអ៊ុយក្រែនបានបង្កផលប៉ះពាល់រយៈពេលវែងនៅក្នុងតំបន់នីមួយៗរួចមកហើយ ដែលវាគឺជាការជួយបញ្ជាក់អំពីស្ថានភាពនៃសម្ព័ន្ធភាពរវាងថៃ-អាមេរិក។

យោងតាមការសន្ទនាជាលក្ខណៈឯកជនមួយចំនួនជាមួយមន្ត្រីយោធាជាន់ខ្ពស់ទាំងចូលនិវត្តន៍ និងទាំងដែលកំពុងបំពេញភារកិច្ច ការកើនឡើងនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះពីសំណាក់មន្ត្រីជាន់ខ្ពស់អាមេរិកដែលរួមមានរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងមេបញ្ជាការ Indo-Pacific Command (IndoPaCom) លោក Adm John Aquilino បានឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសថៃ។

បើទោះបីជាគោលបំណងនេះមានតាំងពីសម័យសង្គ្រាមត្រជាក់មកក៏ដោយ ក៏វាមិនត្រូវបានគេយកចិត្តទុកដាក់ឡើយនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារតែកង្វះការគំរាមកំហែងផ្នែកសន្តិសុខរួមនៅក្រោយការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង។

ការវិវឌ្ឍដំបូងនិងសំខាន់បំផុត គឺជាផលប៉ះពាល់ដោយប្រយោលពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ជម្លោះនេះ ភ្លាមៗបានធ្វើឱ្យប្រទេសថៃ ស្ថិតនៅចំកណ្ដាលនៃទីតាំងយុទ្ធសាស្ត្រ ដែលមិនត្រឹមតែសម្រាប់យុទ្ធសាស្ត្រសកលរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អឺរ៉ុបផងដែរ។

ប្រទេសថៃស្ថិតនៅចំកណ្តាលរវាងសមរភូមិនៅអឺរ៉ុបកណ្តាល ជាមួយនិងទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកបច្ចុប្បន្ន នៅកោះហាវ៉ៃ។ បើគេវិនិច្ឆ័យតាមបទពិសោធន៍កន្លងមក ជាពិសេសនៅអំឡុងពេលមានជម្លោះជាច្រើននៅមជ្ឈិមបូព៌ា គ្រប់ការគាំទ្រនិងដឹកជញ្ចូនភស្តុភារ ជាពិសេសគឺសម្ភារៈយោធា និងការផ្គត់ផ្គង់ពី IndoPaCom ត្រូវឆ្លងកាត់តាមប្រទេសថៃ។

មូលដ្ឋានទ័ពអាកាស U-Tapao និងមូលដ្ឋានទ័ពជើងទឹក Sattahip គឺជាមជ្ឈមណ្ឌលដែលមានប្រយោជន៍បំផុតតាំងពីយូរយារណាស់មកហើយ បើទោះបីជាមានការពិភាក្សាអំពីការជ្រើសរើសទីតាំងផ្សេងដើម្បីជំនួសក៏ដោយ។

បន្ទាប់ពីកិច្ចសន្ទនាខាងយុទ្ធសាស្ត្រនិងការពារជាតិរវាងថៃ-អាមេរិករួមគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីខែឧសភារួចមក សម្ព័ន្ធភាពរវាងថៃ-អាមេរិកត្រូវបានពង្រឹងឡើងវិញ។ សហរដ្ឋអាមេរិកមិនត្រឹមតែបានស្ដារឡើងវិញនូវកម្មវិធីអប់រំនិងបណ្តុះបណ្តាលយោធាអន្តរជាតិ (IMET) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនថវិការបស់ខ្លួនសម្រាប់នាយទាហានថៃក្នុងតម្លៃ ២,៦៨ លានដុល្លារអាមេរិកនៅឆ្នាំនេះទៀតផង។

កម្មវិធី IMET នេះ អនុញ្ញាតឱ្យមន្ត្រីយោធាថៃវ័យក្មេង រៀនសូត្រជាមួយមន្ត្រីយោធាអាមេរិក និងសហការីអន្តរជាតិផ្សេងទៀត។ សំខាន់ជាងនេះទៅទៀត កម្មវិធីនេះមានគោលបំណងបង្កើតទំនាក់ទំនងល្អរវាងមន្ត្រីថៃវ័យក្មេង ជាមួយនិងមន្ត្រីសហរដ្ឋអាមេរិកដែលគេខកខានមិន បានធ្វើអស់រយៈពេលជិត ២ ទសវត្សរ៍មកហើយ។

ដំណើរទស្សនកិច្ចទាំងពីរ របស់លោក Austin និងលោក Adm Aquilino ទៅកាន់ទីក្រុងបាងកក គឺជានិមិត្តរូបដ៏ធំធេង និងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល Biden ដែលថា ចាប់ពីពេលនេះតទៅ ប្រទេសថៃត្រូវស្ថិតនៅក្នុងរង្វង់យុទ្ធសាស្ត្រសកលរបស់អាមេរិក។

ជាងនេះទៅទៀត វាគឺជាបំណងប្រាថ្នារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការកសាង «ការរារាំងរួមគ្នា» ប្រឆាំងនឹងការកើនឡើងនៃសត្រូវរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ដែលជាក់ស្តែង គឺប្រទេសចិននិងរុស្ស៊ី។

ជាមួយនិងសម្ព័ន្ធមិត្តដែលមានស្រាប់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកចង់បង្កើនទ្រព្យសម្បត្តិនៅប្រទេសថៃឱ្យឡើងដល់កម្រិតអតិបរមា ដែលទាក់ទងនឹងទីតាំងនិងប្រព័ន្ធអេកូឡូហ្ស៊ីក្នុងតំបន់។

តាមទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន ប្រទេសថៃបានរក្សាទំនាក់ទំនងបានយ៉ាងល្អ ជាមួយប្រទេសជិតខាងខ្លួនទាំងអស់។ សំខាន់បំផុតនោះ ប្រទេសនេះមានទំនាក់ទំនងល្អទាំងនៅលើដី និងនៅលើលំហអាកាស។

អ្វីដែលជាការគួរឱ្យចាប់អារម្មណ៍នោះគឺថា វាជាលើកដំបូងហើយដែលភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅលើផ្នែកលំហអាកាស។ សង្រ្គាមនៅអឺរ៉ុបបានបង្ហាញអំពីសក្តានុពលដ៏ធំធេងនៃវិស័យសន្តិសុខអ៊ីនធឺណិត និងបច្ចេកវិទ្យាជាក់លាក់មួយចំនួនដែលទាក់ទងនឹងផ្កាយរណប នៅអំឡុងពេលកើតមានជម្លោះ ហើយព័ត៌មាន​លម្អិត​ស្ដីពី​កិច្ច​សហប្រតិបត្តិការទាំង​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ទម្លាយឱ្យដឹង​នៅ​ឡើយទេ​។

លើសពីនេះការត្រឡប់មករកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងថៃ-អារ៉ាប៊ីសាអូឌីត ដែលបានដំណើរការក្រោមអង់តែនរបស់ប្រព័ន្ធផ្សព្វផ្សាយតាំងពីឆ្នាំ ២០១៨ មក គឺជាកត្តារួមចំណែកមួយផ្សេងទៀត។ ទោះយ៉ាងណា វាគឺជាជំនួបរវាងព្រះអង្គម្ចាស់ Mohammad bin Salman និងលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែលបានធ្វើជាប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនដែលបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ អាចវិលមករកភាពល្អ ប្រសើរឡើងវិញ។

បើយោងតាមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ចំណងមិត្តភាពរវាងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតជាមួយនិងមេដឹកនាំថៃបានកើតឡើងនៅទីក្រុងអូសាកានៃប្រទេសជប៉ុន។ ក្នុងចំណោមកិច្ចពិភាក្សាជាច្រើន ពួកគេបានពិភាក្សាគ្នាអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងរបៀបដែលពួកគេថែរក្សាសុខភាពឱ្យបានល្អ។

ការត្រឡប់មករកប្រក្រតីភាពឡើងវិញនេះ អាចត្រូវបានចាប់ផ្តើមតាំងពីមុននោះទៅទៀត។ ប៉ុន្តែការវិវឌ្ឍនានានៅក្នុងស្រុកនៃប្រទេសទាំងពីរ បានពន្យារពេលនៃដំណើរការនេះ។ បន្ទាប់ពីការត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៅថ្ងៃទី ៦ ខែមករា រួចមក រឿងពីមុនៗត្រូវបានគេចាត់ទុកជាប្រវត្តិសាស្ត្រ។

គេត្រូវមើលទំនាក់ទំនងរវាង​ថៃ​-​អារ៉ាប៊ីសាអូឌីត​​ ក្នុង​បរិបទ​នៃយុទ្ធសាស្ត្រ​សកលមួយ។ អស់រយៈពេល ៣ ទសវត្សរ៍មកហើយ ប្រទេសថៃដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក បានអវត្តមានទាំងស្រុងពីរង្វង់គោលនយោបាយមជ្ឈិមបូព៌ារបស់ទីក្រុងវ៉ាស៊ីនតោន។

ការមានទំនាក់ទំនងដ៏តានតឹងជាមួយទីក្រុងរីយ៉ាដ ក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសថៃជាមួយសមាជិកដទៃទៀតនៃអង្គការសហប្រតិបត្តិការឥស្លាម (Organisation of Islamic Cooperation) ផងដែរ បើទោះបីជាមានជំនួយពីប្រទេសជាមិត្តក៏ដោយ ដែលជាហេតុធ្វើឱ្យ​រារាំង​ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការ​ប្រឆាំង​ភេរវកម្ម​ដ៏ទូលំទូលាយ​របស់​អាមេរិក។

លើសពីនេះទំនាក់ទំនងដែលកាន់តែប្រសើរឡើងរវាងប្រទេសថៃ-អ៊ីរ៉ង់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភផងដែរ ដោយសារប្រទេសថៃក៏ពឹងផ្អែកលើប្រេងដែលនាំចូលពីសហរដ្ឋអាមេរិកដែរ។ ឥទ្ធិពល​របស់​អ៊ីរ៉ង់​ដែល​កំពុង​កើនឡើង នៅ​ក្នុង​តំបន់​បាន​កាត់បន្ថយឥទ្ធិពល​របស់​ទីក្រុង​រីយ៉ាដយ៉ាងច្រើន​។

ជាការពិតណាស់ សន្តិសុខថាមពលគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលលោក Prayut។ ការវិលត្រឡប់មករកភាពប្រក្រតីឡើងវិញនៃទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត បានបន្ធូរបន្ថយដល់ការព្រួយបារម្ភអំពីកង្វះថាមពល និងបានកាត់បន្ថយការពឹងផ្អែកលើថាមពលដែលនាំចូលពីប្រទេសមីយ៉ាន់ម៉ា។

ប្រសិន​បើ​ស្ថានភាព​របស់​មីយ៉ាន់ម៉ា​នៅ​តែ​មិន​មាន​ការ​ផ្លាស់​ប្តូរទេ នោះ​ប្រទេសនេះអាច​នឹង​ទទួលរង​ទណ្ឌកម្ម​ថាមពល​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ថៃ។ បច្ចុប្បន្ន​នេះ ទាំង​ទីក្រុង​បាងកកនិង​ទីក្រុង​រីយ៉ាដ កំពុងធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​វិល​មក​រក​ភាព​ប្រក្រតីឡើង​វិញ ដោយ​មិន​មានការបង្អង់​មួយ​នាទីណាឡើយ។

ជើងហោះហើរពាណិជ្ជកម្មរវាងរដ្ឋធានីទាំងពីរបានដំណើរការឡើងវិញ ហើយការធ្វើពាណិជ្ជកម្មជាធម្មតាបានបន្តឡើងវិញ ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគថ្មីៗដែលបានចុះហត្ថលេខារួចរាល់។ គណៈប្រតិភូពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នារួចរាល់ហើយ ហើយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសទាំងពីរ ក៏ត្រូវបានតែងតាំងរួចរាល់ហើយដែរ។

នៅចន្លោះពេលនៃដំណើរទស្សនកិច្ចរបស់លោក Adm Aquilino និងលោក Austin ក៏មានផងដែរ នូវដំណើរទស្សនកិច្ចកម្រិតទាបមួយរបស់ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក Derek Chollet ដែលមានគោលបំណងតែមួយគត់ គឺដើម្បីទៅស្វែងយល់ដោយផ្ទាល់អំពីវិបត្តិនៅមីយ៉ាន់ម៉ា។

ដំណើរ​ទស្សន​កិច្ច​របស់​លោក Chollet មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដោយសារលោក​ជា​មនុស្ស​សំខាន់ម្នាក់នៅ​ក្នុង​​រដ្ឋបាល​ Biden ដែលធ្វើការលើ​ប្រទេស​មីយ៉ាន់ម៉ា។ កិច្ចពិភាក្សារបស់លោកជាមួយប្រេសិតពិសេសរបស់ថៃប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោកស្រី Pornpimol Kanchanalak ព្រមទាំងដំណើរទស្សនកិច្ចទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា បានជួយឱ្យលោកយល់ដឹងអំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ពួកគេបានពិភាក្សាអំពីសក្ដានុពលផ្ទៃក្នុង, ជនភៀសខ្លួននៅផ្ទៃក្នុងប្រទេស និងសំខាន់បំផុតក្នុងនាមជាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ប្រទេសថៃត្រូវចែករំលែកបន្ទុកនៃផលវិបាកដែលកើតពីជម្លោះនៅតាមព្រំដែនប្រវែង ២៤០១ គីឡូម៉ែត្ររបស់ខ្លួន។ ទំនាក់ទំនងរបស់ប្រទេសថៃជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចជា ច្រើនរបស់មីយ៉ាន់ម៉ា ដូចជា Karen, Shan, Kayah និងអង្គការមួយចំនួនទៀត គឺធ្វើឡើងក្នុងន័យសន្តិភាព ដែលធ្វើឱ្យការផ្ដល់ជំនួយមនុស្សធម៌នៅពេលអនាគតមិនសូវជាមានបញ្ហា។

ជាមួយនឹងគម្រោងទស្សនកិច្ចដែលបានគ្រោងទុកជាលើកទីពីរ របស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃនេះ គេបានរំពឹងទុកនូវផែនការច្បាស់លាស់ជាងមុនមួយក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

ប្រទេសថៃនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការនេះ រួមជាមួយនិងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ការគ្រប់គ្រងមនុស្សធម៌ និងគ្រោះមហន្តរាយ (Asean Coordinating Center for Humanitarian and Disaster Management ) ដែលនឹងរួមបញ្ចូលនូវការចាក់វ៉ាក់សាំង និងការចែកចាយជំនួយផ្នែកវេជ្ជសាស្រ្ត និងអាហារនៅតាមព្រំដែន និងនៅតាមតំបន់ក្បែរខាងនោះ។ សហគមន៍កាកបាទក្រហមថៃនឹងបម្រើការជាដៃគូនៅក្នុងស្រុក។

លោក Chollet បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងដំណើរទស្សនកិច្ចរបស់លោកថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងពេញទំហឹងដល់គោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចរបស់អាស៊ាន (5PC) ប៉ុន្តែក្នុងពេលជាមួយគ្នា នោះ សម្ពាធបានកើនឡើងនៅក្នុងចំណោមសមាជិកសភាអាមេរិក ឱ្យធ្វើការគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬ NUG ដែលជារដ្ឋាភិបាលនិរទេស។ រីឯសម្រាប់អាស៊ានវិញ ​ក៏​ដូចគ្នា​ដែរ។

ការខកចិត្តក្នុងចំណោមប្រទេសជាសមាជិកអាស៊ានមួយចំនួនមានកម្រិតខ្ពស់ដូចគ្នា ដោយសារតែគោលការណ៍ 5PC មានវឌ្ឍនភាពតិចតួចពេក។ «ប្រសិនបើទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅលើកនេះ ពុំមានវឌ្ឍនភាពអ្វីជាដុំកំភួនណាមួយទេ នោះអាស៊ានអាចនឹងបាត់បង់ភាពជឿជាក់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា»។

«កម្ពុជាដែលជាប្រធាន​អាស៊ាន នៅសល់ពេល ១៦៦ ថ្ងៃ​ទៀត​ មុន​ពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ចូល​កាន់​តំណែង​ជាប្រធានវិញម្ដងនៅក្នុង​ខែ​វិច្ឆិកាខាងមុខ»។ ច្រកទ្វារក្នុងការអនុវត្តគោលការណ៍ 5PC កំពុងតែរួមតូចទៅៗ សម្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ឬរបបយោធាមីយ៉ាន់ម៉ា។

លើសពីនេះ សហរដ្ឋអាមេរិក​ត្រូវការ​ប្រទេសថៃ​ជា​ដៃគូ​សេដ្ឋកិច្ចមួយរបស់ខ្លួន។ ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ចលំដាប់ទី​ពីរ ​នៅ​អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកចាំបាច់ត្រូវផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសថៃ។

សហរដ្ឋអាមេរិកគឺជាអ្នកវិនិយោគធំជាងគេលំដាប់ទី៣ របស់ថៃ និងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២។ នៅពេលដែលសហរដ្ឋអាមេរិកបោះដៃទៅកាន់ប្រទេសថៃ ពាក់ព័ន្ធនិងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ទីក្រុងវ៉ាស៊ីនតោនមិនបានប្រាកដទេថា ទីក្រុងបាងកកមានឆន្ទៈក្នុងការក្លាយជាប្រទេសស្ថាបនិកហត្ថលេខីមួយនោះ។

អ្វីដែលជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសេតវិមាន និងចំពោះសហគមន៍ការទូតនានានោះ គឺប្រទេសថៃបានចូលរួមជាមួយ IPEF និងប្រទេស ១៣ ផ្សេងទៀត ដែលធ្វើឱ្យគណបក្សប្រឆាំងថៃមានការខឹងសម្បារយ៉ាងខ្លាំង។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រនៅលើក​នេះ​ គឺ​ធ្វើឡើងដោយក្រសួង​ការ​បរទេសថៃ។

កាលពីមុន ប្រទេសថៃមិនដែលចង់ចូលរួមសហការឡើយ សូម្បីតែនៅក្នុងការបង្ហាញចេតនាចង់ចរចាដើម្បីចូលរួមក្នុងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលទូលំទូលាយនិងរីកចម្រើន (CPTPP)។ និយាយឱ្យចំទៅ ការសម្រេចចិត្តរបស់ទីក្រុងបាងកកទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដែលជាការបន្ថែមតម្លៃឱ្យសម្ព័ន្ធភាពរវាងថៃ-អាមេរិក ដែលកំពុងមានភាពរស់រវើកឡើងវិញនេះ។ ជា​ថ្មី​ម្តង​ទៀត ប្រទេសថៃកំពុង​ស្ថិត​នៅក្នុងការយកចិត្តទុកដាក់ពីសំណាក់សហរដ្ឋ​អាមេរិក។

នៅទីបំផុត ប្រទេសថៃបានព្យាយាមពង្រឹងជំហររបស់ខ្លួននៅក្នុងទិដ្ឋភាពយុទ្ធសាស្ត្រពិភពលោកមួយដែលវិវឌ្ឍទៅមុខយ៉ាងលឿននេះ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅខែវិច្ឆិកាខាងមុខនេះ ទីក្រុងបាងកកនឹងប្រើប្រាស់អ្វីៗទាំងអស់ដែលខ្លួនមានដើម្បីគ្រប់គ្រងបណ្ដាប្រទេសសេដ្ឋកិច្ចលូតលាស់ទាំង ២១ ដែលមានទស្សនៈនិងចំណង់ចំណូលចិត្តខុសៗគ្នា បើទោះបីជាពួកគេមានគោលដៅពាណិជ្ជកម្ម និងវិនិយោគដូចគ្នាក៏ដោយ។

ដូចអ្វីដែលកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC បានបង្ហាញរួចហើយថា គេមិនអាចមើលស្រាលអំពីផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានឡើយ។ នៅក្នុងកិច្ចប្រជុំនោះ គេមិនឃើញមានការចេញសេចក្តីថ្លែងការណ៍រួមនោះទេ ហើយសមាជិក APEC ចំនួន ៦ បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់ពួកគេដោយបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ លើកនេះ ម្ចាស់ផ្ទះថៃមិនចង់ឱ្យរឿងដដែលនេះកើតឡើងជាថ្មីនៅឯកិច្ចប្រជុំកំពូលខាងមុខនេះទេ។

យ៉ាង​ហោច​ណាស់ ប្រទេសថៃ​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា នៅ​កិច្ច​ប្រជុំ​កំពូល​ APEC នាអំឡុង​សប្តាហ៍​ទី​ ៣ ​នៃ​ខែ​វិច្ឆិកា ការ​ប្រជែង​គ្នា​រវាង​អាមេរិកនិង​ចិន ​នឹង​មាន​ភាព​តានតឹង​តិច​ជាង​មុន។ យ៉ាងណាមិញ ប្រទេសថៃគឺជាទីកន្លែងសុវត្ថិភាពមួយសម្រាប់មហាអំណាចទាំងពីរ ក្នុងការដោះស្រាយភាពមិនចុះសម្រុងគ្នារបស់ពួកគេ និងក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

ផលចំណេញសម្រាប់ប្រទេសថៃគឺមានខ្ពស់ខ្លាំងណាស់ ព្រោះកិច្ចប្រជុំនេះនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់ទីក្រុងបាងកកពីសំណាក់ប្រធានាធិបតី Joe Biden និងប្រធានាធិបតី Xi Jinping ។ ឆាប់ៗនេះ យើងនឹងបានដឹងថា តើភាពប៉ិនប្រសប់ខាងការទូត ដែលមានអាយុកាលរាប់សតវត្សរបស់ថៃ នឹងអាចធ្វើអោយប្រទេសនេះឆ្លងកាត់ភាពច្របូកច្របល់ទាំងអស់នេះបានឬយ៉ាងណា។

នៅក្នុងបរិបទនៃពាក្យចចាមអារ៉ាម និងពាក្យសម្ដីឃុបឃិតនេះ មិនខុសពីប្រទេសតូចៗផ្សេងទៀតនោះទេ នៅដំណាក់កាលនេះប្រទេសថៃត្រូវកាច់ចង្កូតនយោបាយការបរទេសរបស់ខ្លួនឱ្យបានហ្មត់ចត់ ព្រោះចេតនាអាក្រក់ និងកម្លាំងអរិភាពនានា កំពុងសម្ងំរង់ចាំឱកាស។

ការដើរខុសមួយជំហានណាមួយអាចនឹងបង្កឲ្យមានអតុល្យភាពនយោបាយ ដែលបទដ្ឋានការទូតរបស់ប្រទេសនេះបានបន្តប្រកាន់ខ្ជាប់អស់ជាច្រើនជំនាន់មកហើយ៕ Kavi Chongkittavorn / Bangkok Post

អត្ថបទទាក់ទង