The ASEAN Post ៖ សូមបញ្ឈប់ភាពផ្តាច់មុខលើវ៉ាក់សាំងក្នុងពេលឥឡូវនេះ
នៅក្នុងខែនេះ ពិភពលោកគួរតែបានរីករាយនឹងការថយចុះនៃករណីវីរុសកូវីដ-១៩។ ផ្ទុយទៅវិញ ការរើសអើងវ៉ាក់សាំង និងការដាក់កំហិតលើការផលិតវ៉ាក់សាំងបាននិងកំពុងជំរុញឱ្យវីរុសនេះបង្កើនការរាតត្បាតកាន់តែខ្លាំងជាងមុន។
រយៈពេលមួយឆ្នាំបានកន្លងផុតទៅហើយ បើគិតចាប់តាំងពីពេលវ៉ាក់សាំងកូវីដ-១៩ បានទទួលនូវការអនុម័តឱ្យប្រើប្រាស់ និងបានផ្តល់នូវក្តីសង្ឃឹមថា «មនុស្សជាតិនឹងអាចរំដោះខ្លួនចេញពីវីរុសរាតត្បាតនេះបាន»។ អ្នកវិទ្យាសាស្ត្របានធ្វើការងាររបស់ពួកគេរួចរាល់ហើយ ដោយបានរកឃើញនូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងរយៈពេលដ៏ខ្លីមិនធ្លាប់មានពីមុនមក។
ប៉ុន្តែមេដឹកនាំនានានៅជុំវិញពិភពលោក បានបរាជ័យក្នុងផ្ដល់វ៉ាក់សាំងទាំងអស់នេះឱ្យបានទៅដល់មនុស្សគ្រប់ៗគ្នា។ ទាំងអ្នកជំនាញខាងផ្នែកសុខភាពសាធារណៈទាំងរដ្ឋាភិបាលនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងទាំងសម្ព័ន្ធវ៉ាក់សាំងប្រជាជន (People’s Vaccine Alliance) បានព្រមានរួចហើយថា «ការចាក់វ៉ាក់សាំងបានតិចតួចនៅក្នុងផ្នែកដ៏ធំនៃពិភពលោក នឹងបង្កើតហានិភ័យនៃការកើតមានវីរុសទម្រង់ថ្មីៗដែលនឹង
អនុញ្ញាតឱ្យវីរុសរាតត្បាតនេះនៅបន្តអូសបន្លាយកាន់តែយូរ»។
ដើម្បីអាចបញ្ចប់វីរុសរាតត្បាតនេះបាន លុះត្រាតែបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានាអាចផលិតវ៉ាក់សាំងបានដោយខ្លួនឯង ហើយយើងក៏បានបន្តជំរុញឱ្យបណ្តាប្រទេសអ្នកមានចែករំលែកសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាវ៉ាក់សាំង និងវិធីព្យាបាលវីរុសកូវីដ-១៩ ក៏ដូចជាការដកចេញនូវកម្មសិទ្ធិបញ្ញានៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ទាំងអតីតមេដឹកនាំពិភពលោកមុនៗ, ទាំងអ្នកឈ្នះពានរង្វាន់ណូប៊ែល, គិលានុបដ្ឋាយិកា, អ្នកច្បាប់ និងមនុស្សរាប់លាននាក់ទៀត ក៏បាននាំគ្នាបន្ទរការអំពាវនាវនេះដែរ ក៏ប៉ុន្តែក្រុមប្រទេសអ្នកមានបានបន្តធ្វើមិនដឹងមិនលឺ ដោយបានចុះញ៉មចំពោះសម្ពាធរបស់ក្រុមហ៊ុនឱសថមួយចំនួន។
បើទោះបីជាទទួលបាននូវមូលនិធិសាធារណៈយ៉ាងច្រើនសម្រាប់បម្រើឱ្យការផលិតវ៉ាក់សាំងក៏ដោយ ក៏ក្រុមហ៊ុនទាំងនោះនៅតែកំណត់លក្ខខណ្ឌក្នុងការផ្គត់ផ្គង់និងចែកចាយ ក៏ដូចជាការកំណត់តម្លៃវ៉ាក់សាំង។ ក្រុមហ៊ុន Pfizer, Moderna, និង BioNTech អាចរកប្រាក់ចំណេញបាន ប្រមាណ $១០០០ ក្នុងមួយវិនាទី ពីវ៉ាក់សាំងកូវីដ-១៩ របស់ពួកគេ។
ការទុកប្រាក់ចំនេញជាធំនេះហើយ ដែលធ្វើឱ្យមនុស្សនៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាបមិនដល់ ៤% ផងបានចាក់វ៉ាក់សាំងពេញលេញ និងដែលជាហេតុនាំមកនូវការកើតមានវីរុសទម្រង់ថ្មីៗបន្តទៀត។ ទន្ទឹមនឹងនេះដែរ គិតមកដល់ពេលនេះ មនុស្សយ៉ាងតិច ៥ លាននាក់បានស្លាប់ដោយសារវីរុសនេះ នៅទូទាំងពិភពលោក ខណៈដែលការគណនាមួយចំនួនបានរកឃើញថា «ចំនួនអ្នកស្លាប់ពិតប្រាកដអាចមានចំនួន
ខ្ពស់ជាងនេះ»។
នៅទ្វីបអាហ្រ្វិក ការឈឺចាប់បានកើតឡើងលាយឡំគ្នាជាមួយនឹងកំហឹង។ ទ្វីបនេះនៅតែមិនទាន់ទទួលបានការការពារដោយវ៉ាក់សាំងនៅឡើយទេ ដោយក្នុងនោះ បុគ្គលិកសុខាភិបាលនៅទូទាំងអាហ្រ្វិកត្រឹមតែ ២៥% ប៉ុណ្ណោះបានចាក់វ៉ាក់សាំងពេញលេញ ហើយទ្វីបនេះក៏អាចនឹងកំពុងតែត្រៀមលក្ខណៈសម្រាប់ការផ្ទុះឡើងនូវវីរុសទម្រង់ថ្មីៗទៀតផងដែរ។
នៅចន្លោះឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ ជនជាតិអាហ្រ្វិកចំនួន ១២ លាននាក់បានស្លាប់ដោយសារជំងឺអេដស៍ ដោយសារតែក្រុមហ៊ុនចែកចាយឱសថផ្តាច់មុខមួយចំនួន បានលក់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ (Antiretroviral ) ឱ្យបណ្តាប្រទេសក្រីក្រក្នុងតម្លៃខ្ពស់កប់ពពក។
ការទទួលបានសិទ្ធិប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគអេដស៍នៅទ្វីបអាហ្វ្រិក បានកើតឡើងក្រោយពីមានចលនាទាមទារដែលចាប់ផ្តើមឡើងដោយអ្នកផ្ទុកវីរុស HIV និងបានបន្តពង្រីករហូតដល់ក្រុមវេជ្ជបណ្ឌិត និងមេដឹកនាំសាសនា រហូតដល់លោក Nelson Mandela ទៀតផង។
នៅទីបំផុតរដ្ឋាភិបាល និងក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឥណ្ឌា, ថៃ, ប្រេស៊ីល និងនៅទីកន្លែងផ្សេង ទៀតបានធ្វើការរួមគ្នាដើម្បីលុបបំបាត់ភាពផ្តាច់មុខលើឱសថព្យាបាលជំងឺអេដស៍ ហើយតម្លៃរបស់វាក៏បានធ្លាក់ចុះរហូត ដល់ទៅ ៩៩%។
សាកស្រមៃមើល «ប្រសិនបើពិភពលោកបានរៀន ពីមេរៀននៃភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រនេះ និងប្រសិនបើកាលពី ១ ឆ្នាំមុន បណ្តាមេដឹកនាំពិភពលោក បានយល់ព្រមផ្តល់ការតបស្នងដ៏ល្អទៅដល់អ្នកដែលបានរកឃើញវ៉ាក់សាំង ជាជាងការផ្តល់សិទ្ធិផ្តាច់មុខដល់ពួកគេ»។
សាកស្រមៃមើល «ប្រសិនបើមានការទទូចថា ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានមូលនិធិសាធារណៈទំហំរាប់សិបពាន់លានដុល្លារ ក្រុមហ៊ុនផលិតវ៉ាក់សាំងនឹងត្រូវតម្រូវឱ្យចែករំលែកនូវរូបមន្តជោគជ័យដោយបើកចំហ»។
សាកស្រមៃមើលថា «ប្រសិនបើរដ្ឋាភិបាលទាំងនោះបានយល់ព្រមបង់ប្រាក់ឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅគ្រប់ទីកន្លែងដើម្បីធ្វើការផលិតវ៉ាក់សាំងទាំង នៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍»។
ហើយសាកស្រមៃមើលថា «ប្រសិនបើរដ្ឋាភិបាលនៃប្រទេសជាច្រើនបានចាប់ផ្តើមកសាងសមត្ថភាពផលិតកម្មឱ្យបានគ្រប់គ្រាន់នៅជុំវិញពិភពលោកកាលពី ១ ឆ្នាំមុន ជាជាងការពឹងផ្អែកទៅលើភាពផ្តាច់មុខរបស់ក្រុមហ៊ុន មួយក្ដាប់តូច»។
វាជាគ្រោះមហន្តរាយខាងផ្នែកសីលធម៌ ដែលមនុស្សមួយចំនួនកំពុងរកលុយបានរាប់ពាន់លានដុល្លារ តាមរយៈការហួងហែងលើបច្ចេកវិទ្យាវ៉ាក់សាំង ខណៈ ពេលដែលមនុស្សរាប់ពាន់លាននាក់ផ្សេងទៀតមិនបានទទួលការការពារពីវីរុសនេះ ហើយមនុស្សរាប់លាននាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយអសារបង់។
យើងអាចស្រមៃមើលអំពីការចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅទូទាំងពិភពលោក, ការដោះស្រាយជាមួយវីរុសទម្រង់ថ្មីៗទាំងនៅ ពេលបច្ចុប្បន្ននិងទៅអនាគត និងការជំរុញសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញពីវីរុសរាតត្បាតប្រកបដោយសមធម៌។
ដូចគ្នាទៅនឹងអ្វីដែលលោកប្រធានាធិបតីអាមេរិក Franklin D Roosevelt បានលុបបំបាត់ភាពផ្តាច់មុខខាងផ្នែកឧស្សាហកម្ម ដើម្បីប្រយុទ្ធនឹងរបបឃោរឃៅផ្ដាច់ការនៅក្នុងសង្គ្រាមលោកលើកទី២ ដែរ គឺសហរដ្ឋអាមេរិកអាចជួយពិភពលោកឱ្យយកឈ្នះលើភាពផ្តាច់មុខខាងផ្នែកឱសថ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។
ប្រទេសអ្នកមានត្រូវតែបង្កើនការបរិច្ចាគវ៉ាក់សាំងដែលកំពុងមានលើសតម្រូវការ និងបញ្ចប់ការប្រមូលស្តុកវ៉ាក់សាំងទុក។ គិតត្រឹមខែតុលា បើទោះបីជាមានការប្រកាសម្តងហើយម្តងទៀតក៏ដោយ ក៏ប្រទេសអ្នកមានបានបរិច្ចាគត្រឹមតែ ១៤%ប៉ុណ្ណោះនៃចំនួនវ៉ាក់សាំងដែលពួកគេបានប្តេជ្ញា។
បណ្តាប្រទេសអ្នកមានក៏អាចសម្របសម្រួលដល់ការបញ្ជារទិញវ៉ាក់សាំងផងដែរ ក៏ប៉ុន្តែបើទោះបីជាប្រទេសនៅទ្វីបអាហ្រ្វិកបានធ្វើការបញ្ជារទិញដោយខ្លួនឯងហើយក៏ដោយ ក៏ក្រុមហ៊ុនឱសថទាំងនោះតែងតែមានភាពយឺតយ៉ាវក្នុងការផ្ដល់វ៉ាក់សាំងតាមការសន្យារបស់ពួកគេ។
ការបរិច្ចាគ និងអំពើសប្បុរសធម៌នឹងមិនគ្រប់គ្រាន់ឡើយ ហើយដើម្បីបិទបញ្ចប់វីរុសរាតត្បាតនេះ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវតែទទួលបានសិទ្ធិ និងរូបមន្តដើម្បីអាចផលិតវ៉ាក់សាំងប្រកបដោយ សុវត្ថិភាពនិងប្រសិទ្ធភាព និងដែលអាចទុកចិត្តបានដោយខ្លួនពួកគេផ្ទាល់។
ប្រសិនបើបច្ចេកវិទ្យាក្នុងការផលិតវ៉ាក់សាំងត្រូវបានចែករំលែកជាមួយអង្គការ សុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌល mRNA របស់អាហ្រ្វិកខាងត្បូង (South Africa COVID-19 mRNA) នោះក្រុមហ៊ុនផលិតឱសថ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅទូទាំងពិភពលោកនឹងអាចចាប់ផ្តើមផលិតវ៉ាក់សាំងបានគ្រប់ៗគ្នា។
អ្នកជំនាញបានរកឃើញក្រុមហ៊ុនផលិតឱសថដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនជាង ១០០ នៅទ្វីបអាហ្រ្វិក, អាស៊ី និងអាមេរិកឡាទីន ដែលសុទ្ធតែមានសមត្ថភាពអាចផលិតវ៉ាក់សាំងកូវីដ-១៩ ប្រភេទ mRNA បាន។
ការលើកលែងកម្មសិទ្ធិបញ្ញាជាបណ្តោះអាសន្នលើគ្រប់ប្រភេទទាំងអស់នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងបច្ចេកវិទ្យាក្នុងការ ផលិតវ៉ាក់សាំងកូវីដ-១៩ នៅតែជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការកម្ចាត់វីរុសរាតត្បាតនេះ។
ការលើកលែងនេះនឹងបញ្ចប់ភាពផ្តាច់មុខជាសកលរបស់ក្រុមហ៊ុនឱសថ ខណៈពេលដែលសំណងនឹងនៅតែត្រូវបានផ្តល់ទៅដល់ពួកគេ។ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បាននិយាយត្រូវ ដោយលោកបានលើកឡើងថា «ការលេចឡើងនៃវីរុសទម្រង់ Omicron គឺ ជាការបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការអនុម័តឱ្យមានការលើកលែងកម្មសិទ្ធិបញ្ញា»។
សហរដ្ឋអាមេរិកអាចប្រើប្រាស់ឥទ្ធិពលការទូត និងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីជំរុញឱ្យប្រទេសមហាអំណាចផ្សេងទៀតបញ្ចប់ការរឹងរូសរបស់ពួកគេ និងទទួលយកនូវដំណោះស្រាយមួយដែលនឹងផ្តល់ផលប្រយោជន៍ ដល់ពិភពលោកទាំងមូល។
យើងមិនអាចបន្តបរាជ័យនៅឆ្នាំនេះទៀតទេ ហើយមាន តែសាមគ្គីភាពប៉ុណ្ណោះដែលអាចជួយបញ្ចប់វីរុសរាតត្បាតនេះបាន និងអាចជួយសង្គ្រោះជីវិតមនុស្សបានរាប់លាននាក់៕ The ASEAN Post