មនុស្ស១៣នាក់ ដែលបាត់ខ្លួននៅរូងភ្នំជាច្រើនថៃ នៅទីបំផុតពេលនេះបានរកឃើញហើយ (Video Live)
(បាងកក)៖ សារព័ត៌មានផ្លូវការរបស់រដ្ឋថៃបានចេញផ្សាយហើយ ដោយក្នុងនោះក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ ដោយពួកគេនៅមានជីវិតទាំងអស់ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពហេវហត់បំផុត ស្ទើរតែបើកភ្នែកមិនរួចទៅឡើយ។ នេះបើតាម BBC ដកស្រង់ពីសារព័ត៌មានផ្លូវការថៃ នៅយប់ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
ពេលនេះក្រុមសង្គ្រោះកំពុងតែស្វែងរកកន្លែងមួយ ដែលមានសុវត្ថិភាពពីទឹកជំនន់ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះអាសន្នរបស់ ជនរងគ្រោះទាំង ១៣នាក់ខាងលើនេះ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីរដ្ឋាភិបាលព្រមទាំងប្រជាជនថៃទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំបានចែកចាយព័ត៌មានដ៏រីករាយនេះ និងបាន Live ជាវីដេអូទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ។
ទោះបីជាបែបនេះក្តី តំណាក់កាលសំខាន់បន្ទាប់ គឺការយកពួកគេចាកចេញពីរូងភ្នំមកវិញ ព្រោះតែស្ថានភាពក្នុងនោះមានភាពលំបាកខ្លាំងណាស់ ដោយសារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញសង្គ្រោះបានអះអាងថា ពួកគេត្រូវមុជកាត់ភក់ថែមទៀតផង ទើបអាចត្បុលទៅដល់កន្លែងដែលមនុស្សទាំង ១៣នាក់ ជាប់ខ្លួនអស់រយៈពេល ០៩ថ្ងៃមកហើយនេះ៕
ប្រភព៖ ThairathTV & Fresh News