ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសំណូមពរភាគីថៃ ពន្លឿនការកសាងស្ពានឆ្លងព្រំដែន ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ បទល្មើសឆ្លងដែន និងការនាំចេញកសិផលរវាងខេត្តច័ន្ទបុរី-ប៉ៃលិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
កម្ពុជាសំណូមពរភាគីថៃ ពន្លឿនការកសាងស្ពានឆ្លងព្រំដែន ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ បទល្មើសឆ្លងដែន និងការនាំចេញកសិផលរវាងខេត្តច័ន្ទបុរី-ប៉ៃលិន កម្ពុជាសំណូមពរភាគីថៃ ពន្លឿនការកសាងស្ពានឆ្លងព្រំដែន ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ បទល្មើសឆ្លងដែន និងការនាំចេញកសិផលរវាងខេត្តច័ន្ទបុរី-ប៉ៃលិន

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសំណូមពរដល់ភាគីថៃ ត្រូវបន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា ការពន្លឿនការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ បទល្មើសឆ្លងដែននានា ការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តច័ន្ទបុរី-ប៉ៃលិន ជាពិសេសជួយសម្រួលដល់ការនាំចេញស្វាយកែវល្មៀត និងផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសថៃឲ្យបានកាន់ងាយស្រួល និងមានភាពល្អប្រសើរជាងមុនផងដែរ។

ការស្នើសុំនេះបានធ្វើឡើងក្នុងជំនួបរវាងអភិបាលខេត្តប៉ៃលិន ជាមួយរដ្ឋបាលខេត្តចាន់បុរី ប្រទេសថៃ ដែលដឹកនាំដោយលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្ត គោលដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត។

អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តចាន់បុរី និងគណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ពលករ និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសកម្ពុជា-ប្រទេសថៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំប្រទេសថៃទាំងអស់ ជាពិសេស សូមថ្លែងអំណរគុណ ចំពោះភាគីថៃ លើកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនរួមមាន៖ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តកោះកុង ជាពិសេសទំនាក់ទំនងល្អច្រកទ្វារបានផាកាត ខេត្តច័ន្ទបុរី ជាមួយនឹងច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលលទ្ធផលទាំងនេះ អាចកើតមានឡើងដោយសារមានកិច្ចសហប្រតិបត្តិការល្អពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ ប្រទេសថៃ ដែលធ្វើឱ្យផែនការចង់បំផ្លាញសន្តិភាពនៅប្រទេសកម្ពុជារបស់ក្រុមក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ទទួលបរាជ័យ។

ជាការឆ្លើយតបលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី ប្រទេសថៃ បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងខេត្តទាំង២ និងខិតខំដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ អភិបាលខេត្តចាន់បុរី ក៏បានកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះផែនការក្រុមឧទ្ទាមក្បត់ជាតិ សម រង្សី ចង់ប្រើប្រទេសថៃ ដើម្បីប្រមូលផ្តុំ និងឆ្លងកាត់ព្រំដែន មកផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែផែនការរបស់ក្រុមឧទ្ទាមបក្សប្រឆាំងទាំងនោះ ត្រូវបានបរាជ័យទាំងស្រុងដោយសារមានកិច្ចសហប្រតិបត្តិការល្អពីសំណាក់ព្រះរាជាណាចក្រថៃ៕