ខ្មែរប៉ុស្ដិ៍ Close

របៀបដែលការទូតអន្ទាក់បំណុលរបស់សហរដ្ឋអាមេរិកបានបរាជ័យនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 56
របៀបដែលការទូតអន្ទាក់បំណុលរបស់សហរដ្ឋអាមេរិកបានបរាជ័យនៅកម្ពុជា របៀបដែលការទូតអន្ទាក់បំណុលរបស់សហរដ្ឋអាមេរិកបានបរាជ័យនៅកម្ពុជា

នៅក្នុងទំនាក់ទំនងអន្តរជាតិ បំណុលត្រូវបានគេចាត់ទុកជាកិច្ចការការទូត។ របាយការណ៍កាលពីពេលថ្មីៗនេះអំពី «ការទូតអន្ទាក់បំណុល» របស់ចិនបានធ្វើឱ្យមនុស្សយល់ថា «ចិនគឺជាអ្នកបង្កើតវាឡើង» ខណៈពេលដែលការចោទប្រកាន់លើចិនតែងតែជាការបំផ្លើស។

ប៉ុន្តែដោយមើលឃើញអំពីការខឹងសម្បារដែលកំពុងតែបន្តជុំវិញការអះអាងមិនត្រឹមត្រូវដែលថា «កងទ័ពជើងទឹកចិនកំពុងកាន់កាប់ដោយសម្ងាត់លើមូលដ្ឋានទ័ពជើងទឹករាមនៅកម្ពុជា» វាពិតជាមានភាពចាំបាច់ណាស់ក្នុងការត្រួតពិនិត្យលើករណីដ៏ពិតប្រាកដនៃទំនាក់ទំនងការទូតអន្ទាក់បំណុលដែលបានកើតមានរាប់ទសវត្សរ៍មកហើយ និងដែលមានជាប់ពាក់ព័ន្ធនឹងការទាម ទារសំណងពីប្រជាជនកម្ពុជាដោយសហរដ្ឋអាមេរិក។

បំណុលនិងភាពចម្រូងចម្រាសជុំវិញបញ្ហានេះមានជាប់ទាក់ទង (ដោយផ្ទាល់ ឬដោយប្រយោល) ទៅនឹងបញ្ហានៅឯមូលដ្ឋានទ័ពជើងទឹកក្នុងពេលបច្ចុប្បន្ន។ បំណុលនេះបានកើតចេញពីកម្ចី ២៧៤ លានដុល្លារអាមេរិកដែលធ្វើឡើងដោយរបបអាយ៉ង លន់ នល់ នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០។ ចាប់តាំងពីពេលនោះមក វាបានកើនឡើងដល់ប្រហែល ៧០០ លានដុល្លារអាមេរិកដោយសារតែការប្រាក់។

បើសិនជាគ្មានសង្រ្គាមវៀតណាមនោះទេ នោះវាក៏នឹងមិនមានការទម្លាក់គ្រាប់បែកដោយសម្ងាត់ និងដោយខុសច្បាប់មកលើប្រទេសកម្ពុជា (និងឡាវ) ដែរ ដែលជាប្រទេសដែលមិនមានជាប់ពាក់ព័ន្ធនឹងសង្គ្រាមជាមួយសហរដ្ឋអាមេរិក។ បើគ្មានការទម្លាក់គ្រាប់បែកទេ របបរាជានិយមនឹងមិនដួលរលំនោះទេ។

ប៉ុន្តែការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា បានបង្កើតលក្ខខណ្ឌដ៏អំណោយផលសម្រាប់ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារដោយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងដែលក្រោយមកបានលុបបំបាត់របបរាជានិយម។ នៅទីបំផុត វាបាននាំមកនូវរបបខ្មែរក្រហមដែលបានអូសប្រទេសកម្ពុជាអោយចូលទៅក្នុងសង្គ្រាមស៊ីវិល និងបានរុញប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងនរក។

លោក សួស យ៉ារ៉ា ដែលជាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា «កម្ចីដើមរបស់អាមេរិកបានផ្តល់ដល់របប លន់ នល់ ដើម្បីឱ្យទិញអង្ករ, ស្រូវសាលី, ប្រេង និងកប្បាសរបស់អាមេរិក។ សកម្មភាព នេះត្រូវបានធ្វើឡើងដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ និងដើម្បីជួយសង្រ្គោះប្រជាជនកម្ពុជាដែលបានផ្លាស់ទីលំនៅឱ្យរួចផុតពីភាពអត់ឃ្លាន បន្ទាប់ពីពួកគេបានភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញដើម្បីគេចចេញពីការវាយលុករបស់ក្រុមកុម្មុយនិស្តខ្មែរក្រហម និងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅតាមជនបទ»។

ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានទទូចឱ្យកម្ពុជាបង់សងបំណុល បូករួមទាំងការប្រាក់។ ចំពោះអន្តរជាតិ ទម្រង់នៃបំណុលនេះគឺជារឿងដ៏គួរឱ្យស្អប់ខ្ពើម។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជា ដែលជាហេតុធ្វើឱ្យពួកគេត្រូវការកម្ចីពីអាមេរិកដើម្បីទិញស្បៀងអាហារ និងដើម្បីកុំឱ្យអត់ឃ្លានស្លាប់។

ចំពោះរាល់ការរិះគន់ជាបន្តបន្ទាប់របស់អាមេរិកលើប្រទេសដទៃជុំវិញការផ្តល់កម្ចីដោយគ្មានការទទួលខុសត្រូវ «តើមន្ត្រីរបស់អាមេរិកមានដែលខ្វល់ទេថា លន់ នល់ និងបក្ខពួកបានដាក់លុយចូលក្នុងហោប៉ៅប៉ុន្មាន ហើយលុយប៉ុន្មាន ដែលបានទៅដល់ប្រជាជនកម្ពុជាដែលកំពុងរងទុក្ខ»?

គ្រាប់បែកអាមេរិកចំនួន ២,៧៥៦,៩៤១ តោន ត្រូវបានទម្លាក់មកលើប្រទេសកម្ពុជា នៅចន្លោះឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ ខណៈ ដែលគ្រាប់បែកត្រឹមតែជាង ២ លានតោនប៉ុណ្ណោះដែលបានទម្លាក់នៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ លោក Ben Kiernan ដែលជាប្រវត្តិវិទូ និងជាអ្នកនិពន្ធសៀវភៅ «How Pol Pot Came to Power» និង «Pol Pot Regime» បានសរសេរថា «កម្ពុជាអាចជាប្រទេសដែលបានរងនូងការទម្លាក់គ្រាប់បែកច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ»

យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលទើបតែត្រូវបានបំផ្ទុះនៅពេលក្រោយដោយចៃដន្យ បានបណ្តាលឱ្យមនុស្សប្រមាណ ៦៥,០០០ នាក់ស្លាប់ ឬរបួសរហូតមកដល់បច្ចុប្បន្ន ហើយការសាយភាយនូវសារធាតុគីមី ដូចជា Agent Orange បានបង្កឱ្យមានពិការភាពផ្នែករាងកាយ និងការយល់ដឹង ក៏ដូចជាការខូចទ្រង់ទ្រាយនៅក្នុងចំណោមមនុស្សជាច្រើនជំនាន់ និងបានបន្តរហូតមកដល់សព្វថ្ងៃនេះ។

ករណីដ៏រឹងមាំទាំងអស់នេះអាចត្រូវបានប្រើដើម្បីនាំមកនូវការលុបចោលបំណុលទាំងអស់ ឬយ៉ាងហោចណាស់ក៏គួតែមានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញប្រកបដោយភាពសប្បុរស។ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានហៅប្រាក់កម្ចីរបស់សហរដ្ឋអាមេរិកថាជា «បំណុលកខ្វក់» ក៏ប៉ុន្តែកាលពីឆ្នាំមុន លោកបានស្នើឱ្យមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។

នៅក្នុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman លោកហ៊ុន សែន បានស្នើថា «អាមេរិកគួរអនុញ្ញាតឱ្យកម្ពុជាបង់សងវិញបន្តិចម្តងៗ, កាត់បន្ថយការប្រាក់មកនៅត្រឹម ១% ឬ បង្វែរបំណុលជាង ៧០% ឱ្យទៅជាជំនួយអភិវឌ្ឍសម្រាប់បម្រើឱ្យការអប់រំ, វប្បធម៌ និងការដោះមីន»

នេះគួរតែជាឱកាសដ៏ល្អសម្រាប់ភាគីទាំងសងខាងក្នុងការច្នៃប្រឌិត និងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ ផែនការសងសំណងដ៏សប្បុរសមួយនឹងផ្តល់ឱ្យអាមេរិកនូវអានុភាព ខណៈដែលលោកស្រី Sherman ក៏បានព្រមានកម្ពុជាផងដែរចំពោះការមានទំនោរងាកទៅរកចិន និងបានបង្ហាញអំពីការព្រួយបារម្ភចំពោះកិច្ចព្រមព្រៀងដែលអាចកើតមានរវាងកម្ពុជា និងកងទ័ពជើងទឹកចិន នៅឯមូលដ្ឋានទ័ពជើងទឹករាម។

វាអាចទៅរួចក្នុងការព្រមព្រៀងឱ្យមានការលុបចោលបំណុល ជាថ្នូរនឹងការផ្តល់ការអនុញ្ញាតឱ្យអាមេរិក (ជំនួសឱ្យចិន) វិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពជើងទឹកវិញ។ ប៉ុន្តែជាក់ស្តែង លោកស្រី Sherman នៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួន ខណៈដែលអាមេរិកក៏មិនបានបង្ហាញអំពីសញ្ញាណាមួយនៃការបត់បែនលើបញ្ហាបំណុលនោះដែរ។

កាលពីខែវិច្ឆិកា អាមេរិកបានដាក់ទណ្ឌកម្មលើអគ្គនាយកក្រសួងការពារជាតិកម្ពុជា លោកចៅ ភិរុណ និងមេបញ្ជាការកំពូលកងទ័ពជើងទឹកលោក ទៀ វិញ ហើយបន្ទាប់មកបានដាក់ទណ្ឌកម្មសព្វាវុធ ដោយបានលើកឡើងអំពីហេតុផលទាក់ទងនឹងមូលដ្ឋានទ័ពជើងទឹករាម និងឥទ្ធិពលយោធារបស់ចិន។

«តើមានអ្នកណាភ្ញាក់ផ្អើលទេ នៅពេលដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយកងទ័ពជើងទឹកចិនយ៉ាងសាធារណៈ បំផុត?»

កាន់តែសំខាន់ជាងនេះគឺ «ជាមួយនឹងកាលវិភាគសងត្រឡប់ដែលអាចសម្រេចបាន កម្ពុជាទំនងជានឹងអាចសងបំណុលអាមេរិកបានដោយនឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ហិរញ្ញវត្ថុសាធារណៈរបស់ខ្លួននោះទេ»

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង ដូចជាវៀតណាមនិងឡាវ បំណុលរបស់កម្ពុជាគឺស្ថិតក្នុងកម្រិតមួយដែលគ្រប់គ្រងបាន ដែលមួយផ្នែកបណ្តាលមកពីការលំបាកក្នុងការខ្ចីប្រាក់នៅក្នុងទីផ្សារអន្តរជាតិដោយសារកំណត់ត្រាឥណទានមិនល្អ បូករួមទាំងបំណុលរបស់អាមេរិកផងដែរ។ «ការទូតអន្ទាក់បំណុលតែងតែជាអាវុធមុខ ២» ៕ South China Morning Post

អត្ថបទទាក់ទង