ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមត្រជាក់ថ្មី ៖ អាមេរិកបង្កើនចំនួនទ័ពនៅអឺរ៉ុបខាងកើត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 27
សង្គ្រាមត្រជាក់ថ្មី ៖ អាមេរិកបង្កើនចំនួនទ័ពនៅអឺរ៉ុបខាងកើត សង្គ្រាមត្រជាក់ថ្មី ៖ អាមេរិកបង្កើនចំនួនទ័ពនៅអឺរ៉ុបខាងកើត

ប្រធានាធិបតី Joe Biden កំពុងបង្កើនវត្តមានយោធារបស់អាមេរិកនៅទ្វីបអឺរ៉ុបភាគខាងកើត ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន។ លោក Biden ក៏មានផែនការដាក់ពង្រាយទាហានឡើងវិញផងដែរ ដោយរាប់ចាប់ពីប្រទេសអាល្លឺម៉ង់រហូតដល់ប្រទេសប៉ូឡូញ និងរ៉ូមានី បូករួមនឹងការបញ្ជូននាវាពិឃាដជាច្រើនទៀត ដើម្បីពង្រឹងវត្តមានទ័ពជើងទឹករបស់អង្គការ NATO នៅតំបន់ភាគខាងត្បូងអឺរ៉ុបនៅប៉ុន្មានខែខាងមុខទៀតនេះ បើយោងតាមអ្វីដែលលោកបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២២។

សហរដ្ឋអាមេរិកនឹងបង្កើតទីបញ្ជាការដ្ឋានកណ្តាលអចិន្ត្រៃយ៍មួយសម្រាប់កងកម្លាំងយោធាទី៥ របស់ខ្លួន (US 5th Army Corps) នៅប៉ូឡូញ ដោយក្នុងនោះ វានឹងដើរតួនាទីជាទីបញ្ជាការប្រចាំការ និងជាទីបញ្ជាការកណ្តាលរបស់ទាហានអាមេរិក ហើយកងពលតូចមួយទៀតក៏នឹងត្រូវបញ្ជូនឱ្យទៅឈរជើងនៅប្រទេសរ៉ូមានីផងដែរដើម្បីបង្កើនកងកម្លាំង NATO នៅទូទាំងតំបន់ភាគខាងកើតអឺរ៉ុបដែលមានអង្គភាពយោធារបស់អាមេរិកកំពុងតាំងមូលដ្ឋាន។

សហរដ្ឋអាមេរិកក៏នឹងបង្កើនការដាក់ពង្រាយកងកម្លាំងប្រតិបត្តិការពិសេស, រថយន្តយោធា, ប្រព័ន្ធការពារដែនអាកាសនិងអាកាសចរណ៍ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់នោះផងដែរ។ ការផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំងគឺ «ការធ្វើប្រតិបត្តិការរួមជាមួយសម្ព័ន្ធមិត្ត NATO ផ្សេងទៀតដោយប្រើប្រាស់កងកម្លាំង ដែលមានភាពងាយ បត់បែន និងមានសមត្ថភាពត្រៀមខ្លួនប្រយុទ្ធខ្ពស់»។

សហរដ្ឋអាមេរិកក៏នឹងដាក់ពង្រាយកងយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន ២ កងបន្ថែម ទៀតទៅកាន់ចក្រភពអង់គ្លេស និងនាវាពិឃាដបន្ថែម ២គ្រឿងទៀត ទៅកាន់មូលដ្ឋានជើងទឹក Rota នៅក្នុងប្រទេសអេស្ប៉ាញ។ ចំណុចដ៏សំខាន់នៃសេចក្តីថ្លែងការណ៍របស់លោក Biden គឺ «ការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការការពារគ្រប់មីលីម៉ែត្រនៃទឹកដីរបស់អង្គការ NATO»។

លោក Biden បានអនុម័តរួចហើយលើការបង្កើនទាហានចំនួន ២០ ០០០ នាក់នៅខែកុម្ភៈ ឆ្នាំ ២០២២ ហើយការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះអាចនឹងនាំមកនូវការផ្លាស់ប្តូរជាក់លាក់ និងជាអចិន្ត្រៃយ៍ចំពោះការដាក់ពង្រាយកងកម្លាំងយោធារបស់ពួកគេ និងចំពោះហេដ្ឋារចនាសម្ព័ន្ធយោធា នៅទ្វីបអឺរ៉ុបដោយមិនចាំបាច់ត្រូវបង្កើនចំនួនបន្ថែមទៀតនៅពេលអនាគត។

នៅពេលនេះ សហរដ្ឋអាមេរិកមានទាហានជាង ១០០ ០០០ នាក់នៅទ្វីបអឺរ៉ុប ក៏ប៉ុន្តែនេះគឺជាចំនួនតិចជាងឆ្ងាយណាស់ បើប្រៀបធៀបនឹងចំនួននៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងនៃសង្គ្រាមត្រជាក់នៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ នៅពេលដែលសហរដ្ឋអាមេរិកមានទាហានរហូតដល់ ៤៥០ ០០០ នាក់នៅទ្វីបអឺរ៉ុប។ ក្នុងអំឡុងសង្គ្រាមត្រជាក់ ចំនួនទាហានអាមេរិកបានបន្តរក្សាក្នុងចំនួន ៣៣០ ០០០ នាក់ ខណៈដែលសហភាពសូវៀតមានទាហានប្រមាណ ៥០០ ០០០ នាក់នៅអាល្លឺម៉ង់ខាងកើត។

នៅក្នុងអំឡុងសង្គ្រាមត្រជាក់ សន្ធិសញ្ញាទីក្រុងវ៉ាសូវី (Warsaw Pact) ដែលជាកិច្ចព្រមព្រៀងការពារជាតិរវាងសហភាពសូវៀត ជាមួយនិងប្រទេសអាល់បានី, ប៊ុលហ្គារី, ឆេកូស្លូវ៉ាគី, អាល្លឺម៉ង់ខាងកើត, ហុងគ្រី, ប៉ូឡូញ និងរូម៉ានី និងអង្គការ NATO បានបន្តរក្សាចំនួនទាហានត្រៀមប្រយុទ្ធកម្រិតខ្ពស់ (NATO មានទាហានចំនួន ៩០០ ០០០ នាក់ ខណៈដែលក្រុម Warsaw Pact មានចំនួន ១,២ លាន នាក់) ក្នុងករណីសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើង។

ភាគីទាំង២ មានកងរថគ្រោះទ្រង់ទ្រាយធំ (ចំនួន ៦៧ ០០០ គ្រឿងនៅខាង Warsaw Pact និងចំនួន ៣២ ០០០ គ្រឿងនៅខាងអង្គការ NATO) ដោយរួមមានកាំភ្លើងត្បាល់, រថយន្តយោធា និងយន្តហោះចម្បាំង ហើយពួកគេក៏បានរក្សាទុកឃ្លាំងគ្រាប់រំសេវយ៉ាងច្រើនផងដែរ។ លើសពីនេះទៀត កងកម្លាំងអាមេរិកត្រូវបានបំពាក់ដោយអាវុធនុយក្លេអ៊ែរយុទ្ធវិធី (Tactical Nuclear Weapon) ជាង ៧ ០០០ (បើធៀបនឹង ចំនួនប្រមាណ ២០០ នៅពេលបច្ចុប្បន្ន)។

នៅក្រោយការរំលាយកិច្ចព្រមព្រៀង «Warsaw Pact» និងសហភាពសូវៀតនៅឆ្នាំ ១៩៩១ បូករួមនឹងការដកចេញនូវកងកម្លាំងសូវៀតទាំងអស់ពីអឺរ៉ុបខាងកើតមក សហរដ្ឋអាមេរិកបានកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបក្នុងចំនួនដ៏ច្រើន ដោយបន្សល់ទុកត្រឹមចំនួន ៦០ ០០០ នាក់ប៉ុណ្ណោះ។ វាបានកើតឡើង នៅពេលដែលអង្គការ NATO បានបន្ថែមប្រទេសប៉ូឡូញ សាធារណរដ្ឋឆេក និងហុងគ្រី ចូលជាសមាជិកខ្លួនដើម្បីធ្វើសមាហរណកម្មប្រទេសទាំងនេះ ចូលទៅក្នុងសម្ព័ន្ធភាពរបស់លោកខាងលិច។

នៅក្រោយការបង្កើតសន្ធិសញ្ញា «Founding Act» ឆ្នាំ ១៩៩៧ រវាងអង្គការ NATO និងប្រទេសរុស្ស៊ី និងក្រោយការដួលរលំស្ទើរតែទាំងស្រុងនៃសមត្ថភាពយោធា មិនមែននុយក្លេអ៊ែររបស់រុស្ស៊ី ការការពារទ្វីបអឺរ៉ុបបានក្លាយជាកិច្ចការដែលមិនសូវសំខាន់ខ្លាំង។ ទាហានអាមេរិកនៅទ្វីបអឺរ៉ុបនៅតែជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំងវិលជុំដើម្បីគាំទ្រការធ្វើអន្តរាគមន៍នៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ខណៈដែល «សង្គ្រាមប្រឆាំងនឹងភេវរកម្ម» បានក្លាយជាអាទិភាពចម្បងនៅក្នុងគោលនយោបាយសន្តិសុខសកលរបស់សហរដ្ឋអាមេរិក។

ចាប់ពីឆ្នាំ ២០១៨ មក អតីតប្រធានាធិបតីអាមេរិក Donald Trump បានចាប់ផ្តើមដកកងកម្លាំងនៅឯបរទេស និងបានទាមទារឱ្យមានការបង្កើនការប្តេជ្ញាចិត្តពីសំណាក់សមាជិករបស់អង្គការ NATO នៅអឺរ៉ុបក្នុងការការពារខ្លួនរបស់ពួកគេដោយផ្ទាល់។ នៅឆ្នាំ ២០១៨ ចំនួនទាហានអាមេរិកនៅទ្វីបអឺរ៉ុបបានធ្លាក់ចុះមកនៅត្រឹមចំនួនសរុប ៦៥ ០០០ នាក់។

ប៉ុន្តែនៅខែមិថុនា ឆ្នាំ ២០២១ មេដឹកនាំអង្គការ NATO បានកំណត់ការគំរាមកំហែងផ្សេងៗចំនួន៣ ចំពោះសន្តិសុខរបស់អឺរ៉ុបដែលនោះគឺ «ប្រទេសរុស្ស៊ី, ប្រទេសចិន និងអំពើភេរវកម្ម» និងបានសម្រេចថា «ការផ្លាស់ប្តូរយុទ្ធសាស្ត្រគឺជារឿងដ៏ចាំបាច់ ជាពិសេសចាប់តាំងពីការដណ្តើមយកតំបន់គ្រីមៀរ និងជម្លោះនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន»។

អង្គការ NATO បានលើកឡើងថា «សង្គ្រាមឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន បានបំផ្លាញសន្តិភាពនៅទ្វីបអឺរ៉ុប។ ប្រទេសរុស្ស៊ីបានរំលោភលើបទដ្ឋាន និងគោលការណ៍ដែលបានរួមចំណែកដល់សណ្តាប់ធ្នាប់សន្តិសុខ និងបានបង្កការគំរាមកំហែងដោយផ្ទាល់និងដ៏ធំបំផុតចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្ត និងចំពោះសន្តិភាព និងស្ថិរភាពនៅតំបន់អឺរ៉ុប-អាត្លង់ទិក (Euro-Atlantic)»។

បញ្ហាប្រឈមមួយគឺ «រហូតមកដល់ពេលនេះ កងកម្លាំង NATO ដ៏ច្រើននៅមិនទាន់ត្រូវបានដាក់ពង្រាយនៅតាមបណ្តាប្រទេសនៅតំបន់ Baltic និងបណ្តារដ្ឋសមាជិកអឺរ៉ុបខាងកើតផ្សេងទៀត (ប៉ូឡូញ, ប៊ុលហ្គារី, រូម៉ានី, ហុងគ្រី និងស្លូវ៉ាគី) នៅឡើយទេ ដែលជាទីដែលចំនួនទាហានសរុបរបស់អង្គការ NATO មាន ត្រឹមតែ ៩ ៦៤១ នាក់ ប៉ុណ្ណោះនៅពេលបច្ចុប្បន្ននេះ។

ដើម្បីអាចបង្កើនការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ចំនួនទាហាននិងសម្ភារៈយោធានៅក្នុងចំនួនដ៏ច្រើន គឺមានភាពចាំបាច់ណាស់សម្រាប់ខ្សែត្រៀមជួរមុខ។ អង្គការ NATO នឹងពង្រឹងកងកម្លាំងប្រតិកម្មរហ័សរបស់ខ្លួនដើម្បីឆ្លើយតបឱ្យបានលឿនទៅនឹងត្តាប្រឈមផ្នែកសន្តិសុខ។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានប្រកាសនៅមុនកិច្ចប្រជុំកំពូលថ្មីៗនេះថា «NATO នឹងបង្កើនទាហានពីចំនួន ៤០ ០០០ នាក់ នៅពេលបច្ចុប្បន្នទៅដល់ជាង ៣០០ ០០០ នាក់ ដោយរាប់បញ្ចូលទាំងផែនការដាក់ពង្រាយកងកម្លាំងប្រយុទ្ធក្នុងចំនួនកាន់តែធំ (ទាហានប្រមាណ ១០០០ នាក់ក្នុងមួយកង) នៅប្រទេសប៊ុលហ្គារី, ហុងគ្រី រូម៉ានី និងស្លូវ៉ាគី។

ការធ្វើបែបនេះមានន័យថា «ជំនួសឱ្យយុទ្ធសាស្ត្រដាក់អន្ទាក់ (Tripwire Strategy)» ដែលអាចធ្វើឱ្យបណ្តារដ្ឋនៅតំបន់ Baltic ប្រឈមមុខនឹងការកាន់កាប់របស់រុស្ស៊ីនៅមុនពេលដែលអង្គការ NATO អាចធ្វើការឆ្លើយតបបាន នៅពេលនេះអង្គការ NATO បាននិងកំពុងត្រៀមខ្លួនក្នុងការដណ្តើមយកឈ្នះលើការឈ្លានពានរបស់រុស្ស៊ីនៅពេលចាប់ផ្តើមភ្លាមៗ»។

សេចក្តីប្រកាស និងសេចក្តីសម្រេចទាំងអស់នេះមានគោលបំណងបញ្ជូនសារខ្លាំងៗទៅកាន់ប្រទេសរុស្ស៊ី បើទោះបីជាសមាជិកខ្លះនៅអឺរ៉ុបអាចប្រឈមមុខនឹងផលលំបាកក្នុងការបំពេញតាមគោលដៅទាំងនេះនៅមុនឆ្នាំ ២០២៥ ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលកងកម្លាំងរុស្ស៊ីកំពុងជាប់ដៃនៅអ៊ុយក្រែន រុស្ស៊ីអាចនឹងមិនមានសមត្ថភាព ឬឆន្ទៈក្នុងការបើកសមរភូមិមួយផ្សេងទៀតនៅក្នុងពេលអនាគត
ដ៏ខ្លីខាងមុខនេះទេ។

ខណៈដែលកិច្ចប្រជុំកំពូលអង្គការ NATO បានបញ្ជូនសារខ្លាំងៗអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារសម្ព័ន្ធភាព វានឹងប្រឈមមុខនឹងការងារដ៏លំបាកមួយចំនួននៅក្នុងការអនុវត្តតាមគោលគំនិតថ្មីនេះនៅក្នុងដំណាក់កាលចាប់ផ្តើម។

Asia Times