ខ្មែរប៉ុស្ដិ៍ Close

តម្រូវការក្នុងស្រុកដ៏ខ្សោយនៅពេលបច្ចុប្បន្ន កំពុងគំរាមកំហែងដល់សក្តានុពលកំណើនរបស់ប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 898
តម្រូវការក្នុងស្រុកដ៏ខ្សោយនៅពេលបច្ចុប្បន្ន កំពុងគំរាមកំហែងដល់សក្តានុពលកំណើនរបស់ប្រទេសចិន តម្រូវការក្នុងស្រុកដ៏ខ្សោយនៅពេលបច្ចុប្បន្ន កំពុងគំរាមកំហែងដល់សក្តានុពលកំណើនរបស់ប្រទេសចិន

ការព្យាករនានាអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំ ២០២៣ មានលក្ខណៈខុសគ្នាដូចមេឃនិងដី។ ខណៈពេលដែលអង្គការអន្តរជាតិ និងអ្នកឃ្លាំមើលចិននៅឯបរទេសបានព្យាករថា «អត្រា ៤% គឺជាកំណើនដ៏សមហេតុផល» អ្នកសេដ្ឋកិច្ចចិនភាគច្រើនបានជឿថា «ចិនអាចនឹងមានកំណើនចន្លោះពី ៥% ទៅ ៦%»។

មានម៉ូដែលជាច្រើនដែលគេអាចប្រើប្រាស់បាន ដើម្បីប៉ាន់ស្មានអំពីសក្តានុពលនៃកំណើន ក៏ប៉ុន្តែម៉ូដែលដែលសាមញ្ញបំផុតនិងគួរឱ្យជឿជាក់បំផុតគឺ «ម៉ូដែល Solow»។ ផ្អែកលើម៉ូដែលនេះ អត្រាកំណើន GDP របស់ប្រទេសមួយ នឹងអាស្រ័យទៅលើអត្រាកំណើននៃភាគហ៊ុនមូលធនសុទ្ធ, ចំនួនប្រជាជន និងកត្តាកំណើនផលិតភាពសរុប (Total Factor Productivity)។

បច្ចុប្បន្ននេះចំនួនប្រជាជនចិនបានបន្តនៅទ្រឹង ហើយកំណើនមូលធនរបស់ប្រទេសនេះបានបន្តពឹងផ្អែកទៅលើប្រាក់សន្សំថ្នាក់ជាតិ (National Saving)។ វាគឺជាចំណុចខ្លាំងមួយរបស់ប្រទេស​ចិន​ ដោយក្នុងនោះ ប្រាក់សន្សំថ្នាក់ជាតិរបស់នេះមាន​ចំនួន ៤៥% នៃ GDP ខណៈដែលភាគហ៊ុនមូលធនសុទ្ធរបស់ចិនមានទំហំ ៣,៦ ដង នៃ GDP ហើយអត្រាកាត់រំលោះ (Depreciation Rate) មានចំនួន ៥%។

ការណ៍នេះមានន័យថា «ការសន្សំប្រចាំឆ្នាំរបស់ចិនអាចនាំមកនូវកំណើនក្នុងរង្វង់ ៧,៥% សម្រាប់ភាគហ៊ុនមូលធនសុទ្ធរបស់ខ្លួន»។ កំណើន GDP ដែលកើតឡើងដោយការប្រមូលផ្តុំដើមទុននឹងមានទំហំពាក់កណ្តាល នៃចំនួននេះ ឬស្មើនឹង ៣,៧៥%។ ការសិក្សាមុនៗបានរកឃើញថា «កត្តាកំណើនផលិតភាពសរុប (Total Factor Productivity Growth) បានរួមចំណែកប្រមាណ ២០% ទៅ ៤០% នៃកំណើន GDP»។

ដោយផ្អែកលើការគណនានេះ សក្ដានុពលនៃអត្រាកំណើនរបស់ចិនសម្រាប់ឆ្នាំ ២០២៣ អាចនឹងស្ថិតនៅក្នុងចន្លោះពី ៤,៧% ទៅ ៦,៣% ដែលនេះបានបង្ហាញអំពីភាពត្រឹមត្រូវនៃការព្យាកររបស់អ្នកសេដ្ឋកិច្ចចិន។ ប៉ុន្តែប្រទេសចិនអាចនឹងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវអត្រាកំណើនដ៏មានសក្តានុពលនេះនៅឆ្នាំ ២០២៣។

កត្តាប្រឈមទី១ គឺ «របៀបដែលវីរុសកូវីដ-១៩ នឹងបន្តវិវឌ្ឍទៅមុខ»។ អាជ្ញាធរចិនបានលុបចោលគោលនយោបាយ «Zero-COVID» ដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីដើមខែធ្នូ ឆ្នាំ ២០២២។ ការឆ្លងបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងបណ្ដាខេត្តភាគច្រើន ក៏ប៉ុន្តែវិស័យធ្វើដំណើរនិងលក់រាយ បានទទួលនូវការកើនឡើងវិញភ្លាមៗ។ ភាពមិនប្រាកដប្រជាគឺនៅត្រង់ថា «តើរលកទី២ នៃការឆ្លងរាតត្បាតនឹងមកដល់នៅរដូវផ្ការីកដែរឬទេ ហើយវាអាចនឹងមានសភាពធ្ងន់ធ្ងរកម្រិតណា»។

ដោយពិចារណាទៅលើភាពមិនច្បាស់លាស់នេះ យើងមិនគួររំពឹងទេថា «ប្រទេសចិននឹងអាចទទួលបានអត្រាកំណើនខ្ពស់នៅ ២ ត្រីមាសដំបូងនៃឆ្នាំនេះ»។ រដ្ឋាភិបាលចិនគួរតែត្រៀមរៀបចំខ្លួនសម្រាប់រលកទី២ នៃការឆ្លងដែលគួរតែមានរួមបញ្ចូលទាំងការលើកកម្ពស់ការចាក់វ៉ាក់សាំង, ការបង្កើនសមត្ថភាពទទួលអ្នកជំងឺសង្គ្រោះបន្ទាន់ (ICU) និងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត។

កត្តា​ប្រឈម​ទី២ គឺ ​«ការ​ធ្លាក់​ចុះនៃតម្រូវ​ការ​ពីខាង​ក្រៅ»។ ឧបសគ្គចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនគឺមានជាប់ពាក់ព័ន្ធនឹងតម្រូវការ ដោយក្នុងនោះ ២០% ទៅ ៣០% នៃសមត្ថភាពផលិតរបស់ចិនគឺមិនមានសកម្មភាពនោះទេ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលចិនបានពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគដើម្បីជំរុញតម្រូវការ ក៏ប៉ុន្តែ​ផល​ចំណេញ​ដែលទទួលបានពី​ការ​វិនិយោគ​បានបន្តថយ​ចុះ។

ការនាំចេញបានរួមចំណែកយ៉ាងធំនៅក្នុងការទ្រទ្រង់កំណើនរបស់ប្រទេសចិននៅក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។ ប៉ុន្តែដោយសារតែការភ័យខ្លាចកាន់តែខ្លាំងអំពីវិបត្តិសេដ្ឋកិច្ចនៅទូទាំងពិភពលោក តម្រូវការខាងក្រៅអាចនឹងបន្តធ្លាក់ចុះនៅឆ្នាំ ២០២៣។ ប្រទេសចិនត្រូវតែផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់ក្នុងស្រុកដើម្បីបង្កើនតម្រូវការ និងដើម្បីរក្សាកំណើន។

កត្តានេះបាននាំមកនូវបញ្ហាប្រឈមទី៣ ដែលពិបាកបំផុតសម្រាប់កំណើនរបស់ប្រទេសចិននៅក្នុងឆ្នាំ ២០២៣។ នៅមុនពេលកើតមានវីរុសកូវីដ-១៩ ការប្រើប្រាស់ក្នុងស្រុករបស់ចិនបានកើនឡើងដល់ ៧%។ ចំណែកនៃ GDP ដែលបានមកពីការប្រើប្រាស់ក្នុងស្រុក បានកើនឡើងពី ៤៨% នៅក្នុងឆ្នាំ ២០១០ ដល់ ៥៥% នៅក្នុងឆ្នាំ ២០១៩។

ប៉ុន្តែនៅក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ការប្រើប្រាស់ក្នុងស្រុកបានធ្លាក់ចុះ។ ដើម្បីឱ្យប្រទេសចិនឈានដល់អត្រាកំណើនប្រកបដោយសក្តានុពលក្នុងរង្វង់ ៥,៥% នៅក្នុងឆ្នាំ ២០២៣ កំណើននៃការប្រើប្រាស់នឹងត្រូវមានទំហំយ៉ាងហោចណាស់ ៣,៥% នៃតួលេខនេះ។ វានឹងតម្រូវឱ្យមានកំណើននៃការប្រើប្រាស់ក្នុងស្រុកយ៉ាងហោចណាស់ ៦,៣៦% ដែលវាមិនមែនជាកិច្ចការដ៏ងាយស្រួលនោះទេ។

កត្តាចំនួន ២ នឹងជួយជំរុញការប្រើប្រាស់។ ទី​១ គឺ «​ការ​ស្តារ​ទំនុក​ចិត្ត​របស់អ្នក​ប្រើ​ប្រាស់​ឡើង​វិញ​បន្ទាប់​ពី​វីរុសរាតត្បាត ខណៈដែលសកម្មភាពនេះអាចនឹងជួយស្រូបទាញសាច់ប្រាក់យ៉ាងច្រើនដែលពលរដ្ឋចិនបានខិតខំសន្សំនៅក្នុងរយៈពេល ៣ ឆ្នាំកន្លងមក»។ ផ្អែកលើការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យធ្វើដំណើរនិងលក់រាយ គេមានហេតុផលគ្រប់គ្រាន់ក្នុងការជឿជាក់ថា «ការប្រើប្រាស់នឹងត្រឡប់មកវិញនៅក្នុងឆ្នាំ ២០២៣»។

កត្តាមួយទៀតគឺ «ការរក្សាស្ថិរភាពនៃវិស័យអចលនទ្រព្យ»។ ដោយសារតែការខិតខំព្យាយាមពីសំណាក់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់ភាពតានតឹង វិស័យអចលនទ្រព្យបានរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២២។ រដ្ឋាភិបាលចិនបានចាប់ផ្តើមផ្លាស់ប្តូរគោលនយោបាយវិញនៅចុងឆ្នាំ ២០២២ ហើយឥឡូវនេះ ខ្លួនកំពុងលើកទឹកចិត្តឱ្យរដ្ឋាភិបាលក្នុងតំបន់ផ្តល់នូវការគាំទ្រដល់វិស័យនេះ។ ជាលទ្ធផល វិស័យអចលនទ្រព្យអាចនឹងលែងធ្លាក់ចុះទៀតហើយនៅឆ្នាំ ២០២៣ នេះ ហើយវាអាចនឹងជះឥទ្ធិពលវិជ្ជមានទៅលើការប្រើប្រាស់។

ប៉ុន្តែកត្តាទាំង ២ នេះប្រហែលជានៅមិនទាន់គ្រប់គ្រាន់ក្នុងការជំរុញកំណើននៃការប្រើប្រាស់ក្នុងស្រុកឱ្យបាន ៦,៣៦% នៅឡើយទេ។ អាជ្ញាធរចិនបានចាត់ទុក «ការជំរុញការប្រើប្រាស់» ជាអាទិភាពកំពូលសម្រាប់ឆ្នាំ ២០២៣ ហើយអាចនឹងដាក់ចេញនូវគោលនយោបាយបន្ថែមទៀតដើម្បីជំរុញភាពជោគជ័យនៃគោលដៅនេះ។

រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានចេញបណ្ណគូប៉ុង (Coupons) ដើម្បីជួយជំរុញដល់ការទិញទំនិញ។ បណ្ណគូប៉ុងសម្រាប់ទិញទំនិញមានន័យស្មើនឹងការបញ្ចុះតម្លៃ ហើយក្នុងករណីភាគច្រើន គេអាចប្រើបណ្ណនេះដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០% លើមុខទំនិញដែលបានកំណត់។ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា «គម្រោងបណ្ណគូប៉ុងនេះនៅមានទំហំតូចនៅឡើយ»។

នៅក្នុងខេត្តមួយដែលមានទំហំសេដ្ឋកិច្ចប្រមាណ ១ ទ្រីលានដុល្លារ គម្រោងបណ្ណគូប៉ុងមានតម្លៃត្រឹមតែ ៣០ លានដុល្លារ ប៉ុណ្ណោះ ដែលនេះមានទំហំតូចខ្លាំងណាស់ ហើយអាចពិបាកក្នុងការផ្តល់នូវលទ្ធផលជាទីគាប់ចិត្ត។ ទោះជាយ៉ាងណាក៏ដោយ បណ្ណគូប៉ុងពិតជាអាចជួយបង្កើនទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ចំពោះគោលនយោបាយគាំទ្រដល់កំណើន ហើយវាក៏អាចជួយជំរុញកំណើននៃការប្រើប្រាស់បន្ថែមទៀតផងដែរ។

ប្រសិនបើចិនអាចសម្រេចបាននូវសក្តានុពលកំណើន GDP របស់ខ្លួនមែន នោះរដ្ឋាភិបាលចិននឹងត្រូវបន្តជំរុញគោលនយោបាយគាំទ្រកំណើនទាំងនេះ បូករួមនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់នៅក្នុងស្រុក៕

East Asia Forum